ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ប្រកាស​ថា​ ចិន​សន្យា​ផ្តល់​ជំនួយ​ជិត​៦០០​លាន​ដុល្លារ​ ​និង​ទិញ​អង្ករ​ពី​កម្ពុជា​៤០​ម៉ឺន​តោន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចាប់​ដៃ​គ្នា​នៅ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​ស្តីពី​ទំនាក់ទំនង​និង​ការ​កសាង​ជំនឿ​ទុក​ចិត្ត​នៅ​តំបន់​អាស៊ី (CICA) ក្នុង​ទីក្រុង សៀងហៃ កាល​ពី​ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ​២០១៤។ (AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចាប់​ដៃ​គ្នា​នៅ​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​៤​ស្តីពី​ទំនាក់ទំនង​និង​ការ​កសាង​ជំនឿ​ទុក​ចិត្ត​នៅ​តំបន់​អាស៊ី (CICA) ក្នុង​ទីក្រុង សៀងហៃ កាល​ពី​ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ​២០១៤។ (AP)

រដ្ឋាភិបាល​ចិន​សន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​៦០០​លាន​ដុល្លារ​ និង​នាំ​​ចូល​អង្ករ​ចំនួន​៤០​ម៉ឺន​តោន​ពី​កម្ពុជា​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា ​និង​ចិន។​ ​ការ​ប្តេជ្ញា​​​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​ការ​យក​ពន្ធ​លើ​ស្រូវ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប ​និង​លទ្ធភាព​នៃ​ការ​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ​EBA។

រដ្ឋាភិបាល​ចិន​សន្យា​នាំ​ចូល​អង្ករ​ខ្មែរ​ចំនួន​៤០​ម៉ឺន​តោន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ចិន​ឱ្យ​ដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ ​និងផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​ជិត​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា។​ ​នេះបើ​យោង​តាម​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់លោកហ៊ុន សែន។

ការ​សន្យា​របស់​ប្រទេស​ចិន​កុម្មុយនីស្ត​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​ប្រធានាធិបតី​ចិន​លោក ​ស៊ី ជីនពីង​ ​នៅ​ថ្ងៃ​ចន្ទ ទី២១ កន្លងទៅ​នេះ​ ​ដែល​ជា​ថ្ងៃ​ទី៣​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈពេលបួន​ថ្ងៃ​របស់​លោកហ៊ុន សែនទៅ​កាន់​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន។​

ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកហ៊ុន សែន​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ប្រធានាធិបតី​ចិន​ ​លោក​ ស៊ី ជីនពីង ​បាន​ប្រាប់​លោក​ក្នុង​ជំនួប​ទ្វេភាគី​ថា​ ​ចិន​នឹង​នៅ​តែ​បន្ត​ពង្រឹង​ចំណង​ទាក់​ទង​ទ្វេភាគី​ជា​មួយ​កម្ពុជា​ឱ្យ​ដល់«កម្រិតមួយ​ដែល​ខ្ពស់​បំផុត»ដែល​ខុស​ពី​ប្រ​ទេស​ផ្សេងៗ​ ​ហើយ​ចិន​នឹង​ជួយ​ជ្រោម​ជ្រែង​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា។​ ​លោក​ហ៊ុន សែន​បាន​ន្ថែម​ថា​ ​លោក ​ស៊ី ជីនពីង បាន​សន្យា​ថា ​នឹង​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន៤០​ម៉ឺន​តោន​ ​ជួយ​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​ដល់​១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០២៣​តទៅ​ និងផ្តល់​ជំនួយ​ឥត​សំណង​ជិត៦០០​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​រយៈពេល​បីឆ្នាំ ​ដែលចាប់​ពី​ឆ្នាំ២០១៩​នេះ​ត​ទៅ។

លោក​ហ៊ុន សែន​បាន​ស្រង់​សម្តី​របស់លោក​ស៊ី ជីងពីងនៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​យ៉ាង​ដូច្នេះ៖​

​«ឯកឧត្តមបន្ត​ថា​ ​បច្ចុប្បន្ននេះ​ ​បើ​ទោះ​បីជា​ទំនាក់​ទំនង​អន្តរជាតិ ​មាន​ការ​ប្រែប្រួល​ក៏​ពិត​មែន​ ​ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ចិន​ ​និង​កម្ពុជាគឺ​ពិត​ជា​បាន​ផ្តល់​នូវ​ ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី​គ្នា​ទៅ​វិញ​ទៅ​មក។​ តាម​រយៈ​នេះ ​ចិន​នឹង​បន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការជា​មួយ​កម្ពុជា​ ​ពិសេស​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍប្រទេស​កម្ពុជា​កាន់​តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត»។​

ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិនកើត​ឡើង​ស្រប​ពេល​ដែល​សហ​ភាព​អឺរ៉ុបប្រកាស​យក​ពន្ធ​អង្ករ​នាំចូលពីកម្ពុជា​រយៈ​ពេល​បី​ឆ្នាំ​ និង​កំពុង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ដក​កម្ពុជា​ចេញ​ឋានៈ​អនុគ្រោះ​ពន្ធ​លើ​អ្វីៗ​គ្រប់យ៉ាងលើក​ឡើង​តែ​អាវុធ​ ឬEBA។​

ការ​យក​ពន្ធ​លើ​ការ​នាំ​អង្ករ​កម្ពុជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​ប្រកាស​ឡើង​ភ្លាមៗ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ​ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ខក​ចិត្ត​យ៉ាង​ខ្លាំង​ និង​ប្រកាស​ថា​ ​កម្ពុជា​ខាត​បង់​ប្រាក់​ប្រមាណ៥០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗពី​ការ​ដាក់​ពន្ធ​ថ្មី​នេះ។​

