មានចំនួនមនុស្សជាច្រើនរយនាក់ បានស្លាប់បាត់បង់ជីវិតនិងយ៉ាងតិច៤១០នាក់បានរងរបួសក្នុងឧបទ្ទវហេតុផ្អើលរត់ជាន់គ្នាក្នុង តំបន់ រម្មណីយដ្ឋានកោះពេជ្រ ក្នុងទីក្រុងភ្នំពេញ នៅវេលាយប់ថ្ងៃបញ្ចប់នៃព្រះរាជ ពិធីបុណ្យអុំទូក ដែលមានមនុស្សម្នាជាច្រើនលាននាក់មកពីតាមបណ្តាខេត្ត ក្រុងចូលរួម។ លោក ហេង រស្មីនៃ VOA ផ្នែកខេមរៈភាសាបានចុះទៅ កាន់ទី កន្លែង កើតហេតុ ដោយផ្ទាល់ កាលពីម៉ោង ជិត១១យប់ ភ្លាមៗក្រោយ ពីហេតុការណ៍ បាន កើតឡើង ហើយលោកបានសម្ភាសសាក្សី ឃើញហេតុ ការណ៍ផ្ទាល់ភ្នែក និងសម្ភាសជាមួយមន្ត្រីប៉ូលីស មន្តី្រមូលដ្នាន និងគ្រួសារ ជនរងគ្រោះ។
“រហូតមកដល់ម៉ោងវីអូអេកំពុងផ្សាយនេះ (ម៉ោង៥ព្រឹកថ្ងៃអង្គារ៍) មានចំនួន អ្នក ស្លាប់បានកើន ឡើងដល់៣៤៥នាក់ហើយៗ និងអ្នករបួស ហ្នឹងមានចំនួន ៤១០នាក់បាទ”។ នេះបើតាមការបញ្ជាក់របស់លោក ហេង រស្មីអ្នកយកព័ត៍មាន VOA ដែលបានដកស្រង់សំដីលោក ខៀវ កញ្ញារិទ្ធអ្នកនាំពាក្យ របស់រដ្ឋាភិបាល ភ្លាមៗមុនការផ្សាយ។ លោក ហេង រស្មីថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសន្ទនា តាម ទូរស័ព្ទដោយផ្ទាល់ជាមួយលោក ខេមរាក្នុងកម្មវិធីផ្សាយរបស់ VOA នៅព្រឹក ថ្ងៃអង្គារ៍។
មានការអះអាងចម្រុះគ្នាអំពីឧបទ្ទវហេតុនេះ។ លោកហេង រស្មីបានអះអាងថា៖
“បើតាមសាក្សីមួយចំនួនបាននិយាយថាការស្លាប់ដែលបណ្តាលមកពីការផ្អើលជាន់គ្នានេះគឺដោយសារការឆក់ភ្លើងអគ្គីសនីទៅលើមនុស្សដែលបានដើរឆ្លងកាត់នៅលើស្ពានកោះពេជ្រនេះ ក៏ប៉ុន្តែមានសាក្សីជាច្រើនផ្សេង ទៀតបានអះអាង ថា ដោយសារមានមនុស្សច្រើនពេក ក៏មានប្រជាពលរដ្ឋខ្លះបានបង្អើលថាស្ពាននេះនិងបាក់បន្តិចទៀតនេះ ហើយបានធ្វើឱ្យពួកគាត់ហ្នឹងបានស្លន់ស្លោរហូតដល់បង្កឱ្យមានការរត់ជាន់គ្នាស្លាប់យ៉ាងអាណោចអាធមយ៉ាងដូច្នេះ ហើយក៏មានការលើកឡើងផងដែរពីសាក្សីមួយចំនួនផ្សេងទៀត។ គាត់និយាយថា នៅលើកណ្តាលស្ពានហ្នឹងមានក្មេងស្ទាវមួយក្រុមបានឈ្លោះគ្នារួចហើយបានបង្កឱ្យមានការវាយប្រតប់គ្នាធ្វើឱ្យមានក្មេងភាគីម្ខាងទៀតហ្នឹងបានរត់ រត់ហើយបានជាបង្កឱ្យមានការផ្អើល ហើយធ្វើឱ្យមានការស្លាប់និង របួសកើន ឡើងដូចខ្ញុំបានជំរាប”។
លោក ហេង រស្មីបានអះអាងថាពុំទាន់មានការបញ្ជាក់ផ្លូវការថាមូលហេតុអ្វី បាន ជាបញ្ហានេះកើតឡើង ឥឡូវនេះរដ្ឋាភិបាលកំពុងបង្កើតគណៈកម្មាការនានា ដោះស្រាយសោកនាដកម្មនេះ ហើយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបាន ប្រកាសអំពីការចូលរួមមរណៈទុក្ខដល់ពលរដ្ឋដែលស្លាប់ និងក្រុមគ្រួសារ។
លោក ហេង រស្មីបានដកស្រង់អត្ថាធិប្បាយមកបញ្ជាក់ថា៖ “លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាត់ទុកថាការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ នេះគឺជាសោកនាដកម្មលើកទីពីរបន្ទាប់ពីរបបខ្មែរក្រហម”។ លោក ហ៊ុនសែនបានបន្ថែមដែរថា៖ “ការស្លាប់របស់ប្រជាពលរដ្ឋនេះមិនមែនមកពីការ វាយប្រហារភេរវកម្មនោះទេ”។ នេះបើតាមការអះអាងរបស់លោក ហេង រស្មីដែលបានដកស្រង់ សម្តីរបស់លោកហ៊ុន សែន ផ្សាយតាមទូរទស្សន៍។
លោក ហេង រស្មីបានបន្ថែមថាក្រុមគ្រួសារសាច់ញាតិដែលចង់រកបងប្អូន កូនចៅអាចទៅរកនៅសាលាក្រុងភ្នំពេញ ស្វែងរកលេខតាមទូរស័ព្ទតាមរយៈ ទូរទស្សន៍ដើម្បីសាកសួរព័ត៍មាន។
ឥឡូវវិលមកបញ្ហានៅកោះពេជ្រវិញគឺថាពលរដ្ឋបានមកកាន់នៅកោះពេជ្រដើម្បីសាកសួររកក្រុមគ្រួសារតែអាជ្ញាធរបានចង្អុលទៅសាលាក្រុងនិងមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យលោកសង្ឃ មន្ទីរពេទ្យរុស្សី។
លោក ហេង រស្មីបានបញ្ជាក់ផងដែរថា៖ “ព័ត៍មានចុងក្រោយដែល យើងទើប ទទួល បានគឺថាអាជ្ញាធរទើបតែបានរកឃើញកុមារពីរនាក់មានអាយុ៣ទៅ៤ឆ្នាំ ដែល នៅរស់រានមានជីវិត នៅក្បែរស្ពានកោះពេជ្រនេះ”។
លោក ហេង រស្មីបានអះអាងតាមដែលលោកបានឃើញផ្ទាល់ភ្នែកគឺថាអ្នកស្លាប់និងអ្នករងរបួសភាគច្រើនមានអាយុចាប់ពី១៧ដល់២៥ឆ្នាំ។
លោកបញ្ជាក់ទៀតថាក្រោយកើតហេតុប៉ុន្មានម៉ោងតំបន់កោះពេជ្រត្រូវអាជ្ញាធរដាក់បំរាមមិនឱ្យមានការឆ្លងកាត់ ដើម្បីទុកតំបន់នោះស៊ើបអង្កេត។