រដ្ឋសភាដែលគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេចអនុម័តទាំងស្រុងដោយគ្មានកែប្រែលើសេចក្ដីព្រាងច្បាប់ចំនួនពីរទាក់ទិននឹងការលាងលុយកខ្វក់ ដែលជាកិច្ចព្យាយាមស្ដារឈ្មោះរបស់ប្រទេស បន្ទាប់ពីប្រទេសនេះធ្លាក់ចំណាត់ថ្នាក់ក្នុងក្របខណ្ឌវាយតម្លៃអន្តរជាតិនានា រយៈពេលចុងក្រោយនេះ។
ក្នុងការអនុម័តដែលចំណាយពេលតែមួយព្រឹក រដ្ឋសភាបានយល់ព្រមសម្រេចឱ្យបន្តទៅព្រឹទ្ធសភានូវសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
ការសម្រេច ការតាក់តែង និងការអនុម័តដោយ «ប្រញាប់» នេះ ធ្វើឡើងបន្ទាប់ពីឋានៈសុចរិតភាពនៃទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា ត្រូវបានក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ចាត់ចូលក្នុងបញ្ជីប្រផេះ ដែលជាសញ្ញាអាសន្នកម្រិតបង្គួរអំពីហានិភ័យនៃការលាងលុយកខ្វក់ កាលពីខែកុម្ភៈ ឆ្នាំ ២០១៩។
កាលពីដើមខែឧសភា សហភាពអឺរ៉ុបក៏បានសម្រេចបញ្ចូលប្រទេសកម្ពុជាក្នុងបញ្ជី «តតិយប្រទេសដែលមានហានិភ័យខ្ពស់» ទាក់ទិននឹងការលាងសម្អាតប្រាក់នេះផងដែរ។
នៅរដ្ឋសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីមហាផ្ទៃដែលជាតំណាងរដ្ឋាភិបាលការពារសេចក្ដីព្រាងច្បាប់ទាំងពីរ បានឡើងថ្លែងសេចក្ដីថ្លែងហេតុយ៉ាងដូច្នេះថា៖
«សម្រាប់កម្ពុជារបស់យើង យើងមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌទាំងឡាយ ដែលតម្រូវដោយអង្គការនេះ មានទេ។ ពេលខ្លះក៏បានវាយតម្លៃថា យើងខិតខំប្រឹងប្រែង។ ប៉ុន្តែពេលខ្លះក៏បានវាយតម្លៃថា យើងនៅខ្វះខាត ហើយបញ្ចូលទៅក្នុងបញ្ជីប្រផេះ។ នេះជាបញ្ហា»។
លោក ស ខេង បន្ថែមថា ការតាក់តែងឡើងនូវសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺជាផ្នែកមួយនៃការតម្រូវតាម លក្ខខណ្ឌនៃការតម្រូវរបស់ក្រុមប្រទេសអាស៊ីបាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (APGML) និងក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF)។ យោងតាមខ្លឹមសារសេចក្ដីព្រាងច្បាប់ទាំងពីរនេះ រដ្ឋាភិបាល និងស្ថាប័នតុលាការ បានទទួលសិទ្ធិអំណាច ក្នុងការបង្កកការឃាត់ទុក និងការរឹបអូសទ្រព្យសម្បត្តិនានា ដែលមានពាក់ព័ន្ធនឹងសកម្មភាព «ភេរវកម្ម» ការលាងសម្អាតលុយកខ្វក់ និងការរីកសាយភាពនៃអាវុធមហាប្រល័យ។
បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្របដណ្ដប់ទៅលើស្ថាប័នហិរញ្ញវត្ថុ ភ្នាក់ងារអចលនទ្រព្យ និងបណ្ដាអង្គភាពអង្គការក្រៅរដ្ឋាភិបាលផង នោះ ជនលើ្មសពាក់ព័ន្ធការសម្អាតប្រាក់ អាចមានទោសជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំ។ ចំណែកជនល្មើសទាក់ទងហិរញ្ញប្បទានភេរវកម្មអាចជាប់ពន្ធនាគាររហូតដល់ទៅ ២០ ឆ្នាំ។
លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ មានប្រសាសន៍ថា ការតាក់តែងច្បាប់ថ្មីទាំងពីរនេះ «មិនមែនជាការផ្គាប់ចិត្តបរទេស» នោះទេ តែថា ការកែកុនច្បាប់ផ្អែកលើការវាយតម្លៃពីខាងក្រៅ ក៏ជួយពង្រឹងប្រសិទ្ធភាពរដ្ឋាភិបាលដែរ។
«នាងខ្ញុំយល់ថា បើគេដាក់យើងម្ដង គឺយើងរឹងមាំម្ដង គឺធ្វើឱ្យច្បាប់យើងកាន់តែមានសុក្រឹតភាព ប្រព័ន្ធហិរញ្ញវត្ថុយើងកាន់តែរឹងមាំ សេដ្ឋកិច្ចយើងកាន់តែមានភាពធន់ និងចីរភាព»។
ប៉ុន្តែនៅចំកណ្ដាលនៃការពិភាក្សា លោក ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង លើកឡើងដោយទាញចូលនូវករណីដែលលោកថា រដ្ឋាភិបាល និងប្រទេសកំពុងរងគ្រោះពីការគំរាមកំហែងនៃការបង្កសកម្មភាព«ភេរវកម្មសេដ្ឋកិច្ច» និង «ភេរវកម្មនយោបាយ» ពីសំណាក់បណ្ដាអ្នកនយោបាយជំទាស់នៅក្រៅប្រទេស។
«ហិរញ្ញប្បទានដែលយកមកប្រើ ក្នុងកម្មវិធីនយោបាយដើម្បីដណ្ដើមអំណាចដោយមិនឆ្លងកាត់ការបោះឆ្នោត អំពើភេរវកម្មនេះ គឺធ្ងន់ធ្ងរមែនទែនហើយគេមិនដែលសណ្ដោសទេ ប្រទេសណាដូចប្រទេសណា។ យើងមានភាពទន់ភ្លន់រហូតមកដល់ពេលនេះមានការអត់ធ្មត់។ ក៏ប៉ុន្តែយើងក៏មិនត្រូវភ្លេចខ្លួនដែរ»។
មេដឹកនាំបក្សជំទាស់ លោក សម រង្ស៊ី ថ្មីៗនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងមិនចំឈ្មោះថា ផ្ដួចផ្ដើមគំនិតចង់ធ្វើ «វិទ្ធង្សនាសេដ្ឋកិច្ច» តាមរយៈការអំពាវនាវថ្មីៗនេះរបស់លោក ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ផ្អាកឈប់បង់ប្រាក់សំណងទៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ លោក ហ៊ុន សែន ចោទប្រកាន់ថា ការធ្វើដូច្នេះ គោលបំណងចង់ឱ្យទីផ្សារហិរញ្ញវត្ថុដួលរលំ ងាយស្រួលកៀរគរមហាជនផ្ដួលរំលំរដ្ឋាភិបាល។
លោក សេរី កុសល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានឡើងមានយោបល់ចោទសួរទៅលើកម្មវត្ថុ «នយោបាយ» នៃស្ថាប័នវាយតម្លៃ ដែលបានចាត់កម្ពុជាជាប្រទេស «ប្រផេះ»។
«មានអ្នកចាំវាយយើងគឺដង្កូវគឺជាជាតិយើងក៏មាន ជាបរទេសក៏មាន។ អ៊ីចឹងហើយនេះ គេចាំតែឆ្លៀតឱកាស ហើយនេះ ខ្ញុំបានឮហើយ របាយការណ៍ម្ដងដាក់យើងខ្មៅ ម្ដងដាក់ប្រផេះប្រផេះដែលថា វាខ្វះនេះ វាខ្វះនោះ។ សូមសំណូមពរស្ថាប័នពាក់ព័ន្ធ ថា អ្នកណាដែលទទួលខុសត្រូវខាងហ្នឹង គណៈកម្មការអឺរ៉ុប ព្រោះពួកហ្នឹងមិនដែលមានគំនិតល្អជាមួយយើងទេ។ តែនេះជាកិច្ចសហការ សូមសួរឱ្យច្បាស់ថា នៅខ្វះស្អីទៀត? តិចច្បាប់នេះចេញហើយប្រផេះ។ ផុតតែមួយសន្ទុះ ជិតបោះឆ្នោត ខ្មៅ។ អានេះត្រូវតែប្រយ័ត្ននូវករណីមួយដែលដឹងហើយថា អមិត្ត តែងតែរកនូវកត្តានេះ»។
