ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ថា​អាច​មាន​ការ​យល់​ច្រឡំ​គ្នា​នឹង ​ACU​ លើ​រឿង​ប្រឡង​សិស្ស​ចៅក្រម


រូប​ឯកសារ៖ ក្រសួង​យុត្តិធម៌
រូប​ឯកសារ៖ ក្រសួង​យុត្តិធម៌

​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បដិសេធ​មិន​ចូលរួម​សង្កេត​ការណ៍​ដំណើរ​ការ​ប្រឡង​ដោយ​សំអាង​ថា​ រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ​សហការ​ជាមួយ​​​អង្គភាព​ខ្លួន។

រាជ្យបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការនៃ​ក្រសួង​យុត្តិធម៌​ ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ថ្មី​មួយ​ ដើម្បី​ធ្វើការ​ពិនិត្យ​ឡើងវិញ​នូវ​បែបបទ​ និង​នីតិ​វិធី​ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​ប្រឡង​ជ្រើសរើស​សិស្សចៅក្រម​ជំនាន់ទី៧។

ការ​ពន្យារ​ពេល​ប្រឡង​កើត​មាន​ឡើង​បន្ទាប់​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បដិសេធ​មិន​ចូលរួម​សង្កេត​ការណ៍​ដំណើរ​ការ​ប្រឡង​ដោយ​សំអាង​ថា​ រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​គ្មាន​ឆន្ទៈ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ នេះ​បើ​យោង​តាម​លិខិត​ជា​បន្តបន្ទាប់​ដែល​ចេញ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​និង​សេចក្តី​សម្រេច​របស់​ក្រសួង​យុត្តិធម៌​ដែល​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បញ្ជាក់​ប្រាប់​ VOA ​ថា​ក្រសួង​យុត្តិធម៌​មាន​ការ​ប្តេជ្ញាចង់​បាន​ការ​ប្រឡង​រើស​ចៅក្រម​មួយ​ដែល​ស្អាតស្អំ ​ហេតុនេះ​ទើប​ក្រសួង​ទទូច​សុំ​ឲ្យ​មាន​ការចូលរួម​ពី​អង្គភាព ​ACU។

«ខាង​ក្រសួង​មាន​ឆន្ទៈ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ការ​ប្រឡង​ស្អាត​ស្អំ ​ហើយ​ប្រព្រឹត្ត​ទៅ​ដោយ​សុក្រឹតភាព ​ដើម្បី​យើង​ជ្រើសរើស​ចៅក្រម​មួយ​ប្រកបដោយ​គុណភាព។ ចឹង​បា​ន​ជា​យើង​អញ្ជើញ​ខាង​ ACU​ ឲ្យ​ចូលរួម»។

លោក​ ជិន ម៉ាលីន​ បាន​និយាយ​ការពារ​ចំណាត់​ការ​កន្លង​មក​របស់​ក្រសួង​យុត្តិធម៌​ថាអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​បាន​ចូល​រួម​សង្កេតការណ៍ក្នុង​ការ​ប្រលង​ជ្រើសរើស​ក្រឡា​បញ្ជី​ជំនាន់ទី៤​កាល​ខែ​សីហា​រួច​ទៅ​ហើយ​ប៉ុន្តែ​នៅ​ពេល​នេះ​បែរ​ជា​លើក​ឡើង​ថា​ក្រសួងមិន​មាន​ឆន្ទៈ។

«ចឹង​បាន​យើង​ចង់​សិក្សា​ឡើង​វិញ​ថា​តើ​កន្លែង​ណា​ដែល​ថា​មិន​មាន​ឆន្ទៈ។ ជួន​កាល​វា​អាច​ជា​ការ​មិន​យល់គ្នា​ ឬ​ជា​ការ​យល់​ច្រឡំ​ពីគ្នា​ទៅវិញ​ទៅមក​។ ចឹង​ទេ​ យើង​ពន្យារ​ការ​ប្រឡង​ធ្វើ​ម៉េច​ យើង​កំណត់​ពេល​ប្រឡង​លើកក្រោយ​ដើម្បី​ឲ្យ​មាន​ការ​សហការ​គ្នា​ល្អ​ជាង​ហ្នឹង»។

លោក​ សុខ សំអឿន​ ​ប្រធាន​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​លើកឡើង​ថា​ វត្តមាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​ឃ្លាំមើល​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​នេះ​ ជា​ចំណុច​របត់​សំខាន់​មួយ​ក្នុង​ការ​ធានា​នូវ​ការ​ជ្រើសរើស​មួយ​ប្រកប​ដោយ​តម្លាភាព​ និង​ដើម្បី​បកស្រាយ​នូវ​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ដែល​ថា​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​មានការ​ស៊ី​សំណូក​សូកប៉ាន់​នោះ។

«ធម្មតា​ដើម្បីឲ្យ​ចៅក្រម​រឹង​មាំ គឺ​យើង​ចាប់​ផ្តើម​ពី​ការ​ជ្រើសរើស​ដំបូង​ទៅ។ ដូច្នេះ បើ​ការ​ជ្រើសរើស​នេះ​មាន​តម្លាភាព ​គ្មាន​អំពើ​ពុករលួយ ​ វា​អាច​ធ្វើ​ឲ្យ​ចៅក្រម​ដែល​ចូលរៀន​ហ្នឹង​ចាប់​ផ្តើម​ល្អ។ វា​ប្រសើរ​ជាង​យើង​ជ្រើសរើស​ដោយ​គ្មាន​តម្លាភាព ​និង​មាន​អំពើ​ពុករលួយ។ ខ្ញុំ​ជឿ​ថា​ ការ​ចូលរួម ​ACU​ ល្អ។ សម្រាប់​ខ្ញុំ ​មិន​មែន​តែ​ប្រឡង​ចៅក្រម​ទេ ​សូម្បី​តែ​ប្រឡង​មេធាវី ​ក៏​ខ្ញុំ​ចង់​ឲ្យ ​ACU​ ចូលរួម​ដែរ»។

លោក​ សុខ សំអឿន​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​យល់​ថា​ការ​បដិសេធ​មិន​ចូលរួម​អង្កេត​ការណ៍​របស់ ACU ​នេះ​ទំនង​ជា​ដោយសារ​រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ នៃ​ក្រសួង​យុត្តិធម៌​មិន​បាន​ផ្តល់​សិទ្ធិ​អំណាច​គ្រប់​គ្រាន់​ដល់ ​ACU​ ក្នុង​ការ​បំពេញ​ការងារ។

លោក កែវ រ៉េមី ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍៕

XS
SM
MD
LG