ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ពី​បទ​ចាប់​ខ្លួន​លោក​ម៉ម សុណន់ដូ


លោក ប្រេដ អាដាម (Brad Adam) នាយក​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ប្រចាំ​តំបន់​អាស៊ី
លោក ប្រេដ អាដាម (Brad Adam) នាយក​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ប្រចាំ​តំបន់​អាស៊ី
អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​(Human Rights Watch) ដែល​មានមូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បានទាមទារ​នៅ​ថ្ងៃ​អង្គារ​ ទី​១៧​ ខែ​កក្កដា​នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ម៉ម សុណង់ដូ នាយក​វិទ្យុសំបុកឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​បាន​ដៅ​ទុក​នោះ។

អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស បានសរសេរ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ពី​ទីក្រុងញូយ៉ក ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះលែង និង​លើកលែង​ការចោទប្រកាន់​ទាំងអស់​ទៅ​លើ​លោក​ម៉ម សុណង់ដូ។

ក្នុង​អាយុ ៧០​ឆ្នាំ លោក​ម៉ម សុណង់ដូ ត្រូវ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ គឺ​បី​ថ្ងៃ​បន្ទាប់​ពី​លោក​បានវិលត្រឡប់​ពី​បំពេញ​បេសកម្ម​ចំនួន​បី​ខែ​នៅ​ក្រៅ​ប្រទេស។

តុលាការ​បានចោទរូប​លោក​ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​មន្រ្តី​អាជ្ញាធរ ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ការប្រឆាំង​អាជ្ញាធរ​ស្របច្បាប់ និង​ការផ្តួចផ្តើម​គំនិត​ប្រឆាំង​នឹង​រាជការ​សាធារណៈ។ បទ​ចោទទាំងនេះ​ដែល​រដ្ឋាភិបាល​ភ្ជាប់​ទៅ​នឹង​ការចោទ​ប្រកាន់​ពី​ការបង្កើត​តំបន់​អបគមន៍​របស់​លោក​ប៊ុន រដ្ឋា នៅ​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ខែ​ឧសភា។

កាលពី​ថ្ងៃ​ចន្ទ សាលាដំបូង​រាជធានីភ្នំពេញ​បានសម្រេច​ឃុំខ្លួន​លោក​ម៉ម សុណង់ដូ ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដោយផ្អែក​លើ​ក្រមព្រហ្មទណ្ឌ​ចំនួន​ប្រាំមួយ​មាត្រា។
អងុ្គការ ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​យល់ថា ប្រសិន​បើ​តុលាការ​បកស្រាយ​ថា លោក​ម៉ម សុណង់ដូ មាន​ទោស​តាម​មាត្រា​ទាំង​ប្រាំមួយ​នេះ លោក​នឹង​ប្រឈម​នឹង​ការជាប់ពន្ធនាគារ​រយៈពេល​រហូត​ទៅ​ដល់​៣០ឆ្នាំ។

លោក​មេធាវី សុខ សំអឿន ការពារក្ដី​ឲ្យ​លោក​នាយក​វិទ្យុសំបុកឃ្មុំ​មាន​ប្រសាសន៍​ថា គ្រាន់តែ​បទ​ចោទ​ស្ដីពី​កូដកម្ម​មួយ​លោក​ម៉ម សុណង់ដូ អាច​នឹង​ប្រឈម​នឹង​ការជាប់ទោស​ចំនួន​១៥​ឆ្នាំ​ក្នុង​ពន្ធនាគារ។
«ការចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ ដែល​ធ្វើឡើង​ភ្លាម​បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) គឺ​ជា​សញ្ញា​ព្រហើន​មួយ​ដែល​លោក​ហ៊ុន សែន គិត​ថា សហររដ្ឋ​អាមេរិក​ត្រូវការ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ផ្សេង​ៗ ដូច្នេះ​គាត់​មិនខ្លាច​នឹង​បង្រ្កាប​អ្នក​ដែល​រិះគន់​លើ​រូប​គាត់​នោះ​ទេ»។
លោក ប្រេដ អាដាម (Brad Adam) នាយក​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស ប្រចាំ​តំបន់​អាស៊ី មានប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា


