ក្រុមអ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា កម្ពុជាមិនទាន់ជាប្រទេសដែលត្រូវប្រញាប់ចូលរួមជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកជាមួយនឹងប្រទេសរីកលូតលាស់ផ្នែកសេដ្ឋកិច្ចទេ។ ក្រុមអ្នកជំនាញបាននិយាយថា កម្ពុជាមានកិច្ចការនិងបញ្ហាច្រើនទាក់ទងនឹងសេដ្ឋកិច្ចក្នុងប្រទេសក្នុងតំបន់និងក្នុងពិភពលោក។
ក្រុមប្រទេសដែលមានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចចំនួន១២បានធ្វើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ដ៏ធំជាប្រវត្តិសាស្ត្រនៅខែតុលានេះក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែមានទំហំធំឡើង។
ដៃគូពាណិជ្ជកម្មថ្មី ដែលអាចបង្រួបបង្រួមទីផ្សាររហូតដល់៤០ភាគរយនៃសេដ្ឋកិច្ចសកល ព្រមទាំងមានទិន្នផលសរុប៣០លានលាន(ឬ ៣០ទ្រីលាន $30 trillion)នោះ មានការចូលរួមពីប្រទេសក្នុងតំបន់អាស៊ានខ្លះ តែកម្ពុជា ដែលជាសមាជិកអាស៊ានមួយដែរនោះ មិនត្រូវបានគេអញ្ជើញ ឬមិនមានឈ្មោះក្នុងបញ្ជីនោះទេ។
ក្រុមអ្នកវិភាគបាននិយាយថា ការចូលរួម ឬមិនចូលរួមជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP នោះ មិនមែនជាអាទិភាពនិងមិនមែនជាអ្វីដែលកម្ពុជាត្រូវព្រួយបារម្ភទេ។ កម្ពុជាពេលនេះមានដៃគូច្រើនរួចទៅហើយ ដូចជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងជាដៃគូសេដ្ឋកិច្ចជាមួយនឹងស្ថាប័នជាច្រើនទៀត។
លោក ជេយ៉ាន មីនិន (Jayant Menon) អ្នកសេដ្ឋកិច្ចនាំមុខនៃធនាគារអភិវឌ្ឍអាស៊ី ADB នៅក្រុងម៉ានិល ដែលជាទីស្នាក់ការធំរបស់ ADB បាននិយាយថា ប្រទេសកម្ពុជាពេលនេះមិនគួរបារម្ភអំពីដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកទេ។
«ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកគឺមានកិច្ចព្រមព្រៀងផ្សេងៗគ្នា។ ប្រទេសកម្ពុជាគួរខ្វល់ខ្វាយអំពីការធ្វើតាមកាតព្វកិច្ចអាស៊ាន ដូចជាបញ្ហាសហគមន៍សេដ្ឋកិច្ចអាស៊ាន»។
ក្នុងឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាពេលនេះគួរតែផ្តោតការយកចិត្តទុកដាក់លើបញ្ហាកែទម្រង់ អភិវឌ្ឍ និងបំពេញតាមកាតព្វកិច្ចសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលនឹងមានសមាហរណកម្មនៅចុងឆ្នាំនេះ និងតាមកាតព្វកិច្ច អង្គការពាណិជ្ជកម្មពិភពលោក WTO។
លោកទទួលស្គាល់ថា ក្នុងចំណោមប្រទេសទាំង១០ មានប្រទេសតែ៤ប៉ុណ្ណោះគឺប្រទេសវៀតណាម ប្រ៊ុយណេ សីង្ហបូរី និងម៉ាឡេស៊ី ដែលចូលជាសមាជិកនៃដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP។ តែលោកថា ប្រទេសសមាជិកអាស៊ាននីមួយៗមានដៃគូពាណិជ្ជកម្មទ្វេភាគី រួចទៅហើយ ដែលរឿងនេះមិនមែនជាការបំបែក សមាគមអាស៊ានទេ។
