ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​អប់រំ៖ គោល​នយោបាយ​ «មិន​ចម្លង​គ្នា​​ពេល​ប្រឡង»​ របស់​កម្ពុជា​មាន​ប្រសិទ្ធភាព


សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)
សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា​ កិច្ច​ខំប្រឹង​ប្រែង​ក្នុង​ការ​ទប់ស្កាត់​សិស្ស​ថ្នាក់​ទី​១២​កុំ​ឲ្យ​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង​មាន​ដំណើរ​ល្អ​ ហើយ​លោក​ជឿ​ជាក់​ថា​ លទ្ធផល​ឆ្នាំ​នេះ​នឹង​មាន​ភាព​ប្រសើរ​ជាង​លទ្ធផល​នៃ​ការ​ប្រឡង​កាល​ពី​ឆ្នាំ​សិក្សា​២០១៤។​ សិស្សានុសិស្ស​ជា​ច្រើន​ក៏​មាន​សង្ឃឹម​ដូច​គ្នា​ផង​ដែរ​ បើ​ទោះ​ជា​៦០​ភាគរយ​នៃ​ចំនួន​អ្នក​ប្រឡង​កាល​ពី​ឆ្នាំ​មុន​បាន​ប្រឡង​ធ្លាក់​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​គោល​នយោបាយ​ «មិន​ឲ្យ​លួច​ចម្លង​គ្នា»​ នោះ​មក។

សិស្សានុសិស្ស​ថ្នាក់​ទី​១២​ចំនួន​៨៨.០០០​នាក់​បាន​ចូលរួម​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ កាល​ពី​ថ្ងៃ​ទី​២៤ និង​២៥​ ខែ​សីហា​ កន្លង​មក​នេះ។ សិស្ស​ភាគ​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា​ វិធានការ​ «មិន​ចម្លង​គ្នា» ​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​ក្នុង​ការ​បន្ត​ការ​សិក្សា​របស់​ពួកគេ​ទៅ​ថ្នាក់​មហាវិទ្យាល័យ។​

កាល​ពី​ចុង​សប្តាហ៍​មុន​ សិស្សានុសិស្ស​ខ្លះ​បាន​ធ្វើ​ការ​បន់ស្រន់​នៅ​តាម​វត្ត​អារាម​ ដើម្បី​បួងសួងឲ្យ​ប្រឡង​ជាប់​ដោយ​ជោគ​ជ័យ។​ សិស្ស​ម្នាក់​ដែល​អស់​សង្ឃឹម​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នាង​សង្ឃឹម​ថា​ អនុរក្ស​នឹង​អនុញ្ញាត​ឲ្យ​សិស្ស​ទាំង​នោះ​ធ្វើ​ការ​ចម្លង​គ្នា​ «តិចតួច​ ដូច​ជា​មើល​ចម្លើយ​គ្នា​ទៅ​វិញ​ទៅ​មក»។​

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ក្តី​សង្ឃឹម​របស់​នាង​បាន​រលាយ​សាបសូន្យ​ ដោយ​សារ​តែ​វិធានការ​រឹត​បន្តឹង​នោះ​ ត្រូវ​បាន​ពង្រឹង​យ៉ាង​តឹងរ៉ឹង។​

ចង់​ឬ​មិន​ចង់​មាន​សិស្សានុសិស្ស​ខ្លះ​បាន​ផ្សង​សំណាង​ ដោយសិស្ស​ខ្លះ​ត្រូវ​ចាប់​បាន​ថា​ បាន​លួច​យក​ចូល​នូវ​ក្រដាស​ចម្លង​ឬ​ប្រ៊ុយ៉ុង​ ហើយ​សិស្ស​ថ្នាក់​ទី១១​ម្នាក់​ដែលបន្លំ​ខ្លួន​ជា​បង​ប្រុស​ (ថ្នាក់​ទី​១២) ​ដែល​រៀន​មិន​សូវ​ពូកែ​នោះ​ត្រូវ​បាន​ចាប់​ខ្លួន។​

ការ​ចម្លង​គ្នា​នៅ​ក្នុង​ពេល​ប្រឡង​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​នោះ​ ឥឡូវ​ហាក់​ដូច​ត្រូវ​បាន​លុប​បំបាត់​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ។​

លោក​ ហង់ ជួន ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​វិធានការ​នេះ​ ដែល​ជា​គោល​នយោបាយ​សំខាន់​ក្នុង​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​លោក​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ​ និង​ធានា​ថា​ ប្រព័ន្ធ​អប់រំ​កាល​ពី​មុន​ដែល​ផ្តល់​ប្រយោជន៍​ទៅ​លើ​ការ​ចម្លង​គ្នា​នោះ​ ត្រូវ​បាន​ជំនួស​ដោយ​វប្បធម៌​ផ្អែក​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​ ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​អ្នក​ដែល​ឧស្សាហ៍​ព្យាយាម​រៀន​សូត្រ។​

លោក​រដ្ឋ​មន្ត្រី​ ណារ៉ុន​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាល​ពី​២ឆ្នាំ​មុន​នោះ​ លោក​មាន​សុទិដ្ឋិនិយម​ថា​ អត្រា​នៃ​អ្នក​ដែល​ប្រឡង​ជាប់​នឹង​ខ្ពស់​ជាង​ឆ្នាំ​មុន។​ លោក​ថ្លែង​ថា​ នេះ​ពី​ព្រោះ​តែ​សិស្សានុសិស្ស​ខិត​ខំ​រៀន​សូត្រ​ជាង​មុន​ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត​ក៏​បាន​ជួយ​ផង​ដែរ​ រួម​មាន​កម្មវិធី​បណ្តុះបណ្តាល​គ្រូ​បង្រៀន​បាន​ល្អ​ជាង​មុន។​

