អង្គការពលកម្មអន្តរជាតិ (ILO) បានគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញឲ្យមានការអនុវត្តគោលនយោបាយស្តីពីមុខរបរ និងការងារសម្រាប់រយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដែលគេអះអាងថា មានគោលបំណងបង្កើតឱកាសការងារសមរម្យប្រកបដោយផលិតភាព ពង្រីកមុខជំនាញនានានិងការអភិវឌ្ឍធនធាន មនុស្ស ហើយនឹងការពង្រឹងទីផ្សារពលកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ILO។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា៖
«គោលនយោបាយបានបញ្ជាក់ពីយុទ្ធសាស្ត្រដើម្បីដោះស្រាយការប្រឈមចំពោះការបង្កើតការងារគ្រប់គ្រាន់ដើម្បីឲ្យស្របតាមតម្រូវការយុវជនក្មេងៗកម្ពុជានិងកំណើនពលរដ្ឋ»។
ការប្រកាសរបស់អង្គការ ILO នេះគឺកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសដាក់ឲ្យអនុវត្តគោលនយោបាយស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ នាថ្ងៃទី២២ ខែតុលាកន្លងទៅ។ លោកចាត់ទុកថាជាគោលនយោបាយនេះមានសារៈសំខាន់និងសមស្របជាមួយនឹងស្ថានការណ៍វិវត្តន៍របស់កម្ពុជា។
«ជារួមខ្ញុំពិតជាមានការពេញចិត្តដែលឯកសារគោលនយោបាយជាតិស្តីពីមុខរបរនិងការងារនេះត្រូវបានរៀបចំឡើងក្នុងភាពជាម្ចាស់និងការទទួលខុសត្រូវខ្ពស់ពីសំណាក់កូនខ្មែរយើងដែលមានសមាសភាពគ្របវ័យ ទាំងវ័យចំណាស់ ទាំងវ័យកណ្តាលនិងវ័យក្មេងដែលពោរពេញដោយសមត្ថភាពខ្ពស់ ថាមពល និងភាពច្នៃប្រឌិត»។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ក្រសួងពាក់ព័ន្ធនិងបណ្តាដៃគូនានាដែលបានរៀបចំឯកសារនេះឡើង។
ការដាក់ចេញយុទ្ធសាស្ត្រនេះ ស្របនឹងការដំឡើងប្រាក់ខែគ្រូបង្រៀនអាចដល់៨០ម៉ឺនរៀល ឬ ២០០ដុល្លារនៅឆ្នាំ២០១៦ និង ប្រាក់ឈ្នួលកម្មករ ពលករពី១២៨ ដល់១៤០ដុល្លារឬលើសនោះទៀត គឺកើតឡើងក្រោយពីពលរដ្ឋកម្ពុជាជាច្រើនលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលអាចទទួលបានប្រាក់ខែយ៉ាងតិច៣០០ដុល្លារក្នុងមួយខែ ឬទៅធ្វើការនៅកូរ៉េខាងត្បួងយ៉ាងតិច១.២០០ដុល្លារក្នុង១ខែ។
ការធ្វើចំណាកស្រុកដែលជាក្តីបារម្ភយ៉ាងខ្លាំងនេះ បានធ្វើឲ្យកម្ពុជាបាត់បង់ឱកាស កសាងប្រទេស អភិវឌ្ឍធនធានមនុស្សក្នុងប្រទេសដើម្បីប្រកួតប្រជែងក្នុងការទាក់ ទាញវិនិយោគទុន និង ត្រៀមខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំនេះ។
លោក ម័ររីស្សូ ប៊ូស្ស៉ី (Maurizio Bussi) មន្ត្រីទទួលបន្ទុកការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានថ្លែងថាគោលនយោបាយដែលកំពុងដំណើរការតាមទម្រង់សាកលថ្មីនេះ បានបញ្ជាក់ពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ផ្តោតលើកំណើនសេដ្ឋកិច្ចនិងការងារសមរម្យ និងការបង្កើតការងារចំគោលនយោបាយសេដ្ឋកិច្ច ដែលបានដាក់ចេញសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។
លោក មឿន តុលា ប្រធាន កម្មវិធីការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ បាននិយាយថាការងារសម្រាប់ពលរដ្ឋកម្ពុជាភាគច្រើនមានតែការងារតាមរោងចក្រ ហើយគ្មានការគោរពច្បាប់ការងារទៅទៀត ហើយឱកាសការងារក៏មិនបានទូលំទូលាយដល់ថ្នាក់ខេត្តដែរ ដែលជាមូលហេតុចម្បងធ្វើឲ្យពលរដ្ឋធ្វើចំណាកស្រុក។
«ជាក់ស្តែងខ្ញុំមកខេត្តបន្ទាយមានជ័យនេះគឺប្រជាពលរដ្ឋគាត់អត់សំឡឹងមើលការងារ ក្នុងស្រុកទេ គាត់សំឡឹងមើលការងារក្រៅស្រុកច្រើនជាង ដោយសារការងារក្រៅស្រុកហ្នឹង ទី១គាត់អត់ទទួលបានព័ត៌មានគ្រប់គ្រាន់ទី២គឺប្រាក់ខែវាទាបមិនអាចឲ្យគាត់ ទ្រទ្រង់ជីវភាពបានប្រសើរ។ អញ្ចឹងគាត់សំឡឹងការងារនៅប្រទេសថៃច្រើនជាង»។
លោកថា អ្វីដែលរដ្ឋាភិបាលគួរគិតគូរគឺការអប់រំជំនាញ វិជ្ជាជីវៈដើម្បីឲ្យគាត់បង្កើតការងារ និងបញ្ឈប់ឲ្យគាត់ចេញទៅធ្វើការនៅប្រទេសគេដោយគ្មានជំនាញ ដែលជាការរងគ្រោះនៅពេលកម្ពុជាចូលសមាហរណកម្មក្នុងទីផ្សារសេដ្ឋកិច្ចអាស៊ានដែលមានការបើកទូលាយផ្នែកពលកម្ម ទុន សេវាកម្ម ការនាំចេញនាំចូលនិងការវិនិយោគជាដើម៕