មនុស្ស៦នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទថាពួកគេផឹកស៊ីជុំគ្នា បំពានវិធានការបិទខ្ទប់រាជធានីភ្នំពេញ ដែលនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែមេសា។
បើតាមព័ត៌មាននៅលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បុរស៦នាក់ដែលផឹកស៊ីជាក្រុមត្រូវបាននគរបាលចាប់ខ្លួន ដោយចោទថាពួកគេបានជួបជុំផឹកស៊ី ល្មើសនឹងច្បាប់«ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច» នៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ ពួកគេត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមេសា ហើយត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ។
នេះជាការឃាត់ខ្លួនមនុស្សបន្ថែមទៀតបញ្ជូនទៅតុលាការ ក្នុងពេលបិទខ្ទប់ទីក្រុងភ្នំពេញ។ កាលពីចុងសប្តាហ៍ តុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់មនុស្សយ៉ាងតិច៤នាក់ រួចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការផឹកស៊ីជុំគ្នា និងការបន្តបើករថយន្តនៅលើផ្លូវ ដោយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
ចំណែកករណីមួយទៀត បុរសម្នាក់ទៀតត្រូវបានចាប់ខ្លួន ដោយសារយកកូនកាំបិតកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ បុរសម្នាក់នេះត្រូវបានចៅក្រមជំនុំជម្រះលោក ឡុង វណ្ណា កាលពីចុងសប្តាហ៍ ផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ តាមមាត្រា១១នៃច្បាប់ស្តីពីកូវីដ១៩។
VOAមិនទាន់អាចសុំការឆ្លើយតបពីលោក គុជ គឹមឡុង អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបានទេនៅថ្ងៃពុធនេះ។
មាត្រា១១នៃច្បាប់ស្តីពីកូវីដដែលចែងថាអំពើការរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ។ ប្រសិនបើត្រូវបានរកឃើញថាមានកំហុស ពួកគេក៏ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ពី៥០០ដុល្លារទៅ២.៥០០ដុល្លារអាមេរិក។
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថាគិតចាប់តាំងពីថ្ងៃទី១៥ ខែមេសាមកដល់រសៀលថ្ងៃពុធនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រមាណ១៣០នាក់ ដែលក្នុងនោះមាន៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនកាលពីចុងសប្តាហ៍។
លោកបន្ថែមថាសមត្ថកិច្ចបានបញ្ជូនមនុស្សចំនួន១១នាក់បន្ថែមទៀតទៅតុលាការ ដែលក្នុងនោះមាន៥នាក់ទទួលការអប់រំ និងហើយ៦នាក់ទៀតដែលស្ថិតក្នុងសំណុំរឿងផឹកស៊ីជុំគ្នា កំពុងត្រូវបានតុលាការសាកសួរ។ លោកឲ្យដឹងទៀតថាមនុស្សជាង១០០នាក់ ទទួលការផាកពិន័យជាប្រាក់ ដោយសារតែការធ្វើដំណើរចេញពីផ្ទះ ដោយពុំមានការចាំបាច់។ ចំណែកមនុស្សមួយចំនួនទៀត ក៏ទទួលការអប់រំផងដែរ ដោយមិនបញ្ជូនសំណុំរឿងទៅតុលាការនោះទេ។
អ្នកនាំពាក្យរូបនោះបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការនៃការបិទខ្ទប់ទីក្រុងនេះ ដោយស្នាក់នៅផ្ទះ បើមិនមានការចាំបាច់ទៅក្រៅ។
លោកប្រាប់VOAថា៖ «អញ្ចឹងសូមបងៗមេត្តាយោគយល់ករណីនេះ ហើយមេត្តានៅផ្ទះតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសម្រេចរបស់សាលារាជធានី។ អញ្ចឹងសូមចូលរួមសហការឲ្យបានច្រើនបំផុត។ នៅពេលដែលមានការចូលរួមសហការឲ្យបានច្រើនបំផុត អញ្ចឹងវិធានការនៃការទប់ស្កាត់ វាអាចថមថយពីមួយថ្ងៃទៅមួយថ្ងៃ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថាសង្គមស៊ីវិលមានការព្រួយបារម្ភតាំងពីដើមមកនៃការផ្សព្វផ្សាយច្បាប់នេះមិនបានទូលំទូលាយនិងការអនុវត្តលឿនពេក ដែលនាំឲ្យប្រជាពលរដ្ឋមិនបានដឹង ហើយមិនបានចូលរួមអនុវត្ត។ លោកជំរុញឲ្យមានការផ្សព្វផ្សាយបន្តទៀតដល់ប្រជាពលរដ្ឋ។លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ១៩នេះ។
លោកមានប្រសាសន៍ថា៖ «ចំណុចដែលប្រទាំងប្រទើសដូចខ្ញុំបានលើកឡើងអញ្ចឹងថាតើពលរដ្ឋគាត់បានយល់គ្រប់គ្រាន់ហើយឬនៅអំពីច្បាប់កូវីដ១៩ ហើយនិងអនុក្រឹត្យ? តើយើងបានផ្សព្វផ្សាយបានទូលំទូលាយហើយឬនៅ?»។
ការចាប់ខ្លួន ចោទប្រកាន់និងកាត់ទោសនេះ ក៏កើតមាននៅតាមខេត្តមួយចំនួនផងដែរ។ តួយ៉ាងក្នុងខេត្តកំពង់ចាម បុរសម្នាក់ដែលមានឈ្មោះ យន់ ស៊ាងហ៊ី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែមេសា និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ កាលពីថ្ងៃទី២០ ខែមេសា ពាក់ព័ន្ធនឹងការផឹកស៊ីពេលយប់និងជេរប្រមាថសមត្ថកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តកំពង់ចាម៕