តាមសំណើរបស់រដ្ឋាភិបាល រដ្ឋសភាកម្ពុជាដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ។ នេះជាការទទួលស្គាល់ការបោះបង្គោលព្រំដែនកាលពីពេលកន្លងទៅ ដែលសម្រេចបានប្រមាណ៨៦%នៃខ្សែបន្ទាត់ព្រំដែនសរុបរវាងប្រទេសទាំងពីរ។ នេះបើតាមយោងតាមសេចក្តីព្រាងច្បាប់ និងឯកសារផ្លូវការដែលវីអូអេទទួលបាន។
សេចក្តីព្រាងច្បាប់ដែលមាន៣មាត្រានេះ ជាការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានៅទីក្រុងវៀងច័ន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សនសាយ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ។ នេះបើយោងតាមសេចក្តីថ្លែងហេតុរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
សេចក្តីថ្លែងហេតុរបស់លោក ហ៊ុន សែន ឱ្យដឹងថា គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ បានជួបប្រជុំចរចាគ្នាចំនួន១៨៨លើក ពីឆ្នាំ១៩៩៥ ដល់២០០៩ ដោយសម្រេចបានការត្រួតពិនិត្យខ្សែព្រំដែនបានប្រមាណ៨៦% ស្មើនឹង៤៦៥គីឡូម៉ែត្រនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណ៥៤០គីឡូម៉ែត្រ ក្នុងនោះភាគីទាំងពីរបោះបង្គោលព្រំដែនបានចំនួន១២១បង្គោលលើដីជាក់ស្តែង នៅខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគិរី។ នេះបើតាមសេចក្តីថ្លែងហេតុរបស់នាយករដ្ឋមន្រ្តី។
លោក ហ៊ុន សែន បញ្ជាក់ក្នុងសេចក្តីថ្លែងហេតុថា៖ «សន្ធិសញ្ញានេះគឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់បំផុត ដែលប្រទេសទាំងពីរបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនូវខ្សែព្រំដែនដែលអាណានិគមបន្សល់ទុកឱ្យ បន្ទាប់ពីប្រទេសទាំងពីរបានឯករាជ្យ»។
លោកបន្ថែមថា៖ «ហើយជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុតក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែនដែលនៅសល់ប្រមាណជាង១៤%ទៀត»។
បើតាមសេចក្តីថ្លែងហេតុ ប្រទេសទាំងពីរប្តេជ្ញាបោះបង្គោលព្រំដែនថ្មីឱ្យរឹងមាំជាងមុន និងធំជាងមុន ជំនួសបង្គោលចាស់ចំនួន១២១ ដែលបានបោះរួចហើយ និងជាបង្គោលបណ្តោះអាសន្នដែលមានទំហំតូច និងមិនរឹងមាំ។
សេចក្តីថ្លែងហេតុរបស់នាយករដ្ឋមន្រ្តីបន្ថែមថា៖ «រួមគ្នាផលិតផែនទីឋានលេខាព្រំដែនខ្នាត១/២៥០០០ ដើម្បីភ្ជាប់ជាឧបសម្ព័ន្ធនៃពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដោយបង្ហាញពីទិសដើរនៃខ្សែព្រំដែន និងទីតាំងបង្គោលព្រំដែន នៅតាមបណ្តោយព្រំដែនទាំងមូលនៃប្រទេសទាំងពីរ ដោយឯកភាពចេញចំណាយពាក់កណ្តាលម្នាក់»។
ចំពោះតំបន់ដែលនៅសល់មិនទាន់ឯកភាពគ្នា ភាគីទាំងពីរឯកភាពបន្តចរចានិងដោះស្រាយដោយយកជាមូលដ្ឋានគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានអនុវត្តកន្លងមក ដើម្បីបន្តរកដំណោះស្រាយនៅតំបន់ទាំងនោះឱ្យបានឆាប់។
សន្ធិសញ្ញានេះធ្វើជាបីភាសា គឺខ្មែរ ឡាវ និងបារាំង។ ក្នុងករណីមានការបកស្រាយខុសគ្នា អត្ថបទជាភាសាបារាំងត្រូវយកមកធ្វើជាឯកសារយោង។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា មិនមានអ្វីប្រឈមឡើយពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនដែលនៅសេសសល់១៤%ទៀត។
នៅពេលសួរថាតើការបោះបង្គោលព្រំដែន១៤%ទៀតនឹងអាចបញ្ចប់នៅពេលណា លោក វ៉ា គឹមហុង ថាមិនទាន់ដឹងនៅឡើយទេ ដោយវាអាស្រ័យលើការយល់ព្រមរវាងភាគីទាំងពីរ។ លោកបន្ថែមថាមិនមានការដោះដូរដីរវាងកម្ពុជា និងប្រទេសឡាវឡើយ នៅក្នុងការបោះបង្គោលព្រំដែននេះ។
លោកបញ្ជាក់ថា៖ «ការដោះដូរដីនេះ យើងកុំគិតថាវាមិនមែនករណីឡើយ យើងមិនមានដីដោះដូរទេ គ្រាន់តែថាអាការដោះដូរដីនេះប្រទេសជិតខាងយើង គេធ្វើក៏មានដោះដូរដែរ មិនអត់ទេ។ ដូចវៀតណាមធ្វើជាមួយឡាវ ក៏វាដោះដូរដី វៀតណាមធ្វើជាមួយចិន ក៏វាមានដោះដូរដី»។
ការអនុម័តរបស់រដ្ឋសភាដែលមានតែគណបក្សនយោបាយមួយនាពេលនេះ នាំឱ្យមានការចោទជាសំណួរពីសំណាក់មន្រ្តីគណបក្សជំទាស់។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ដែលជាអតីតតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិមួយរូប ប្រាប់វីអូអេថា ការអនុម័តសន្ធិសញ្ញាបោះបង្គោលព្រំដែនរវាងកម្ពុជានិងឡាវ ដោយសភាឯកបក្ស មិនជាបញ្ហាអ្វីឡើយ ប៉ុន្តែលោកចោទសួរពីភាពត្រឹមត្រូវនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំសង្ឃឹមថាការអនុម័តលើសន្ធិសញ្ញានេះ វាអាចនឹងឆ្លើយតបទៅនឹងការពិត និងភាពត្រឹមត្រូវ អ្វីដែលបានចែងនៅក្នុងផែនទីកំណត់ពីមុនមក»។
បើតាមអ្នកនាំពាក្យរូបនេះ រឿងព្រំដែនកម្ពុជានិងឡាវកាលពីកន្លងមក មិនមានភាពចម្រូងចម្រាសអ្វីជាគួរឱ្យកត់សម្គាល់ ដូចការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមឡើយ។
គួរបញ្ជាក់ថា កម្ពុជានិងឡាវបានឯកភាពអនុម័តយកគោលការណ៍ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយទទួលស្គាល់ខ្សែព្រំដែនរួមដែលបន្សល់ទុកឱ្យដោយអាណានិគមតាមផែនទីខ្នាត១/១០០០០០ និងផែនទីសមស្របផ្សេងទៀត ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៥៣ ដោយកុ្រមភូមិសាស្រ្តឥណ្ឌូចិន៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែតម្រូវក្នុងកថាខណ្ឌទី១ត្រង់ចំណុចរដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនាឆ្នាំ២០២៣ មិនមែនថ្ងៃចន្ទឡើយ។