នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន ក្នុងពេលចាកចេញពីប្រទេសចិន ទីដែលលោកបានជួបក្រុមមេដឹកនាំនៃរដ្ឋកុម្មុយនីស្តមួយនេះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលលោកត្រៀមក្នុងការជំរុញគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative) ដែលអ្នកវិភាគជាច្រើនយល់ថា ជាមហិច្ឆតាបង្កើនសកម្មភាពពាណិជ្ជកម្មរបស់ចិននៅទូទាំងសាកលលោក។
លោកហ៊ុន សែនបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាំងពីថ្ងៃទី២០ខែមករាឆ្នាំ២០១៩ ហើយលោកគ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃពុធនេះ។ នៅឯប្រទេសចិន លោកហ៊ុន សែនបានជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) នាយករដ្ឋមន្ត្រីចិនលោកលី ឃឺឈ័ង (Li Keqiang) និងប្រធានរដ្ឋសភាចិនលោកវ៉ាង យ៉ាង (Wang Yang)។ នេះបើយោងតាមសារនយោបាយខ្លីមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែននៅថ្ងៃពុធនេះ។
ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែនបានសរសេរក្នុងន័យដើមថា៖
«នៅក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង លោកនាយករដ្ឋមន្រ្តី លី ឃឺឈ័ង និង លោកប្រធានរដ្ឋសភា វ៉ាង យ៉ាង ដែលបានរឹតចំណងមិត្តភាពប្រទេសយើងទាំងពីរឲ្យកាន់តែល្អរឹងមាំថែមទៀត ជាពិសេសគឺបានពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម»។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតក្នុងន័យដើមថា៖
«កម្ពុជាបានត្រៀមខ្លួនជាស្រេចរួចហើយដើម្បីជំរុញគម្រោងផ្លូវ១ខ្សែក្រវាត់១ជាមួយប្រទេសចិនឲ្យបានជោគជ័យ។ ទន្ទឹមនឹងនេះដែរ ប្រទេសយើងទាំងពីរនឹងខិតខំជំរុញទំហំពាណិជ្ជកម្មឲ្យឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣»។
លោកហ៊ុន សែនបានបញ្ជាក់ជាថ្មីទៀតថា ក្នុងទស្សនកិច្ចរបស់លោកនៅប្រទេសចិនគ្រានេះ រដ្ឋាភិបាលចិនដែលលោកចាត់ទុកថាជាបងប្អូន បានផ្តល់ជំនួយជិត៦០០លានដុល្លារ ហើយបានដំឡើងកូតាឲ្យកម្ពុជានាំអង្កររហូតដល់៤សែនតោនចូលទៅប្រទេសចិន។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរបន្ថែមក្នុងន័យដើមថា៖
«កម្ពុជានិងចិនគឺគោរពស្រឡាញ់គ្នាដូចជាបងប្អូន។ ការរីកចម្រើនរបស់កម្ពុជាមកទល់សព្វថ្ងៃគឺមិនអាចកាត់ផ្តាច់ចេញពីទំនាក់ទំនងដ៏ល្អ និងការចូលរួមរបស់មិត្តចិនបានឡើយ»។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបន្តទៀតថា៖
«ក្នុងនាមប្រជាពលរដ្ឋ និងប្រទេសកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមអរគុណរដ្ឋាភិបាលចិននិងប្រជាជនចិន ដែលជានិច្ចកាលគឺតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាឲ្យបានរីកចម្រើនមកទល់សព្វថ្ងៃ»។
ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែនទៅកាន់ប្រទេសចិនបានធ្វើឡើង នៅគ្រាដែលកម្ពុជាបន្តប្រឈមនឹងគំនាបខាងពាណិជ្ជកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៩កន្លងទៅនេះ បានប្រកាសយកពន្ធលើការនាំអង្កររបស់ប្រទេសកម្ពុជា និងភូមា ឬមីយ៉ាន់ម៉ាចូលទៅក្នុងទីផ្សាររបស់ខ្លួន តាមវិធានការគាំពារពាណិជ្ជកម្មមួយ។
ការត្រៀមរបស់កម្ពុជាក្នុងការរុញច្រានគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិនឲ្យដំណើរការទៅមុខនោះបានកើតឡើងបន្ទាប់ពីកម្ពុជាត្រូវក្រុមមេដឹកនាំ និងមន្ត្រីការពារជាតិសហរដ្ឋអាមេរិកសង្ស័យថា កំពុងបើកឲ្យមានការដាក់មូលដ្ឋានទ័ពជើងទឹកចិនក្នុងខេត្តកោះកុងប្រទេសកម្ពុជា ជាទីដែលកំពង់ផែទឹកជ្រៅមួយកំពុងលេចចេញជារូបរាង និងបានស្ថិតក្រោមការតាមដានរបស់អ្នកជំនាញក្នុងកិច្ចការសន្តិសុខតាមដែនសមុទ្រ។
