ភ្នំពេញ៖ សហគមន៍ដែលរងគ្រោះដោយសារការបណ្តេញចេញចំនួន៤០នៅថ្ងៃចន្ទនេះបាននាំគ្នាប្រារព្វខួបលើកទី៧ ចំពេលទិវាលំនៅដ្ឋានពិភពលោក ដើម្បីទាមទាររដ្ឋាភិបាលនិងរដ្ឋសភាឲ្យផ្តល់ទីជម្រកសមរម្យ និងដោះលែងសកម្មជនតវ៉ាដីធ្លីចំនួនពីរនាក់ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារ។
ស្របពេលដែលក្រុមប្រជាពលរដ្ឋដែលរងគ្រោះរឿងវិវាទដីធ្លីនៅទីក្រុងភ្នំពេញប្រារព្វខួបនៃការបណ្តេញចេញ សមាគមអ្នកប្រជាធិបតេយ្យបានដាក់ញត្តិថ្វាយព្រះមហាក្សត្រដើម្បីឲ្យជួយអន្ត្ររាគមន៍ដោះលែងលោកម៉ម សូណង់ដូ។
លោក ម៉ម សូណង់ដូ នាយកស្ថានីយ៍វីទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យត្រូវបានតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០១ ខែតុលា កាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលគឺប្រមាណ២.៥០០ដុល្លារអាមេរិក បន្ទាប់ពីតុលាការរកឃើញថាលោកជាប់ពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់នៅក្នុងខេត្តក្រចេះដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានគ្រប់គ្រងប្រទេសអស់រយៈពេល៣០ឆ្នាំ។
ក្រុមអ្នកចូលរួមបានពាក់អាវពណ៌ខ្មៅ កាន់បដានិងពាក់មួកធ្វើពីក្រដាសរូបផ្ទះ ពាក់នៅលើក្បាលគ្រប់ៗគ្នាដើម្បីអ្វីមួយដែលពួកគេបានអះអាងថា ពួកគេត្រូវការទីជម្រកសមរម្យបន្ទាប់ពីមានការបណ្តេញចេញ។
ក្រុមសមត្ថកិច្ចត្រូវបានដាក់ពង្រាយក្បែរៗក្រុមអ្នកតវ៉ាក៏ប៉ុន្តែមិនមានការបង្ក្រាបពីអាជ្ញាធរទេ។
«តស៊ូៗៗ។ រួមគ្នាការពារផ្ទះរបស់យើង»។
នៅក្បែរសហគមន៍ដីក្រហម កន្លែងនេះត្រូវបានក្រុមហ៊ុន៧NGឈួសឆាយដីនិងព័ទ្ឋរបងជុំជិត។ ក្រុមប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុនមានគម្រោងពុះដីឡូតិ៍លក់ជាប្លង់ៗបន្ទាប់ពីមានការបណ្តេញចេញដោយបង្ខំនិងលាយឡំដោយអំពើហឹង្សាកាលពីប្រាំពីរឆ្នាំមុន។
តំណាងអ្នកដែលរងគ្រោះដោយសារការបណ្តេញចេញត្រូវបានថ្លែងសារម្តងម្នាក់ៗអំពីទុក្ខលំបាកបន្ទាប់ពីការបណ្តេញចេញ។
អ្នកស្រី ឌុល ចន្ថា អតីតតំណាងសហគមន៍ដីក្រហមបាននិយាយថា របបខ្មែរក្រហមនិងរបបដែលគ្រប់គ្រងដោយរដ្ឋាភិបាលបច្ចុប្បន្ននេះ ដឹកនាំប្រទេសបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងមានស្ថានភាពដូចគ្នា។ អ្នកស្រីបាននិយាយទៀតថា អ្នកស្រីកំពុងប្រឈមមុខនឹងការបណ្តេញចេញជាលើកទី២ទៀតបន្ទាប់ពីការបណ្តេញចេញលើកទី១នៅសហគមន៍ដីក្រហម។
«ខ្ញុំចង់អំពាវនាវឲ្យបងប្អូនក្រោកឡើងតស៊ូជាមតិ ជារូបភាពអ្វីៗដើម្បីទាមទារឲ្យរដ្ឋាភិបាលប្រឹងប្រែងយកភ្នែកមើលប្រជាពលរដ្ឋក្រីក្រខ្លះផង»។
អ្នកស្រី សយ កូលាប អតីតអ្នកភូមិបឹងកក់បាននិយាយថា សំណងចំនួន៨ពាន់ដុល្លារដែលអ្នកស្រីបានទទួលមិនអាចជួយទ្រង់ទ្រង់ជីវភាពរបស់ពួកគេបានទេ។ អ្នកស្រីបាននិយាយថា រដ្ឋាភិបាលមិនដែលបានទៅសួរសុខទុក្ខប្រជាពលរដ្ឋទេក្រោយពីការបណ្តេញចេញ។
«វេទនាណាស់។ បើបងប្អូនមិនជឿទៅតាមដានផ្ទះអ្នកដែលបានចាកចេញជួបការលំបាក សម្បីតែសាលាកូនរៀនក៏គ្មាន»។
លោកស្រីពុង ឈីវហ្គិច នាយិកាអង្កការសិទ្ឋិមនុស្សលីកាដូបាននិយាយជាមួយប្រជាពលរដ្ឋរងគ្រោះថា សិទ្ឋិមានលំនៅឋានមានសារៈសំខាន់ណាស់។ លោកស្រីបានបញ្ជាក់ថា នៅក្នុងប្រទេសនិមួយៗដែលគេអនុវត្តបានល្អបើអត់សិទ្ឋិលំនៅដ្ឋាននោះទេ ប្រជាពលរដ្ឋរស់នៅមិនថ្លៃថ្នូរទេ។
«សូមសំណូមពរដ៏ទទួចបើមានការអភិវឌ្ឃសូមឲ្យផលវិជ្ជមានរបស់ការអភិវឌ្ឃហ្នឹងឲ្យមានសមភាព។ បានន័យថា ផលវិជ្ជមានបានដល់ប្រជាពលរដ្ឋជាច្រើនលើសលុប»។
នៅក្នុងញ្ញត្តិដែលបានដាក់ជូនលោកហេង សំរិន ប្រធានរដ្ឋសភាដោយក្រុមប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបណ្តេញចេញបាននិយាយថាមានប្រជាពលរដ្ឋប្រមាណជាង៤០ម៉ីននាក់បានទទួលរងផលប៉ះពាល់ដោយសារការបណ្តេញចេញតាំងពីឆ្នាំ២០០៣មក។ ភាគច្រើនអ្នកដែលទទួលរងផលប៉ះពាល់ដោយសាររដ្ឋាភិបាលបានធ្វើដីសម្បទានសេដ្ឋកិច្ច៕