លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងនៅឯប្រទេសចិនថា ការជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយនៅក្នុងដែនដីសមុទ្រចិនខាងត្បូងគឺជាការចាំបាច់ ហើយថា ប្រទេសក្នុងតំបន់អាស៊ានមិនអាចធ្វើជាអ្នកអារកាត់បែងចែងទឹកដីក្នុងតំបន់ជម្លោះនេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រុមប្រទេសមានវិវាទនៅក្នុងសមុទ្រចិនខាងត្បូង យកការសន្ទនាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះនៃដែនសមុទ្រនេះ។ នេះបើយោងទៅតាមសុន្ទរកថាគន្លឹះរបស់លោកនាយករដ្ឋមន្រ្តី ដែលបានថ្លែងកាលពីពេលថ្មីៗនេះ នៅឯប្រទេសចិន។
ប្រទេសចិន និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងប្រឈមមុខដាក់គ្នាទាក់ទងនឹងទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង ដែលមកដល់ពេលនេះ ប្រទេសនីមួយៗក្នុងជម្លោះប្រកែកយកត្រូវរៀងៗខ្លួនថា មានកម្មសិទ្ធិក្នុងការកាន់កាប់ទឹកដីជម្លោះនេះ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅក្នុងសុន្ទរកថា គន្លឹះរបស់លោកថា៖
«ទាក់ទងនឹងសន្តិសុខលំហសមុទ្រ ខ្ញុំយល់ឃើញថា យើងត្រូវបន្តប្រកាន់ខ្ជាប់ឥតងាករេនូវអភិក្រមនៃការដោះស្រាយបញ្ហា ដោយឈរលើមូលដ្ឋាននៃកិច្ចសន្ទនា ការពិភាក្សា និងការកសាងទំនុកចិត្ត។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង គួរតែត្រូវបានបន្តដោះស្រាយដោយផ្អែកលើយន្តការដែលមានស្រាប់ ក្នុងក្របខណ្ឌអាស៊ាន-ចិន រួមមានសេចក្តីថ្លែងការណ៍សមុទ្រចិនខាងត្បូង (DOC) គោលការណ៍ទាំងប្រាំមួយចំណុចរបស់អាស៊ានស្តីពីសមុទ្រចិនខាងត្បូង និងការខិតខំដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ពិសេសគឺការពិភាក្សាគ្នា ដោះស្រាយបញ្ហារវាងភាគីដែលមានការពាក់ព័ន្ធដោយត្រង់ ក្នុងករណីវិវាទទឹកដីក្នុងតំបន់នេះ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា យន្តការមានស្រាប់គឺនៅពេលដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ពេលនោះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំឲ្យមានការចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍ភាគីសមុទ្រចិនខាងត្បូងហៅថា DOC។ ប្រទេសអាស៊ាន និងចិនកំពុងតាក់តែងនឹងសម្រេចឲ្យបាននូវក្រមប្រតិបត្តិ COC ផ្អែកទៅលើសេចក្តីថ្លែងការណ៍ DOC។
លោកបានផ្តល់អនុសាសន៍ដោយសង្កត់ធ្ងន់ទៅលើយន្តការទ្វេភាគីក្នុងការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងការសម្រេចបានក្រមប្រតិបត្តិ COC។ លោកហ៊ុន សែនបានបញ្ជាក់ថា អាស៊ានទាំងមូលមិនអាចកាត់សេចក្តីដល់ភាគីជម្លោះទេ ហើយអាស៊ានមិនអាចវាស់ដី វាស់សមុទ្រចែកដល់ប្រទេសជាដៃគូជម្លោះបានទេ។
