ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណុំរឿង​ខ្មែរក្រហម​០០៣ និង​០០៤ ​មិនគួរជាប់គាំងដោយខ្វះ​កិច្ចសហការទេ​


ទីតាំង​កាប់សម្លាប់ សម័យ​ខ្មែរក្រហម​សម្រាប់​សំណុំរឿង០០៤​
ទីតាំង​កាប់សម្លាប់ សម័យ​ខ្មែរក្រហម​សម្រាប់​សំណុំរឿង០០៤​
សំណុំរឿង​ចម្រូងចម្រាស់​ពីរឬសំណុំរឿង​០០៣និង០០៤​ដែលមាន​ជនសង្ស័យ ប្រាំនាក់​ ហាក់ដូចជា​រីកចម្រើន​បន្តិច​ក្រោយពី​តុលាការ​ខ្មែរក្រហម​បានតែងតាំង មេធាវី​ពីររូប​សម្រាប់​សំណុំរឿង​០០៣ ​ហើយនឹងការ​បង្ហាញ​សាធារណៈជន នូវទីតាំង​ឧក្រិដ្ឋកម្ម​១៤កន្លែង​សម្រាប់​សំណុំរឿង​០០៤​ ដែលត្រូវបាន​ធ្វើឡើង ដោយ​សហចៅក្រម​ស៊ើបអង្កេត​បរទេស​គឺលោក ​ម៉ាក ហាមិន​ (Mark Harmon) តែម្នាក់ឯង​ និងមិនឃើញ​មានការ​ចូលរួម​ពីសហចៅក្រម​ស៊ើបអង្កេតជាតិ​គឺ លោក​ យូ ប៊ុនឡេង​។

ក្រុមអ្នក​វិភាគជាតិ​និងអន្តរជាតិ​មួយចំនួន​ក្នុងប្រទេស កម្ពុជា​និងសរអា​សង្ស័យថា​អនាគត​នៃសំណុំរឿង​ទាំងពីរ​នឹងជាប់គាំង​ហើយ នឹងខ្វែង​គំនិតគ្នា​ដូចពេលមុនទៀត​ រវាងសហ​ចៅក្រមស៊ើប​អង្កេតកម្ពុជា​និង សហចៅក្រម​ស៊ើបអង្កេត​បរទេស។

លោកបណ្ឌិត​ ចន ស៊ីយ៉ូស៊ីយ៉ារី ​(John Ciorciari) ​សាស្ត្រាចារ្យ​ផ្នែកគោល​នយោ បាយសាធារណៈ ​ ​Gerald Ford School ​of Public Policy ​ នៃសាកល​វិទ្យាល័យ University of Michigan​ អះអាងថា​ដំណើរការ​សំណុំរឿង​ទាំងពីរនេះ​អាចប្រព្រឹត្ត ទៅបាន ​ហើយមិនជាប់គាំង ​លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា​និងភាគី​កម្ពុជាក្នុង តុលាការ​ ផ្តល់កិច្ចសហការ​ជាមួយ​ភាគីអសប​ពិតប្រាកដ​ ហើយមិន​ប្រើប្រាស់ ការបកស្រាយ​ច្បាប់​ដែលកម្ពុជា​មានប្រៀប​ជាស្រេចនោះ​ជាឧបសគ្គ។

«ដូច្នេះ​ មានកន្លែង​ជាច្រើន​ដែលរដ្ឋាភិបាល​កម្ពុជា​មានសិទ្ធិ​ទប់ស្កាត់​ដំណើរ ការទៅមុខ​នៃសំណុំរឿង​០០៣និង០០៤​តាមរយៈប្រព័ន្ធ​ដ៏ស្មុគស្មាញ​នេះ»។

