រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រតិកម្មទៅនឹងមន្ត្រីអនុវត្តច្បាប់ ដែលបានប្រើអំពើហិង្សាលើអ្នកបំពានបម្រាមបិទខ្ទប់រាជធានីភ្នំពេញ ដោយលោកបញ្ជាកុំឲ្យប្រើអំពើហិង្សាតទៅទៀត។
លោក ស ខេង បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី២១ ខែមេសា ស្របពេលដែលមានការបង្ហោះវីដេអូនិងរូប ភាពនៃការប្រើរំពាត់វាយលើប្រជាពលរដ្ឋដែលនៅបន្តចេញក្រៅផ្ទះ មិនគោរពតាមវិធានការបិទខ្ទប់ក្នុងក្រុងរយៈពេល ២ សប្តាហ៍ ដែលនឹងបន្តដល់ថ្ងៃទី ២៨ ខែមេសា។
ក្នុងលិខិតនោះ លោក ស ខេង បានកោតសរសើរកម្លាំងនគរបាលនិងកម្លាំងសន្តិសុខផ្សេងទៀតដែលខិតខំអនុវត្តវិធានការបម្រាមបិទទីក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ក៏ប៉ុន្តែលោកស្នើឲ្យមន្ត្រីអនុវត្តច្បាប់ទាំងនោះប្រកាន់នូវ «ការអត់ធ្មត់ខ្ពស់» ដោយបញ្ចៀសការប្រើអំពើហិង្សា។
លោក ស ខេង លើកឡើងថា៖ «អាជ្ញាធរពាក់ព័ន្ធនិងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យអាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជាឬវិធានការនានារបស់រាជរដ្ឋាភិបាល»។
បើតាមឃ្លីបវីដេអូមានរយៈពេលជាង ៤ នាទីដែលគេចែករំលែកតគ្នានៅតាមប្រព័ន្ធសង្គមហ្វេសប៊ុក កាលពីថ្ងៃពុធ គេឃើញកម្លាំងនគរបាលមួយចំនួនបានប្រើរំពាត់ផ្តៅដេញវាយក្រុមពលរដ្ឋ ដែលទំនងជាកម្មករនៅពេលពួកគេរាប់សិបនាក់ដើរតាមដងផ្លូវ នៅតំបន់រោងចក្រមួយស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងវីដេអូដដែលគេឮសំឡេងអ្នកថតយករូបភាពវីដេអូពណ៌នាអំពីការចែកអំណោយផង និងការព្រមានចាប់ខ្លួនជនដែលលើកទឹកចិត្តកម្មករឲ្យតវ៉ាទាមទារការឧបត្ថម្ភថវិកា។ អ្នកថតវីដេអូរូបនោះបានថតយករូបភាពបណ្តើរ និងអធិប្បាយបន្ថែមគំរាមក្រុមកម្មករបណ្តើរ ដោយប្រើពាក្យ «ចាប់ឲ្យជាប់» មេខ្យល់នាំឲ្យមានការតវ៉ាដោយថា «អំណោយ» ត្រូវចែកឲ្យហើយនៅចង់បានលុយទៀត។
ក្រៅពីឃ្លីបវីដេអូនេះមានឃ្លីបវីដេអូមួយចំនួនទៀតត្រូវគេចែករំលែកតាមប្រព័ន្ធសង្គមហ្វេសប៊ុក ដោយឃើញមន្ត្រីប៉ូលិសជិះម៉ូតូយករំពាត់ផ្តៅវាយអ្នកដើរចែកទំនិញជាភេសជ្ជៈនៅតាមផ្ទះពលរដ្ឋ និងលើកគំរាមនៅចំពោះមុខពលរដ្ឋដែលកំពុងស្ថិតនៅទីតាំងបិទខ្ទប់ ឬមន្ត្រីសន្តិសុខខ្លះយកដំបងមកវាយអ្នកដើរតាមដងផ្លូវនៅទីតាំងហាមឃាត់ការធ្វើដំណើរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានច្រានចោលថា មានការប្រើរំពាត់វាយលើប្រជាពលរដ្ឋ។ ប៉ុន្តែ លោកថាកម្លាំងនគរបាលគ្រាន់តែបានប្រើរំពាត់នោះជាការព្រមានតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «យើងក៏មិនទៅយកទៅធ្វើបាបប្រជាពលរដ្ឋ ដែលគាត់ស្លូតត្រង់ដែរគ្រាន់តែយកទៅកំញើញហើយគំរាមជាជំហានដំបូង សម្រាប់អ្នកដែលគាត់មិនស្តាប់ទេ ជាពិសេសគឺនៅក្នុងតំបន់ក្រហម ហើយនិងតំបន់ដែលងាយរងគ្រោះហ្នឹង។ អ្វីដែលសំខាន់ បើគាត់មិនស្តាប់ យើងមានលិខិតអស់ហើយតើ បើថាគាត់មិនស្តាប់ទេ យើងចាប់យកទៅអនុវត្តតាមផាកពិន័យអន្តរកាល ឬក៏ដាក់បញ្ជូនទៅតុលាការទៅកសាងសំណុំរឿងទៅ។ យើងមានអាអស់ហ្នឹងហើយតើយើងត្រូវមានធ្វើអីច្រើនទៀត»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការបកស្រាយរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនអាចទទួលយកបានទេ បើយោងទៅលើរូបភាពនិងវីដេអូដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែកតៗគ្នា កាលពីពេលថ្មីៗនោះ។
លោកបញ្ជាក់ថា៖ «បើយើងពិនិត្យមើលក្នុងរូបភាពដែលវីដេអូវាយនោះ ដូចជាមិនមែនរឿងដែលបង្អើលទេ។ យើងមើលឃើញរូបភាពហ្នឹង គឺប្រើដំបងវាយបើសន្តិសុខនោះ គឺប្រើដំបងឈើមួយដែលអ្នកខ្លះគេហៅដំបងក្តគោ។ អីចឹងទៅ ណាហ្នឹងវាមិនមែនជារឿងបង្អើលទេ។ អាការលើកឡើងហ្នឹងវាហាក់ដូចជាអត់ស្របជាមួយនឹងរូបភាពដែលក្រុមសន្តិសុខទាំងអស់ហ្នឹងបានប្រើទៅលើប្រជាពលរដ្ឋទេ»។
លោកបន្ថែមថា ការប្រើហិង្សាដោយគឃ្លើនយ៉ាងដូច្នេះ អាចធ្វើឲ្យប្រជាពលរដ្ឋមានការឆ្លើយដោយអំពើហិង្សាវិញ ដូចករណីនៅប្រទេសឥណ្ឌា ដែលដើមឡើយកម្លាំងសន្តិសុខបានយករំពាត់ឈើវាយពលរដ្ឋ កុំឲ្យចេញដើរពីលំនៅដ្ឋានតាមតែអំពើចិត្ត តែក្រោយមក ពលរដ្ឋឥណ្ឌាបានតបតវិញហើយករណីឆ្លងរឹតតែរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។
ចាប់តាំងពីថ្ងៃទី ១៥ ខែមេសា ដែលជាថ្ងៃអនុវត្តវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល កម្លាំងនគរបាលបានចាប់ខ្លួនមនុស្សមួយចំនួនដែលបំពានបម្រាមប្រឆាំងជំងឺកូវីដ១៩ ក្នុងនោះមានការជួបជុំគ្នាផឹកស៊ី ការបន្តធ្វើដំណើរចេញក្រៅផ្ទះ និងការកាត់ខ្សែឃាំងក្នុងតំបន់ការពារជាដើម។ អ្នកមួយចំនួនត្រូវបានកាត់ទោសជាប់ពន្ធនាគារ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោស និងទទួលការអប់រំជាដើម។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងកាលពីថ្ងៃពុធថាមនុស្សជាង ១០០ នាក់ ទទួលការផាកពិន័យជាប្រាក់ គិតត្រឹមថ្ងៃពុធ ដោយសារតែនៅបន្តធ្វើដំណើរចេញពីផ្ទះ ដោយពុំមានការចាំបាច់។
មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកលោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលគួរពិចារណាបញ្ឈប់ការចាប់បញ្ជូនមនុស្សទៅប្រឈមនឹងការកាត់ទោសនៅតុលាការ ដោយសារវាអាចបង្កហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ដល់អ្នកជាប់ឃុំឯទៀតហើយរដ្ឋាភិបាលនឹងចំណាយបន្ថែមនៅពន្ធនាគារ។
លោកលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអំពីការវិវឌ្ឍនៃវិធានការផ្សេងៗរបស់រដ្ឋាភិបាលឲ្យបានដល់ពលរដ្ឋមូលដ្ឋាន ជាពិសេសសម្រាប់អ្នកស្ថិតក្នុងតំបន់រឹតបន្តឹងខ្លាំង ឬ «តំបន់ក្រហម» ដើម្បីបញ្ចៀសការមិនយោគយល់គ្នា។
មន្ត្រីសិទ្ធិមនុស្សរូបនោះបន្ថែមថា កម្លាំងអនុវត្តច្បាប់ក៏គួរប្រើការសួរនាំចរចានិងអប់រំជាមួយពលរដ្ឋជាជាងការប្រើអំពើហិង្សា ឬប្រើផ្លូវតុលាការមកដោះស្រាយបញ្ហានៅចំពោះមុខនោះ៕