ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជន​រងគ្រោះ​ទំនាស់​ដីធ្លី​បាត់បង់​ទាំងដី ​និង​ជើង​ដែល​រក្សា​បាន​ក្នុង​សង្គ្រាម

ទោះ​បី​ជា​ធ្លាប់​បាន​ឆ្លង​កាត់​សង្រ្គាម​អស់​ជា​ច្រើន​ជំនាន់​ក៏​ដោយ ​ក៏​លោក​សឿង សារ៉ាត់​មិន​ដែល​រងគ្រោះរហូត​ដល់​ពិការ​អវយវៈ​ណា​មួយ​ឡើយ។ ទើប​តែ​មក​ដល់​ពេល​ស្រុក​អស់​សង្គ្រាម ​លោក​បែរ​ជា​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ដោយសារ​គ្រាប់​កាំភ្លើង​ទៅ​វិញ។​

បុរស​ជន​ជាតិ​ទំពួន​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​តំបន់​ព្រៃ​នៃស្រុក​អណ្តូងមាស​ ខេត្ត​រតនគីរី​រូប​នេះ​ អះអាង​ថា ​លោក​ដាច់​ជើង​ម្ខាង​នេះ​នៅ​ឆ្នាំ​២០០៩​ ​ដោយ​សារជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​មួយ​នៅ​ក្នុង​ខេត្ត​នេះ។​

«មូលហេតុ​គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត ​អភិបាល​ស្រុក ភូមិ​ឃុំ​ហ្នឹង ​គាត់​ប្រមូល​អត្ត​សញ្ញាណ​បណ្ណ​ ​ចុះ​ឈ្មោះ​សៀវភៅ​គ្រួសារ​ ប្រមូល​ទៅ​ឲ្យ​ក្រុមហ៊ុន ​ហើយ​ថា ​ប្រជា​ពលរដ្ឋ​ហ្នឹង​ព្រមព្រៀង​អស់​ហើយ។​ តាម​ពិត​ទៅ ​ចំពោះ​រូប​ខ្ញុំ​ ខ្ញុំ​អត់​ដឹងទេ​ អត់​ដឹង​ថា ​គេ​លក់​ដី​ដែល​ខ្ញុំ​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​ទេ។ ​អត់​ដឹង​ទេ។​ ខ្ញុំ​យល់​ថា ​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​នៅ​ក្រោម​រដ្ឋាភិបាល​ដែល​ដឹកនាំ។ ​ផ្ទុយ​ទៅវិញ ​រដ្ឋាភិបាល​មិនស្មោះត្រង់​ជាមួយប្រជា​ពលរដ្ឋ​ យក​តែ​ឈ្មោះ​ ហើយ​លក់​ដី​ទៅ​ យក​លុយ​ទៅ​អស់។​ អ្នក​ខ្លះ​ទិញ​ឡាន​ អ្នក​ខ្លះ​ទិញ​ស្អីៗ​ទៅ​ ចំណែក​ប្រជា​ពលរដ្ឋ​មាន​ស្អី! រហាម​រហូត​ដល់​ខ្ញុំ​ឡើង​តវ៉ា​ គេ​ថា ​គេ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ហើយ។​ ពូឯង​ធ្វើ​អី​ធ្វើ​ទៅ! អញ្ចឹង​បាន​ក្រុមហ៊ុន​បញ្ជា​ទាហាន​ឲ្យ​បាញ់​ខ្ញុំ»។​

លោក​សឿង សារ៉ាត់ក្នុង​ចំណោម​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​ទៀត​ដែល​ក្រាញ​ននៀល​ មិនព្រម​ចាកចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​ ​ដោយសារ​ពួក​គេអះអាង​ថា ​ពួក​គេ​បាន​រស់នៅ​និង​ធ្វើ​ចម្ការ​ស្វាយ​ចន្ទី​នៅលើ​ដីនោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​មុន​ពេល​ដែល​ក្រុមហ៊ុន​បាន​ចូល​មក​ដល់។

ប៉ុន្តែ​ការ​តស៊ូ​ដើម្បី​ការ​ពារ​ផ្ទះ​សម្បែង​ និង​ដី​ធ្លីរបស់​បុរស​ជា​ឪពុក​នៃ​កូន​៥​នាក់​រូប​នេះ​ មិន​ត្រឹម​តែ​មិន​អាច​រក្សា​ដី​ធ្លី​របស់​ខ្លួនបាន​ទេ​គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​រូប​លោកត្រូវបាត់​បង់​ជើង​ម្ខាង​ថែម​ទៀត។​

