នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់ដែលសម្លាប់មនុស្សជាង២០០នាក់។
ព្រះរាជពិធីបុណ្យអុំទូកដែលត្រូវបានធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរជារៀងរាល់ឆ្នាំនោះត្រូវបានលុបចោលសម្រាប់ឆ្នាំនេះ ដោយសាររដ្ឋាភិបាលត្រូវការថវិកាសម្រាប់ការរៀបចំការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ទៅជួយជនរងគ្រោះដោយទឹកជំនន់ច្រើនរាប់ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅក្នុងការបើកកិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រីនៅល្ងាចនេះថា លោកសុំលើកពេលប្រារព្ធព្រះរាជាពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះទៅធ្វើនៅឆ្នាំក្រោយវិញដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរពេក ប៉ុន្តែពិធីបុណ្យផ្សេងៗត្រូវបានប្រារព្ធធ្វើជាធម្មតា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែទទួលរងគ្រោះទឹកជំនន់។ កម្លាំងសកម្មត្រូវជួយស្តារការខូចខាត ហើយទូកប្រណាំងភាគច្រើនបំផុតមកពីតំបន់រងគ្រោះដោយទឹកជំនន់ ហើយរដ្ឋាភិបាលត្រូវការចំណាយសម្រាប់ការប្រារព្វពិធី បុណ្យនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ទូកប្រណាំងនីមួយៗត្រូវចំណាយយ៉ាងតិចជាង១០លានរៀល ស្មើនឹង២.៥០០ដុល្លារអាមេរិក ហើយប្រជាពលរដ្ឋអាចប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះនៅតាមវត្តអារាម ឬ តាមស្រុកភូមិ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន ក្រោយពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកត្រូវបានលុបចោល ប៉ុន្តែការអនុញ្ញាតឱ្យមានការឈប់សម្រាកជាធម្មតា និងការសម្តែងតន្ត្រីតាមទីសាធារណៈសម្រាប់កំសាន្តលេងដូចឆ្នាំមុនៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រារព្វពិធីបុណ្យអុំទូកនៅទីក្រុងភ្នំពេញ ដែលមានមនុស្សច្រើនរាប់លាននាក់ចូលរួមនោះ គឺជាការខាតបង់ឱកាសមួយសម្រាប់ប្រជាពលរដ្ឋ ព្រោះស្រុកភូមិនីមួយៗចាំបាច់ត្រូវបញ្ជូនទូក និងកម្លាំងអ្នកអុំទូកមកចូលរួមពីធី ដែលត្រូវមានសម្លៀកបំពាក់សមរម្យ និងការចំណាយ។
ជារៀងរាល់ឆ្នាំ មានទូកប្រណាំងជាងមាណ៤០០គ្រឿងមកពីទូទាំងប្រទេសមកចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដែលត្រូវចំណាយសរុបជាង១ លានដុល្លារអាមេរិក។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងយកថវិកាសម្រាប់ចំណាយលើការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះទៅជួយជនរងគ្រោះដោយទឹកជំនន់។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្សី បានថ្លែងថា ការសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូកនេះដោយសារតែគ្រោះទឹកជំនន់នេះគឺជាការសម្រេចចិត្តខុសធ្ងន់ធ្ងរណាស់។
«ខ្ញុំថា វាជាប្រពៃណីរបស់ជាតិ ហើយការប្រព្រឹត្តិទៅនៃពិធីបុណ្យរបស់យើង គួរប្រព្រឹត្តិទៅជាធម្មតា ពីព្រោះ វាមិនគ្រាន់តែជាប្រពៃណី វាគឺជាមូលហេតុទាក់ទាញភ្ញៀវទេសចរណ៍ដែលមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាផងដែរ។ ការចំណាយធនធានបន្តិចបន្តួចដើម្បីប្រារព្ធពិធីនេះ យើងបានទទួលផលច្រើនទ្វេដងអំពីការមកចូលទស្សនាកម្ពុជានៃភ្ញៀវបរទេសផងដែរ»។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា ទឹកជំនន់នៅកម្ពុជា ដែលបានចាប់ផ្តើមពីខែកញ្ញាមកបានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង២០០នាក់ ប្រជាពលរដ្ឋជាង៣២.០០០គ្រួសារគ្មានទីជម្រក ស្រូវសន្ទូងជាង៤៤៥.៥៣១ហិកតា ត្រូវលិចលង់ហើយផ្លូវជាតិ និងផ្លូវក្រាលគ្រួសក្រហមប្រវែងជាង១.០០០គីឡូម៉ែតនៅតាមខេត្តមួយចំនួនត្រូវបានខូចខាត៕