«សមាជិកអាស៊ាននិមួយៗមានកិច្ចព្រមព្រៀងទ្វេភាគីដែរ មិនអញ្ចឹង? ដូច្នេះខ្ញុំមិនគិតថា រឿងនេះនឹងបំបែកអាស៊ានទេ។ អាស៊ានជាការណ៍ពិត នឹងធ្វើកិច្ចការខ្លាំងឡើងដើម្បីរក្សារអត្តសញ្ញាណរបស់ខ្លួន។ តែខ្ញុំមិនគិតថា រឿងនេះនឹងមានការផ្លាស់ប្តូរច្រើននោះទេ»។
លោកបន្ថែមថា វាឆាប់ពេកហើយគឺមិនទាន់អាចនិយាយពីរឿងនេះបានទេ ព្រោះកិច្ចព្រមព្រៀង TPP ទើបតែត្រូវបានបញ្ចប់ ហើយនៅតម្រូវឲ្យសភានៃប្រទេសនីមួយៗ ផ្តល់ការយល់ព្រមទៀត។ គេត្រូវចាំមើលឯកសារចរចា ដែលត្រូវចេញនៅខែក្រោយ ហើយពេលនោះ ទើបគេអាចមានគំនិតប្រសើរឡើង។
បណ្ឌិត ចាប សុថាវិទ្ធ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានថ្លែងថា កម្ពុជាជាប្រទេសដែលគាំទ្រពាណិជ្ជកម្ម ហើយកម្ពុជាដែលជាប្រទេសមានសក្តានុពលនោះ អាចនឹងចូលជាសមាជិកនៅពេលក្រោយ តែលោកចាត់ទុកថា ពេលនេះ TPP មិនមែនជាអាទិភាពសម្រាប់កម្ពុជាទេ។
«អញ្ចឹងថ្ងៃក្រោយបើយើងពង្រីកមូលដ្ឋានផលិតរបស់យើងកាន់តែល្អ យើងរកទីផ្សារកាន់តែច្រើន។ អញ្ចឹងយើងត្រូវតែចូលជាសមាជិកដូចប្រទេសទាំងនោះដើម្បីរកទីផ្សារឲ្យបាន។ ផលិតផលយើងនាំចូលទៅគេដោយរួចពន្ធ។ អញ្ចឹងទំនិញយើងដែលថោក វាអាចលក់បាន។ ហើយបើគេយកពន្ធ យើងយកទៅលក់ យកទៅប្រជែងម៉េចកើត? ហើយដូចគ្នា បើសិនយើងនាំចូលផលិតផលយើងទៅប្រទេសគេ យើងក៏ត្រូវតែបើកទីផ្សារដើម្បីឲ្យទំនិញគេចូលមកប្រទេសយើង»។
លោកបានបន្ថែមថា ទន្ទឹមនឹងការចំណេញដោយការរកបានទីផ្សារក្នុងបណ្តាប្រទេស TPP កម្ពុជាក៏ត្រូវប្រឈមបញ្ហានានាដែរ ដោយសារកម្ពុជាមានផលិតក្នុងស្រុក ដែលត្រូវប្រកួតប្រជែងយ៉ាងស្រួចស្រាវផ្នែកផលិតភាព គុណភាព និងដោយសារតែមានការនាំចូលដោយសេរី ហើយមិនមានការយកពន្ធ។ តែលោកបានសម្លឹងឃើញថា កម្ពុជាមានសក្តានុពលខ្លាំងជាងគេវិញសម្រាប់អនាគត ដោយសារកម្ពុជាមានពលកម្មថោក។ លោកនិយាយថា លើកលែងតែអាវុធ កម្ពុជានាំចេញផលិតផលទំនិញសព្វបែបយ៉ាងទៅកាន់ប្រទេស ដែលរីកលូតលាស់ផ្នែកសេដ្ឋកិច្ចនៅសហភាពអឺរ៉ុបនិងស.រ.អា. ដោយគ្មានការបង់ពន្ធ។ លោកចាប សុថារិទ្ធបន្ថែមថា ដូច្នេះកម្ពុជាចូលជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកនៅពេលក្រោយ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C-CAWDU) បានអះអាងថា កម្ពុជាយើងនឹងចំណេញពីការនាំចេញដែរ បើសិនជាកម្ពុជាអាចចូលរួមក្នុងប្រទេសជាដៃគូពាណិជ្ជកម្ម TPP។ តែលោកថា កម្ពុជាក៏មិនមានបញ្ហាអ្វីដែរ បើមិនទាន់ចូល TPP ពេលនេះ ព្រោះកម្ពុជាមានការនាំចេញទៅប្រទេសនានាដែរ ហើយប្រទេសទាំងនោះមានការអនុគ្រោះពន្ធសម្រាប់កម្ពុជារួចទៅហើយ។
