ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ សមត្ថភាព​ស្ថាប័ន​ទន់​ខ្សោយ​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា


បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

កម្ពុជា​កំពុង​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​របស់​ខ្លួន ក៏​ប៉ុន្តែ អ្នក​វិភាគ​យល់​ថា ការ​ខ្វះ​ភាព​ជា​អ្នក​ដឹក​នាំ​កំពុង​រារាំង​ការ​ផ្លាស់ប្តូរ​ដ៏​ស៊ី​ជម្រៅ​មួយ។

កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ការ​អភិវឌ្ឍន៍​ដោយ​ចិរភាព​ទាមទារ​ឲ្យ​ស្ថាប័ន​នយោបាយ​មាន​សមត្ថភាព​ខ្ពស់ ក៏​ប៉ុន្តែ សមត្ថភាព​របស់​ស្ថាប័ន​រដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​វិភាគ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍។

លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យ​ផ្នែក​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​មហាវិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា៖ «‍អំពើ​ពុក​រលួយ បក្ខពួក​និយម គ្រួសារ​និយម​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​មាន​ប្រសិទ្ធិភាព​ខ្ពស់»។

យ៉ាង​ណា​មិញ កម្ពុជា​ទទួល​បាន​ការ​វិវត្តន៍​ជា​វិជ្ជមាន​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន។ កាល​ពី​ឆ្នាំ២០១៤ ក្រសួង​អប់រំ​បាន​ធ្វើ​យុទ្ធនាការ​ដ៏​សកម្ម​មួយ ដើម្បី​បញ្ឈប់​ការ​លួច​ចម្លង​របស់​សិស្ស​វិទ្យាល័យ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​វិស័យ​អប់រំ។ ជា​លទ្ធផល កំណែ​ទម្រង់​នេះ​បាន​បណ្តាល​ឲ្យ​អត្រា​សិស្ស​ប្រឡង​ជាប់​ថយ​ចុះ​២៥.៧ភាគរយ ពី​៨៦ភាគរយ​នៃ​អត្រា​សិស្ស​ប្រឡង​ជាប់​សម្រាប់​ឆ្នាំ២០១៣។

ជាមួយ​គ្នា​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​បង្កើត​ប្រព័ន្ធ​ចុះ​ឈ្មោះ​ក្រុមហ៊ុន​តាម​អ៊ីនធឺណិត​សម្រាប់​អ្នក​វិនិយោគ​ទុន ដើម្បី​ពន្លឿន​ដំណើរការ​ឯកសារ​ដល់​អ្នក​វិនិយោគ​ទុន និង​សំខាន់​បំផុត​នោះ​គឺ​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ។ ក៏​ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ថ្មីៗ​នេះ​ព័ត៌មាន​ស្តី​អំពី​ក្រុមហ៊ុន​ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ក្រសួង​ពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​នេះ​ត្រូវ​បាន​កាត់​បន្ថយ។

លោក ហេង ឌីណា សេដ្ឋ​វិទូ​ខ្មែរ​មួយ​រូប​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យល់​ថា កម្ពុជា​ខ្វះ​អ្នក​មាន​ជំនាញ​ពិត​ប្រាកដ​នៅ​តាម​ស្ថាប័ន​រដ្ឋ​សំខាន់ៗ ដែល​នេះ​គឺជា​កត្តា​រារាំង​មួយ​ក្នុ​ងការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន។

«‍កម្ពុជា​យើង​មាន​គោល​នយោបាយ​ដ៏​ល្អ​ជា​ច្រើន ក៏​ប៉ុន្តែ ការ​អនុវត្ត​គោល​នយោបាយ​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធិភាព​ និង​តាម​គោលដៅ​ដែល​ចង់​បាន​នៅ​តែ​ជា​កត្តា​ប្រឈម​ធំ​មួយ​របស់​យើង​នៅ​ឡើយ»។

ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​កំណែ​ទម្រង់ លោក ឌីណា យល់​ថា ការ​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ឲ្យ​តម្លៃ​លើ​គុណូបធិបតេយ្យ និង​ការ​ពង្រឹង​ការ​ទទួល​ខុស​ត្រូវ​តាម​ស្ថាប័ន​រដ្ឋ​គឺ​ចាំបាច់។

«‍អ្នក​មាន​សមត្ថភាព និង​ខំ​ប្រឹងប្រែង​គួរតែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ការ​លើក​ដំកើង។ បើ​សិន​ជា​បុគ្គល​ម្នាក់​មាន​សមត្ថភាព​ដែល​ត្រូវ​តាម​តម្រូវ​ការ​របស់​ស្ថាប័ននោះ​ យើង​គួរ​តែ​ជ្រើស​យក​គាត់​មក​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​នោះ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ»។

យ៉ាង​ណា​មិញ ការ​កសាង​សមត្ថភាព​ស្ថាប័ន​មិន​អាច​ទៅ​រួច​ទេ បើ​សិន​ជា​គ្មាន​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​រឹងមាំ​នោះ។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់​លោក ឈាង វណ្ណារិទ្ធិ។

«‍ភាព​ជា​អ្នក​ដឹក​នាំ​ចេញ​ពី​លើ​មក​នោះ​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ និង​ពង្រឹង​ស្ថាប័ន​ជាតិ»។

អ្នក​វិភាគ​យល់​ថា កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​ត្រូវ​ដើរ​លឿន​ជាង​នេះ ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​កម្ពុជា​អាច​អនុវត្ត​គោល​នយោបាយ​ឲ្យ​ចំ​គោលដៅ​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ដោយ​ភាព​ជឿជាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ៕

XS
SM
MD
LG