លោក Daniel Ferrie អ្នកនាំពាក្យលើកិច្ចការធនាគារនិងហិរញ្ញវត្ថុ នៃគណៈកម្មការអឺរ៉ុបដែលជាស្ថាប័ននីតិប្រតិបត្តិ នៃសហភាពអឺរ៉ុប ប្រាប់ VOA តាមសារអេឡិចត្រូនិច នៅថ្ងៃព្រហស្បតិ៍នេះថា ការណ៍ដែលកម្ពុជាទទួលចំណាត់ថ្នាក់មិនល្អរឿងការលាងសម្អាតប្រាក់កខ្វក់នេះ គឺដោយសារតែកម្ពុជាមានកង្វះប្រសិទ្ធភាពជាយុទ្ធសាស្ត្រនៃសកម្មភាពត្រួតពិនិត្យសុចរិតភាពហិរញ្ញវត្ថុ និងចរាចរណ៍សាច់ប្រាក់ចេញចូលប្រទេស។
បញ្ហាប្រឈមនៃការលាងសម្អាតប្រាក់នៅកម្ពុជា មាន ៣ ធំៗ រួមមានការគេចវេសពន្ធ ការប្រព្រឹត្តអំពើពុករលួយ និងការមានប្រភពមិនច្បាស់លាស់នៃទឹកប្រាក់មួយផ្នែក ដែលត្រូវបានបញ្ចូលយកមកវិនិយោគនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោកបន្តថា ការតាក់តែងច្បាប់នេះមិនមានការចូលរួមពិគ្រោះយោបល់ប្រមូលធាតុចូល ពីសំណាក់បណ្ដាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនានាទេ ព្រោះក្រសួងស្ថាប័នដែលពាក់ព័ន្ធចាត់ទុកសេចក្តីព្រាងច្បាប់ទាំងពីរនេះជា «ឯកសារផ្ទៃក្នុង»។
លោកមានប្រសាសន៍ថា៖ «បើសិនជាមានការចូលរួមផ្ដល់ធាតុចូលឱ្យកាន់តែទូលំទូលាយ គឺជាការប្រសើរ ព្រោះយើងអាចផ្ដល់ធាតុចូលលក្ខណៈស្ថាបនា ធ្វើឱ្យច្បាប់ហ្នឹងត្រូវទៅនឹងស្ដង់ដារអន្តរជាតិ ហើយដែលខាងសហភាពអឺរ៉ុប និងខាង FATF ហ្នឹង គេអាចទទួលយកបានព្រោះយើងធ្វើសេចក្តីព្រាងច្បាប់ហ្នឹង ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់គេហ្នឹង»។
ដោយឡែក សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលរដ្ឋសភាអនុម័តយល់ព្រមនៅព្រឹកថ្ងៃដដែលនេះដែរ ត្រូវបានតំណាងរដ្ឋាភិបាលលើកឡើងថា ជាឧបករណ៍ច្បាប់សម្រួលដល់ការអនុវត្តវិធានការលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទិនអាវុធមហាប្រល័យ។
ការតាក់តែងច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញបានសម្រេចអនុវត្តយ៉ាងសន្ធាប់កាលពីឆ្នាំកន្លងទៅ ក្នុងការបិទនិងបង្ក្រាបលើបណ្ដាមុខជំនួញ និងចរាចរណ៍សាច់ប្រាក់របស់ប្រទេសកូរ៉េខាងជើង ដែលមានសកម្មភាពនៅកម្ពុជា។
ប្រទេសកូរ៉េខាងជើងត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីចុងក្រោយ កាលពីឆ្នាំ ២០១៧ ទាក់ទិននឹងកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។
ក្នុងរបាយការណ៍មួយចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ផ្ញើជូនក្រុមប្រឹក្សាសន្តិសុខនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំ អ.ស.ប. បានរាយការណ៍ថា អាជ្ញាបណ្ណ ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងជើងចំនួន ១១ ត្រូវបានលុបចោល និងបិទដំណើរការដោយក្រសួងពាណិជ្ជកម្ម ហើយមានភោជនីយដ្ឋានចំនួន៨ ដែលពាក់ព័ន្ធកូរ៉េខាងជើង ក៏ត្រូវបានបិទទ្វារផងដែរ។
ដោយឡែកសារៈមន្ទីរអង្គរប៉ាណូរ៉ាម៉ា នៅសៀមរាប ដែលសង់ដោយកូរ៉េខាងជើងក៏ត្រូវបិទដំណើរការផងដែរ៕