ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​ច្រឡំ​ផ្សព្វផ្សាយ​ឯកសារសម្ងាត់ទាក់ទងនឹង​សំណុំ​រឿង​ ០០៣


សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បានផ្សព្វផ្សាយ​ជាសាធារណៈ​នូវ​ឯកសារ​សម្ងាត់ ​ចំពោះ​សំណុំ​រឿង​០០៣​ ដែល​រដ្ឋាភិបាល​បដិសេធ​ដាច់​អហង្ការ។​
សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បានផ្សព្វផ្សាយ​ជាសាធារណៈ​នូវ​ឯកសារ​សម្ងាត់ ​ចំពោះ​សំណុំ​រឿង​០០៣​ ដែល​រដ្ឋាភិបាល​បដិសេធ​ដាច់​អហង្ការ។​
វ៉ាស៊ីនតោន​៖ តុលាការ​ខ្មែរក្រហម​ច្រឡំផ្សព្វផ្សាយ​ឯកសារ​សម្ងាត់​ទាក់ទង​នឹង​សំណុំរឿង​ ០០៣​ដ៏​ប្រទាញ​ប្រទង់​មួយ​ តែ​មន្ត្រី​តុលាការ​អះអាង​ថា​ សាលាក្តី​បាន​ដក​ចេញ​ វិញ មួយថ្ងៃ​បន្ទាប់​មក។​ លោក​ សុខ ខេមរា​ នៃ​វីអូអេ ​រាយការណ៍​ថា​ ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​សម្តែងការ​សោកស្តាយ​ចំពោះ​កំហុស​ឆ្គង​របស់​តុលាការ​នេះ​ តែ​អ្នក​ខ្លះ​បាន​និយាយ​ថា ​សំណុំ​រឿង​នេះ​ល្មម​ដល់​ពេល​ផ្តល់​អត្ត​សញ្ញាញ​ជន​សង្ស័យ​ដល់​សារធារណ​ជន​ជាផ្លូវការ​ហើយ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បានផ្សព្វផ្សាយ​ជាសាធារណៈ​នូវ​ឯកសារ​សម្ងាត់ ​ចំពោះ​សំណុំ​រឿង​០០៣​ ដែល​រដ្ឋាភិបាល​បដិសេធ​ដាច់​អហង្ការ។​ មន្ត្រី​សាលាក្តី ​ចាត់ទុក​ថា ​ការដាក់​ផ្សាយ​ឯកសារ​តាម​គេហ​ទំព័រ​មួយ​រយៈ​ពេល​ខ្លីនេះ​ជា​កំហុស​ អចេតនា​ទេ​ នេះ​បើ​តាមការ​អះអាង​របស់​លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​នៃ​សាលា​ក្តី​ខ្មែរក្រហម។​

«ជា​វិធាន​ការណ៍ ​នៅពេល​ថ្ងៃមុខ​ យើង​នឹង​ពិនិត្យ​ពី​ចៃ​ឲ្យបាន​ច្បាស់លាស់​ម្តង​ ហើយ​ម្តង​ទៀត​ដើម្បី​កុំឲ្យ​មាន​ការ​យល់ច្រឡំ​ ពីព្រោះ​កិច្ចការ​ទាំងអស់​ហ្នឹង​គឺ​វា​ មិនមែន​ជាមាន​ការ​ចៃដន្យ​ទេ​គឺវា​អចេតនា​តែម្តង​ក្នុង​ការ​ដាក់​ហ្នឹង។​ បន្ទាប់ពី​បាន​ ឃើញ​ឯកសារ​ហ្នឹង​យើង​ដក​វា​ចេញ»។

លោក​បាន​ថ្លែង​ថា​ ក្រៅពី​ជូន​ដំណឹង​មិនឲ្យ​មាន​ការ​ប្រើប្រាស់​ឯកសារ​សម្ងាត់​នេះ​ សាលាក្តី​ក៏បាន​ដកចេញ​រួច​ហើយ​ពី​លើ​គេហ​ទំព័រ។

