ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ពង្រីក​កម្លាំង​យោធា​នៅ​លើ​កោះ​សិប្បនិម្មិត


រូបថត​របស់​យោធា​ហ្វីលីពីន​ បង្ហាញ​ពី​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​កោះ​ Spratlys។
រូបថត​របស់​យោធា​ហ្វីលីពីន​ បង្ហាញ​ពី​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​កោះ​ Spratlys។

ប្រទេសចិន​ជិត​បញ្ចប់​ការ​សាងសង់​ផ្លូវ​យន្ត​ហោះ​យោធានៅ​លើកោះ​សិប្បនិម្មិត​ដែល​ខ្លួន​បាន​សាង​សង់​ឡើង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងដែល​មាន​ជម្លោះ​ នេះ​បើ​យោង​តាម​រូបថត​ផ្កាយ​រណប​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុមឃ្លាំមើលសមុទ្រ​មួយ​។

អង្គការ​ផ្តួចផ្តើ​ម​តម្លាភាព​សមុទ្រ​អាស៊ី (AMTI) បាន​និយាយ​ថា​ ប្រទេស​ចិន​នៅតែ​បន្ត​ត្រួស​ត្រាយផ្លូវ និង​គូសផ្លូវ​យន្តហោះ​យោធា​ចំនួន 3000 ម៉ែត្រ ​ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ អាច​អនុញ្ញាត​ឲ្យយន្តហោះរបស់កង​ទ័ព​ជើង​អាកាស​ចិន​គ្រប់​ប្រភេទចុះ​ចត​បាន។

របាយការណ៍​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុម​នេះ​និយាយ​ទៀត​ថា ចិន​បាន​សាង​សង់​ទីតាំង​យោធា​បន្ថែម​ទៀត រួម​ទាំង​កន្លែង​ចុះ​ចត​ឧទ្ធម្ភាគចក្រ​ពីរ អង់តែន​ទំនាក់​ទំនង​ផ្កាយ​រណប​អាច​ដល់​១០​គ្រឿង និង​រ៉ាដា​មួយ​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ឈ្មោះ Fiery Cross Reef​។

កោះ​នេះ​មាន​ទំហំប្រហែល​២លាន​៧សែន​៤ម៉ឺន​ម៉ែត្រ​ការ៉េ​ និង​មាន​កំពង់ផែ​មួយ​ ដែលអភិវឌ្ឍបាន​ខ្លះហើយ ដែល​មានកន្លែង​ចត​កប៉ាល់​បណ្តោះ​អាសន្ន​ចំនួន​ប្រាំបួន នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ AMTI ដែល​មាន​ទំនាក់​ទំនងជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរជាតិ​។

ថ្ម​ប៉ប្រះ​ទឹក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទីតាំង​ចំនួន​ប្រាំពីរ​នៅ​ប្រជុំកោះ Spratly ដែល​ជា​កន្លែង​ដែល​ប្រទេស​ចិន​កំពុងទាមទារ​យក​ និង​នៅ​ក្នុង​ករណី​ខ្លះ ចិន​បាន​សាង​សង់​ទីតាំងយោធា​នៅ​ក្នុង​ការ​ប៉ុនប៉ង​ជាក់ស្តែ​ង​ដើម្បី​ពង្រីកវត្តមាន​យោធា​របស់​ខ្លួន ​និង​ពង្រឹង​ការ​ទាមទារ​របស់​ខ្លួន​។

ប្រទេស​ហ្វីលីពីន ​វៀតណាម ​ម៉ាឡេស៊ី​ ប៊្រុយណេ​ និង​កោះ​តៃវ៉ាន់​ក៏​បានទាមទារ​ថា​ ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយធនធាន​ធម្មជាតិ​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ៕

XS
SM
MD
LG