ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ កាន់តែមានសភាពតឹងរ៉ឹង ក្នុងនោះមានការរឹតត្បិតការធ្វើដំណើរនិងការរកស៊ីជាច្រើន។ ប្រជាពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីស្បៀងអាហារ ដូចជាអង្ករ ត្រីសាច់ បន្លែ ខណៈពួកគេមិនអាចរកប្រាក់ចំណូលពីមុខរបររបស់ពួកគេបាន។
ប្រជាពលរដ្ឋបានចាប់ផ្តើមរងផលប៉ះពាល់ជាបណ្តើរៗពីការដាក់បម្រាមគោចរពេលយប់ដែលបានធ្វើឡើងតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរ ហើយផលប៉ះពាល់លេចឡើងថែមទៀត ពេលរដ្ឋាភិបាលសម្រេចបិទខ្ទប់ទីតាំងភូមិសាស្ត្រចំនួនពីរគឺទីក្រុងភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ចំនួន២សប្តាហ៍ ដែលចាប់ផ្តើមពីយប់ថ្ងៃទី១៤ ខែមេសាដល់ថ្ងៃទី២៨ ខែមេសា។
បុរសសម្បុរស្រអែម មានរាងក្រអាញបន្តិច លោក ចាន់ សារិទ្ធ អាយុ៣៩ឆ្នាំ ជាជាងជួសជុលម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៣។ លោកប្រាប់វីអូអេថាលោកមិនធ្លាប់ឃើញការបិទខ្ទប់ការធ្វើដំណើរទីក្រុងទ្រង់ទ្រាយធំដូចនេះទេ។ លោកបន្តថាក្នុងនាមជាពលរដ្ឋម្នាក់ លោកមិនអាចជំទាស់នឹងការសម្រេចរបស់រដ្ឋាភិបាលទេ ប៉ុន្តែលោកថាការបិទខ្ទប់ទីក្រុងនេះធ្វើឲ្យប្រាក់ចំណូលប្រចាំថ្ងៃរបស់លោក ថយចុះដល់កម្រិតសូន្យ។
នៅមុនមិនទាន់មានការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ លោកអាចរកបានប្រមាណ២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយចំណេញប្រមាណ៤ទៅ៥ម៉ឺនរៀល។ ប៉ុន្តែឥឡូវនេះ ជាងម៉ូតូរូបនេះរកចំណូលក៏មិនបាន ហើយអ្វីដែលជាការបារម្ភនៅចំពោះមុខនោះ គឺអាហារហូបចុក។
លោកមានប្រសាសន៍ថា៖ «ពិបាកដែរ ម្ហូបអាហារការហូបចុក ខ្ញុំហូបតែមី និងត្រីខពីរថ្ងៃ បីថ្ងៃ ថ្ងៃនេះហើយ»។
ចំណែកពលរដ្ឋម្នាក់ទៀត គឺអ្នកនាង ថេត សាវិន អាយុ២៤ឆ្នាំ ដែលជាអ្នកលក់សម្ភារៈសំណង់និងគ្រឿងម៉ាស៊ីនបូមទឹកក្នុងខណ្ឌពោធិ៍សែនជ័យ ក៏កំពុងបារម្ភអំពីបន្លែសាច់ ដោយសារផ្ទះអ្នកនាងមិនមានឧបករណ៍សម្រាប់រក្សាទុកម្ហូបអាហារយូរថ្ងៃ។ អ្នកនាងទិញបន្លែនិងរបស់របរហូបចុកផ្សេងទៀត តាមអាជីវករដែលដឹកបន្លែសាច់មកលក់ដល់តូបផ្ទាល់។
ជាម្តាយកូនមួយក្នុងបន្ទុកនិងកំពុងអង្គុយក្បែរស្វាមីរបស់អ្នកស្រីក្នុងតូបតូចមួយទំហំប្រមាណ៣គុណ៤ម៉ែត្រ អ្នកនាង សាវិន និយាយថា៖ «ទិញទុកបានខ្លះ ព្រោះអីយើងអត់មានអីទុកស្រួលបួល ហើយកន្លែងផ្ទះតូចចង្អៀតចឹងពិបាក»។
