ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ស្វែង​រក​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ចិនបន្ថែមទៀត​​ ស្រប​ពេល​បស្ចិម​ប្រ​ទេស​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) រៀប​នឹង​ចាប់ដៃជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (ស្តាំ) នៅ​មុន​ជំនួប​មួយ នៅ​ឯ​មហាសាល​ប្រជាជន​ចិន​ក្នុង​ទីក្រុង ប៉េកាំង កាល​ពី​ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) រៀប​នឹង​ចាប់ដៃជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (ស្តាំ) នៅ​មុន​ជំនួប​មួយ នៅ​ឯ​មហាសាល​ប្រជាជន​ចិន​ក្នុង​ទីក្រុង ប៉េកាំង កាល​ពី​ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤។

លោក​ ​មាស នី​ ​អ្នក​វិភាគ​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា ​បាន​និយាយ​ថា​ ​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ងាក​ទៅ​រក​ចិន​គឺ​ ​ដោយសារ​តែ​ជំនួយ​ពី​បស្ចិម​លោក​មាន​ជាប់​លក្ខខណ្ឌ​ស្មុគស្មាញ​ច្រើន​ ​ហើយ​កញ្ចប់​ថវិកា​ពី​ចិន​មិនមាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ​ច្រើន។

លោក​ ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជាកំពុង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី៦នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដើម្បី​រឹតបន្តឹង​ចំណង​មិត្តភាព​ ​និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ចិននិង​កម្ពុជា។​ ​ដំណើរ​ទស្សន​កិច្ច​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ចំណង​កម្ពុជា​និង​ចិន​កំពុងវិវត្ត​ទៅ​មុខ​ ​និង​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​មក​លើ​កម្ពុជា​ ​និង​សម្ពាធ​នា​នា​ពី​បស្ចិម​ប្រទេស។​

នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​សរសេរលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ក្នុង​ អំឡុង​ទស្សន​កិច្ច​រយៈពេល​បួន​ថ្ងៃរបស់​លោកក្នុង​ប្រទេស​ចិន​ថា៖​

​«កម្ពុជា​ត្រូវ​ខិតខំ​បើក​ពង្រីក​និង​ពង្រឹង​ទីផ្សារឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅ​ពី​ទី​ផ្សារ​អាមេរិក​ ​និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ​ ​ដូចជា​នៅ​ក្នុង​ប្រទេស​ចិន​ ​អាហ្វ្រិក​ ​មជ្ឈិម​បូព៌ា​ ​និង​កូរ៉េ​ជា​ដើម។​ ​សព្វ​ថ្ងៃ​នេះ​ ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ចិន​ក៏​បាន​កើន​ឡើង​ដល់៥៦០០​លាន​ដុល្លារ​ហើយ។​ ​មិត្ត​ចិន​គឺ​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ជា​ពិសេស​លើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ស្ពាន​ ​ស្ពាន​អាកាស​ ​និង​វារី​អគ្គីសនី​ជា​ដើម»។​

​លោក​ ​ហ៊ុន សែន​ ​និង​គណៈប្រតិ្តភូកម្ពុជា​ ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ចិន​ ​ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៤ថ្ងៃ ​ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ។​ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​ប្រទេស​កុម្មុយនីស្ត​ក្នុង​ថ្ងៃ​ទី​ពីរ​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ជួប​ជា​មួយ​អ្នក​ជំនួញ​ ​ម្ចាស់​ក្រុមហ៊ុន​ចិន​ធំៗ​មួយ​ចំនួន​នាទី​ក្រុង​ប៉េកាំង។​ ​លោក​ ​ហ៊ុន សែន​ ក៏​គ្រោង​ជួប​ថ្នាក់​ដឹក​នាំចិន​សំខាន់ផង​ដែរ​ ​មុន​ពេល​ចុះ​ហត្ថលេខ​លើ​ឯកសារ​មួយ​ចំនួន​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ។​

​លោក​ ​ឈាង វណ្ណារិទ្ធ ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបុរី​ ​បាន​និយាយ​ថាទំនាក់​ទំនង​ជាមួយ​ចិន​ផ្តល់​ប្រយោជន៍​ជា​លក្ខណៈយុទ្ធសាស្រ្ត​ដល់​កម្ពុជា​ ​ហើយ​សម្ពាធ​ពី​បស្ចិម​កាន់​តែ​ជំរុញ​កម្ពុជា​រឹត​បន្តឹង​ទំនាក់ទំនង​ជាមួយ​ចិន​ បន្ថែម​ទៀត។

