ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ត្រូវ​គេ​ដាក់​ក្នុង​ចំណោម​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន

  • សុខ ខេមរា

របាយការណ៍​សេរីភាព​សារព័ត៌មាន​​ពិភពលោក​ឆ្នាំ​២០១៣​របស់​អង្គការ​ Freedom House។
វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​សារព័ត៌​មាន​សម្រាប់​ឆ្នាំ​២០១៣។​

អង្គការ​ស.រ.អា.​ផ្នែក​ខាង​សេរីភាព​និង​ប្រជាធិបតេយ្យឈ្មោះ​ Freedom House បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​លំដាប់​ប្រទេស​«គ្មានសេរីភាព»​សារព័ត៌មាន។​ នេះ​បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​អង្គការ​នេះ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​អំពី​សេរីភាព​សារ​ព័ត៌មាន​ជុំវិញ​ពិភពលោក​នៅ​ឯ​សារៈមន្ទីរ​ព័ត៌មាន ​Newseum ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

របាយការណ៍​ជា​សង្ខេប​របស់​អង្គការ​ Freedom House ​បាន​និយាយ​ថា ​យោង​ទៅ​លើ​ការ​ចាប់​ខ្លួន​លោក​ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ឯករាជ្យ​ដាក់​គុក​រយៈ​ពេល​២០​ឆ្នាំ​ ​ការ​សម្លាប់​អ្នក​កាសែត​កាលពី​ឆ្នាំ​២០០៨​គឺលោក​ឃឹម សំបូរ​និង​ការ​យារយី​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត។​

ថ្លែង​ប្រាប់​វីអូអេ​ក្រោយ​ពីការ​ចេញ​ផ្សាយ​របាយ​ការណ៍​និង​បង្ហាញ​រូប​ផែនទី​ ជា​ផ្លូវ​ការ​អំពី​ចំណាត់​ថ្នាក់​ប្រទេស​ក្នុង​ពិភពលោក​ដែល​មាន​«សេរី» ​«សេរីមួយផ្នែក»​ និង​«មិន​សេរី​នោះ»​ លោក​ដាវីដ ក្រមើ​ (Davis J. Kramer)​ នាយក​អង្គការ​ Freedom House​ បាន​អះអាង​ថា៖​

«មូលហេតុ​ដែល​ប្រទេស​មួយ​ត្រូវ​ដាក់​ថា ​ជា​ប្រទេស​គ្មាន​សេរីភាព​គឺ​ដោយ​សារ ប្រទេស​នោះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ផ្នែក​សេរីភាព​ខាង​ផ្លូវ​ច្បាប់​ សេរីភាព​ខាង​នយោបាយ​ សេរីភាព​ខាង​សេដ្ឋកិច្ច ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​សារ​ព័ត៌មាន​ និង​អង្គ​ការ​បណ្តាញ​ព័ត៌មាន​អាច​ដំណើរ​ការ​បាន។​ ដូច្នេះ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​មិន​សេរី​គឺ​មាន​ច្រើន»។​

លោក​បាន​បញ្ជាក់​ថា​ មាន​ចំនួន​ពលរដ្ឋ​ពិភពលោក​ជាង​៤៣​ភាគរយ​ដែល​រស់នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​ខាង​ផ្នែក​ព័ត៌មាន​ ដែល​គួរ​តែ​ធ្វើ​អ្វីៗ​ដើម្បី​ឲ្យប្រសើរ​ឡើង។​
អ្នក​ស្រី​ការីន កាលិការ​ (Karin Deutsch Karlekar) ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​និង​ជា នាយក​ផ្នែក​ចាត់​ចែង​នៃ​អង្គការ ​Freedom House​ បាន​អះអាង​ថា ​និន្នាការ​របស់​ ប្រទេស​កម្ពុជា​មាន​ភាព​អវិជ្ជមាន​ក្នុង​រយៈ​ពេល​មួយឆ្នាំ ​ពីរឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​បាន​ដើរ​ថយ​ក្រោយ​កាល​ពី​ឆ្នាំ​ទៅ។​

អ្នក​ស្រី​ថ្លែង​ថា៖ «ជា​ការណ៍​ពិត​ បរិយាកាស​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​បើក​ទូលាយ​ជាង​ប្រទេស​វៀតណាម​ និង​ប្រទេស​ភូមា។​ នេះ​ជា​ការណ៍​ពិត។​ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បញ្ហា​នៅ​កម្ពុជា​ដែល​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​គឺ​ច្បាប់​និង​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​អាច​ដាក់​ទោស​ព្រហ្មទណ្ឌ​ដោយ​ការ​បរិហាកេរ្តិ៍។ ​យើង​ទទួល​បាន​ចំនួន​នៃ​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​និង​ការ​យារយី​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​យើង​ឃើញ​មាន​ករណី​ដ៏​អាក្រក់​កើត​ឡើង​កាល​ពី​ឆ្នាំ​ទៅ​ប្រឆាំង​នឹង​លោកម៉ម សូណង់ដូ​ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​ដែល​ត្រូវ​ចាប់​ដាក់​គុក​២០​ឆ្នាំ»។​

ប្រទេស​កម្ពុជា​ឆ្នាំ​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី១៤៩ ​ក្នុង​ចំណោមប្រទេស​១៩៦។​ ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់​ក្នុង​ចំណោម​ប្រទេស​ដែល​គ្មាន​ សេរីភាព​សារ​ព័ត៌មាន​ឬ​មិន​សេរី ​(Not Free)​ ស្មើ​ទៅ​នឹង​ប្រទេស​គុយបា​ ភូមា អ៊ីរ៉ង់​ វៀតណាម​ ចិន ​ថៃ ​និង​កូរ៉ខាង​ជើង​ជាដើម។​ កាលពី​ឆ្នាំ​ទៅ ​កម្ពុជា​ក៏​ត្រូវ​គេ​ ចាត់​បញ្ចូល​ក្នុង​ចំណោម​ប្រទេស​មិន​សេរី​ដែរ៕
XS
SM
MD
LG