«មាន​តែ​រឿង​ស្លាប់​អត់​បាយ មិនមែន​ស្លាប់​ដោយសារ​កើត​ជំងឺ​ទេ​ គឺ​ស្លាប់​អត់​បាយ។ ​ដូច​រូប​ខ្ញុំ​ពិការ​អញ្ចឹង ទៅ​សុំទាន​នរណា​ឲ្យ? ​គេ​មិន​ឲ្យ​ទេ!​ ជា​មនុស្ស​អត់​បញ្ជី។​ គេ​ល្បី​ថា ​ខ្ញុំ​ហ្នឹង​បះបោរ​ ​ប្រឆាំង​ជា​មួយ​អំណាច ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល។​ ខ្ញុំ​មិន​ប្រឆាំង​ជា​មួយ​នរណា​ទេ​ ហើយ​ខ្ញុំ​សូម​ស្នើ​ដល់​រដ្ឋាភិបាល​ថា​កុំ​ធ្វើ​ដូច​របប​៣​ឆ្នាំ ដូច​របប​ប៉ុល ពត​ទៀត»។​

លោក​សឿង សារ៉ាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខេត្ត​ ​និង​បាន​ស្វះ​ស្វែង​រក​ជំនួយ​ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ទាមទារយុត្តិធម៌​សម្រាប់​រូប​លោក​ ប៉ុន្តែ​លោក​អះអាង​ថា ​បណ្តឹង​របស់​លោក​ពុំ​ត្រូវ​បាន​គេ​ចាត់​ការ​ឡើយ។​

ដោយ​គ្មាន​ដី​ធ្លី​ និង​ផ្ទះស​ម្បែង​របស់​ខ្លួនតទៅ​ទៀត ​ បច្ចុប្បន្ន​លោក​សឿង សារ៉ាត់​និង​ក្រុម​គ្រួសារ​បាន​មក​សុំ​ស្នាក់​អាស្រ័យ​ជា​បណ្តោះ​អាសន្ន​លើ​ដី​ធ្លី​ជនជាតិ​ដើមភាគ​តិចផ្សេង​ទៀត​នៅ​ទី​នេះ។​

លោក​ស្រី​ភ្ញើញ ថែម​គឺ​ជា​ប្រពន្ធ​របស់​លោក​សឿង សារ៉ាត់។​

«អានេះ​ដូច​គេ​ដេញ​ គេប្លន់​យក​ដី​ ហើយ​បាញ់​ម្ចាស់​គេ​ទៀត។ ​ហើយ​ម្ចាស់​ក្រី​ក្រ​ទៀត​ គ្នា​ក្រ​ហើយ​ ឲ្យ​ក្រថែម​ទៀត។ វា​អា​ម៉េច​អាហ្នឹង? ខ្ញុំ​ឆ្ងល់ដែរ!»​

មាន​ជនជាតិ​ដើម​ភាគតិច​យ៉ាងតិច​៧​ក្រុម​កំពុង​រស់​នៅ​ក្នុង​ខេត្ត​រតនគីរី​នេះ ​រួម​មាន​ជនជាតិ​ទំពួន ​គ្រឹង ចារាយ ​កាចក់ ​លន់ ​កាវែត និង​ព្រៅ។ ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​ពឹង​អាស្រ័យ​ជា​សំខាន់​ទៅលើ​ដីស្រែ​ចម្ការ ​និង​អនុផល​ព្រៃឈើ​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់​នៅ​តាម​បែប​ប្រពៃណី​របស់​ពួក​គេ។​

ក្រុម​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅក្នុង​ខេត្ត​នេះ​លើក​ឡើង​ថា ​ដូច​គ្រួសារ​របស់​លោក​សឿង សារ៉ាត់​ដែរ ​ អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ទៀត​ដែល​នៅ​ទីនេះ​ បាន​និង​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ ​និង​ជីវភាព​រស់​នៅ​តាម​បែប​ប្រពៃណី​របស់​ពួក​គេ ដោយសារការ​ផ្តល់​ដី​សម្បទានសេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។​