«និយាយ​ឲ្យ​ចំ​ទៅ​នេះ​គឺ​ជារបត់​ថ្មី​មួយ​នៅ​ក្នុង​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​អាស៊ី។​ ​ហើយ​នៅ​ក្នុង​អាស៊ី​យើង​ ​យើង​ឃើញ​ថា​ ​មហា​អំណាច​ប្រទេស​ចិន​ហ្នឹង​កំពុង​តែ​គ្រប​ដណ្តប់​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ហើយ​បន្តបន្ទាប់​អាច​ផ្នែក​សន្តិសុខ​នយោបាយ និង​វប្បធម៌​នៅ​ក្នុង​អាស៊ី​យើង​នេះ។​ ​ដូច្នេះ​ការ​ចាប់​យក​ចិន ឬ​ក៏​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន​នេះ​គឺ​ជា ផល​ប្រយោជន៍​របស់​កម្ពុជា​ ក៏​ដូចជាបណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី។ ហើយ​ចំពោះ​សម្ពាធ​ពី​លោក​ខាង​លិច​មក​លើ​កម្ពុជា អាហ្នឹង​ជា​កត្តា​មួយ​ជំរុញ​កម្ពុជា ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ផ្នែក​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​លោក​ខាង​លិច​ថា​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ឯកោទេ»។

ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ ​និង​ចិន​មាន​ការ​កើន​ឡើង​ជា​លំដាប់​ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ចុង​ក្រោយ​ ​ខណៈ​កម្ពុជា​ត្រូវ​បាន​ប្រទេស​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចោទ​កម្ពុជា​ថា​កំពុង​ដើរ​បញ្ច្រាស់​ទិញ​ ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ។​ ​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរលើ​ក្រុម​ជំទាស់​ អង្គការ​សង្គម​ស៊ីវិល​ សារ​ព័ត៌​មាន​ឯករាជ្យ និង​ការ​រំលាយ​បក្សជំទាស់​សង្គ្រោះជាតិ​ក្នុងឆ្នាំ​ ​២០១៧​ ​បាន​ធ្វើ​ឱ្យ​បក្សកាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ទទួល​ជ័យជម្នះក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​បន្ទាប់​ដោយ​គ្មាន​បក្ស​ជំទាស់។​ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពីទណ្ឌកម្មលើ​បុគ្គ​ល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ខណៈ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​កិច្ច​អនុ​គ្រោះពន្ធ​ ​EBA​ពី​កម្ពុជា។​

កាល​ពី​សប្តាហ៍​កន្លងទៅ​ការប្រកាស​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​ក៏បាន​ធ្វើឱ្យ​រដ្ឋាភិ​បាល​លោក​ ​ហ៊ុន សែន​ ​បង្ហាញ​ពី​ភាព​មិន​សប្បាយ​ចិត្ត​ផង​ដែរ។​

​លោក​ ​ឈាង វណ្ណារិទ្ធ​ ព្យាករណ៍​ថា ​ចំណង​រវាង​ចិន​ ​និង​កម្ពុជា​នឹង​កាន់​តែ​មាន​ភាព​រឹង​មាំ​ខ្លាំង​ជាង​មុន​នា​ពេល​អនាគត​ ​ប៉ុន្តែ​ដើម្បី​សម្រេច​ការណ៍​នេះ​ឲ្យ​បាន​គឺ​ត្រូវ​មាន​ការ​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា​ទៅ​ចិន​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ នឹង​ប្រជាជន។

«ខ្ញុំ​គិត​ថានិន្នាការ​នឹង​កើន​ឡើង​ខ្លាំង​ពី​ព្រោះ​ថា​បច្ចុប្បន្ន​ យើង​ឃើញ​ថា​ ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម មាន​អ្នក​មក​វិនិយោគ​ច្រើន។ ក៏​ប៉ុន្តែ​បើ​យើង​មើល​ជា​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​មាន​កម្រិត​។ ចិន​មិន​ទាន់​ក្លាយ​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កម្ពុជា​នៅ​ឡើយទេ។ ដូច្នេះ​ចំណុច​ខ្វះខាត​នៅ​មាន​ច្រើន​ណាស់។​ ​ហើយ​ទំនាក់ទំនង​ប្រជាជន​ និង​ប្រជាជន​នៅ​ខ្វះខាត​ច្រើន​ដែរ។ ប្រជាជន​កម្ពុជា​ភាគច្រើន​ គាត់​មិន​សូវ​ចូលចិត្ត​ចិន​ទេ ដោយសារ​តែ​មាន​បញ្ហា​នៅ​ក្រុង​ព្រះសីហនុ ហើយ​ជនជាតិ​ចិនគាត់មក​កម្ពុជា គាត់​អត់​គោរព​ច្បាប់​កម្ពុជា មិន​គោរព​វប្បធម៌ និង​ប្រជាជន​ក្នុង​មូលដ្ឋាន​ហ្នឹង​ វា​ធ្វើ​ឲ្យ​ប៉ះពាល់ រឿង​ទំនាក់ទំនង​ប្រជាជន​ និង​ប្រជាជន»។