«ដក​ហ្នឹង​គឺប្រមាណ​ប្រហែល​ជា​១០ម៉ោង។ ​យើង​ដាក់​ពេល​ល្ងាច​គឺ​ម៉ោង​ប្រហែល​ជា​៤​ឬ​៤:៣០​នាទី​ថ្ងៃច័ន្ទ ​ដល់​ពេល​ព្រឹក​អង្គារ​យើង​ដក​វិញ»។​

នៅ​ក្នុង​ឯកសារ​ដែល​ផ្សាយ​ជូន​ជា​សាធារណៈ​ដែល​វីអូអេ​ទទួល​បាន​នោះ​គឺ​ជា​ ដីការ​សន្និដ្ឋាន​លើកទី​២​របស់​សហ​ព្រះរាជ​អាជ្ញា​ដែល​បាន​ចោទ​ប្រកាន់​ជន សង្ស័យ​ពីរនាក់​គឺ​លោក ​ស៊ូ ម៉េត​ មេបញ្ជាការ​កងទ័ព​អាកាស​និង​លោក​មាស មុត​ មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម​ ដែល​គេ​សង្ស័យ​ថា​ ជាប់ទាក់​ទិន​នឹង​ ឧក្រិដ្ឋនានា​នៅ​សម័យ​ខ្មែរក្រហម​ក្នុង​ទសវត្សរ៍​១៩៧០ ​ដូចជា​ការ​បង្អត់​អាហារ​ ការ​ធ្វើ​ទារុណ្មកម្ម​ ការ​សម្លាប់​ជាដើម។ ​លោកមាស មុត​បាន​បដិសេធ​ពីការ​ជាប់​ពាក់​ព័ន្ធ​នេះ​ជា​ហូរហែរ​ ក្នុង​ពេល​ជួប​សម្ភាស​ជាមួយ​នឹង​វីអូអេ​ តែលោក​ ស៊ូ ម៉េត​ពុំ​អាច​ទាក់ទង​បានទេ ​នៅពេល​វីអូអេ​ទទួល​បាន​ឯកសារ​ជា​ដីការ​សន្និដ្ឋាន​ ដូច​គ្នា​នេះដែរ​ពីប្រភព​ដ៏​ទុក​ចិត្តមួយ​ ហើយ​បាន​សម្ភាស​ជាមួយ​ជន​សង្ស័យ​បីនាក់​ក្នុង​ចំណោម​ប្រាំនាក់​នៅពេល​ដែល​តុលាការមិន​បាន​ដំណើរ​ការ​សំណុំ​រឿង​នេះ។​

លោក​ស្រី​អាន ហែនឌែល ​(Anne Heindel) ​ទីប្រឹក្សា​ច្បាប់​នៃ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា​ បានថ្លែង​ថា​ ឯកសារ​នេះ​ត្រូវ​ផ្សព្វផ្សាយ​រួចហើយ​ ហើយ​អ្នក​ដែល​ ចាប់​អារម្មណ៍​រឿង​នេះ​ក៏បាន​ទទួលរួច​ទៅហើយ​ដែរ​ដែល​មើលទៅ​មិន​ប៉ះពាល់​ ដល់​ដំណើរ​ការ​សាលាក្តី​បន្ថែម​ទៀត​ទេ។​

«វាជារឿង​ដ៏គួរ​ឲ្យ​សោកស្តាយ​ដែល​គេ​ផ្សព្វផ្សាយ​ជាថ្មី​ទៀត ​តែ​ខ្ញុំ​មិន​គិត​ថា​ ឯកសារ​នេះ​មានផល​ប៉ះពាល់​អ្វី​នោះ​ទេ»។​

ទោះជា​យ៉ាងណា​ក៏ដោយ ​លោក​ស្រី​អះអាង​ថា ​ជា​រឿង​ដែល​អ្នក​ការពារ​នឹង​តវ៉ា​ នៅ​ក្នុង​ដំណើរការ​នីតិវិធី​ ប្រសិន​បើសំណុំ​រឿងនេះ​ដំណើរការ​ទៅ​មុខ។​