លោក​គី សេរីវឌ្ឍន៍​ ​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ​បាន​ចាត់​ទុក​ការ​អនុញ្ញាត​របស់​ចិន​ឲ្យ​កម្ពុជា​នាំ​អង្ករ​ចូលទៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន​ចំនួន​៤០​ម៉ឺន​តោន​នោះ​គឺជា​ការ​ផ្តល់​អំណាច​ដល់​កសិករ​នៅ​កម្ពុជា​និង​បង្កើន​ជម្រើស​នាំ​ចេញរបស់​កម្ពុជា។​ កាលពី​ពេល​កន្លង​មក​ ​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​មាន​តែ​បី​ធំៗ​ប៉ុណ្ណោះ​រួម​មាន​ថៃ​ ​វៀតណាម​ ​និង​អឺរ៉ុប។​

លោក​សេរីវឌ្ឍន៍​បាន​និយាយ​ថា៖​

«ចិន​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​នាំ​អង្ករ​ចេញ៤០​ម៉ឺន​តោន​នេះគឺ​ជាការ​បើក​ទំព័រ​មួយ​ថ្មី​ ​ មាន​ន័យ​ថា​ គឺ​ជាការ​បើក​ឥទ្ធិពល ​ឬ​ក៏​អំណាច​នៃ​ប្រទេស​នាំ​ចេញ​ហ្នឹង​មាន​អំណាច​នៅ​ក្នុង​ការ​កំណត់​ថ្លៃ​ច្រើន​ជាង​មុន​ ​មាន​ន័យ​ថា ​មាន​ជម្រើស»។​

ទាក់ទិន​នឹង​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ លោក​គី សេរី​សេរីវឌ្ឍន៍​បាន​លើក​ឡើង​ថា ​គឺ​មាន​ទាំង​ផល​វិជ្ជមាន​ ​និង​អវិជ្ជមាន។ ​ចំពោះ​ផល​វិជ្ជមាន​ លោក​សេរីវឌ្ឍន៍​បាន​សង្កត់ធ្ងន់​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ​ប៉ុន្តែ​ផល​អវិជ្ជ​មាន​គឺ​ការ​នាំ​យក​ជនជាតិ​ចិន​មក​ធ្វើ​ការ​សាងសង់​ ​និង​គុណ​ភាព​នៃ​សំណង់។

លោក​បាន​និយាយ​ថា៖​

«ធម្មតា​កាល​ណា​ គេ​ផ្តល់​ជំនួយ​ឥត​សំណង​ វា​ជា​ចំណុច​មួយ​ល្អ​សម្រាប់​កម្ពុជា​ យក​មក​ធ្វើ​ហេដ្ឋារចនា​សម្ព័ន្ធ។​ ​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​ហ្នឹង​ ​យើង​បាន​ជំនួយ​គេ​មែន​ តែ​ការ​ផលិត​ផ្លូវ​អស់​ហ្នឹង​គឺ​ប្រើ​ប្រាស់​កម្មករ​របស់​ចិន ​ប្រើប្រាស់​ក្រុមហ៊ុន​របស់​ចិន។ ​ហើយ​គុណភាព​នៃ​ផ្លូវ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ទទួល​យក​បាន​ពី​សំណាក់ប្រជា​ពលរដ្ឋ​ ដែល​យើង​ឃើញ​បទ​ពិសោធន៍​កន្លង​មក។​ ​ជា​បន្ត​ទៅ​ទៀត​នេះ ​យើង​មិន​ដឹង​ថា​ ​តើ​គុណភាព​នៃ​ការ​ធ្វើ​ផ្លូវ​ហ្នឹង​ វា​បាន​ធ្វើ​ការ​វិវត្ត​ទៅ​កម្រិត​ណា​ទេ»។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែនបាន​លើក​ឡើង​ថា​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីងពីង ​បាន​និយាយ​ពី​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​ក្របខណ្ឌផ្លូវ​ក្រវ៉ាត់​ពាណិជ្ជ​កម្ម​ចិន​ក្នុង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​កម្រិត​តំបន់​ និង​អន្តរជាតិ។

លោក ​គី សេរីវឌ្ឍន៍​ ចាត់​ទុក​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​ចិន​ជា​ការ​បង្កើន​ឥទ្ធិពល​មួយ​សម្រាប់​កម្ពុជា​នៅ​លើ​ពិភព​លោក​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​មិន​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា។​ ​លោកបាន​បន្ថែម​ថា​ ​កម្ពុជា​ត្រូវការ​ចិន​ជា​ជន្ទល់​ដើម្បី​ការពារ​ការ​គំរាម​កំហែង​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ​គេ​សង្កេត​ឃើញ​មាន​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ចិន​យ៉ាង​ច្រើន​នៅ​ក្នុង​វិស័យ​សំណង់​ ​និង​អាជីវ​កម្ម​ផ្សេងៗ​ ​ជាពិសេស​នៅ​ខេត្ត​ព្រះ​សីហនុ​ ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បារម្ភ​អំពី​អស្ថិរភាព​តម្លៃ​អចលន​ទ្រព្យ និង​ភាព​អនា​ធិបតេយ្យ​នានា​ពី​លំហូរ​ចូល​នៃ​ជនជាតិ​ចិន៕

XS
SM
MD
LG