ស្តែង​ចេញ​ពី​ទំនាក់ទំនងរវាង​កម្ពុជា​ ​និង​ចិន​ ​លោក​ ​ឈាង វណ្ណារិទ្ធ​ ​បាន​លើក​ឡើង​ថា​កម្ពុជា​បាន​ទទួល​ផល​ចំណេញ​ផ្នែក​ឱកាស​ការងារ​ ​និង​ភូមិសាស្រ្ត​នយោបាយ។​ ​ប៉ុន្តែ​ចំពោះ​ផល​អវិជ្ជមាន​វិញ លោក​បាន​សង្កត់​ធ្ងន់​ពី​ផល​ប៉ះពាល់មិន​បាន​គ្រោង​ទុក​ ដែល​កើត​ចេញ​ពី​កង្វះខាត​ការ​គ្រប់គ្រង​ឲ្យ​បាន​ដិតដល់​នៅ​តាម​មូលដ្ឋាន។

ចំណែក​ ​លោក​ ​មាស នី​ ​អ្នក​វិភាគ​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា ​បាន​និយាយ​ថា​ ​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ងាក​ទៅ​រក​ចិន​គឺ​ ​ដោយសារ​តែ​ជំនួយ​ពី​បស្ចិម​លោក​មាន​ជាប់​លក្ខខណ្ឌ​ស្មុគស្មាញ​ច្រើន​ ​ហើយ​កញ្ចប់​ថវិកា​ពី​ចិន​មិនមាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ​ច្រើន។

«អញ្ចឹង​ពេល​នោះ​គឺ​ គ្រាន់​តែ​ជា​ការ​ដោះបន្ទុក​ នៃ​ការ​ងាក​ចេញ​ពី​ការ​ទទួល​ជំនួយ​ពី​បស្ចឹម​ប្រទេស​ ហើយ​ងាក​ទៅ​រក​ជំនួយ​ពី​ចិន​ដោយ​រដ្ឋាភិបាល​កម្ពុជា​ គាត់​គិត​ថា​លុយ​មក​ពី​ចិន​ជា​លុយ​ដែល​គ្មាន​លក្ខខណ្ឌ​ហើយ​ជា​លុយ​ស្រួល​ចាយ»។​

លោក​ ​មាស នី​ ​បាន​បន្ត​ថា​នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ចិន​កាន់​តែ​ជិត​ស្និទ្ធ។​ ការ​ផ្តល់​ដី​សម្បទាន​ ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​មួយ​ចំនួន​ទៅ​លើ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​រដ្ឋាភិបាល​ធ្លាក់ចុះ។

«ពេល​ដែល​កម្ពុជា​ចាប់​ផ្តើម​ទំនាក់ទំនង​ជាមួយ​ចិន​កាន់​តែ​ជិត​ស្និទ្ធ​ ពេល​នោះ​គឺ​យើង​ឃើញ​មាន​វត្តមាន​នៃ​វិនិយោគទុន​ចិន​ហ្នឹងបណ្តើរៗ​ ហើយ​ពិសេស​ចាប់​ផ្តើម​ជាមួយ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ដំបូង ក្រោយ​ពី​យើង​មាន​ច្បាប់​អនុម័ត​រួចហើយ។​ ​ពេល​នោះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្លាក់​ដោយសារ​តែ​ការ​វិនិយោគ​ទុន​ទាំង​អស់​នោះ​គឺ​ភាគច្រើន​មិន​សូវ​បាន​មាន​ធ្វើ​ការ​សិក្សា​អំពី​ផលប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​ ​ពិសេសទៅ​លើ​ពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​ ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​នេះ»។

លោក​ ​មាស នី​ ​បាន​បន្ថែម​ថា៖​

«ហើយ​បន្ទាប់​ពី​មាន​ការ​ធ្លាក់​នូវ​ប្រជាប្រិយភាព​ សព្វថ្ងៃ​នេះ គឺ​ឈាន​ទៅ​រក​កា​រ​ធ្វើ​អី​សព្វបែប​យ៉ាង​ទាំង​អស់​ គឺ​ដើម្បី​ការពារ​អំណាច​ និង​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ ដែល​អាច​ឲ្យ​រដ្ឋាភិបាល​ឈរ​ជើង​បាន​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជាប្រិយភាព​របស់​ខ្លួន​កាន់​តែ​ធ្លាក់​ចុះ»។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ​ទៅ​កាន់​ប្រទេស​ចិន​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​អះអាង​ថា​លោក​មិន​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា​នោះ​ទេ​ ​ក្នុង​ពេល​មេដឹកនាំ​កម្ពុជា​រូប​នេះ​ជួប​ក្រុម​ធុរកិច្ច​អាស៊ាន​អឺរ៉ុប​នៅ​មុន​ពេល​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​ក្នុង​ក្រុង​ប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ិក​ ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។យ៉ាងណា​ក៏​ដោយសហភាព​អឺរ៉ុបបាន​ប្រកាស​ពីការ​យកពន្ធ​លើ​អង្ករ​កម្ពុជា​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ខណៈ​ការ​ដក​កម្ពុជា​ពី​កិច្ច​អនុ​គ្រោះពន្ធ EBA​ ​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ៕

XS
SM
MD
LG