វ៉ាស៊ីនតោន៖ គណៈកម្មការរង្វាន់Martin Ennals Award បានសម្រេចប្រគល់រង្វាន់ដ៏មានកិត្តិយសនេះដល់ព្រះតេជគុណលួន សូវ៉ាត ព្រះសង្ឃខ្មែរមួយអង្គចំពោះសកម្មភាពការពារសិទ្ធិប្រជាពលរដ្ឋរងគ្រោះ ដោយការរំលោភដីធ្លីនិងសិទ្ធិមនុស្ស។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអង្គាររបស់អង្គការ Witness ដែលជាអង្គការមួយក្នុងចំណោមអង្គការបីដែលបានដាក់បេក្ខភាពរបស់ព្រះតេជគុណ លួន សូវ៉ាតសម្រាប់ពិចារណាទទួលរង្វាន់នេះបានបញ្ជាក់ថាការទទួលបានរង្វាន់Martin Ennals Award គឺមានន័យថាព្រះតេជគុណលួនសូវ៉ាតនិងប្រជាពលរដ្ឋនៅ ទូទាំងសហគមន៍នានាក្នុងប្រទេសកម្ពុជាទទួលបានការដឹងឮនៅ ទូទាំងពិភពលោកគឺពួកគេមិននៅ ឯកោទៀតទេ។
លោក Ryan Schlief អ្នកគ្រប់គ្រងយុទ្ធនាការប្រឆាំងនឹងការបណ្តេញមនុស្សចេញដោយបង្ខំបានបញ្ជាក់ថា៖
«នេះគឺជាសារដ៏ច្បាស់បញ្ជូនទៅអ្នកដឹកនាំរដ្ឋាភិបាល ក្រុមហ៊ុន និងអ្នកដែលផ្តល់ប្រាក់កម្ចីនានានៅកម្ពុជានិងនៅទីកន្លែងផ្សេងៗថាពួកគេមិនអាចរំលោភសិទ្ធិមនុស្សដោយប្រើប្រាស់ពាក្យថារីកចម្រើននិងអភិវឌ្ឍន៍បានទេ»។
ពានរង្វាន់ Martin Ennals Award ត្រូវបានគេទទួលស្គាល់ពេញពិភពលោកថាជារង្វាន់ណូបែលសម្រាប់អ្នកធ្វើការងារទាក់ទងនឹងការការពារសិទ្ធិមនុស្ស។ សម្រាប់ឆ្នាំនេះមានបេក្ខជនចុងក្រោយពីរនាក់ទៀតមកពីប្រទេសអ៊ីរ៉ងនិងប្រទេសបារ៉ែនត្រូវបានគេយកមកពិនិត្យមើលផងដែរ។
ព្រះតេជគុណលួន សូវ៉ាតបានមានសង្ឃដីកាបញ្ជាក់ប្រាប់វីអូអេថាវាជាកិត្តិយសសម្រាប់អ្នកការពារសិទ្ធិមនុស្សប៉ុន្តែព្រះអង្គមើលឃើញថាបើគ្មានការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជាវាជាការល្អប្រសើជាង៖
«ប្រទេសកម្ពុជាយើងដែលទទួលបានក៏ដោយសារមានការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានអំពើអយុត្តិធម៌និងការរំលោភ សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហ្នឹងវាមានសភាពធ្ងន់ធ្ងរ កាន់តែធ្ងន់ធ្ងរដូច្នេះហើយបានជាពិភពលោកគេមើលឃើញថាប្រទេសកម្ពុជាកាន់តែផ្តេសផ្តាស់ដឹកនាំចាត់ចែងមិនឱ្យត្រូវតាមគន្លងសិទ្ធិមនុស្សឱ្យចំលទ្ធិប្រជាធិបតេយ្យ។...រង្វាន់នេះជាទីត្រេកអរជាទីសប្បាយចិត្តសម្រាប់ប្រជាជនអ្នកការពារសិទ្ធិមនុស្សចំពោះអង្គការអ្នកសារព័ត៌មានក៏ ប៉ុន្តែប្រហែលជាមិនជាទី គាប់ចិត្តមិនជាទី ពេញចិត្តនៃអ្នកមានអំណាច រដ្ឋាភិបាលអាជ្ញាធរទេ»។
ព្រះតេជគុណលួន សូវ៉ាតបានប្រើប្រាស់ម៉ាស៊ីនថតរូប ទូរស័ព្ទដៃនិងកុំព្យូទ័រដើម្បីថតនិងចងក្រងឯកសាររាល់សកម្មភាពរំលោភសិទ្ធិមនុស្សនានាក្នុងប្រទេសកម្ពុជាហើយបានដាក់ផ្សាយឱ្យសហគមន៍ជាតិនិងអន្តរជាតិបានដឹងឮ។ ក្រុមអ្នកផ្តល់រង្វាន់បានទទួលស្គាល់ចំពោះទេពកោសល្យរបស់ព្រះអង្គក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីចូលរួមក្នុងការតស៊ូអហិង្សា។
បើទោះបីជាមានការទទួលស្គាល់នៅ លើឆាកអន្តរជាតិប៉ុន្តែនៅ ឯប្រទេសកម្ពុជាវិញព្រះអង្គត្រូវបានអាជ្ញាធរព្រមានចាប់ខ្លួននិងចាប់ផ្សឹកជាបន្តបន្ទាប់។
យោងតាមរបាយការណ៍របស់ក្រុមការពារសិទ្ធិមនុស្សឱ្យដឹងថាចាប់តាំងពីឆ្នាំ២០០៣មកមានប្រជាពលរដ្ឋកម្ពុជាប្រហែល៤០០.០០០នាក់បានទទួលរងផលប៉ះពាល់ដោយការបណ្តេញចេញដោយបង្ខំនិងការរំលោភយកដីធ្លី ពី សំណាក់អ្នកមានអំណាចនិងក្រុមអ្នកមានធនធាន។
ការប្រគល់រង្វាន់នេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកសារព័ត៌មាននិងជាសកម្មជនការពារដីធ្លីដ៏ល្បី ឈ្មោះ ម្នាក់គឺលោកម៉ម សុណង់ដូត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំដោយសារធ្វើសកម្មភាពជួយជនរងគ្រោះដោយទំនាស់ដីធ្លីនៅខេត្តក្រចេះ។ ទន្ទឹមគ្នានោះ ដែរសកម្មជនការពារដីធ្លីនិងសិទ្ធិប្រជាពលរដ្ឋបីនាក់ក្នុងនោះមានលោកអ៊ូ វីរៈនាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាត្រូវបានតុលាការកោះហៅឱ្យទៅបំភ្លឺនៅ ថ្ងៃទី១៨ខែតុលាទាក់ទងនឹងទំនាស់ដីធ្លីនៅខេត្តរតនៈគីរី។