លោក​ញ៉ាន់ នា​គឺ​ជា​មន្ត្រី​កម្មវិធី​នៃ​អង្គការ​សមាគម​ខ្មែរ​លើ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​រតនគីរី​នេះ។

«ទៅ​អនាគត​ គាត់​នឹង​អស់​ហើយ។​ នេះ​បើ​តាម​ការ​មើល​ឃើញ​របស់​យើង ព្រោះ​បច្ចុប្បន្ន ​វា​ប៉ុណ្ណឹង​ទៅ​ហើយ ​ចុះ​ទម្រាំ​ពេល​អនាគត​ទៀត?»​

មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​បាន​តាមដាន​ការ​វិវត្ត​នៃ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ចនៅ​ក្នុង​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ​គោល​នយោបាយ​សម្បទានដី​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាល​នេះ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​រស់​នៅរបស់​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​ទេ ​តែ​ផ្ទុយ​ទៅវិញ ​វារឹត​តែធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ទៅ​វិញ។​

លោក​ឆាយ ធី​គឺ​ជា​អ្នក​សម្រប​សម្រួល​របស់សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតន​គីរី​នេះ។​

«ក្រុម​ហ៊ុន​សម្បទាន​ដែល​ផ្តល់​មក​ខេត្ត​រតនៈគីរី​នេះយើង​ឃើញ​ថា ​ទី១ពាក់ព័ន្ធ​បញ្ហា​ប្រពៃណី​ វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ហើយ​នឹង​ចំណេះ​ដឹង​របស់​គាត់​គឺ​គាត់​មិន​ងាក​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ទេ ​ដោយសារគាត់​មិនមាន​ចំណេះ​ដឹង ​មិន​មានទម្លាប់​ដើរ​ស៊ីឈ្នួល​គេ​ទេ។ ហើយ​មួយទៀត ​យើង​ឃើញ​ហើយ​ថា ​ក្រុមហ៊ុន​មក​វិនិយោគឃើញ​ថា ​មាន​តែ​ជម្លោះ​ជាមួយ​ប្រជា​ពលរដ្ឋ។​ អញ្ចឹង​ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​ទៅលើ​ក្រុមហ៊ុន។ ​ហើយ​ប្រជា​ពលរដ្ឋគ្មាន​ទឹកចិត្ត​ណា​មួយ​ត្រេកអរ​នឹង​ក្រុមហ៊ុន​មក​អភិវឌ្ឍ​ទេ»។

គិត​មក​ត្រឹម​ចុង​ឆ្នាំ​២០១៣ ផ្ទៃដី​ចំនួន​២,៦​លាន​ហិកតា​ ឬ​ស្មើនឹង​ប្រមាណ​ជាង​៧០​ភាគរយ​នៃ​ផ្ទៃ​ដី​ដែល​អាច​ដាំដុះ​បាន​នៅ​ក្នុងប្រទេស​កម្ពុជា​ ត្រូវ​បាន​ជួល​ទៅ​ឲ្យក្រុមហ៊ុន​ឯកជន​ចំនួន​២៧២​ ក្នុង​រូបភាព​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហ​កម្ម​ ជាពិសេស​ដំណាំ​កៅស៊ូ។ ​នេះ​បើ​យោងតាម​អង្គការ​Global Witness​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​ចុងក្រោយ​មួយ​របស់​ខ្លួនថា ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ព្រៃ​ដែលជន​ជាតិ​ដើម​ភាគ​តិចរស់​នៅ​ជា​លក្ខណៈ​ប្រពៃណី។​

លោកឆាយ​ ធី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​បន្ថែម​ថា​អ្នកដែល​ទទួល​ផល​ចំណេញ​គឺ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​ទាំង​នោះ ​ជាពិសេស​គឺ​ក្រុមហ៊ុន​វៀតណាម​ដែល​លោក​អះអាង​ថា ​បាន​ទទួល​ដី​សម្បទានច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​រតនគីរី​នេះ។​

ប៉ុន្តែ​លោក​ឡេ ថេនឡាំ ​នាយក​គ្រប់គ្រង​សាខា​មួយ​ក្នុង​ចំណោម​សាខា​ជាច្រើន​របស់​ក្រុមហ៊ុន​វៀតណាម ​Hoang Anh Gia Lai ​ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ម៉ឺន​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​បដិសេធ​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​បាន​ឈូសឆាយ​រំលោភ​លើ​ដី​ធ្លី​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ណា​មួយ​ទេ។​

