ភ្នំពេញ៖ សហមេធាវីការពារក្តីឲ្យអតីតបងធំទី២នួន ជា ម្នាក់និងមេធាវីប្រឹក្សាពីរនាក់ទៀតបានលាឈប់ពីការងារដោយអះអាងថាសាលាក្តីខ្មែរក្រហមមិនអាចផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួននោះទេ។
លោកសហមេធាវី ម៉ាយឃើល ផេសម៉េន (Michiel Pestman)និងមេធាវីប្រឹក្សាច្បាប់លោកអេនឌ្រូ អៀននូហ្ស៊ី (Adrew Iannuzi)និងលោក ចាសភើ ផូវ៍(Jasper Pauw)នឹងត្រូវឈប់ពីការការពារក្តីឲ្យជនជាប់ចោទនួន ជា ជាផ្លូវការនៅដំណាច់ខែធ្នូនេះ។ ក៏ប៉ុន្តែលោកម៉ាយឃើល ផេសម៉េន បានចាកចេញពីប្រទេសកម្ពុជានៅល្ងាចថ្ងៃពុធនេះនៅពេលដែលការកាត់ទោសកូនក្តីរបស់ខ្លួនកំពុងដំណើរការនៅឡើយ។
លោកអេនឌ្រូ អៀននូហ្ស៊ី មានប្រសាសន៍ថាការចាកចេញរបស់លោករួមជាមួយសហសេវិកដោយសារគ្មានជំនឿលើសាលាក្តីខ្មែរក្រហម។
«យើងគ្មានអ្វីធ្វើនៅក្នុងតុលាការដើម្បីជួយកូនក្តីរបស់យើងទៀតទេ។ ដូច្នេះយើងសម្រេចចិត្តចាកចេញ។ យើងមិនជឿអង្គជំនុំជម្រះសាលាដំបូង យើងមិនជឿលើដំណើរការក្តីដែលនឹងក្លាយជាដំណើរការត្រឹមត្រូវតាមច្បាប់នោះទេ»។
លោកអៀននូហ្ស៊ី ដែលនឹងចូលរួមសវនាការនៅថ្ងៃចុងក្រោយថ្ងៃសុក្រសប្តាហ៍នេះសង្កត់លើការកាត់ក្តីមួយមិនតាម«និយាមអន្តរជាតិនិងការកាត់ក្តីដោយមិនយុត្តិធម៌»។
ក្រុមមេធាវីអន្តរជាតិរបស់នួន ជា អតីតប្រធានសភាខ្មែរក្រហមបានធ្វើការតវ៉ាជាច្រើនដងប្រឆាំងទៅនឹងអ្វីដែលក្រុមខ្លួនចោទប្រកាន់ពីការជ្រៀតជ្រែកផ្នែកនយោបាយពីសំណាក់រដ្ឋាភិបាលខ្មែរលើសាលាក្តីខ្មែរក្រហម។ ប៉ុន្តែមិនបានសម្រេចនោះទេ។
កាលពីថ្ងៃទី១៣ខែធ្នូនេះប្រធានអង្គជំនុំជម្រះសាលាដំបូងលោកចៅក្រមនិល ណុន បានបណ្តេញលោកអេនឌ្រូ អៀននូហ្ស៊ី ចេញពីបន្ទប់សវនាការបន្ទាប់ពីសហមេធាវីអន្តរជាតិរបស់នួន ជារូបនេះបានចោទសំណួរដេញដោលយ៉ាងខ្លាំងពីនយោបាយកាប់ព្រៃឈើដែលគេស្គាល់ថា យុទ្ធនាការ«ក៥»ដែលនាំឲ្យមានមនុស្សស្លាប់យ៉ាងច្រើនក្នុងអំឡុងទសវត្សរ៍១៩៨០ដោយភ្ជាប់ការទាក់ទងជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល។
សូមបញ្ជាក់ថាមានសហចៅក្រមស៊ើបអង្កេតបរទេសចំនួនពីររូបហើយបានលាឈប់ពីការងារក្នុងបរិបទដ៏ចម្រូងចម្រាស់ក្នុងសំណុំរឿងបន្ថែម០០៣និង០០៤ដែលមតិនានាចោទថាដោយសារតែមានសម្ពាធពីរដ្ឋាភិបាលកម្ពុជា។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថាការលាលែងរបស់ក្រុមមេធាវីបរទេសរបស់នួន ជាគឺជាសិទ្ធិស្របច្បាប់ប៉ុន្តែជនជាប់ចោទនៅមានមេធាវីការពារក្តីបន្តទៀតនៅឡើយ។
«ទោះបីជាមានការលាលែងរបស់មេធាវីទាំងបីរូបនេះក៏ប៉ុន្តែលោកនួន ជានៅមានមេធាវីអន្តរជាតិដែលតំណាងផ្លូវច្បាប់របស់គាត់គឺលោកវិចទ័រ កូប៉េ ដែលគាត់ដែលបានការពារក្តីលោកនួន ជាចាប់តាំងពីឆ្នាំ២០០៧មកជាមួយនឹងសហមេធាវីជាតិរបស់គាត់គឺលោកសុន អារុណ»។
លោកសហមេធាវីកម្ពុជា សុន អរុណ មានប្រសាសន៍ថាលោកម៉ាយឃើល ផេសម៉េន ត្រូវផ្លាស់ប្តូរវេនការពារក្តីឲ្យជនជាប់ចោទនួន ជា មួយឆ្នាំម្នាក់ជាមួយដៃគូបរទេសរបស់លោកបច្ចុប្បន្ន។ ដូច្នេះគាត់ត្រូវចាកចេញជារឿងធម្មតា។ ដោយឡែកមេធាវីប្រឹក្សាពីរនាក់ទៀតមិនជាប់កុងត្រាជាមេធាវីនោះទេ។
លោកសុន អារុណបញ្ជាក់បន្ថែមថា៖
«អត់មានអ្វីគួរឲ្យព្រួយបារម្ភទេ»។
ថ្វីបើដូច្នេះក្តីលោកអេនឌ្រូ អៀននូហ្ស៊ី មានប្រសាសន៍ថាកុងត្រារបស់លោកអាចបន្តទៀតបានប៉ុន្តែលោកសុខចិត្តជ្រើសរើសយកការលាឈប់៕