អ្នកនាងក៏បានត្អូញត្អែរអំពីការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។ មុនមិនទាន់មានការបិទទីក្រុង អ្នកនាង ថេត សាវិន និយាយថាគាត់អាចរកបានចំណូលប្រមាណ១០ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយថ្ងៃណាខ្លះក៏បានដល់ទៅ៤០ម៉ឺនរៀល ដែលអាចសល់សម្រាប់សន្សំទុក និងសម្រាប់បង់តូបជួលតម្លៃ២០០ដុល្លារអាមេរិកក្នុងមួយខែ។
«មុខរបររាងតូចចឹង ប្រហែលជាបានបើបានតិចបួនដប់ម៉ឺន[រៀល] ដប់ម៉ឺនគ្រាន់ដោះស្រាយជីវភាព បើបានច្រើន ទៅអាចដល់១០០[ដុល្លារ]»។
កាលពីថ្ងៃទី១៦ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារបញ្ជាអាជ្ញាធរឲ្យក្នុងរយៈពេល១៤ថ្ងៃនេះ ត្រូវទប់ឲ្យបានមិនឲ្យពលរដ្ឋទោះក្នុងឋានៈណាក៏ដោយ ចាកចេញពីផ្ទះ បើមិនមានភារកិច្ចចាំបាច់។
លោក ហ៊ុន សែន ថ្លែងថា៖«ពេលវេលានេះ មិនថាអ្នកធំអ្នកតូច មិនថាអ្នកមាន ឬអ្នកក្រគឺនៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ គឺសំដៅទប់ស្កាត់ កុំឲ្យមានការចម្លងពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ពីទីកន្លែងមួយទៅទីកន្លែងមួយ ហើយភូមិឃុំនៅឯជនបទ នៅខេត្តនានា ត្រូវត្រួតពិនិត្យគ្រប់មនុស្ស ដែលធ្វើដំណើរពីចម្ងាយមកកាន់ភូមិរបស់ខ្លួន ធានាថាភូមិរបស់ខ្លួនមិនមានការរីករាលដាលនៃកូវីដ១៩នោះទេ»។
លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថាបើសិនការឆ្លងមិនថយចុះក្នុងរយៈពេលបិទខ្ទប់ខ្ទប់រហូតដល់ថ្ងៃទី២៨ ខែមេសា ការបិទខ្ទប់អាចនឹងត្រូវបន្តទៀត ហើយអាចឈានទៅដល់តាមបណ្តាខេត្តមួយចំនួនទៀត។
ទោះជាយ៉ាងណា ម្តងហើយម្តងទៀត លោក ហ៊ុន សែន បានប្រកាសកុំឲ្យប្រជាពលរដ្ឋទូទៅបារម្ភរឿងខ្វះខាតស្បៀង ដោយថាការផ្គត់ផ្គង់នៅតាមទីផ្សារ នឹងមិនត្រូវបានបង្អាក់ឡើយ។ ប៉ុន្តែផ្សារដែលស្ថិតក្នុងតំបន់រស់នៅត្រូវបានបិទជាបណ្តោះអាសន្ន ដូចជាផ្សារដើមគ និងផ្សារកណ្តាលជាដើម។
កាលពីចុងសប្តាហ៍មុន ប្រជាពលរដ្ឋនិងកម្មកររាប់រយរយនាក់ បានផ្ទុះការតវ៉ានៅផ្លូវវេងស្រេងត្រង់ចន្លោះខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ពីព្រោះពួកគេប្រឈមមុខនឹងការខ្វះថវិកានិងស្បៀងប្រចាំថ្ងៃ។
ភ្លាមៗនោះ អាជ្ញាធររាជធានីភ្នំពេញបានចុះទៅចែកជូនប្រជាពលរដ្ឋនិងកម្មករដែលតវ៉ានោះ ដោយក្នុងមួយគ្រួសារ ទទួលបានប្រាក់៣០ម៉ឺនរៀលនិងគ្រឿងឧបភោគបរិភោគផ្សេងទៀត។ នេះបើតាមក្រុមអ្នកសង្កេតការណ៍។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធIDEAប្រាប់វីអូអេថាកិច្ចអន្តរាគមន៍កាលពីថ្ងៃសៅរិ៍របស់អាជ្ញាធរាជធានីភ្នំពេញ អាចជួយបានក្នុងគ្រាបិទទីក្រុង១៤ថ្ងៃ។ ប៉ុន្តែលោកជំរុញឲ្យរដ្ឋាភិបាលត្រៀមទុកជាមុន ដើម្បីឆ្លើយតបនឹងវិធានការបិទទីក្រុងបន្ថែមទៀត បើការឆ្លងជំងឺកូវីដ១៩ នៅមិនស្រាកស្រាន្ត។