លោកបន្ថែមថា៖ «រឿងនេះ វាជារឿងស្មុគស្មាញណាស់ នៅក្នុងបណ្តាប្រទេសជាដៃគូរបស់យើង។ ខ្ញុំសូមនិយាយដោយត្រង់ថា មានហេតុផលពិតប្រាកដថា អាស៊ានពិតជាប្រឹងប្រែង ដើម្បីបន្តអនុវត្ត DOC និងបន្តឈានទៅ COC ប៉ុន្តែអាស៊ានគ្មានលទ្ធភាពទៅវាស់ដីចែកឲ្យប្រទេស ដែលមានការពាក់ព័ន្ធនោះទេ»។
នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង ភាគីនីមួយៗនៃសមាគមអាស៊ាន និងចិនបានព្រមព្រៀងគ្នាថា ត្រូវគោរព និងអនុវត្តការទប់ចិត្ត (self-restraint) ដើម្បីចៀសវាងជម្លោះ និងចៀសវាងការតាំងទីនៅលើកោះដែលសព្វថ្ងៃគ្មានមនុស្សរស់នៅ និងនៅតំបន់ដទៃទៀត ដែលមានការប្រទាញប្រទង់។
ប្រទេសដែលមានជម្លោះជាមួយចិន គឺមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ ជាដើម ដែលទាមទារឲ្យមានការដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូងតាមយន្តការពហុភាគី ឬយន្តការអាស៊ាន។
ភាគីទាំងពីរក៏កំពុងធានាថា បញ្ហាសមុទ្រចិនខាងត្បូងមិនបង្កបញ្ហាដល់ទំនាក់ទំនងជាទូទៅរវាងអាស៊ាននិងចិនទេ។ ជាមួយគ្នានេះដែរ ពួកគេធ្វើការចរចាដើម្បីបង្កើតក្រមប្រតិបត្តិ COC ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ខណៈដែលមានការពង្រីកការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក។
ចិនចង់បានជាចម្បងឲ្យមានការរក្សាទំនាក់ទំនងរឹងមាំជាមួយអាស៊ាន ហើយនិងរក្សាកិច្ចសហប្រតិបត្តិការចេញពីសេចក្តីថ្លែងការណ៍រួម DOC ឆ្នាំ២០០២ ដែលបានទទូចឲ្យមានសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក មានប្រសាសន៍ប្រាប់ VOA ថា រាជរដ្ឋាភិបាលកម្ពុជាគួរកុំលូកដៃជ្រៅទៅក្នុងជម្លោះមួយនេះ ហើយថា កម្ពុជាត្រូវតែប្រកាន់ជំហរអព្យាក្រិត្យ។
«ចំពោះខ្ញុំ ប្រទេសកម្ពុជាអត់ជម្រើសក្រៅតែពីអត់លូកដៃទាល់តែសោះ ហើយដូចពេលបច្ចុប្បន្ននេះគឺបាននិយាយ តែពីរឿងយន្តការដែលមានស្រាប់ លើកទឹកចិត្តឲ្យជជែកគ្នាគឺជាការទូតមួយដែលកម្ពុជាអាចធ្វើបាន ប៉ុន្តែមិនអាចធ្វើអ្វីលើសពីហ្នឹងបានទេ បើថា ធ្វើការ ធ្វើអីលើសពីហ្នឹង គឺប្រថុយប្រថានពេកសម្រាប់ប្រទេសកម្ពុជា»។
លោក អ៊ូ វីរៈ និយាយថា រដ្ឋាភិបាលកម្ពុជាគួររៀនសូត្រពីកំហុសអតីតកាលដែលនាំឲ្យកម្ពុជាជួបគ្រោះមហន្តរាយ។ លោកបញ្ជាក់ថា៖
«ពីដើមមកយើង នៅពេលដែលយើងនៅអព្យាក្រិត្យ យើងនៅកណ្តាល យើងអត់គ្រោះថ្នាក់។ នៅពេលយើងចាប់ផ្តើមចាប់ដៃជាមួយមហាអំណាចអាមេរិក ឬមួយមហាអំណាចចិន ចាប់ដៃឲ្យវៀតណាមចូលនៅឆ្នាំ១៩៦៨ ឆ្នាំ១៩៦៩ គឺយើងគ្រោះថ្នាក់ណាស់»។
កាលពីដើមខែសីហាកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្លាប់បានលើកឡើងផងដែរថា វាជារឿងមិនសមរម្យទេក្នុងការស្តីបន្ទោសរដ្ឋាភិបាលកម្ពុជាថា លម្អៀងទៅរកចិន ចំពោះការដែលមិនអាចបង្កើតបានសេចក្តីថ្លែងការណ៍រួមរឿងសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១២ក្នុងប្រទេសកម្ពុជា។ លោកថា ប្រទេសជាច្រើន រាប់ទាំង ភូមា ព្រុយណេ និងម៉ាឡេស៊ីក៏មិនអាចធ្វើឲ្យចេញលទ្ធផលបានដែរ តែមិនរងការស្តីបន្ទោសនោះឡើយ៕