ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទេសចរណ៍​សម្រុក​ទៅ​ឆ្នេរសមុទ្រ​ពេល​អត់​បុណ្យ​អុំ​ទូក


តម្លៃ​ម្ហូបអាហារ​និង​ការ​ស្នាក់​នៅ​និង​សេវាកម្ម​ក្នុង​តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ការ​កើន​ឡើងជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ។​
តម្លៃ​ម្ហូបអាហារ​និង​ការ​ស្នាក់​នៅ​និង​សេវាកម្ម​ក្នុង​តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ការ​កើន​ឡើងជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ។​
ភ្នំពេញ៖ នៅ​ពេល​ដែល​រាជធានី​ភ្នំពេញ​បាន​ក្លាយជា​ទីក្រុង​ស្ងប់ស្ងាត់​ខណៈ​ដែល​ព្រះរាជ​ពិធី​អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ត្រូវ​លុប​ចោល​ ទេសចរ​ក្នុងស្រុក​បាន​នាំ​គ្នា​សម្រុក​ទៅ​កំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​និង​ខេត្តសៀមរាប​ដែល​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ។​

លោក​ សេង​ ខា​ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ទេសចរ​បាន​កើន​ដល់​ជាង​៤០​ ០០០​ នាក់​មក​ទល់​នឹង​ថ្ងៃ​ពុធ​នេះ​ដែល​ត្រូវជា​ថ្ងៃ​ទី​២​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក។​

«ខ្ញុំ​ថា​ពីរ​ថ្ងៃ​ហ្នឹង​ប្រហែលជា​ទេសចរ​កើន​ពី​៣៥.០០០​ដល់​៤០.០០០​នាក់»​។​

មាន​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ​ជា​បី​លាន​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ចូល​ទស្សនា​និង​កំសាន្ត​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ។​ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​បាន​លើក​ពេល​ព្រះរាជ​ពិធី​ប្រចាំឆ្នាំ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១១​មក​បន្ទាប់​ពី​មានការ​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ​ដែល​ជន​រង​គ្រោះ​ជាង​៣៥០​នាក់​បាន​ស្លាប់​និង​ដោយសារ​ការ​យាង​ចូល​ទីវង្គត​របស់​សម្តេច​ឪ​នរោត្តម​ សីហនុ​នៅ​ឆ្នាំ​២០១២​នេះ។​

ក្រុម​មន្ដ្រី​និយាយ​ថា​ប្រជាពលរដ្ឋ​ស្វែងរក​ការ​ដើរ​លំហែ​នៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា​តាម​ជម្រើស​របស់​ពួក​គេ​ជា​ជំនួស​ការ​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ។​

ក៏​ប៉ុន្តែ​លោក​ សេង​ ខា​អះអាង​ថា​កំណើន​ទេសចរ​តាម​តំបន់ឆ្នេរ​ជា​ពិសេស​ដោយសារ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​និង​ដោយសារ​សោ​ភ័ណ​ភាព​នៅ​តាម​តំបន់​កំសាន្ត។​

យ៉ាងណា​ក៏​ដោយ​លោក​យឹ​ម​ ស៊ីនិត​ប្រធាន​ការិយាល័យ​ទេសចរណ៍​ខេត្តកោះកុង​គិត​ថា​ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ក្នុង​ក្រុងភ្នំពេញ​គឺជា​បច្ច័យ​ជួយ​បង្កើន​ចំនួន​ទេសចរ​ក្នុង​ខេត្ត​របស់​លោក​ផង​ដែរ។

«ក្នុង​រយៈពេល​បុណ្យអុំទូក​នេះ​ឃើញ​ថា​មាន​សកម្មភាព​ផុលផុស​ផ្នែក​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​ក្នុង​ខេត្ត។​ តែ​យើង​មិន​ទាន់​បូក​សរុប​ទេ»។​

ដំណាលគ្នា​នេះ​តម្លៃ​ម្ហូបអាហារ​និង​ការ​ស្នាក់​នៅ​និង​សេវាកម្ម​ក្នុង​តំបន់​ទេសចរណ៍​ទាំងនោះ​មាន​ការ​កើន​ឡើងជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

លោក​ សេង​ ខា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ ពន្យល់​ថា​តម្លៃ​ឡើងថ្លៃ​ទាំងនោះ​ដោយសារ​តែ​តម្រូវការ​កើន​លើស​ពី​ពេល​ធម្មតា​ខ្លាំង។​

លោក​រដ្ឋមន្ដ្រី​ទេសចរណ៍​ថោ​ង​ ខុន​ និង​លោក​ង៉ូ​វ​ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​មិន​អាច​ទាក់ទង​បាន​ទេ​ដោយសារ​ទូរ​ស័ព្ទ​អស់លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល។
​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ដំណាលគ្នា​នឹង​ដំណើរ​កំសាន្ត​ទេសចរណ៍​ក្នុង​ស្រុក​ទេសចរ​បរទេស​មក​ដល់​ប្រទេស​កម្ពុជា​បាន​កើន​ដល់​ជិត​២,៨៦​លាន​នាក់​ក្នុង​រយៈពេល​ដប់​ខែ​ដើមឆ្នាំ​២០១២។​ គឺ​កើនឡើង​ចំនួន​២៣,៧​ភាគរយ។​ ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​កើន​ដល់​ចំនួន​៣,៣​លាន​នាក់​នៅ​ឆ្នាំ​២០១២​នេះ៕
XS
SM
MD
LG