លោកមានប្រសាសន៍ថា៖ «ដើម្បីកុំឲ្យការខ្វះខាត ខ្ញុំសុំឲ្យរដ្ឋជាពិសេសអាជ្ញាធរដែនដីទាំងអស់ហ្នឹង គឺចុះស្រង់ស្ថិតិមិនថាអ្នកជួលផ្ទះឬអ្នកមានផ្ទះនៅដោយខ្លួនឯងនៅទីតាំងហ្នឹង។ អីចឹងអ្នកនៅទីតាំងកន្លែងណា ត្រូវស្រង់ឈ្មោះទីតាំងកន្លែងហ្នុងឲ្យច្បាស់លាស់ទៅអាចឧបត្ថម្ភជាថវិកា ជាគ្រឿង អាហារហូបចុកប្រចាំឲ្យបានគ្រប់ៗគ្នា។ អាហ្នឹងខ្ញុំគិតថាវាជាដំណោះស្រាយមួយដ៏ល្អ។ ហើយដំណោះស្រាយមួយទៀត គឺរដ្ឋត្រូវពន្យារឬក៏free[មិនយកថ្លៃ]បន្ថែមទៀតនូវការប្រើប្រាស់ថ្លៃទឹកថ្លៃភ្លើង ហើយនិងអន្តរាគមន៍ទៅម្ចាស់ផ្ទះជួលផងដែរ»។
បើតាមលោក វន់ ពៅ រដ្ឋាភិបាលក៏ត្រូវបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋទិញអាហារហូបចុកប្រចាំថ្ងៃ ពីព្រោះមានការរឹតត្បិតខ្លាំង ហើយទំនិញក៏ឡើងថ្លៃផងដែរ។
លោកបន្ថែមថា៖ «អ៊ីចឹងរដ្ឋត្រូវបង្កលក្ខណៈម៉េចរៀបចំឲ្យកន្លែងលក់អាហារជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតែម្តង កុំឲ្យនៅឆ្ងាយៗ ពិបាកឆ្លងពីកន្លែងមួយទៅកន្លែងមួយ។ មិនមែនជារឿងងាយស្រួលទេ ហើយរដ្ឋត្រូវឧបត្ថម្ភ រៀបចំប្រព័ន្ធយ៉ាងណាឲ្យមានការសម្ភារៈ ដែលអាចទិញដូរ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដូចអាហារហូបចុកប្រចាំថ្ងៃ ត្រីសាច់បន្លែ។ល។ជាដើម ហើយអន្តរាគមន៍មួយទៀតទៅលើទំនិញទីផ្សារទាំងអស់កុំឲ្យទំនិញឡើងថ្លៃ ដូចរាល់ថ្ងៃហ្នឹងដូចឡើងថ្លៃពិបាកមែនទែន។ អាលុយរកមិនបានហើយ អាទំនិញឡើងថ្លៃទៀតពិបាកណាស់»។
លោក អាត់ ធន់ មេដឹកនាំនៃសហភាពការងារកម្ពុជា មានប្រសាសន៍ថាទុកកង្វល់ធំរបស់កម្មករគឺប្រាក់ឈ្នួលតិចតួចដែលអនុញ្ញាតឲ្យពួកគាត់រស់បានពីមួយខែទៅមួយខែ។
«នេះគឺជាបញ្ហាធំ។ គាត់មិនមានលុយទេ ហើយគាត់មិនមានអ្វីក្រៅតែពីលុយធ្វើការ សម្រាប់ផ្គត់ផ្គង់មួយខែ ធ្វើការមួយខែ គឺបានមួយខែ ព្រោះសូម្បីតែច្បាប់ការងារក៏បានបញ្ជាក់ដែរ គឺប្រាក់ខែកម្មករគឺជាអាយុជីវិតរបស់គាត់មិនអាចបើកមិនទៀងទាត់ទេសូម្បីតែថៅកែហ្នឹងបើកមិនទៀងទាត់ ក៏ជាកំហុសធ្ងន់របស់ថៅកែដែរ ព្រោះកម្មករមួយខែគឺផ្គត់ផ្គង់មួយខែ។ បើអត់មានអាហ្នឹង គឺគាត់អត់មានអីផ្គត់ផ្គង់ទេ អីចឹងគឺថាពិបាក គឺពិបាកខ្លាំង»។
មេដឹកនាំសហជីពរូបនោះបារម្ភអំពីការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ការងាររបស់កម្មកររោងចក្រកាន់តែច្រើន។
«យើងក៏បារម្ភបញ្ហានៃការចាយវាយនិងការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់គាត់ដែរ។ ហើយរឿងចុងបញ្ចប់ ទីបីមានន័យថាយើងមានការបារម្ភចំពោះការរីករាលដាលហ្នឹង វាអាចរីកទៅកន្លែងផ្សេងទៀត បើសិនជាមិនបានគ្រប់គ្រង ឬក៏ព្យាបាលឬក៏ធ្វើចត្តាឡីស័ក ឬក៏កំណត់មនុស្សឲ្យបានច្បាស់ មនុស្សចេះតែមានការឆ្លងអាចជាបញ្ហាធំ»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅដោយនិរទេសខ្លួននៅឯប្រទេសបារាំង បានរិះគន់សមត្ថភាពរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ លោកបានអធិប្បាយលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែមេសាថាលោក ហ៊ុន សែន បានសម្រេចចិត្តបិទខ្ទប់ទីក្រុងភ្នំពេញយ៉ាងតក់ក្រហល់។
លោកមានប្រសាសន៍ថា៖ «គាត់មិនគួរប្រកាស បិទខ្ទប់ទីក្រុងភ្នំពេញនិងទីក្រុងតាខ្មៅ ចាប់ពីថ្ងៃ ១៥ មេសា ភ្លាមៗអញ្ចឹងទេ ដោយគ្មានបានផ្តល់ព័ត៌មានយ៉ាងតិចមួយសប្តាហ៍មុន ដូចអ្វីដែលគេតែងតែធ្វើនៅប្រទេសដទៃ ដើម្បីចៀសវាងការជ្រួលច្របល់ឥតប្រយោជន៍ ហើយដើម្បីឲ្យប្រជាពលរដ្ឋមានពេលត្រៀមលក្ខណៈ ក្នុងការរៀបចំជីវភាព តាមតម្រូវការថ្មី»។
កាលពីថ្ងៃទី១៧ ខែមេសា កម្មករនិងពលរដ្ឋស្នាក់នៅតាមបន្ទប់ជួលរាប់រយនាក់ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានផ្ទុះការតវ៉ានឹងការបិទខ្ទប់របស់អាជ្ញាធរមិនឲ្យធ្វើដំណើរ។ ការតវ៉ានេះ ធ្វើឡើង ដោយសារកម្មករនិងពលរដ្ឋទាំងនោះប្រឈមនឹងកង្វះថវិកានិងអាហារហូបចុកប្រចាំថ្ងៃ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ ដើម្បីសុំការបញ្ជាក់ពីវិធានការនៅពេលខាងមុខ ដើម្បីបំពេញការខ្វះខាតរបស់អ្នករស់នៅទីក្រុងភ្នំពេញនិងកម្មករ។
កាលពីថ្ងៃទី១៧ ខែមេសា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ដោយជួយផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងគ្រោះនិងប្រឈមជីវភាពក្នុងពេលដែលបិទខ្ទប់ទីក្រុង។ បើតាមសេចក្តីសម្រេច គ្រួសារដែលមានសមាជិកម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀល ពីរទៅបីនាក់ ទទួលបាន២០ម៉ឺនរៀលនិងចាប់ពី៤នាក់ឡើងទៅ ទទួលបាន២៤ម៉ឺនរៀល។ ការឧបត្ថម្ភសាច់ប្រាក់នេះធ្វើឡើងតែមួយលើកគត់ ក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងសហគមន៍ធ្ងន់ធ្ងរ។
លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម មានប្រសាសន៍ថាវិធានការឆ្លើយតបរបស់រដ្ឋាភិបាលមិនមែនជាវិធានការដែលបានត្រៀមទុកជាមុននោះទេ តែជាការឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពជាក់ស្តែងដែលជាហេតុធ្វើឲ្យពលរដ្ឋពិបាកត្រៀមខ្លួនទុកជាមុននិងដែលផ្ទុយពីបណ្តាប្រទេសមួយចំនួនដែលគេបើកសាច់ប្រាក់ឲ្យពលរដ្ឋមុនរួចជាស្រេច មុនការឈានដល់បិទទីក្រុង។
លោកប្រាប់វីអូអេថា៖ «វិធានការនេះគឺធ្វើការឆ្លើយតបភ្លាមៗទេ មិនបានគ្រោងទុកជាមុនទេ តាមដែលមើល ខ្ញុំយល់។ បើសិនមានការគ្រោងទុកពីមុន មានត្រៀមថវិកាអីច្បាស់លាស់ ខ្ញុំគិតថា... ពេលការអនុវត្ត យើងអនុវត្តទៅដោយរលូន។ ប៉ុន្តែនៅពេលនេះ ហាក់ដូចនៅរង់ចាំមើល កាលណាមានអីកើតធ្វើហ្នឹងសិន ដោះស្រាយហ្នឹងសិន ទៅតាមលទ្ធភាពដែលរដ្ឋាភិបាលអាចធ្វើបាន»។
ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ១៩វិញ លោក មាស នី លើកឡើងថាកម្ពុជាបានបើកឲ្យមានការហោះហើរមួយចំនួនចូលប្រទេសនិងបានរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ ប៉ុន្តែការគ្រប់គ្រងនៅទីតាំងធ្វើចត្តាឡីស័ក មានភាពធូររលុង ដោយមានអ្នកគេចចេញ ហើយក្រោយមករកឃើញការឆ្លងក្នុងចំណោមជនជាតិចិន។ ផ្តើមចេញពីហេតុការណ៍ទាំងនេះ កម្ពុជាក៏រកឃើញការឆ្លងសហគមន៍ទ្រង់ទ្រាយធំធ្ងន់ធ្ងរ រហូតដល់បិទខ្ទប់ទីក្រុង។
យ៉ាងណាក៏ដោយ អ្នកតាមដានសង្គមរូបនោះ និយាយថាក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋនិងរដ្ឋាភិបាល ត្រូវសហការគ្នា ដើម្បីទប់ទល់នឹងជំងឺនេះ ដោយមានការយោគយល់គ្នាទៅវិញទៅមក។
ប៉ុន្តែលោកថារដ្ឋាភិបាលមិនអាចមើលរំលងជីវភាពរបស់ពលរដ្ឋឡើយ។
លោក កែវ ប៊ុនចាន់ថន អាយុ៥៥ឆ្នាំ ជាជាងប៉ះកង់តាមបណ្តោយផ្លូវជាតិលេខ៣ និយាយថាការរាំងខ្ទប់មិនឲ្យធ្វើដំណើរ បង្កក្តីបារម្ភសម្រាប់គ្រួសាររបស់លោក ពាក់ព័ន្ធនឹងស្បៀងអាហារ។
«យើងវាគ្រាន់ថាវាកម្សត់ដែរ យើងពិបាកការរក ការទទួលទាន វាពិបាកណាស់»។
អ្នកប៉ះកង់រូបនោះក៏ឃើញការធ្លាក់ចុះចំណូលដល់កម្រិតគួរឲ្យបារម្ភមួយថាខ្វះថវិកាជួលបន្ទប់ស្នាក់នៅនិងបង់សងបំណុលដែលលោកខ្ចីយកមកឲ្យកូនរៀននៅមហាវិទ្យាល័យខាងផ្នែកសុខាភិបាល។
លោកបន្ថែមថា៖ «វាអត់ទៀងទេ ឥឡូវដល់គេបិទចឹង យើងរកបានមួយម៉ឺនពីរម៉ឺនចឹង។ មុននឹងបិទបានប្រាំម៉ឺន[រៀល] ប្រាំមួយម៉ឺន»។
លោក ចាន់ សារិទ្ធ ដែលជាជាងជួសជុលម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៣ ឲ្យដឹងថាលោកឃើញការលំបាករបស់ពលរដ្ឋផ្សេងទៀតដែរ ប៉ុន្តែលោកមិនហ៊ានលើកជាយោបល់ឲ្យរដ្ឋាភិបាលជួយយ៉ាងណាទេ។ ប៉ុន្តែលោកថាអ្វីដែលលោកធ្វើបាននោះ គឺជួយគ្រួសាររបស់លោកជាមុនសិន។
លោកមានប្រសាសន៍ថា៖ «អានេះ និយាយវាឲ្យចំទៅ ខ្ញុំជួយខ្លួនឯង ជួយអត់ទាន់ឈ្នះទេបង ជួយអត់ទាន់កើត»៕