ភ្នំពេញ៖ មានការប៉ះទង្គិចពាក្យសម្តីរវាងក្រុមតំណាងរាស្ដ្រគណបក្សជំទាស់ជាមួយនឹងក្រុមតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាយ៉ាងតឹងតែងនៅក្នុងកិច្ចប្រជុំសភានៅថ្ងៃពុធនេះដែលធ្វើឲ្យតំណាងរាស្ដ្រគណបក្សជំទាស់ដើរចេញពីកិច្ចប្រជុំដែលកំពុងដំណើរការ។
រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំលើកទី៩នីតិកាលទី៤កាលពីព្រឹកថ្ងៃពុធនេះដោយមានព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី យាងបើកជាផ្លូវការ ប៉ុន្តែកិច្ចប្រជុំបានក្លាយជាវេទិកាឈ្លោះប្រកែកគ្នាប្រកបដោយការវាយប្រហារពាក្យសម្ដីធ្ងន់ៗ បន្ទាប់ពីលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សនិងជាអនុប្រធានចលនាសង្គ្រោះជាតិបានអន្តរាគមលើការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរនិងអនុសញ្ញាស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ។
លោក កឹម សុខាថ្លែងនៅពេលនោះថា លោកទើបតែមានឱកាសនិយាយក្នុងកិច្ចប្រជុំសភាជាលើកដំបូងបន្ទាប់ពីបានជាប់ឆ្នោតជាតំណាងរាស្ត្រហើយមិនដែលមានសមាជិកសភាណាដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយក្នុងកិច្ចប្រជុំបែបនេះទេ។
លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានបកស្រាយពីមូលហេតុដែលលោកកឹម សុខា មិនមានឱកាសនិយាយក្នុងរដ្ឋសភាដោយសារលោកមិនព្រមចូលរួមក្នុងក្រុមតំណាងរាស្ដ្រផ្សេងដើម្បីបង្គ្រប់ចំនួនបង្កើតជាក្រុមបាន។
យោងតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គណបក្សដែលមានអសនៈក្នុងរដ្ឋសភាត្រូវចងក្រងជាក្រុមដោយមានចំនួនសមាជិកតាមកំណត់ដើម្បីអាចឡើងអន្តរាគមន៍ក្នុងកិច្ចពិភាក្សាច្បាប់បាន។
ឆ្លៀតពេលនោះដែរលោកឈាង វុន បានធ្វើការវាយប្រហារលោកកឹម សុខា បន្ថែមទៀត។
«រហូតមកដល់ពេលនេះ ឯកឧត្តមបានធ្វើអ្វីខ្លះដល់ប្រទេសជាតិ! ឯកឧត្តមបានធ្វើអ្វីខ្លះ! បានស្ពាន ធ្វើថ្នល់ ធ្វើអីគេ! ឥតមានសោះ! ឯកឧត្តមខ្ញុំសុំឲ្យឯកឧត្តមនិយាយ។ យើងទុកពេលឲ្យឯកឧត្តមនិយាយរហូតដល់ចប់។ ហើយប្រសិនបើឯកឧត្តមយកវេទិកានេះ របៀបព្រៃផ្សៃព្នង! របៀបព្រៃផ្សៃព្នង អាហ្នឹងយើងធ្វើទៅតាមហ្នឹងដែរ។ ឯកឧត្តមបានស្តាប់ខ្ញុំឬនៅ! ឯកឧត្តមនិយាយកាត់ខ្ញុំហ្នឹង គិតថាខ្លួនបានធ្វើអ្វីខ្លះ បានផលប្រយោជន៍អ្វីខ្លះ! សុំអរគុណ បើដើរចេញល្អដែរ! វប្បធម៌របស់ឯកឧត្តមទេ បើគេនិយាយមិនព្រមស្តាប់ទេគឺដើរចេញ»។