អ្នក​ឃ្លាំ​មើល​ដទៃ​ទៀត​បាន​អះអាង​ថា​ ឯកសារនេះ​គួរ​ស្ថិតនៅ​ជា​ឯកសារ​សម្ងាត់​ ទោះជា​បាន​លេចចេញ​ជាសាធារណៈ​ ទោះ​ជា​មិន​សូវ​ប៉ះពាល់​បន្ថែម​ទៅ​លើ​ សិទ្ធិ​ជន​ជាប់ចោទ​ក្តី​ ឬសន្តិសុខក្តី។ ​សាលាក្តី​ខ្មែរក្រហម​ពុំគួរ​ច្រឡំ​ផ្សព្វផ្សាយ​ដែរ។​

លោក​ឡាត់ គី ​មន្ត្រីសម្រប​សម្រួល​នៃសាលាក្តី​ខ្មែរក្រហម​នៃអង្គការ​សិទ្ធិមនុស្ស​ អាដហុក​ បានអះអាង​ថា ​ឈ្មោះ​ជន​សង្ស័យ​គួរតែ​ដល់​ពេល​ដែល​ត្រូវ​គេបង្ហាញ ឲ្យ​ឃើញ​ជា​សារធារណៈ​ហើយ។​

«ខ្ញុំ​មើល​ឃើញដែរ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ដំណើរការ​កំពុងតែ​វិវត្ត​ដោយ​ វិជ្ជ​មាន​ទៅមុខ​នេះ ​វា​គួរ​ណា​តែ​សាធារណជន​បាន​ទទួល​នូវ​ឈ្មោះ​ជន​សង្ស័យ​ ជា​ផ្លូវការ​ជា​ជាង​ការ​បន្ត​លាក់​លៀម​តទៅ​ទៀត»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ​លោក​គី​បាន​អះអាង​ថា ​រឿង​ច្រឡំ​ផ្សព្វផ្សាយ​ ឯកសារ​នេះ​ជា​រឿង​ល្អ​សម្រាប់​ជន​រងគ្រោះ ​តែ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ជន​សង្ស័យ។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយអ.ស.ប.​បាន​តែងតាំង​សហ មេធាវី​សម្រាប់សំណុំរឿង​០០៣​ ដែលមាន​ជនជាប់ចោទ​ពីររូប ​នៅ​សប្តាហ៍​ថ្មីៗ​នេះ តែ​ចំពោះ​សំណុំរឿង​០០៤ ​ដែល​មាន​ជនជាប់ចោទ​៣រូប​ផ្សេង​ទៀត​ត្រូវ​សហ ចៅក្រម​ស៊ើប​អង្កេត​បរទេស​ប្រកាស​ឲ្យដឹង​ពី​ទីតាំង​ឧក្រិដ្ឋកម្ម​១៤​កន្លែង​ដែល​ គេ​គិត​ថា​ សំណុំរឿង​ទាំងពីរ​នេះ​មាន​ភាព​រីកចម្រើន​ទៅមុខ​តិចតួច​ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បដិសេធដាច់​អហង្កា​ថា ​មិន​អនុញ្ញាត​ឲ្យ សំណុំ​រឿង​ទាំងពីរ​នេះ​ដំណើរការ​បាន។​

ការ​រំកិល​ទៅមុខនេះ​កើតឡើង​ក្រោយពេល​ដែល​សហចៅក្រម​ស៊ើប​អង្កេត​អ.ស.ប.​សញ្ជាតិ​អាមេរិក​លោក​ម៉ាក ហាមិន​ ត្រូវ​បាន​តែងតាំង​កាលពី​ខែមិថុនា។​ លោក​ម៉ាក ហាមិន​ត្រូវបាន​តែងតាំង​ជំនួស​សហ​ចៅក្រម​បរទេស​មុនៗ​ដែលបាន​លាឈប់​ពីមុខ​តំណែង​ដោយសារ​តែ​មិន​អាច​ដំណើរការ​សំណុំរឿង​សេស​សល់​ទាំងពីរ​បាន ​នៅពេល​មានការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ៕​
XS
SM
MD
LG