«ចម្ការ​ខ្លះ​នៅ​ក្នុង​ផែនទី​អត់​មាន​ដី​ចម្ការ​របស់​អ្នក​ភូមិ​ទេ ​តែ​ដល់​យើង​ចុះ​ធ្វើ​ជាក់​ស្តែង​ក៏​វា​មាន​ដី​ចម្ការ​របស់​អ្នកភូមិ ​ហើយ​ខ្ញុំ​ក៏​ជម្រាប​ខាង​ឃុំ​ខាង​អី ​បើ​ដី​អ្នកភូមិ​ ​ពួក​ខ្ញុំ​ទុក​ឲ្យ​វិញ​ដូច​គ្នា»។​

មន្ត្រី​សាលា​ខេត្ត​រតនគីរី​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​សុំ​បទ​សម្ភាសន៍​ជាមួយ​អភិបាល​ខេត្ត​ទាក់​ទង​នឹង​រឿង​នេះ​ទេ។​

ប៉ុន្តែនៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​លោក​បាន​ស្នើ​កុំ​ឲ្យ​ថត​ជា​វីអេដូ លោក​ជូ សុភក្រ្ត​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ ​បាន​ថ្លែង​ថា​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ទាំង​នេះ​នឹង​មិនធ្វើ​ឲ្យ​បាត់​បង់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​អស់​នោះទេ។​

«ជាទូទៅ​ គោល​ការណ៍​រដ្ឋាភិបាល​ខ្ញុំ​ថា​ មិន​អាច​ឈាន​ដល់​ថ្នាក់​ថា ​ជនជាតិ​យើងអត់​មាន​ដី​ទេ ​មិន​អាច​ដល់​អញ្ចឹង​បាន​ទេ។​ ប៉ុន្តែ​លើកលែង​តែ​ខ្លួន​ឯង​លក់​ឲ្យ​គេ​ទេ។​ បើ​លក់​ឲ្យ​គេ​ ដី​ប៉ុន្មាន​ក៏​មិន​ចេះ​គ្រប់​ដែរ។ ​ប៉ុន្តែ​បើ​គោល​ការណ៍​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​អញ្ចឹង​គឺ​ដី​របស់​អ្នក​ឯង កាត់​ឲ្យ​អ្នក​ឯង​វិញ​ទាំង​អស់»។​

រដ្ឋាភិបាល​កម្ពុជា​ នៅក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ​បាន​និង​កំពុង​សម្រេច​លុប​ចោល​ និង​ដកហូត​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពីក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ ​ហើយ​បាន​អះអាង​ថា ​ខ្លួន​នឹង​បន្ត​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កិច្ច​សន្យា​ជួល​ដី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​បន្ថែមទៀត​ ដែល​ប៉ះពាល់​ជាមួយ​ដី​ធ្លី​ប្រជា​ពលរដ្ឋ។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​សម្រាប់លោក​សឿង សារ៉ាត់​វិញ ​លោក​រំពឹង​តិច​តួច​ណាស់ថា ​លោក​នឹង​អាច​ទទួល​បាន​ដី​ចម្ការរបស់​លោក​មក​វិញ។​

«បើ​រាជ​រដ្ឋាភិបាល​គាត់​ចង់​កែ​ទម្រង់​នយោបាយ​ កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​អត់​បាយ ​កែ​ទម្រង់​ក្រសួង​ថា​ កុំឲ្យ​បាត់​សាសនា​ជនជាតិ​ដើម​ភាគ​តិច ​ទាល់​តែ​គាត់​បែង​ចែកដី​ឲ្យ​ក្រុមហ៊ុន​ក៏​មាន ​ឲ្យ​ប្រជា​ពលរដ្ឋ​ក៏​មាន។ ​តែ​បើ​គាត់​ថា ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​មានទេ​ មាន​តែ​អត់​រហូត​ហ្នឹង​ហើយ»។​

លោក​បន្ថែម​ថា ​ក្តី​សង្ឃឹម​ដែលថា លោកក៏​នឹង​អាច​ទទួល​បាន​យុត្តិធម៌​មួយ​ចំពោះ​ការ​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​ជម្លោះ​ដីធ្លី​នេះ​ក៏​នៅ​ឆ្ងាយ​សន្លឹម​នៅ​ឡើយ​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG