ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ជំនួស​ជំនួយ​ជា​ទឹក​ប្រាក់​៣០​ម៉ឺន​រៀល​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ សម្រាប់​អ្នក​ត្រូវ​ធ្វើ​ចត្តាឡីស័ក


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស់ ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​លុប​ចោល​ជំនួយ​ជា​ទឹក​ប្រាក់​៣០​ម៉ឺន​រៀល​ក្នុង​ម្នាក់​ឬ​មួយ​គ្រួសារ​ សម្រាប់​បុគ្គល​ដែល​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ដោយ​លើក​ហេតុផល​ថា​រដ្ឋាភិបាល​មិន​អាច​ចែក​ប្រាក់​នេះ​តទៅទៀត​បាន​ទេ ដោយ​សារ​ចំនួន​អ្នក​ដែល​ឆ្លង​កូវីដ​១៩​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែ​កើនឡើង។

ប៉ុន្តែ លោក ហ៊ុន សែន​ ថ្លែង​ថា​លោក​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​បង្វែរ​ជំនួយ​ជា​ប្រាក់​នេះ​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ​ដូចជា​អង្ករ ត្រីខ មី ទឹកត្រី​ និង​ទឹក​ស៊ីអ៊ីវ​ជាដើម«ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេង​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​បាន​បង្ហោះ​តាមទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃ​អង្គារ។

ការ​ប្រកាស​ចុងក្រោយ​បំផុត​នេះ​ធ្វើ​ឡើង ​ខណៈ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​កើនឡើង​កាន់​តែ​ខ្លាំង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ចាប់​តាំង​ពី​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​នេះ​ក្នុង​សហគមន៍​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​មក។

លោក ហ៊ុន សែន​ ថ្លែង​តាម​សារ​ជា​សំឡេង​នោះ​ថា៖

«៣០​ម៉ឺន​រៀល​វា​មិន​ធំ​ទេ​សម្រាប់​បងប្អូន​ប៉ុន្តែ​វា​ធំ​សម្រាប់​រាជរដ្ឋាភិបាល​ផ្គត់ផ្គង់​ទូទាំង​រាជធានី​ភ្នំពេញ ព្រោះ​ត្រូវ​ជាប់​នូវ​ចត្តាឡីស័ក​និង​បម្រាម​ដូចៗ​គ្នា»។

គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​១៩​សរុប​ទូទាំង​ប្រទេស​ចំនួន​៤៩​នាក់ និង​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​៧.៤៤៤​នាក់​រួម​ទាំង​អ្នក​ឆ្លង​ក្នុង​សហគមន៍​ក្នុង​«ព្រឹត្តិការណ៍​២០ កុម្ភៈ»​ចំនួន​ជិត ៧ ​ពាន់​នាក់​ផង។

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា​រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ជា​សាច់​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ អ្នក​ឆ្លង​ជំងឺ​នេះ និង​អ្នក​ដែល​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក។ ​

កាល​ពី​ចុង​សប្តាហ៍​មុន ប្រជា​ពលរដ្ឋ​និង​កម្មករ​រាប់រយ​នាក់​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ផ្ទុះ​ការ​តវ៉ា​ដោយពួក​គេ​អះអាង​ថា​ពួកគេ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ថវិកា​និង​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល ​២​ សប្តាហ៍។ ការណ៍​នោះ​បាន​ញ៉ាំង​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​និង​កម្មករ​ដែល​តវ៉ា​ទាំង​នោះ ដោយក្នុង​មួយ​គ្រួសារ​ទទួល​បាន​ប្រាក់៣០​ម៉ឺន​រៀល​និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ទៀត។ នេះ​បើ​តាម​ក្រុម​អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក៕

XS
SM
MD
LG