លោកបណ្ឌិត​ ចន ស៊ីយ៉ូស៊ីយ៉ារី ​និងអ្នកឃ្លាំមើល​នៅកម្ពុជា​បានពន្យល់​បន្ថែមពី ដំណើរការ​នីតិវិធី​ត្រួសៗថា​ថ្វីត្បិតតែ​ច្បាប់ចែងថា​សហចៅក្រម​ស៊ើបអង្កេត បរទេស​មានសិទ្ធិ​ស៊ើបអង្កេត​ដោយគ្មាន​ការរារាំងមែន​តែការ​មិនចូលរួម សហការ​របស់សហចៅក្រមកម្ពុជា​ធ្វើឲ្យមានការ​រំខានដល់​សមត្ថភាព​នៃការ ស៊ើបអង្កេត​របស់ចៅក្រម​បរទេស​និងការ​គាំទ្រផងដែរ។​

លោកអះអាង​ដែរថា សហព្រះអាជ្ញា​កម្ពុជា​អាចមិនចូលរួម​នៅពេល​ធ្វើដីកា​សន្និដ្ឋាន​ស្ថាពរ​ដើម្បី ចោទប្រកាន់​ជាផ្លូវការ​ឬចាប់ខ្លួន​ជនជាប់ចោទ​ ហើយសហ​ចៅក្រម​ស៊ើបអង្កេត កម្ពុជា​អាចជ្រើសរើស​មិនចូលរួម​ដូចគ្មាដែរ។​ ពេលនោះ​នឹងមាន​ការគាំង​ដំណើរ ហើយនឹងមាន​ការបែងចែក​រវាងភាគី​អសបនិង​កម្ពុជា។​ បន្ថែមលើនេះ​លោក អះអាងថា​ នៅពេល​ដោះស្រាយ​វិវាទចៅក្រម​ខាងភាគី​កម្ពុជា​បីរូប​ក្នុងអង្គបុរេ អាចជំទាស់​ឬមិនជំទាស់​ដោយការ​រកសំឡេង​ភាគច្រើន​ដាច់ខាត​មិនបាន ហើយធ្វើឲ្យ​ភាគីអន្តរជាតិ​គ្មានសំឡេង​គាំទ្រ​គ្រប់ចំនួន។​

ដូច្នេះសំណុំ​រឿងនេះ នឹងនៅ​ជាប់គាំង​ដោយការ​មិនសហការ​ក្នុងការ​ចាប់ខ្លួន​ជនជាប់ចោទ​ដោយសារ អាជ្ញាធរ​ដែលជា​អ្នកអនុវត្ត​ការចាប់ខ្លួន​អាចយក​លេសថា​គ្មានភាព​ស្របច្បាប់ គតិយុត្ត​ដែលមានន័យថា​គ្មានការ​ចូលរួម​ពីចៅក្រម​ខ្មែរ។

លោកស្រី​ ក្លែរ ដាហ្វ៊ី ​(Clair Duffy) ​អ្នកឃ្លាំមើល​សាលាក្តី្ត​ខ្មែរក្រហម​នៃអង្គការ ច្បាប់របស់ស.រ.អ.មួយ​ឈ្មោះ ​Open Society Justice Initiative ​បានហៅ​ដំណើរ ការទៅមុខក្នុងសំណុំរឿង​០០៣និង០០៤​ថាជា​ជំហ៊ានតូចតាច​ដោយសារ​លោក យូ ប៊ុនឡេង​មិនបាន​ចូលរួម​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​អំពី​ទីតាំង​កាប់សម្លាប់ សម័យ​ខ្មែរក្រហម​សម្រាប់​សំណុំរឿង០០៤​ ជាមួយនឹង​ដៃគូរ​របស់លោកគឺ សហចៅក្រម​បរទេស។​ លោកស្រី​បានបន្ថែមថា​រឿងនេះ​ហើយដែលគេ​មិនដឹង​ពីជំហរ​របស់រដ្ឋាភិបាល​កម្ពុជា​នៅខាងក្រោយ​ឆាកថាតើ​ចង់ឲ្យ​សំណុំ រឿងទាំងពីរនេះ​ដំណើរការ​ទៅមុខ​ឬមិនចង់នោះ។

