ចរាចរណ៍លុយកខ្វក់នៅតែបង្កជាបញ្ហាមួយក្នុងសង្គមកម្ពុជា ខណៈពេលដែលអាជ្ញាធរកំពុងធ្វើការបង្រ្កាបជាបន្តបន្ទាប់ក៏ដូចជាពង្រឹងយន្តការបង្រ្កាបបន្ថែមទៀត។ ការណ៍នេះធ្វើឡើង ក្រោយពីអង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិតបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន។
នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃសកម្មភាពលាងលុយកខ្វក់ក្នុងប្រទេសកម្ពុជា និងបញ្ជាឱ្យមានចំណាត់ការយ៉ាងតឹងរ៉ឹងលើបញ្ហានេះ ក្រោយពេលកម្ពុជាត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅនៃការលាងលុយទុច្ចរិត។
ថ្លែងនៅក្នុងពិធីប្រកាសចូលមកកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃពុធកន្លងទៅ លោក ស ខេង បានបញ្ជាក់ពីស្ថានភាពដែលកម្ពុជាកំពុងស្ថិតនៅក្នុងបញ្ជីរបស់អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) ស្របពេលជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធប្រឹងប្រែងបន្ថែមក្នុងការបង្រ្កាបចរាចរណ៍លុយកខ្វក់។
«អារឿងលាងលុយក៏ដូចគ្នាដែរ លុយកខ្វក់ហ្អា។ គេចាត់ទុកថាឥឡូវកម្ពុជាយើង វាស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសប្រផេះ អញ្ចឹងគេឃ្លាំមើលហើយ។ មួយជំហានទៀតវាទៅខ្មៅ នោះបើសិនណាជាយើងមិនបានយកចិត្តទុកដាក់បង្រ្កាប»។
អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត (FATF) នៅដើមឆ្នាំ២០១៩នេះបានដាក់កម្ពុជាក្នុងបញ្ជីឃ្លាំមើលរបស់ខ្លួន ដោយសារប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមាន «អំពើពុករលួយខ្ពស់» និងថាគ្មានករណីលាងលុយកខ្វក់ណាមួយធ្លាប់ត្រូវបានកាត់ទោសនៅកម្ពុជានោះទេ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានសង្កត់ធ្ងន់ពីផលវិបាកចំពោះកម្ពុជា ប្រសិនបើករណីលួចនាំចូលលុយកខ្វក់នៅតែបន្តកើតមាន។
«ប៉ុន្តែវាងាប់ គឺងាប់ប្រទេសជាតិតែម្តង។ ងាប់ប្រទេសជាតិត្រង់ណា ត្រង់ថាបើថ្ងៃណាមួយដល់កម្រិតមួយគេថា កម្ពុជាជាប្រទេសខ្មៅ ជាប្រទេសលាងលុយ ចប់! ចប់!។ ចរាចរណ៍លុយកាក់ពីធនាគារណាទាំងអស់ ខ្ញុំមិនហ៊ានថា ១០០ភាគរយចប់ទេ ប៉ុន្តែវាពិតជាប្រឈមនឹងការលំបាកដ៏ធំហើយ។ នោះជាហានិភ័យដ៏ធំបំផុត»។
កាលពីខែមេសាកន្លងទៅសមត្ថកិច្ចកម្ពុជាបញ្ជូនខ្លួនជនជាតិចិន៣នាក់ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ចំនួនជាង ៣លាន ៥សែនដុល្លារ អាមេរិក ដែលនាំចូលពីទីក្រុងហុងកុងមកកម្ពុជា។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកអន្តោប្រវេសន៍។ ហើយនៅចុងខែឧសភា សមត្ថកិច្ចក៏បានរឹបអូសសាច់ប្រាក់ចំនួន ៨៥ ម៉ឺន ៥ពាន់ដុល្លារអាមេរិកទៀត ដែលត្រូវបានលួចនាំចូលពីក្រុងហុងកុងដូចគ្នា។
ចំពោះករណីបង្រ្កាបការលួចនាំចូលលុយកខ្វក់ខាងលើនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានលើកឡើងពីភាពជោគជ័យនៃចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា ក្នុងការទប់ស្កាត់លំហូរចូលនៃលុយកខ្វក់ក្នុងទ្រង់ទ្រាយធំនាពេលអនាគត។
«ពាក្យសាមញ្ញបើយើងនិយាយ គឺថា ដូចជា អារកមាន់ បន្លាចខ្លាអញ្ចឹង។ ខ្លាវាចង់មកក៏មិនហ៊ានដែរ។ ដូច្នេះ ខ្លាក៏មិនមកដែរ បើថាអ្នកមានធំៗក៏មិនមកដែរ ក៏មិនអាចមកបានដែរ ព្រោះប៉ុណ្ណឹងហើយ។ យើងបានធ្វើកិច្ចការងារហ្នឹងហើយ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននិយាយផងដែរថា សាច់ប្រាក់ដែលរឹបអូសបាន ត្រូវបានបញ្ជូនទៅធនាគារជាតិ ដើម្បីរៀបចំជាវត្ថុតាងបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យបន្ត មុនពេលដាក់បញ្ចូលជាទ្រព្យសម្បត្តិជាតិ។
ឆ្លើយតបនឹងករណីដាក់កម្ពុជានៅក្នុងបញ្ជីឃ្លាំមើលរបស់អង្គការពិភពលោកឃ្លាំមើលការលាងលុយទុច្ចរិត លោក ខៀវ សុភ័គ បានលើកឡើងថា នាពេលបច្ចុប្បន្នសមត្ថកិច្ចកម្ពុជាកំពុងតែរឹតបន្តឹងការត្រួតពិនិត្យតាមច្រកអន្តរជាតិនានា ខណៈពេលមន្រ្តីនគរបាលទទួលបន្ទុកក៏កំពុងទទួលបានការបំប៉នជំនាញបន្ថែមក្នុងផ្នែកតាមដានចរាចរណ៍លុយកខ្វក់ផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គាំទ្រការបង្រ្កាបលើចរាចរណ៍សាច់ប្រាក់ខុសច្បាប់ពីសំណាក់អាជ្ញាធរ។ យ៉ាងណាក្តី លោក សន ជ័យ នៅតែមានមន្ទិលលើទំហំ និងទម្រង់នៃការលាងលុយ ដែលមានពីមុនមកនៅកម្ពុជា។
«បើមើលទៅលើអតីតកាលវិញគឺថា ទំនងជាមានប្រវត្តិនៃការលាងលុយកខ្វក់នៅក្នុងរូបភាពផ្សេងៗ ដូចជារូបភាពវិនិយោគខ្មៅ រូបភាពដែលគេហៅថា ដូចជា ចំណាយផ្សេងៗ ឬក៏ទម្រង់នៃការប្រើប្រាស់ល្បែង ល្បែងនៅកាស៊ីណូហ្នឹង ជាមធ្យោបាយនៃការលាងលុយកខ្វក់ដែរ»។
នៅប៉ុន្មានឆ្នាំចុងក្រោយ លំហូរចូលនៃជនជាតិចិនជាបន្តបន្ទាប់ ជាពិសេសក្នុងខេត្តព្រះសីហនុសម្រាប់វិស័យកម្សាន្តតាមភ្លើងពណ៌ និងកាស៊ីណូបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីចរាចរណ៍លុយខុសច្បាប់ ដែលការណ៍នេះតម្រូវឲ្យមានចំណាត់ការ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរកម្ពុជា៕