ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់និងបូរីកីឡាជាច្រើន រាប់សិបនាក់ នៅថ្ងៃអង្គារនេះ បានប្រែក្លាយពីការដាក់ញត្តិនៅតាមស្ថានទូតបស្ចឹមប្រទេសនិងរដ្ឋសភា មកជាការចេញមុខតវ៉ាប្រឆាំងជាចំហចំពោះតុលាការក្រុងភ្នំពេញ ក្រោយពីសកម្មជនតវ៉ារឿងវិវាទដីធ្លីចំនួនពីររូបគឺអ្នកស្រីទឹម សាក់មុន្នី និងអ្នកស្រីយោម បុប្ចាត្រូវបានតុលាការចាប់ដាក់ពន្ធនាគារកាលពីដើមខែកញ្ញា។
ការតវ៉ានៅថ្ងៃនេះមានភាពខុសប្លែកគ្នាពីការតវ៉ាលើកមុនៗ។ ក្រុមអ្នកតវ៉ាបានយកបាយសី និងមានរូបចម្លាក់រូបមនុស្សដោយមានលាយឡំជាមួយអំបិល សណ្តែក ម្ទេសព្រមទាំងមានទង់ព្រលឹងធ្វើពីក្រដាសអុជធូកដាក់បណ្តាសារនៅចំពោះមុខតុលាការក្រុងភ្នំពេញ បន្ទាប់ពីការទាមទារឲ្យដោះលែងសកម្មជនទាំងពីរមិនមានដំណោះស្រាយ។
«សូមឲ្យបារមីសក្តិសិទ្ធទាំងអស់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារដីធ្លី ត្រូវមន្ត្រីពុករលួយនេះធ្វើបាប សូមឲ្យវិនាសអន្តរាយ វិនាសអន្តរាយ»។
យ៉ាងតិចមានស្រី្តម្នាក់ដែលអះអាងថា ជាម្តាយរបស់អ្នកស្រីយោម បុប្ចា បានដួលសន្លប់នៅកណ្តាលហ្វូងបាតុករ ក្រោយមកអ្នកស្រីត្រូវបានក្រុមអ្នកតវ៉ាបានគ្រាដាក់រថយន្តពេទ្យដើម្បីសង្គ្រោះបន្ទាន់។
«កុំឈររោមពេក ឆាប់ហៅពេទ្យមក។ តើពួកយើងរស់ដោយរបៀបណា?»។
មានក្រុមបាតុករចំនួនពីររូបគឺកូនប្រុសអ្នកស្រីទឹម សាក់មុន្នី និងកូនប្រុសអ្នកស្រីយោម បុប្ជាបានកោរសក់ដើម្បីអ្វីមួយដែលក្រុមអ្នកតវ៉ាបានអះអាងថា ជាការទាមទារប្រឆាំងនឹងភាពអយុត្តិធម៌។
កូនប្រុសអ្នកស្រីយោម បុប្ជា ឈ្មោះលួស លីហួរ អាយុ៨ឆ្នាំ បានយំបណ្តើរនិងទាមទារឲ្យដោះលែងម្តាយប្អូនប្រុសបណ្តើរ ក្នុងពេលដែលប្អូនកំពុងកោរសក់។
«ដោះលែងម្តាយខ្ញុំមកវិញមក»។
អ្នកស្រីយោម បុប្ជា សកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ហើយក្រោយមកត្រូវបានតុលាការក្រុងភ្នំពេញចេញដីការសម្រេចឃុំខ្លួនពីបទហិង្សាដោយចេតនា។
ចំណែកអ្នកស្រីទឹម សាក់មុន្នី សកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បូរីកីឡា ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ជនរងគ្រោះទាំងពីរកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារដើម្បីរង់ចាំជំនុំជម្រះទោស។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយថា ការចាប់ខ្លួនអ្នកស្រីយោម បុប្ចាដាក់ពន្ធនាគារគឺជារឿងអយុត្តិធម៌។ អ្នកស្រីបាននិយាយថា ពួកគាត់ទាមទារនៅថ្ងៃនេះគឺដើម្បីឲ្យមន្ត្រីតុលាការទាំងអស់គួរប្រតិបត្តិ ខ្លួនជាមនុស្សល្អនិងគួរតែដោះលែងអ្នកដែលគ្មានកំហុស ឲ្យចេញពីពន្ធនាគារ។
«ដូច្នេះហើយពួកខ្ញុំធ្វើពិធីនេះដើម្បីឲ្យពួកគាត់ដឹងថា អំពើដែលគាត់ធ្វើ ពួកគាត់នឹងទទួលនូវអំពើទាំងនេះឆាប់ៗខាងមុខ វិនាស អន្តរាយទាន់ហន់ ស្លាប់ដោយតៃហោង ជិះឡាន ក្រឡាប់ឡាន ជិះទូក លិចទូក ជិះយន្តហោះ ក្រឡាប់យន្តហោះ នេះជាអំពើដែលពួកគាត់បានសាង»។
អ្នកស្រី ជុំ ង៉ាន់ តំណាងអ្នកភូមិបូរីកីឡាងវិញ បាននិយាយថា តុលាការមានភាពលំអៀងចំពោះអ្នកស្រីទឹម សាក់មុន្នី និងអ្នកស្រីយោម បុប្ជា។ អ្នកស្រីបាននិយាយទៀតថា តុលាការគួរតែឯករាជ្យនិងគោរពច្បាប់រដ្ឋធម្មនុញ្ញ មិនត្រូវចាប់ប្រជាពលរដ្ឋគ្មានកំហុសដាក់ពន្ធនាគារទេ។
«គេប្លន់ដី ហើយចាប់ម្ចាស់ដាក់គុកទៀត ដូច្នេះវាអយុត្តិធម៌ចំពោះអ្នកបឹងកក់និងបូរីកីឡាណាស់»។
វីអូអេបានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោកជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ តែមិនអាចទាក់ទងបានទេនៅថ្ងៃអង្គារនេះ។ វីអូអេបានព្យាយាមទាក់ទងលោកតាមទូរស័ព្ទ តែពុំមានការឆ្លើយតប។
ក្រុមអ្នកតវ៉ាបានសម្រេចបំបែកការជូបប្រជុំនៅពីមុខតុលាការដោយបានដើរស្រែកតវ៉ាតាមផ្លូវឆ្ពោះទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ក៏ប៉ុន្តែពេលមកដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី មានបាតុករម្នាក់ទៀតបានដួលសន្លប់ បែកក្បាលហូរឈាម តែពុំមានគ្រោះថ្នាក់ដល់ជីវិតទេ៕