«ខ្ញុំគិតថា​ចំពោះសំណុំរឿង​ទាំងនេះ​ នៅពេល​ចាប់ផ្តើម​ដំណើរការ​ឆ្ពោះទៅកាន់ សវនាការ​ជាឧទាហរណ៍​នឹងត្រូវការ​កិច្ចសហ​ប្រតិបត្តិការ​ជាក់លាក់​ពីរដ្ឋាភិបាល កម្ពុជា»។

លោកស្រី​ថ្លែងយ៉ាងដូច្នេះ​ដោយយោង​ទៅលើ​ការសហការ​ទាក់ទងនឹង​ការចាប់ ខ្លួន ​ជនជាប់ចោទ​និងការ​ហៅមក​សាកសួរ​ជាដើម។

សំណុំរឿង​០០៣​ និង០០៤ ​មានជនសង្ស័យ​ប្រាំនាក់​ដែលជា​អតីត​កម្មាភិបាល ខ្មែរក្រហម​ថ្នាក់កណ្តាល​ដែលកំពុងរស់​នៅយ៉ាង​មានសេរីភាព​ក្រោមអ្វីមូយ ដែលរដ្ឋាភិបាល​យកធ្វើ​ជាថ្នូរនឹង​សន្តិភាព។​ ពួកគេ​ទាំងនោះ​ត្រូវសហ​ព្រះរាជ អាជ្ញាចោទ​ប្រកាន់ជា​បឋម​កាលពីឆ្នាំ​២០០៨ ថា​មានជាប់​ពាក់ព័ន្ធនឹង​ការកាប់ សម្លាប់ ​ការបង្ខំឲ្យ​ធ្វើការ​ហួសកម្លាំង​ និងការ​បង្អត់​អាហារ​ជាដើម​ នៅចន្លោះ ឆ្នាំ១៩៧៥ ​និង១៩៧៩​ នៅពេល​ពួកគេ​គ្រប់គ្រង​តំបន់ពាយព្យ​តំបន់មជ្ឈឹម និងតំបន់​ផ្សេងៗទៀត។​ ជនសង្ស័យ​ទាំងប្រាំនាក់​គឺលោក ​ស៊ូ ម៉េត ​លោក មាស មុត ​ក្នុងសំណុំរឿង​០០៣ ​និងសំណុំរឿង​០០៤ ​មានអ្នកស្រី​ អ៊ឹម ចែម ​លោក យឹម ទិត ​ហៅតាទិត​និងលោក​ អោម អាន​ ហៅ តា អាន។ ​ជនសង្ស័យ​បីរូប​ក្នុង ចំណោម​ប្រាំរូប​គឺអ្នកស្រី ​អ៊ឹម ចែម​ តា អាន​និង លោក​ មាស មុត​បានបដិសេធ ក្នុងកិច្ច​សម្ភាស​ជាមួយ​វីអូអេ​ជាបន្តបន្ទាប់​ថាមិនបាន​ជាប់ទាក់ទិន​ដូចការ​ចោទ ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា​នោះទេ។​ ចំណែក​ជនសង្ស័យ​ពីររូបទៀត​គឺ លោក​ ស៊ូ ម៉េត ​និងតាទិត ​មិនទាន់​អាចទាក់ទង​បានទេ​ទោះជា​វីអូអេ​ព្យាយាម ជាច្រើន​លើក ​កាលពីឆ្នាំ​ទៅ​មុនពេល​សំណុំរឿងនេះ​ត្រូវគេ​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​មានបញ្ហា​ចម្រូងចម្រាស់​ដែលធ្វើឲ្យ​មានសហ​ចៅក្រម​បរទេស​លាឈប់​ពីមុខដំណែង​ជាបន្តបន្ទាប់​ដោយសារថា​មានការ​ជ្រៀតជ្រែក​ផ្នែកនយោបាយ និងគ្មាន​កិច្ចសហការ​ពីភាគី​កម្ពុជា​នោះ។