ការវាយប្រហារនេះធ្វើឡើងខណៈដែលលោកកឹម សុខាបានថ្លែងគាំទ្រសេចក្ដីព្រាងច្បាប់ខាងលើ និងរិះគន់ពីការរំលោភសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យមានការទទួលស្គាល់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងជជែកគ្នានៅទល់មុខនិងរួបរួមក្នុងធ្លុងជាតិតែមួយ។
សមាជិកសភាគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី ដែលបានព្រមព្រៀងគ្នាបង្កើតគណបក្សកូនកាត់មួយគឺគណបក្សសង្គ្រោះជាតិបាននាំគ្នាដើរចេញពីកិច្ចប្រជុំក្រោមការវាយប្រហាររបស់តំណាងរាស្ដ្របក្សក្តោបក្តាប់អំណាច។
លោកកឹម សុខា និយាយទៅកាន់អ្នកយកព័ត៌មានក្រោយពីដើរចេញពីរដ្ឋសភាថា ការវាយប្រហារគ្នានឹងមិនអនុញ្ញាតឲ្យមានការរួបរួមជាតិទេ។
«ដោះស្រាយបញ្ហាប្រយោជន៍ជាតិជាធំជាមួយគ្នា រួបរួមជាតិ ហើយយើងឈរលើកាតព្វកិច្ចទទួលខុសត្រូវរួមទាំងអស់គ្នា នេះជាសម្តីខ្លឹមសារខ្ញុំនិយាយ។ ប៉ុន្តែផ្ទុយទៅវិញខាងគណបក្សកាន់អំណាច គាត់បកមកវិញសុទ្ធតែពួកយើងពួកព្រៃ ពួកព្នង មើលងាយដល់ប្រជាពលរដ្ឋព្នង។ ប្រជាពលរដ្ឋព្នង គាត់ក៏ជាមនុស្សដែរ។ ហើយទាំងអស់គ្នាក្រុមគេហ្នឹង ធ្វើមិនឲ្យខ្មែររួបរួមជាតិបាន»។
ដោយឡែកលោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី ចាត់ទុកថាប្រតិកម្មរបស់លោកឈាង វុន គឺជាការមើលងាយតំណាងរាស្ដ្រគណបក្សជំទាស់។
«សមាជិកសភាគណបក្សប្រជាជនមើលងាយ មើលងាយមើលថោក។ ដូចបងប្អូនបានឃើញជ្រាបស្រាប់ហើយ ជាសាក្សី។ ដៀលពួកយើងខ្ញុំជាព្នង។ ព្នងនៅក្នុងពាក្យហ្នឹងគឺជាមនុស្សដែលឥតចេះដឹង គឺជារឿងមួយដែលយើងមិនអាចទទួលយកបានទេ។ ដូច្នេះថ្ងៃនេះយើងដើរចេញដើម្បីសម្តែងការមិនពេញចិត្តជាមួយនឹងសភាដែលដឹកនាំដោយគណបក្សប្រជាជន ព្រមទាំងសម្តេចប្រធានសភា ដែលមិនផ្តល់យុត្តិធម៌ក្នុងនាមជាប្រធានសភាឲ្យតំណាងរាស្ត្រដែលជាកូនចៅរបស់ខ្លួន។ វាបានបង្ហាញឲ្យជាតិ និងអន្តរជាតិថា សភានេះពិតជាផ្តាច់ការមែនទែន»។
លោកឈាង វុន បានប្រាប់ក្រុមអ្នកកាសែតក្រៅពីកិច្ចប្រជុំសភាថា គណបក្សជំទាស់មានគោលដៅតែមួយគត់«គឺប្រឆាំង»។ ដោយឡែកលោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋសភា និងលោកងួន ញ៉ិល អនុប្រធានរដ្ឋសភាបានស្នើឲ្យមានការកាត់ប្រាក់ខែក្រុមតំណាងរាស្ដ្រគណបក្សប្រឆាំងទាំងពីរ។
លោកកឹម សុខា គ្រោងនឹងជួបផ្ទាល់ជាមួយលោកហេង សំរិន ប្រធានរដ្ឋសភាដើម្បីពិភាក្សាពីបញ្ហាដែលបានកើតឡើងនៅថ្ងៃនេះក្នុងពេលខាងមុខ។ យ៉ាងណាក៏ដោយ ការដើរចេញពីកិច្ចប្រជុំរបស់តំណាងរាស្ដ្រគណបក្សប្រឆាំងទាំងពីរមិនបានរារាំងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមឲ្យកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ និងសុវត្ថិភាពនុយក្លេអ៊ែរនោះទេ៕