កំពង់ផែទឹកជ្រៅនោះគឺជាផ្នែកមួយនៃគម្រោងដ៏ធំសម្បើមរបស់ក្រុមហ៊ុនចិនឈ្មោះ Union Development Group (UDG) ដែលបាននិងកំពុងបន្តសាងសងអាកាសយានដ្ឋាន និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំផ្សេងៗទៀត ក្នុងខេត្តកោះកុងនោះ។
ការសិក្សាស្រាវជ្រាវមួយមានឈ្មោះថា «មហិច្ឆតាក្រសោបយក៖ បែបផែននៃ ការវិនិយោគលើគម្រោងកំពង់ផែដោយចិនកំពុងតែប្រែផ្លាស់យុទ្ធសាស្រ្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» ដោយអង្គការស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ C4ADS ដែលចេញផ្សាយកាលពីខែមេសាឆ្នាំ២០១៧ ដោយមជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ផ្នែកការពារជាតិ (Center for Advanced Defense Studies) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានព្រមានថា«តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន ជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា ដូចជាគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative)ជាដើម»។
មួយភាគធំនៃការវិនិយោគគម្រោងខាងលើនេះត្រូវបានជំរុញដោយគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិនដែលនឹងមានការសាងសង់ផ្លូវ ស្ពាន ផ្លូវដែក និងរោងចក្រថាមពលក្នុងប្រទេសជាង៧០ដើម្បីជំរុញពាណិជ្ជកម្មនៅលើពិភពលោកឲ្យបានជាប្រយោជន៍របស់ចិន ដែលត្រូវបានឲ្យឈ្មោះថាជាការជំរុញ«ឈ្នះ-ឈ្នះ»របស់ចិនដើម្បីបង្កើតឱកាសសេដ្ឋកិច្ចនៅអាស៊ី និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែទឹកជ្រៅ កំពុងតែប្រឈមនឹងការមន្ទិលសង្ស័យកាន់តែខ្លាំងឡើង។
អ្នកវិភាគមួយចំនួន«អះអាងថា គោលដៅចម្បងរបស់រដ្ឋាភិបាលក្រុងប៉េកាំងគឺ ប្រមូលផ្តុំគ្រឿង ដោះដូរផ្នែកនយោបាយ និងសេដ្ឋកិច្ចដែលត្រូវបានបង្កើតឡើង ដោយគម្រោងផ្តល់ហិរញ្ញប្បទានដោយចិន»។ នេះបើយោងទៅតាមរបាយការណ៍ឆ្នាំ២០១៧របស់អង្គការស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ C4ADS។
យ៉ាងណាក៏ដោយ លោកហ៊ុន សែនបានច្រានចោលដំណឹងនៃការណ៍ដែលកម្ពុជាចង់ឲ្យមានការដាក់មូលដ្ឋានកងទ័ពជើងទឹកចិនក្នុងទឹកដីកម្ពុជា។ ដំណឹងនេះត្រូវបានរាយការណ៍ដោយកាសែតបរទសមួយឈ្មោះថា Asia Times កាលពីខែវិច្ឆិកាឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនចុងក្រោយនេះ លោកហ៊ុន សែនក៏បានប្រាប់ក្រុមនិស្សិតខ្មែរដែលកំពុងរៀនសូត្រនៅប្រទេសចិនថាលោកកំពុងខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាម្ចាស់វាសនារបស់ខ្លួន ដោយមិនអាចឲ្យបរទេសណាមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ។
ភ្ជាប់ជាមួយនឹងការជួយរបស់ចិនខាងហិរញ្ញវត្ថុដែលចេះតែកើនឡើងនោះ លោកហ៊ុន សែនត្រូវគេរាយការណ៍ថា លោកបានប្រាប់ក្រុមនិស្សិតកម្ពុជាក្នុងជំនួបដដែលនៅប្រទេសចិននោះថា «ការជួយរបស់ចិន [គឺ]ដើម្បីការធ្វើឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព ទប់ស្កាត់ការជ្រៀតជ្រែកគ្រប់រូបភាពទាំងអស់ពីខាងក្រៅ ដែលមានមហិច្ឆតាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា»។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងប្រទេសចិនកុម្មុយនីស្តរយៈពេល៤ថ្ងៃត្រូវបញ្ចប់នៅថ្ងៃពុធនេះ។ គណៈប្រតិភូកម្ពុជានិងលោក ហ៊ុន សែន បានធ្វើមាតុភូមិនិវត្តន៍នៅល្ងាចថ្ងៃដដែល៕