លោក​ ឡាត់ គី​មន្ត្រីសម្រប​សម្រួល​កិច្ចការ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នៃ អង្គការ​សិទ្ធិមនុស្ស​អាដហុក​អះអាងថា​ដំណើរការ​នៃសំណុំរឿង​០០៣និង​០០៤ មិនគួរ​ជាប់គាំង​ដំណើរ​ដូចមុន​ហើយមានការ​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង គ្នារវាង​សហចៅក្រម​បរទេស​និងសហ​ចៅក្រមខ្មែរ​នោះទេ។

«តែរឿងនេះ​ ជារឿងមួយ​ដែលយើង​កត់សម្គាល់​ឃើញដូចជា​ចៅក្រមមុន​ដែល បាន​លាឈប់អញ្ចឹង​គឺមានន័យថា​ចុះហត្ថលេខា​តែចៅក្រម​ភាគីអន្តរជាតិ។​ តែ ចំណុច​ទាំងអស់នេះ​យើងកត់​សម្គាល់ឃើញថា​ត្រូវគ្នា​ តែហាក់បី​ដូចជា​មិនទាន់ ស៊ីសង្វាក់គ្នា​យ៉ាងម៉េច​ទៅលើបញ្ហា​ជំហរនៅក្នុងការ​ជំរុញឲ្យ​សំណុំរឿង​ទាំងនេះ ឲ្យឆ្ពោះ​ទៅមុខ​ពិតប្រាកដ»។

សហ​ព្រះរាជអាជ្ញា​បរទេស​បានចោទ​ប្រកាន់​ជនសង្ស័យ​សំណុំរឿង​០០៣និង ០០៤​តែម្នាក់ឯង​កាលពី​ខែវិច្ឆការ​ឆ្នាំ២០០៨ ​ពេលសហ​ព្រះរាជ​អជ្ញាជាតិ​មិនព្រម ចូលរួម។​ ហើយការ​ស៊ើបអង្កេត​សំណុំរឿង​ទាំងពីរនេះ​កន្លងមក​ក៏មិនមាន​ការ ចូលរួម​ពីភាគី​កម្ពុជាដែរ​ ដែល​គេគិតថា​ជាឧបសគ្គ​ពេលចេញ​ដីការ​សន្និដ្ឋាន ស្ថាពរ ​ឬការចាប់ខ្លួន​និងឃុំខ្លួន​ជនចាប់ចោទ​ និងដំណើរការ​ស៊ើបអង្កេត​ហើយ នឹងដំណើរការ​នីតិវិធីផ្សេងៗទៀត។

លោកបណ្ឌិត​ ចន ស៊ីយ៉ូស៊ីយ៉ារី​ បានព្រមានថា​បើរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាតឲ្យ សំណុំរឿង​០០៣និង០០៤​ដំណើរការ​ទៅមុខ ​នោះជាការ​បញ្ជាក់ថា​សាលាក្តី ខ្មែរក្រហម​ធ្វើកិច្ចការ​ឯករាជ្យនិងជាការ​កត់សម្គាល់​ជាសំខាន់​ចំពោះច្បាប់ គតិយុត្តិ។

«នេះជាការ​សាកល្បង​ផងដែរ​ចំពោះប្រទេស​កម្ពុជា។​ មន្ត្រីកម្ពុជា​បានបង្អាក់ ដំណើរការ​ជាសាធារណៈ​ជាច្រើនលើក ​ហើយបាន​បន្សល់ទុក​ការចាប់​អារម្មណ៍ សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ​ សម្រាប់​សកម្មជន​សង្គមស៊ីវិល​និងពលរដ្ឋ​កម្ពុជា ថា​ រដ្ឋាភិបាលនេះ​គិតតែ​ជ្រៀតជ្រៀក​ក្នុងដំណើរការ​តុលាការ។​ នេះមិនមែន​ជា កេរ្តិ៍ឈ្មោះល្អ​សម្រាប់កម្ពុជា​ទេ»។