«យើង​ឃើញ​ថា​ ឥរិយាបថ​របស់​សិស្ស​មាន​ការ​ផ្លាស់​ប្តូរ​ ពិសេស​យើង​ទទួល​បាន​របាយការណ៍​ពី​សាលារៀន​មក​ថា​ ពួក​គេ​ខិត​ខំ​រៀន​សូត្រ​ជាង​មុន​ ហើយ​ពួក​គេ​បាន​រៀន​គួរ​បន្ថែម​ទាំង​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃ​អាទិត្យ​ដែល​លោក​គ្រូ​អ្នក​គ្រូ​ផ្តល់​ឲ្យ»។​

លោក​រដ្ឋ​មន្ត្រី​សង្ឃឹម​ថា​ ការ​លុប​បំបាត់​ការ​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង​ នឹង​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជំនាញ​មិន​ត្រូវ​នឹង​ទីផ្សារ ដែល​មាន​ឫសគល់​ពី​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ដែល​បាន​បណ្ដោយ​ឲ្យ​មានសិស្ស​បញ្ចប់​ការ​សិក្សា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដែល​ខ្វះ​ជំនាញ​ដែល​និយោជក​ត្រូវ​ការ។

«ជា​ការ​ពិត​ទៅ​ យើង​នៅ​មាន​ចំណុច​ខ្វះខាត​ ព្រោះ​ថា​ការ​ខិត​ខំ​រៀន​សូត្រ​តែ​មួយ​ឆ្នាំ​នោះ​ គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ​ ព្រោះ​ថា​មុខវិជ្ជា​ខ្លះ​ត្រូវ​ការ​ពេល​យ៉ាង​តិច​ណាស់​ ពីរ​បី​ឆ្នាំ។​ ប៉ុន្តែ​យើង​នឹង​បាន​ឃើញ​នូវ​ភាព​រីក​ចម្រើន​ក្នុង​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ខ្ញុំ​ជឿជាក់​ថា​ ធ្វើ​ដូច​នេះ​យើង​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​សិស្ស​ទាំង​នោះ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទម្លាប់​ថ្មី»។​

ការ​ផ្លាស់​ប្តូរ​ផ្សេង​ទៀត​ រួម​មាន​ការ​ផ្តល់​ប្រាក់​ខែ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ឲ្យ​បាន​ច្រើន​ជាង​មុន​ ហើយ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ សាលារៀន​នីមួយៗ​ មាន​សម្ភារៈ​សិក្សា​ប្រសើរ​ជាង​មុន​ និង​ត្រូវ​បាន​គ្រប់​គ្រង​បាន​ល្អ​ជាង​មុន។​

ការ​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រព័ន្ធ​អប់រំកម្ពុជា​ដែល​មាន​សភាព​អន់​ខ្សោយ​នោះ​ នឹង​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​លោក​រដ្ឋ​មន្រ្តី​ ណារ៉ុន​ ថ្លែង​ថា​ វា​សក្តិ​សម​នឹង​ចាប់​ផ្តើម​ដោយ​ហាមឃាត់​កុំ​ឲ្យ​មាន​ការ​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង​ ពី​ព្រោះ​នេះ​មិន​ត្រឹម​តែ​បាន​បង្ហាញ​ពី​កង្វះ​ខាត​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​តែ​ប៉ុណ្ណោះ​នោះ​ទេ​ ប៉ុន្តែ​ក៏​បាន​បង្ខំ​ឲ្យ​សិស្ស​ខិត​ខំ​រៀន​សូត្រ​ផង​ដែរ។

«ការ​ចំណាយ​ដែល​មាន​ដូច​ជា​ ការ​ចំណាយ​លើ​សៀវភៅ​ពុម្ព​ ធនធាន​នានា ហើយ​បើ​ទោះ​បី​ជា​គ្រូ​មាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​ក៏​ដោយ​ (ដរាប​ណា) តែ​សិស្ស​មិន​បាន​ខិត​ខំ​រៀន​នោះ​ ក៏​មិន​អាច​ឈាន​ទៅ​រក​ភាព​ជោគ​ជ័យ(កែប្រែ​ប្រព័ន្ធ​អប់រំ) ​បាន​ដែរ»។​

នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៥​ ភស្តុតាង​ក្រៅ​ផ្លូវការ​ខ្លះ​បង្ហាញ​ថា​ សិស្សានុសិស្ស​ភាគ​ច្រើន​មិន​បាន​មើល​ស្រាល​វិធានការ​មិន​ឲ្យ​ចម្លង​នោះ​ទេ ហើយ​ពួកគេ​បាន​ចំណាយ​ពេល​បន្ថែម​ក្នុង​ការ​មើល​សៀវភៅ​របស់​ពួកគេ។​ ពួកគេ​នឹង​បាន​ឃើញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ថា ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ​នឹង​ចេញ​ជា​លទ្ធផល ​ឬ​យ៉ាង​ណា។​ លទ្ធផល​នៃ​ការ​ប្រឡង​នឹង​ចេញ​នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ប្រែសម្រួល​ដោយ ស្រេង​ លក្ខិណា​

XS
SM
MD
LG