ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទី​​​តាំង​​​ឧក្រិដ្ឋកម្ម​​​ខ្មែរ​​​ក្រហម​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​បង្ហាញ​​​ក្នុង​​​សំណុះរឿង​​​០០៤

  • សុខ ខេមរា

ភាគី​​​អង្គការ​​​សហប្រជាជាតិ ​បាន​​​បញ្ជាក់​ពី​​​ទីតាំង​កាប់​​​សម្លាប់​សម័យ​ខ្មែរក្រហម​ ភាគ​​​ច្រើន​ជា​​​មន្ទីរ​សន្តិសុខ។
វ៉ាស៊ីនតោន៖ សាលាក្តី​ខ្មែរ​ក្រហម​ចាប់ផ្តើម​ចាត់​វិធានការ​លើ​សំណុំ​រឿង​ខ្មែរក្រហម​០០៤​ដែល​រដ្ឋាភិបាល​បាន​ជំទាស់។​ អ្នក​ឃ្លាំ​មើល​ខ្លះ​ចាត់​ទុក​ថា​ ការ​បង្ហាញ​ពី​ទី​តាំង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដល់​សាធារណជន​និង​ជន​រងគ្រោះ​ បន្ទាប់​ពី​សំណុំរឿង​នេះ​ត្រូវ​ជាប់គាំង​ដំណើរ​ជា​ច្រើន​ឆ្នាំ​នេះ​ជា​សញ្ញា​វិជ្ជមាន។

សហចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​សំណុំរឿង​០០៤ ​មួយ​ចំនួន​ដល់​សាធារណជន​ និង​ជនរងគ្រោះ​បន្ទាប់​ពី​គាំងដំណើរ​តាំង​ពី​ឆ្នាំ​២០០៨ ​ដែល​ក្រុម​អ្នក​ឃ្លាំ​មើល​ខ្លះ​ ចាត់​ទុក​ថា​ ការ​បង្ហាញ​ទីតាំង​នេះ​អាច​ផ្តល់​ឱកាស​ដល់​ជន​រងគ្រោះ​អាច​ដាក់​ពាក្យ​ប្តឹង​ជនជាប់​ចោទ​បាន។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​សហចៅក្រម​ស៊ើបអង្កេត​លោក ​ ម៉ាក ហាមិន​ (Mark Harmon) ភាគី​អង្គការ​សហប្រជាជាតិ ​បាន​បញ្ជាក់​ពី​ទីតាំង​កាប់​សម្លាប់​សម័យ​ខ្មែរក្រហម​ ភាគ​ច្រើន​ជា​មន្ទីរ​សន្តិសុខ។​ ក្នុង​នោះ​គឺ​ខេត្ត​បាត់ដំបង​មាន​៣​ទី​តាំង​គឺ​ស្ថិត​ក្នុង​ស្រុក​បាណន់​និង​ស្រុក​គាស់ក្រឡ។ ​ខេត្ត​ពោធិ៍សាត់​មាន​៥​ទី​តាំង​ ស្ថិត​ក្នុង​ស្រុក​បាកាន​ និង​ស្រុក​កណ្តៀង។​ ខេត្ត​តាកែវ​មាន​៤​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​កោះអណ្តែត​ គីរីវង្ស ​និង​ត្រាំកក់។​ ខេត្ត​កំពង់ធំ​មួយ​កន្លែង​ក្នុង​ទី​រួម​ខេត្ត​កំពង់ធំ។​ ហើយ​ខេត្ត​កំពង់ចាម​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ចម្ការលើ។

សហចៅក្រម​ស៊ីបអង្កេត​ទាំង​ពីរ​បាន​បញ្ជាក់​ថា៖

«សាក្សី​ឬ​ជនរងគ្រោះ​ដែល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ទី​តាំង​ឧក្រិដ្ឋកម្ម​ខាង​លើ​ទាំង​នេះ​ អាច​ទាក់ទង​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​ភស្តុតាង​ និង​លក្ខខណ្ឌ​ដែល​អាច​ដាក់​ពាក្យ​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី»។

លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ​សាលាក្តី​កាត់​ទោស​ខ្មែរក្រហម​បាន​អះអាង​ថា៖

«ការ​ចេញ​ទីតាំង​ឧក្រិដ្ឋកម្ម​ហ្នឹង​គឺ​ដើម្បី​ជូនដំណឹង​ទៅ​ឲ្យ​ជនរងគ្រោះ​ ឬ​ក៏​អ្នកពាក់ព័ន្ធ​នានា​ដែល​ចង់​ក្លាយ​ខ្លួន​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សំណុំរឿង​ហ្នឹង​ ហើយ​ និង​ជន​ណា​ខ្លះ​ដែល​គាត់​ចង់​ធ្វើ​សាក្សី​អីចឹង​ទៅ។​ ហើយ​ដំណើរការ​ ស៊ើប​អង្កេត​ស្ថិត​នៅ​ជា​ការ​សម្ងាត់»។

ចំណែក​លោក ​អ៊ឹម សុភា ​ប្រធាន​កម្មវិធី​ផ្សព្វផ្សាយ​នៃ​អង្គភាព​ជនរងគ្រោះ​របស់​សាលាក្តី​ខ្មែរក្រហម​បាន​អះអាង​ថា​ មក​ដល់​ពេល​នេះ​មាន​អ្នកដាក់​ពាក្យ​ប្តឹង​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៨៤៧​នាក់​ ដើម្បី​តតាំង​ជាមួយ​ជន​ជាប់ចោទ​ ហើយ​គ្មាន​អ្នកដាក់​ពាក្យប្តឹង​ផ្នែក​ព្រហ្មទណ្ឌ​ជា​ធម្មតា​នៅ​ឡើយ​ទេ។ តែ​លោក​គិត​ថា​ ការ​ប្រកាស​របស់​សហចៅក្រម​ស៊ើបអង្កេត​រឿង​ទី​តាំង​ឧក្រិដ្ឋកម្ម​នេះ​នឹង​ជួយ​ដល់​ដំណើរការ​នីតិវិធី។

«តាម​ពិត​ការ​បង្ហាញ​នូវ​ព័ត៌មាន​បន្ថែម​បែប​នេះ​នឹង​ជួយ​ទៅ​ដល់​សាធារណជន​ ក៏​ដូច​ជា​ជន​រងគ្រោះ​បាន​យល់​ដឹង​បន្ថែម​ទៀត»។

ដោយឡែក​ លោក ​យុ ឆាំង ​ប្រធាន​មជ្ឃមណ្ឌល​ឯកសារ​កម្ពុជា​វិញ​បាន​អះអាង​ថា​ សេចក្តី​ថ្លែងការណ៍​របស់​សហចៅក្រម​ស៊ើបអង្កេត​ជា​ការ​ខិតខំ​របស់​តុលាការ។

«ខ្ញុំ​គិត​ថា​ខាង​តុលាការ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ទៅ​តាម​នីតិវិធី​ដើម្បី​ឲ្យ​លទ្ធផល​ដែល​សម្រេច​បាន​ចុងក្រោយ ​យើងអាច​ទទួលបាន​ទាំង​អស់គ្នា។ ហើយ​ខ្ញុំ​គិត​ថា​ វា​ជា​សញ្ញា​វិជ្ជមាន»។

នៅ​ក្នុង​សំណុំរឿង​០០៤ ​មាន​ជនជាប់ចោទ​ចំនួន​៣​នាក់​ គឺ​លោក ​យឹម ទិត ឬ​តាទិត​លោក អោម អាន ឬ​តាអាន ​និង​អ្នកស្រី ​អ៊ឹម ចែម ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ដែល​ត្រូវ​សហព្រះរាជអាជ្ញា​ចោទ​ប្រកាន់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្នុង​ទសវត្សរ៍​១៩៧០ ​ពេល​ពួក​កម្មាភិបាល​ទាំងនេះ​គ្រប់គ្រង​ក្នុង​តំបន់​ពាយ័ព្យ​ប្រទេស​ តំបន់​មជ្ឈឹម ​និង​តំបន់​ដទៃ​ទៀត។ ជនជាប់ចោទ​ពីរ​នាក់​ គឺ​អ្នកស្រី​អ៊ឹម ចែម​ និង​តាអាន​ បាន​បដិសេធ​ថា ​មិន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កាប់សម្លាប់​ទេ​ក្នុង​កិច្ច​សម្ភាសន៍​ជាពិសេស​ជាមួយ​វីអូអេ​ជា​បន្តបន្ទាប់។
សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.​ក៏​បាន​តែងតាំង​សហមេធាវី​ដល់​សំណុំរឿង​០០៣​ ផងដែរ​នៅ​សប្តាហ៍​នេះ​ ដែល​ដំណើរការ​រំកិល​ទៅ​មុខ​នៃ​សំណុំរឿង​ទាំង​ពីរ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បដិសេធ​ដាច់​អហង្កា​នេះ​ កើត​ឡើង​ក្រោយ​ពេល​ដែល​សហចៅក្រម​ស៊ើបអង្កេត​អ.ស.ប. សញ្ជាតិ​អាមេរិក​ លោក​ម៉ាក ហាមិន​ ត្រូវ​បាន​តែងតាំង​កាល​ពី​ខែ​មិថុនា។​ លោក ម៉ាក ហាមិន​ត្រូវ​បាន​ត្រូវ​តែងតាំង​ជំនួស​សហចៅក្រម​បរទេស​មុនៗ​ដែល​បាន​លាឈប់​ពី​មុខ​តំណែង​ដោយសារ​តែ​មិន​អាច​ដំណើរការ​សំណុំរឿង​សេសសល់​ទាំង​ពីរ​បាន​នៅ​ពេល​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ៕
XS
SM
MD
LG