ក៏ប៉ុន្តែ​លោក​ ឡាត់ គី​មានការសាទរ ​ខ្លះៗដែរ​ចំពោះការ​ប្រកាស​របស់សហ ចៅក្រម​ស៊ើបអង្កេត​ពីភាគី​អន្តរជាតិ​ជាសាធារណៈ​ដើម្បីឲ្យ​ជនរងគ្រោះ ​ទាក់ទង​អង្គភាពជន​រងគ្រោះ​នៃសាលាក្តី​ខ្មែរក្រហម​ដើម្បី​ដាក់ពាក្យប្តឹង ​ឬសាក្សីអាច ផ្តល់ភស្តុតាង​ទាក់ទងនឹង​សំណុំ​រឿង​បន្ថែមនេះ។

«ក្រោយពេល​បានសេចក្តី​ប្រកាសព័ត៌មាន​នេះ​បើសិនណា​ជាសាលាក្តី​មាន ចេតនា ​ឬមួយ​ក៏ចង់ឲ្យ​មានការ​ចូលរួម​របស់​ជនរងគ្រោះ​ក្នុងនាម​ជាដើមបណ្តឹង​រដ្ឋប្បវេណី​ដែលមាន​បរិមាណ​ដូចសំណុំរឿង​ ០០២ ​វាគួរ​តែអង្គភាព​ជនរងគ្រោះ ទេ​ដែលត្រូវ​ទៅកាន់​តំបន់វិសាលភាព​ដែលបាន​ប្រកាស​បន្ថែមនេះ​ដើម្បីផ្សព្វ ផ្សាយ​ ឲ្យប្រជាពលរដ្ឋ​ទូទៅ​អាចចូលរួម​តាំងខ្លួន​ជាដើមបណ្តឹង​រដ្ឋប្បវេណី​តាម ទីតាំង ​ដែលបាន​បន្ថែមនេះ»។

លោក​ ភីធ័រ ម៉ាក់ហ្គ្វយអឺ​ (Peter Maguire)​ អ្នកនិពន្ធ​សៀវភៅ​អំពីរឿង​ខ្មែរក្រហ ម​ហើយជា​សាស្ត្រាចារ្យ​នៅសាកល​វិទ្យាល័យមួយ​ក្នុងប្រទេស​អាមេរិក​អះអាង ថាអសប​គួរប្រើ​ធនធាន​ផ្តោតការ​កាត់ទោស​ក្នុងសំណុំរឿង​០០២ ​ដែលកំពុង ជួបឧបសគ្គ​ដោយសារ​ការលា​ឈប់​របស់​ក្រុមមេធាវី​ការពារ​ជនជាប់ចោទ​នួន ជា និងបញ្ហា​ដោះសា្រយ​ឧបសគ្គផ្សេងៗ​ក្នុងសំណុំរឿងនេះ​ មុននឹង​ចាត់ការ​សំណុំ រឿងបន្ថែម​០០៣និង​០០៤ដែល​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បានបញ្ជាក់ ច្បាស់ថា​មិនអនុញ្ញាត​ឲ្យមាន​នោះ។

«អសប​ព្យាយាម​បង្កើតការ​តតាំង​ដើម្បីឲ្យ​ពួកគេ​អាចចាកចេញ​ពីតុលាការ​នេះ។ តែខ្ញុំគិតថា​វាជា​សោកនាដកម្ម​ ប្រសិនបើ​គេចំណាយលុយ​ជិត៣០០​រយលាន ដុល្លារហើយ​មិនអាច​បញ្ចប់ការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដោយ ជោគជ័យ​នោះ»។
សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែលចូលរួម​ដោយអសប​ធ្លាប់​រងការ​រិះគន់​ពីអំពើ​ពុករលួយ​និងការ​ជ្រៀតជ្រែក​ផ្នែកនយោបាយ​កំពុងខ្វះខាត​ថវិកាច្រើន​ក្នុងការ​ដំណើរការ​នៃកាត់ទោស ​សំណុំរឿង​០០២ ​ដែលមាន​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​បីនាក់ជាប់ចោទ​ពីបទ​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរជាង​១លាន៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG