ភ្នំពេញ៖ អ្នកកាសែតមួយក្រុម ដែលមានគ្នាជាងដប់នាក់ បានតវ៉ាទាមទារប្រាក់ខែពីតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាមួយរូបនៅថ្ងៃពុធនេះ ដោយសំអាងថា តំណាងរាស្ដ្ររូបនោះមិនបានផ្តល់ប្រាក់ខែដល់ពួកគេជាច្រើនខែមកហើយ។
លោកជា ចម្រើន តំណាងរាស្ដ្រគណបក្សកាន់អំណាចប្រចាំខេត្តកណ្តាលដែលជានាយកមជ្ឈមណ្ឌលសារព័ត៌មានវិទ្យាសាស្ត្រខ្មែរ ដែលគ្រប់គ្រងការផ្សាយកាសែត និងគេហទំព័រវិទ្យាសាស្ដ្រខ្មែរ ត្រូវក្រុមអ្នកយកព័ត៌មានទាំងនោះចង្អុលថា មិនបានបើកប្រាក់ខែដល់ពួកគេចាប់តាំងពីខែមិនារហូតដល់ខែកញ្ញាឆ្នាំ២០១២គឺរហូតដល់ពេលកាសែតវិទ្យាសាស្ត្រខ្មែរនោះបានបិទទ្វារឈប់ចេញផ្សាយ។
ក្រុមអ្នកតវ៉ាបានអះអាងថា ការជំពាក់ប្រាក់ខែរបស់ពួកគេពី៣០០ទៅប្រមាណជា៥០០ដុល្លារអាមេរិកក្នុងម្នាក់ៗ ហើយអ្នកកាសែតដែលមិនបានបើកប្រាក់ខែសរុបចំនួន៥៣នាក់ ក្នុងនោះអ្នកកាសែតក្នុងក្រុងភ្នំពេញចំនួន១៨នាក់។
ពួកគេបានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅពីមុខមជ្ឈមណ្ឌលសារព័ត៌មានវិទ្យាសាស្ដ្រខ្មែរក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកដោយមានបិទអក្សរតវ៉ាចំៗឈ្មោះលោកតំណាងរាស្ដ្រជា ចម្រើន និងបានយកកង់ឡានចំនួនបីត្រៀមនឹងដុតក្នុងការតវ៉ានេះ។ ក៏ប៉ុន្តែត្រូវខកខានវិញ នៅពេលដែលលោកជា ចម្រើនចេញមុខសម្រុះសម្រួលនិងចរចា។
លោកយិន ម៉េងគង់ អ្នកតវ៉ាម្នាក់ក្នុងចំណោមនោះ បាននិយាយក្រោយពីការចរចារយៈពេលជាងមួយម៉ោងថា លោកជា ចម្រើនបានសន្យាថា នឹងបើកប្រាក់ខែដែលជំពាក់នោះសម្រាប់អ្នកកាសែតទាំងអស់នៅដំណាច់ខែមករានេះ។
«និយាយតែពីរឿងដោះស្រាយប្រាក់ខែ យើងចាំមើលទៀតថា ខែហ្នឹង ប្រាក់ខែហ្នឹងនឹងបើកបានដែរ ឬទេ»។
លោកអេង វុត្ថា ជាភ្នាក់ងារយកព័ត៌មានម្នាក់សម្រាប់លោកតំណាងរាស្ដ្រជា ចម្រើនប្រចាំខណ្ឌសែនសុខ។
«យើងតវ៉ាទាំងអស់គ្នា។ អ្នកខ្លះគាត់ឥតបានមកដោយសារតែគាត់នៅតាមខេត្ត អញ្ចឹងណា៎។ ក៏ប៉ុន្តែគម្រោងធ្វើនេះគឺយើងធ្វើការតវ៉ាទាំងអស់គ្នាដើម្បីគោលដៅតែមួយ ដើម្បីសុំឲ្យខាងហ្នឹងបើកប្រាក់ខែតែប៉ុណ្ណឹងទេ។ គាត់សន្យាថា ដាច់ខែ គាត់នឹងបើកប្រាក់ខែឲ្យគ្រប់ចំនួន»។
លោកជា ចម្រើនត្រូវគេស្គាល់ថា ជាសាកលវិទ្យាធិការនៃសកលវិទ្យាល័យចម្រើនពហុវិទ្យាផងដែរ។
តំណាងរាស្ដ្រដដែលដើរចេញពីតុចរចាជាមួយអ្នកកាសែតដោយសៀតកាំភ្លើងខ្លីក្នុងហោប៉ៅខោ។ លោកមិនផ្តល់សេចក្តីអត្ថាធិប្បាយអំពីការបើកប្រាក់ខែដល់ក្រុមអ្នកកាសែតនោះទេ។
«រឿងហ្នឹងគេដោះស្រាយហើយ មិនចាំបាច់មកលូកលាន់ទេ។ មិនព្រមទៅសម្ភាសពួកនោះ មកសម្ភាសយើង។ លោកឯងបំផ្លាញគណបក្សប្រជាជនម្នាក់ លោកខាតដល់ប៉ុណ្ណា។ យើងតំណាងរាស្ត្រម្នាក់ត្រូវបាត់សំឡេងប៉ុន្មានម៉ឺនសំឡេង»។
នេះគឺជាលើកទីមួយហើយដែលក្រុមអ្នកកាសែតតវ៉ាទាមទារប្រាក់ខែរបស់ខ្លួនពីសមាជិកសភាដែលកាន់កាប់បណ្តាញផ្សព្វផ្សាយ។
ក្រុមអ្នកយកព័ត៌មានដែលធ្វើការតវ៉ាបានផ្ញើញ្ញត្តិជូនលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ជូនលោករដ្ឋមន្ដ្រីក្រសួងព័ត៌មានខៀវ កាញារិទ្ធ និងដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្លឹបអ្នកកាសែតកម្ពុជា។
ទោះជាយ៉ាងនេះក្តី ពួកគេនៅរង់ចាំប្រាក់ខែរបស់គេរហូតដល់ដំណាច់ខែមករានេះមុននឹងប្រកាសធ្វើការតវ៉ាជាបន្ត៕