«តែសម្រាប់កម្ពុជាយើង ខ្ញុំគិតថា យើងអត់ទាន់មានអ្វីធ្វើបាន មានតែកាត់ដេរ និងអង្ករអីតិចតួច។ ដូច្នេះយើងអាចចំណេញតិចតួចទេ មិនច្រើនប៉ុន្មានទេ។ តែកម្ពុជាទោះបីជាមិនទាន់ចូល TPP ក៏យើងនៅតែនាំទៅស.រ.អា. និងនាំទៅប្រទេសមួយចំនួនដែលអត់យកពន្ធ ព្រោះគេចាត់ទុកថា កម្ពុជាជាប្រទេសក្រីក្រ។ អញ្ចឹងដូចជាមិនសូវមានប្រយោជន៍អីប៉ុន្មានសម្រាប់ការចូល TPP ហ្នឹងទេ»។
កម្ពុជានាំចេញសម្លៀកបំពាក់ដល់ទៅ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលបង្កើតការងារដល់មនុស្សជាង៧០ម៉ឺននាក់ជាស្ត្រី។ លោកអាត់ ធន់ថ្លែងថា កម្ពុជាអាចនឹងទាក់ទាញអ្នកវិនិយោគធំៗបាន ដូចវៀតណាម និងប្រទេសផ្សេងៗទៀតនៅពេលចូលជាសមាជិក TPP។
លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធី ដែលគេស្គាល់ថា ជាមហាសេដ្ឋីខ្មែរម្នាក់ បានអះអាងថា ទោះជាមានល្បឿនយឺតក្តី កម្ពុជាមានការខិតខំព្រមគ្នាសម្រាប់ចូលរួមក្នុងសេដ្ឋកិច្ចទីផ្សារក្នុងស្រុក ក្នុងតំបន់ និងក្នុងពិភពលោក។
«យើងចេះតែខិតខំប្រឹងប្រែង។ វិស័យឯកជន និងរដ្ឋប្រឹងប្រែងដូចគ្នា តែថា ឲ្យលឿនដូចគេតែម្តង វាទៅអត់រួចទេ ដោយសារថា គេខានច្បាំងយូរហើយ។ ដល់ខ្មែរយើងទើបតែខានច្បាំងពីឆ្នាំ១៩៩៨មកទេ។ អញ្ចឹងទៅ ការដែលខំប្រឹងប្រែងចេះតែខំទៅ តែវាមិនអាច១ថ្ងៃ ១ខែ ១ឆ្នាំ លឿនដូចគេទេ»។
លោកបញ្ជាក់ថា ចំពោះលោកផ្ទាល់ពេលនេះគឺផ្តោតខ្លាំងទៅលើរោងចក្រ កែច្នៃស្បែក ដើម្បីដើរឲ្យទាន់ប្រទេសជិតខាង វៀតណាម និងថៃដែលមានការផលិតនាំចេញច្រើននោះ។
លោកទទួលស្គាល់ថា កម្ពុជាកន្លងមកនាំចេញវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចយ៉ាងច្រើន ដូចជាកៅស៊ូត្រូវនាំចេញ ហើយទិញកង់ឡានចូលមកវិញក្នុងតម្លៃខ្ពស់។ នាំប្រេងចេញ ដូចជានាំប្រេងដូងចេញទៅក្រៅ ហើយនាំផលិតសម្រេចពីប្រទេសក្រៅចូលមកវិញ ដូចប្រេងឆា។
ប្រទេសជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP គឺភាគច្រើន ជាប្រទេសដែលមានឧស្សាហកម្មខ្ពស់ ដូចជាជប៉ុន មានការនាំចេញគ្រឿងចក្រ និងរថយន្ត ហើយប្រទេសរីកចម្រើនបន្ទាប់មានការនាំចេញផលិតផលកសិកម្ម វាយនភណ្ឌ ជាដើម។ អ្នកវិភាគខ្លះបាននិយាយថា ប្រទេសដែលមានផលិតផលនាំចេញច្រើនទំនងជាទទួលបានផលប្រយោជន៍ច្រើនពីការចូលក្នុងសមាជិក TPP នេះ។ តែអ្នកខ្លះថា ប្រទេសទាំងអស់ទទួលផលប្រយោជន៍រៀងៗខ្លួនពីការពង្រីកពាណិជ្ជកម្មនេះ។
ប្រទេសទាំង១២នៃសមាជិកដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក TPP មានអូស្ត្រាលី កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបូរី ស.រ.អា. និងវៀតណាម៕