ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តែង​តាំង​ចៅក្រម​ថ្មី​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​គុណភាព​កាត់​ក្តី


ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។

លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​ឯកសារ និង​សំណុំរឿង​ជាច្រើន​ដែល​ត្រូវ​បំពេញ។

ភ្នំពេញ៖ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​បាន​តែង​តាំង​ចៅ​ក្រម​បម្រុង​សញ្ជាតិ​អាមេរិក​ម្នាក់ និង​ចៅ​ក្រម​ពេញ​សិទ្ធិ​សញ្ជាតិ​ហ្ស៊ំបៀ​ម្នាក់​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ដែល​មន្ត្រី​សាលាក្តី​ខ្មែរ​ក្រហម​រំពឹង​ថា​ការតែង​តាំង​នេះ​អាច​នឹង​ជួយ​ពង្រឹង​គុណ​ភាព​ការ​កាត់ក្តី។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ពុធ​នេះ លោក​ស្រី​ចៅ​ក្រម​ ហ្វ្ល័ររិនស៍ ដឺពែល វ៉ាចានដ៍ មុមបា (Florence ​Ndepele ​Mwachande ​Mumba) នឹង​ត្រូវ​ជំនួស​តំណែង​លោក​ចៅ​ក្រម​ជប៉ុន​ ម៉ូទូ ណូហ្គូឈី (Motoo ​Noguchi) ដែល​បាន​លាលែង​ពី​ការងារ​កាល​ពី​ខែ​កក្កដា។ រីឯ​លោក​ចៅក្រម​ ហ្វ៊ីលីប រ៉ាប៉ូហ្សា (Phillip ​Rapoza) នឹង​ត្រូវ​ជំនួស​លោកស្រី​ ហ្វ្ល័ររិនស៍ ដឺពែល វ៉ាចានដ៍ មុមបា​ដែល​ជា​អតីត​ចៅក្រម​បម្រុង​នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល។
លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​ឯកសារ និង​សំណុំរឿង​ជាច្រើន​ដែល​ត្រូវ​បំពេញ។
«ការ​តែងតាំង​ចៅក្រម​មក​ជំនួស​នេះ​គឹ​ដើម្បី​ធ្វើ​ម៉េច​រក្សា​និរន្តភាព​នៃ​ដំណើរ​ការ​ការងារ​របស់​អង្គជំនុំ​ជម្រះ​ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​អង្គ​ជំនុំ​ជម្រះ​នេះ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត»។
លោក​ស្រី​ហ្វ្ល័ររិនស៍ ដឺពែល វ៉ាចានដ៍ មុមបា ធ្លាប់​ធ្វើ​ជា​នាយិកា​នៃ​នាយកដ្ឋាន​ជំនួយ​ផ្នែក​ច្បាប់ ​និង​ជា​ស្ត្រី​ហ្ស៊ំបៀ​ដំបូង​គេ​ដែល​កាន់​តួនាទី​ជា​ចៅក្រម​តុលាការ​ជាន់ខ្ពស់។ លោក​ស្រី​ធ្លាប់​ធ្វើ​ជាចៅក្រម​នៅតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិសម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី​ និង​សម្រាប់​ប្រទេស​រ៉្វាន់ដា។
ដោយឡែក​លោក​ចៅក្រម​អាមេរិកាំង ហ្វ៊ីលីប រ៉ាប៉ូហ្សា គឺ​ជា​អតីត​ប្រធាន​សាលា​ឧទ្ធរណ៍​នៃ​រដ្ឋ ម៉ាស្សាជូស៊ែត្តស៍ (Massachusetts)។
​លោក​ឡាត់ ​គី ​អ្នក​សម្របសម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរ​ក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​យល់​ថា ការតែង​តាំង​ចៅក្រម​ថ្មី​នេះ​គឺជា​តម្រូវការ​របស់​តុលាការ។
«នេះ​ជា​តម្រូវការ​ដែល​តុលាការ​ត្រូវ​តែ​មាន​ចៅក្រម​ទាំងអស់​ឲ្យ​គ្រប់​ចំនួន​ដើម្បី​ជួយ​បំពេញ​កិច្ចការ​គ្នា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ស្រប​តាម​គោលដៅ»។
លោក​ចៅក្រម​ជប៉ុន​ ម៉ូទូ ណូហ្គូឈី បាន​លាលែង​ពី​ការងារ​បន្ទាប់ពី​មាន​ការលាលែង​របស់​ចៅក្រម​ស៊ើប​អង្កេត​ក្នុង​សាលាក្តី​ខ្មែរក្រហម​ដោយសារ​ភាព​ចម្រូងច​ម្រាស់​រវាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​និង​ភាគី​កម្ពុជា​ជុំវិញ​សំណុំ​រឿង​បន្ថែម។ ក៏​ប៉ុន្តែ​លោក​ម៉ូទូ​មិន​បាន​បង្ហាញ​មូល​ហេតុ​នៃការ​ចាកចេញ​របស់​លោក​ទេ៕
XS
SM
MD
LG