លោកស្រី​រដ្ឋមន្ដ្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេសកម្ពុជា​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រដ្ឋមន្ដ្រី​ការបទេស​អាស៊ាន​ក្នុង​ក្រុងភ្នំពេញ។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បានស្ដីបន្ទោស​ការទាមទារ​ឲ្យ​ដោះលែង​លោក​ម៉ម សុណង់ដូ នោះ​ថា បញ្ច្រាស​ជាមួយ​គោលការណ៍​ធម្មាធិបតេយ្យ។

«ក្រែង​យើង​ចង់​បាន​នីតិរដ្ឋ​ឬ? ដល់​ពេល​តុលាការ​ចេញ​ដីកា​ហើយ​សំខាន់​គឺ​យើង​រក​មេធាវី​បង្ហាញ​ភស្តុតាង​ដោះបន្ទុក​ ហើយ​តុលាការ​នឹង​ធ្វើ​សវនាការ​កាត់ទោស​។ បើ​ចេញ​ដីកា​ចាប់​ខ្លួន​ហើយ​ដោះលែង​ទៀត ចាំបាច់​មាន​ដីកា​ធ្វើអី?»។

ក្រុមអង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​បានចេញ​សេចក្ដីថ្លែងការណ៍​ដោយឡែក​ៗ ពី​គ្នា​ដោយ​ថ្កោលទោស​ការចាប់ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​លោកម៉ម សុណង់ដូ នេះ​ដោយ​អំពាវនាវ​ឲ្យ​ធ្វើ​ការដោះលែង​រូប​លោក​ជា​បន្ទាន់​ឲ្យ​មាន​សេរីភាព​មក​វិញ។ ក្រុម​អង្គការ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការចាប់ខ្លួន​នេះ​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។

ប៉ុន្តែ​លោក​ឧត្តមសេនីយ៍​ខៀវ សុភ័គ អះអាង​ថា តុលាការ​មាន​ភស្តុតាង​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​នេះ។

ទោះជាយ៉ាងណា លោក​ប៊ុន រដ្ឋា សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​មួយរូប​របស់​លោក​ម៉ម សូណង់ដូ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្រៅប្រទេស​ដើម្បី​គេច​ពី​ការតាមចាប់​ខ្លួន​របស់​ក្រុម​អាជ្ញាធរ​ក្រោម​ការចោទប្រកាន់​ថា​បានដឹកនាំ​បង្កើត​តំបន់​អបគមន៍​បានប្រាប់​វីអូអេ​តាម​ទូរសព្ទ​ថា លោក​ម៉ម សុណង់ដូ ពុំ​ជាប់ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់​នោះ​ទេ។

លោកស្រី ឌិន ផាណារ៉ា ភរិយា​លោក​ម៉ម សុណង់ដូ មាន​ប្រសាសន៍​ថា ការចាប់​ខ្លួន​ស្វាមី​របស់​លោកស្រី​មិន​ទាន់​ប៉ះពាល់​ដល់​ដំណើរ​ការផ្សាយ​របស់​វិទ្យុសំបុកឃ្មុំ​ និង​សមាគម​អ្នក​ប្រជាធិប​តេយ្យ​នៅ​ឡើយ​ទេ។

លោកស្រី ផាណារ៉ា បញ្ជាក់​ថា លោកស្រី​បាន​ជួប​លោក​ម៉ម សុណង់ដូ នៅ​បន្ទប់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​នេះ​ហើយ​ថា លោក​ម៉ម សុណង់ដូ មាន​សុខភាព​ល្អ​ និង​នៅតែ​មាន​សេចក្តីក្លាហាន​ជា​បន្ត​ទៀត៕
XS
SM
MD
LG