អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិតបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីឃ្លាំមើលនៅថ្ងៃសុក្រនេះ ដោយសារតែមានការព្រួយបារម្ភថា ប្រទេសនោះងាយមានការលាក់បាំងប្រាក់ដែលទទួលបានដោយខុសច្បាប់។
វិធានរបស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុ Financial Action Task Force (FATF) បញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតនេះអាចកាត់បន្ថយលំហូរហិរញ្ញវត្ថុវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចេញចូលប្រទេសនេះ។ អង្គការ FATF គឺជាអង្គការអន្តររដ្ឋាភិបាលដែលគាំទ្រការប្រយុទ្ធប្រឆាំងនឹងការលាងលុយទុច្ចរិតនិងហិរញ្ញវត្ថុភេរវកម្ម។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយលើបញ្ហារបស់អង្គការឃ្លាំមើលការលាងលុយនេះទេ ហើយបានបង្វែរសំណួរទៅធនាគារជាតិនៃកម្ពុជាដែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការឆ្លើយតបតាមអ៊ីមែល។
លោក Marshall Billingslea ប្រធានអង្គការ FATF ឃ្លាំមើលការលាងលុយ បានថ្លែងថា កម្ពុជាមានភាពទន់ខ្សោយយ៉ាងខ្លាំង។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានធ្វើការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ដើម្បីដោះស្រាយបញ្ហានេះ។ ការបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតកើតមាននៅពេលដែលប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពីសហភាពអឺរ៉ុប ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
ការបញ្ចូលប្រទេសកម្ពុជាទៅក្នុងបញ្ជីឃ្លាំមើលការលាងលុយទុច្ចរិតកើតមានឡើងក្រោយពីអង្គការ FATF ចេញរបាយការណ៍វាយតម្លៃអំពីនយោបាយកម្ពុជាប្រឆាំងលាងលុយទុច្ចរិតនិងហិរញ្ញវត្ថុភេរវកម្មធ្វើឡើងនៅឆ្នាំ២០១៧។ អង្គការ FATF បាននិយាយនៅក្នុងរបាយការណ៍នេះថា ប្រទេសកម្ពុជាមិនដែលធ្វើការកាត់ទោសការលាងលុយទុច្ចរិត ហើយប្រព័ន្ធតុលាការនៅកម្ពុជាពុករលួយជាខ្លាំង៕