ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​ចាប់ផ្តើម​ស៊ើប​អង្កេត​ប្រឆាំង​វិទ្យុ​អាស៊ីសេរី​

  • ហេង រស្មី

វិទ្យុ​អាស៊ី​សេរី​ ជា​វិទ្យុ​ឯង​រាជ្យ​មួយ​ផ្សាយ​ជា​ខេមរ​ភាសា​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក
ភ្នំពេញ​៖ រដ្ឋាភិបាល ​ដែល​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ បាន​និយាយ​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​មុន​នឹង​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យោធា​ បន្ទាប់​ពី​វិទ្យុនេះ​បាន​ផ្សព្វផ្សាយ​អំពី​ការ​បាត់បង់​បូរណភាព​ទឹកដី​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម​ និង​ប្រទេសថៃ។​

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យនៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ បាន​និយាយ​ថា​ មន្ត្រី​រដ្ឋាភិបាល​បាន​ចាប់​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ ក្រោយ​ពី​អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ថា​ ​បូរណភាព​ទឹក​ដី​កម្ពុជា​បាន​បាត់​បង់​ទៅខាង​ប្រទេស​ជិតខាង។​

លោក​ផៃ ស៊ីផាន​មិន​បាន​បញ្ជាក់​ថា​ តើ​អ្នក​យក​ព័ត៌មាន​រូប​ណា​ទេ​ ដែល​បម្រើការ​ងារ​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ ដែល​សង្ស័យ​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ។​

«ពីព្រោះ​ការងារ​ធ្វើ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែនយើង​មើល​ឃើញ​ជា​ការងារ​ទិស​ដៅ​មិន​មែន​ជាអ្នក​ធ្វើ​ព័ត៌មាន​ទេ។ ​វាជា​ការងារ​ដទៃ​ទៀត។ ​ដូច​យើង​បាន​ពិនិត្យ​មើល​តាំង​ពី​ព្រំដែន​ខាង​កើត​រហូត​ដល់​ព្រំដែន​ខាង​លិច ​ការ​ប្រើប្រាស់​ពាក្យ​ បំណង​ហើយ​នឹង​ទឹសដៅ​មិន​ចំ​ជាអ្នក​ធ្វើ​ព័ត៌មាន​ទេ»។​

កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ ចំៗ​ថា​ នឹង​ប្តឹង​វិទ្យុ​អាស៊ី​សេរី​ ជា​វិទ្យុ​ឯង​រាជ្យ​មួយ​ផ្សាយ​ជា​ខេមរ​ភាសា​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក ​ប្រសិន​ណា​បើ​វិទ្យុ​នេះ​នៅ​តែ​ធ្វើ​សេចក្តី​រាយការណ៍​ទាក់​ទិន​នឹង​បូរណភាព​ទឹកដី​កម្ពុជា។​ ​

ការ​ប្រកាស​របស់​រដ្ឋាភិបាល​បាន​កើត​ឡើង​ក្រោយ​ពី​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរ​ភាសា​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​អត្ថបទ​របស់​ ខ្លួនដោយ​ដាក់​ចំណង​ជើង​ថា «ពល​រដ្ឋ​តាម​ព្រំដែន​ចោទ​ថា​ ​ទាហាន​ថៃ​រំលោភ​យក​ទឹកដី​ខ្មែរ»។​

នៅ​ក្នុង​ខ្លឹម​សារ​នៃ​អត្ថបទ​របស់​ខ្លួន ​អ្នក​រាយ​ការណ៍បាន​ដក​ស្រង់សម្តី​ពល​រដ្ឋ​ម្នាក់​ ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម​ រស់​នៅស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង ​ដែល​បាន​អះអាង​ថា​ ប្រទេស​ថៃ​បាន​រំកិល​យក​ព្រំដែន​ខ្មែរ​ប្រមាណ​១០​គីឡូម៉ែត្រ។​

ស្ថានីយ៍​វិទ្យុ​អាស៊ី​សេរី​បាន​ថ្លែង​ការពារ​ការ​ផ្សាយ​របស់​ខ្លួន​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ ហើយ​បាន​ហៅ​ការ​ព្រមាន​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​នេះ​ថា​ ជាការ​បំភិត​បំភ័យ​មួយ។​

នៅ​ក្នុង​សារឆ្លើយ​តប​វិញ ​ដែល​វីអូអេបាន​ទទួល ​ វិទ្យុ​នេះ​បាន​ថ្លែង​ថា៖​

«ការវាយ​ប្រហារ​របស់​រដ្ឋាភិបាល​មក​លើ​វិទ្យុ​អាស៊ី​សេរី​គឺ​គ្រាន់តែ​ជា​ការគំរាម​ជា​សាធារណៈ​និង​ជា​ឯកជន​ដែល​មាន​ជាបន្ត​បន្ទាប់​ មាន​ចេតនា​បំភិត​បំភ័យ​អ្នក​យក​ព័ត៌មាន​របស់​យើង​និង​បំបាក់​ទឹកចិត្ត​ដល់​ការធ្វើ​សេចក្តី​រាយ​ការណ៍មិន​លម្អៀង​លើ​បញ្ហា​រសើប​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ»។​

