ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​៥​លាន​នាក់​ត្រូវ​រំពឹង​ថា​នឹង​ចូល​រួម​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ


អ្នក​ប្រកួត​ខ្មែរ​ចែវ​ទូក​​របស់​ក្រុម​ខ្លួន​​និមួយៗ​នៅ​ចំពោះ​មុខ​ទស្សនិកជន​រាប់​ពាន់​នាក់​ដែល​មាន​មក​​ទស្សនា​នៅ​តាម​​ច្រាំង​ទន្លេ​សាប​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​ភ្នំពេញ។
អ្នក​ប្រកួត​ខ្មែរ​ចែវ​ទូក​​របស់​ក្រុម​ខ្លួន​​និមួយៗ​នៅ​ចំពោះ​មុខ​ទស្សនិកជន​រាប់​ពាន់​នាក់​ដែល​មាន​មក​​ទស្សនា​នៅ​តាម​​ច្រាំង​ទន្លេ​សាប​នៅ​មុខ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​ភ្នំពេញ។

វិធានការ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​សម្រាប់​ការពារ​សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​ ការ​ប្រារព្វ​ពិធី​បុណ្យ​អ៊ុំ​ទូក​តាម​ប្រពៃណី​ខ្មែរ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​៥​លាន​នាក់​ មក​ពី​តំបន់​នានា​ទូទាំង​ប្រទេស​ ​ហូរ​ចូល​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​មើល​ពិធី​ប្រណាំង​ទូក​ដែល​ចាប់ផ្តើម​ពី​ ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​នៅ​ចំពេល​ខែ​ពេញ​បូណ៌មី។ ទូក​ចំនួន​៤២០​គ្រឿង​ និង​អ្នក​ចែវ​ទូក​ជាង​ ​២៧.០០០បាន​ចូល​រួម​ប្រណាំង​នៅ​ក្នុង​ពិធី​បុណ្យ​អ៊ុំទូក​ឆ្នាំ​២០១០​នេះ។

ពិធីបុណ្យ​អ៊ុំទូក​តាម​ប្រពៃណី​ខ្មែរ​ ប្រារព្វ​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​នៅ​ ចំ​ពេល​ខែ​ពេញ​បូណ៌មី ​និង​ ជា​ពិធីបុណ្យ​ដ៏​ហ៊ឺហា​ និង​សម្បូរ​បែប​បំផុត​នៅក្នុង​ប្រតិទិន​ខ្មែរ​ដែល​ប្រារព្វ ឡើង​ប្រសើរ​ជាង​ការ​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ក្រុម​មន្ត្រី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ បា​នប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ប្រាំលាន​នាក់​មកពី​ គ្រប់​ស្រទាបវណ្ណៈ​ និង​ពី​គ្រប់​ច្រក​ល្ហក​ទូទាំង​ប្រទេស​មក​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​នៅ​មាត់​ច្រាំង​ទន្លេ​សាប​ និង​ទន្លេ​មេគង្គ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ដើម្បី​មើល​ការប្រណាំង​ទូក​ជា​ប្រពៃណី។ ការ​ប្រណាំង​ទូក​នេះ​ ធ្វើ​ឡើង​សម្រាប់​រំឭក​ទៅ​ដល់​សម័យ​បុរាណ​ ដើម្បី​កត់​សម្គាល់​ឥទ្ធិពល​របស់​កងទ័ព​ជើង​ទឹក​ខ្មែរ​ ដ៏​មាន​ឫទ្ធី ​អំណាច ​នៅក្នុង​សម័យ​ចក្រភព​ខ្មែរ។

ទូក​ចំនួន​៤២០​គ្រឿង​ និង​អ្នក​ចែវ​ទូក​ជាង ​២៧.៧៣០នាក់ ​សម្រាប់​ការ​ចូល​រួម​ប្រណាំង​នៅ​ក្នុង​ពិធី​ បុណ្យ​អ៊ុំទូក​ឆ្នាំ២០១០​ បាន​កើន​ឡើង​២៩​ទូក​ និង​អ្នក​ចែវ​ទូក​ជាង ​២.៣៥០​នាក់​ បើ​ប្រៀបធៀប​នឹង​ ពិធីបុណ្យ​ អ៊ុំទូក​ឆ្នាំ​២០០៩​ មាន​ទូក​៣៩១​គ្រឿង​ និង​អ្នក​ចែវ​ទូក​ជាង​២៥.៣៨០នាក់​, នេះ​បើ​យោង​ តាម​តួលេខ​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ។

លោក​ឧត្តម​សេនីយ៍​ទូច​ ណារ៉ុដ​ ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ ​បាន​ថ្លែង​ថា​កង​សន្តិសុខ​ជាង​១០.០០០ នាក់​នេះ​ រួម​មាន ​កង​កម្លាំង​រាជ​អាវុធហស្ថ​ កងកម្លាំង​ប៉ូលីស​ កងកម្លាំង​ចរាចរ​ កង​កម្លាំង​អន្តរាគមន៍​ ​កងកម្លាំង​ល្បាត ​កងកម្លាំង​សម្ងាត់ ​កង​អង្គរក្ស ​និង​កង​រថយន្ត​សង្គ្រោះ។