អ្នក​យក​ព័ត៌មាន​វិទ្យ​អាស៊ីសេរី​ មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ការ​រិះ​គន់​អំពី​បូរណ​ភាព​ទឹក​ដី​ពាក់​ព័ន្ធ​នឹង​ការ​បាត់​បង់​កោះត្រល់​របស់​កម្ពុជា​ទៅ​ឲ្យ​ប្រទេស​វៀតណា​និង​ការ​បាត់​បង់​បូរណភាព​ទឹក​ដី​មួយ​ផ្នែក​នៃ​ភាគ​ខាង​លិច​ទៅ​ឲ្យ​ប្រទេស​ថៃ។​

លោក​ងួន ទឹម​ អាយុ​៥៤​ឆ្នាំ​អតីតប្រធាន​ប៉ុស្តិ៍​ប៉ូលិស​«បថ្មី»​ ដែល​មាន​ទីតាំង​នៅ​ក្បែរ​បង្គោល​ព្រំដែន​លេខ​៦៨​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​និយាយ​ថា​ លោក​ត្រូវ​បាន​ដក​ហូត​ចេញ​ពី​មុខ​តំណែង​ជា​ប្រធាន​ប៉ុស្តិ៍​ ក្រោយ​ពី​លោក​បាន​នាំអ្នក​សារ​ព័ត៌មាន ​ក្នុង​នោះ​មាន​អ្នក​យក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី​ផង​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៦៤​ ដែល​ប្រទេស​ថៃ​បាន​រំកិល។​

លោក​បាន​និយាយ​ថា ​ឥឡូវ​នេះ​លោក​ត្រូវ​បាន​ដក​ហូតចេញពី​មុខ​តំណែង ​រួច​ហើយ​យក​មក​បញ្ឃរ​ជើង​នៅ​ឯ​ស្នង​ការ​នគបាល​ខេត្ត​វិញ។​ លោក​បាន​និយាយ​ថា​ ស្នងការ​នគបាល​ខេត្តបាន​តម្រូវ​ឲ្យ​លោក​ចុះ​បញ្ជី​វត្តមាន​មួយ​ថ្ងៃ​៤ដង​ដែល​ទង្វើ​នេះ​ខុស​ពីមន្ត្រី​ប៉ូលិស​ផ្សេងៗ​ទៀត។​

លោក​បាននិយាយ​ថា​ ទង្វើ​បែប​នេះ​ប្រៀប​បីដូច​ជា​របប​មួយ​គ្រប់គ្រង​ទៅ​រក​ភាព​ផ្តាច់​ការ។​
«ផ្តាច់​ការហ្នឹង​ឯង ​គ្រាន់តែ​នាំ​អ្នក​កាសែត​ទៅ​ថតបង្គោល​ប៉ុណ្ណឹង​ ថ្ងៃក្រោយ​កុំឲ្យ​វា​មាន​ថៃ​រំកិល​ចូល​មក​ទៀត។​ យើង​ចំណាំ​ទីតាំង​របស់​យើង​បង​។ ដល់​អញ្ចឹង ​ទៅ​ជា​ខ្ញុំ​អ្នក​ខុសទៅ​វិញ។​ ខ្ញុំឆ្ងល់ដល់​ហើយ»។​

លោក​អំ សំអាត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​និយាយ​ថា ​លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្តឹង​ជាផ្លូវ​ការ​ពី​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ឡើយ​ទេ​ពាក់​ព័ន្ធ​នឹង​ការ​គម្រាម​ប្តឹង​របស់​រដ្ឋាភិបាល។
លោក​បាន​និយាយថា​ ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​និយាយ​រឿង​បញ្ហា​ព្រំ​ដែន​និង​គួរតែ​ស្គាល់​ឲ្យ​បាន​ច្បាស់លាស់​ មិនមែន​ជារឿង​របស់​រាជ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ទេ។ ​លោក​មាន​ប្រសាសន៍​ថា​ ការ​យក​តុលាការ​យោធា​មក​ចាត់​ការ​ទៅ​លើ​អ្នក​សារព័តមាន​គឺ​មិន​ត្រូវ​ទេ​ វា​ទាល់​តែ​អ្នក​សារព័ត៌មាន​រូប​នោះ​ទម្លាយ​កិច្ចការ​សម្ងាត់​របស់យោធា​ ឬក៏​កិច្ចការ​ការពារជាតិ​ទាំងមូល​ ឲ្យ​បាន​ដឹង​ទើប​ត្រឹមត្រូវ៕
XS
SM
MD
LG