លោក​ឧត្តម​សេនីយ៍​រូប​នេះ​ បាន​បញ្ជាក់​ថា កង​កម្លាំង​សម្ងាត់​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​នេះ​មាន​ភារកិច្ច​ឃ្លាំមើល​រាល់​សកម្មភាព​ខុស​ច្បាប់​នានា​ ដូច​ជា​ ចោរឆក់​ ចោរលូក​ហោប៉ាវ​ ចោរប្លន់ ​ចោរលួច​ និង​សកម្មភាព​ក្មេង​ទំនើង​ជា​ដើម។

«កម្លាំង​សន្តិសុខ​ច្រើន​ណាស់ ​ប៉ុន្តែ​ដោយ​ឡែក​កម្លាំង​ប៉ូលីស​របស់​ខ្ញុំ​មាន​៤.៦១៩​នាក់​ និង​កង​កម្លាំង​ រាជ​អាវុធហស្ថ ​និង​កងកម្លាំង​អង្គរក្ស​ដែល​មាន​កម្លាំង​សន្តិសុខ​រហូត​ដល់​ជាង​១០.០០០​នាក់។ នៅ​ ក្នុង​ពិធីបុណ្យ​នេះ​ យើង​រឹត​បន្តឹង​វិធានការ​សន្តិសុខ​ ពីព្រោះ​យើង​ខ្លាច​ជនល្មើស​ឆ្លៀត​ធ្វើ​សកម្មភាព​ ដែល​ប្រជា​ពលរដ្ឋ​មក​ចូល​រួម​កម្សាន្ត​សប្បាយ​ដោយ​ចោល​ផ្ទះ​សម្បែង​ និង​តាម​ដង​ផ្លូវ។ យើង​ប្រើ ប្រាស់​កម្លាំង​ទាំង​អស់។ យើង​អត់​មាន​បែង​ចែក​វេន​គ្នា​ទេ»។

លោក​ឧត្តម​សេនីយ៍​បាន​ថ្លែង​ថា ​ក្រុម​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​បង្កើត​ទី​បញ្ជាការ​សន្តិសុខ​សំខាន់ៗ​ចំនួន​ប្រាំពីរ​កន្លែង​ដែល​មាន​ទីតាំង​នៅ​កោះពេជ្រ ​ស្ពាន​ជ្រោយចង្វា​ វត្ត​ឧណ្ណាលោម ​វាល​ព្រះ​មេរុ​ មុខ​វត្ត​បទុមវតី​ ដី​ក្រហម​ផ្សារ​ចាស់​ និង​វិមាន​ឯករាជ្យ។

«ទីបញ្ជាការ​ទាំងប្រាំពីរ​នេះ​ គឺ​រង់ចាំ​បម្រើ​សំណូមពរ​ និង​សេចក្តី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ដែល​មក​ កម្សាន្ត​សប្បាយ​ជួបប្រទះ​នឹង​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង​ដោយ​ចៃដន្យ ​និង​យថាហេតុ ​អាច​ប្តឹង​មក​សមត្ថកិច្ច​នៅ​ទីនោះ​ ដើម្បី​មាន​វិធានការ​ឱ្យ​បាន​ទាន់​ពេល»។

លោក​វរសេនីយ៍​ទោ​ហាស់ ភិរម្យ ​ប្រធាន​ការិយាល័យ​សណ្តាប់​ធ្នាប់​ក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ប៉ូលីស​ និង​កងរាជ​អាវុធហស្ថ​បាន​ដាក់​ពង្រាយ​នៅតាម​ច្រកផ្លូវ​ចូល​ទី​ក្រុង​ភ្នំពេញ​ទាំង​អស់​ ដើម្បី​ បិទ​ច្រក​មិន​ឱ្យ​រថយន្ត​ធំៗ​ ចូល​ទីក្រុង​ភ្នំពេញ​ដែល​នាំឱ្យ​កក​ស្ទះ​ចរាចរណ៍។

លោក​បាន​បន្ត​ថា​ ច្រក​ផ្លូវ​ចូល​ទៅ​កាន់​មាត់​ទន្លេ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ត្រូវ​បាន​បិទ​ការ​ធ្វើ​ចរាចរ​ ដោយ​កង់​ ម៉ូតូ ​និង​រថយន្ត​ ដើម្បី​ជៀសវាង​ការ​ស្ទះ​ចរាចរ ​លើកលែង​តែ​អ្នកដើរ។

លោក​ឧត្តមសេនីយ៍​ទូច ណារ៉ុដ ​ស្នងការ​ប៉ូលីស​ក្រុង​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ​ប៉ូលីស​ និង​កងរាជ​ អាវុធហស្ថ ​សហការ​គ្នា​ល្បាត​តាម​ដងផ្លូវ​សាធារណៈ​ដើម្បី​ការពារ ​និង​ទប់ស្កាត់​រាល់​បទល្មើស​ ទាំង​ឡាយ​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ។

លោក​សំ សាមុត ​ប្រធាន​អង្គភាព​សួនច្បារ​ បាន​ថ្លែង​ថា កម្មករ​ជាង​៣០០នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​សួន​ច្បារ​នានា ​ដើម្បី​បោស​សម្អាត​ចាប់​ពី​ម៉ោង​១២​យប់​ទៅ​ និង​បង្គន់​អនាម័យ​ចល័ត​២១៥​ដែល​រួម​មាន ​បង្គន់​១១៥​សម្រាប់​ត្រើយ​ខាងលិច​ទន្លេ​ និង​១០០​បង្គន់​ទៀត​សម្រាប់​ត្រើយ​ខាង​កើត​ទន្លេ៕

XS
SM
MD
LG