សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក ម៉ម សុណង់ដូ នាយកវិទ្យុសំបុក្រឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅថ្ងៃចន្ទនេះ ក្រោមការចោទប្រកាន់ដែលទាក់ទងទៅនឹងអ្វីដែលរដ្ឋាភិបាលខ្មែរហៅថា ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងបង្កើតតំបន់អបគមន៍។
លោកម៉ម សុណង់ដូ ដែលបានស្ថិតជាគោលដៅរបស់រដ្ឋាភិបាលត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកក្នុងក្រុងភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីមានការប្រកាសស្វែងរកចាប់ខ្លួនលោកជាសាធារណៈដោយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីខែមិថុនា។
លោកត្រូវចោទប្រកាន់ដោយសាលាដំបូងខេត្តក្រចេះ ពីបទធ្វើកុប្បកម្មប្រឆាំងនឹងមន្រ្តីអាជ្ញាធរពីបទញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់ ការចោទទាក់ទងនឹងការប្រឆាំងនឹងអាជ្ញាធរស្របច្បាប់និងការផ្តួចផ្តើមគំនិតប្រឆាំងនឹងរាជការសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលបានបង្រ្កាបយ៉ាងហិង្សាលើជម្លោះដីធ្លីមួយក្នុងខេត្តក្រចេះកាលពីខែឧសភា។ ការបង្រ្កាបដែលក្រុមសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។ ហើយរដ្ឋាភិបាលបានតាមស្វែងរកចាប់ខ្លួនបុរសម្នាក់ឈ្មោះ ប៊ុន រដ្ឋា ដែលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ។ បុរសរូបនេះត្រូវចោទប្រកាន់ថា ជាមេខ្លោងនៃការធ្វើអបគមន៍។
លោកម៉ម សុណង់ដូ ត្រូវបានផ្ទេរនិងនាំខ្លួនទៅសាកសួរនៅសាលាដំបូងរាជាធានីភ្នំពេញមុននឹងត្រូវនាំខ្លួនទៅកាន់ពន្ធនាគារព្រៃសដែលជាមន្ទីរឃុំឃាំងសម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរក្រោយពីលោកស្រីចៅក្រមសែម សក្តិកូឡា បានចោទសួររូបលោកអស់រយៈពេលជាងពីរម៉ោងកាលពីព្រឹកមិញនេះ។
លោកម៉ម សុណង់ដូ គឺជាសកម្មជនប្រជាធិបតេយ្យដែលហ៊ាននិយាយត្រង់ៗ នូវអ្វីដែលលោកបានឃើញនិងជួបប្រទះក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ។ ទស្សនៈរបស់លោកជាច្រើនត្រូវបានយកមកលាតត្រដាងតាមរយៈការផ្សាយនៃវិទ្យុសំបុកឃ្មុំ អេហ្វអឹម ១០៥ របស់លោក។ លោកបានបង្កើតសមាគមអ្នកប្រជាធិបតេយ្យមួយបន្ទាប់ពីរូបលោកបានផ្តួចផ្តើមគំនិតជំរុញឲ្យមានការរួបរួមអ្នកប្រជាធិបតេយ្យក្នុងគណបក្សជំទាស់ពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា។
លោកស្រីឌឹម ផាណារ៉ា ភរិយាលោកម៉ម សុណង់ដូ មានប្រសាសន៍នៅតុលាការក្រុងភ្នំពេញក្រោយពីប្តីរបស់លោកស្រីត្រូវដឹកចេញទៅកាន់មន្ទីរឃុំឃាំង។
«គាត់មិនបានប្រព្រឹត្តិអ្វីខុសទាំងអស់ហេតុដូច្នេះទើបបានជាគាត់ហ៊ានមកប្រឈមមុខនឹងច្បាប់។ នៅបរទេសអ្នកណាក៏មិនឲ្យគាត់មកដែរ។ ទោះតុលាការឯករាជ្យ ឬមិនឯករាជ្យគាត់មកប្រឈមនឹងច្បាប់ដើម្បីឲ្យដឹងខុសត្រូវ។ គាត់មិនចូលចិត្តមនុស្សខូចទេ។ គាត់តែងតែពន្យល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ កុំឲ្យប្រើអំពើហិង្សា ឲ្យស្រឡាញ់គ្នាជួយគ្នា គាត់មិនដែលញុះញង់ឲ្យប្រជាពលរដ្ឋឲ្យទៅយកដីគេឲ្យធ្វើខុសច្បាប់គឺមិនដែល។ ដូច្នេះហើយទើបគាត់ហ៊ានមកប្រឈមមុខច្បាប់»។
លោកស្រីឌឹម ផាណារ៉ា បាននិយាយរយៈពេលខ្លីជាមួយប្តីរបស់គាត់នៅមុននិងក្រោយពេលជួបជាមួយចៅក្រមស៊ើបអង្កេត។
«គាត់និយាយថា អត់មានរឿងអីទេ។ កុំភ័យអ្វីទាំងអស់»។
លោកស្រីចៅក្រម សែម សក្តិកូឡា មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
អង្គការក្រៅរដ្ឋាភិបាលចំនួន១៤ ក្នុងនោះមានអង្គការការពារសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាដើម បានអំពាវនាវនៅថ្ងៃនេះដល់រដ្ឋាភិបាលឲ្យដោះលែងលោកម៉ម សុណង់ដូ ជាបន្ទាន់។
លោកយ៉េង វីរៈ នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលធ្លាប់ជាប់គុកជាមួយលោកម៉ម សុណង់ដូ ដោយសារតែរដ្ឋាភិបាលចោទប្រកាន់ចំពោះអ្វីដែលពួកលោកបានរិះគន់ពីបញ្ហាព្រំដែន មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការនោះថា នៅក្នុងសង្គមប្រជាធិបតេយ្យការនិយាយរិះគន់មិនត្រូវធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ។
ដោយឡែកលោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា លោក ម៉ម សុណង់ដូ គួរត្រូវបានដាក់ឲ្យនៅក្រៅឃុំត្បិតលោកមានសេចក្ដីក្លាហានក្នុងការត្រឡប់ពីក្រៅប្រទេសចូលប្រឈមនឹងការចោទប្រកាន់របស់រដ្ឋាភិបាល។ ហើយនេះ គឺជាការចាប់ខ្លួនដែលនាំទៅដល់ការគំរាមកំហែង។
«ប្រជាពលរដ្ឋជាច្រើន និងអ្នកសារព័ត៌មានជាច្រើននឹងមានការភ័យខ្លាច។ ការចាប់ខ្លួននេះគឺជាការជះឥទ្ធិពលអាក្រក់ដល់ដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ហើយយើងដើរថយក្រោយមួយជំហានដ៏ធំនៅពេលដែលមានការចាប់ខ្លួនលោកម៉ម សុណង់ដូ ហើយគឺជាការផ្ញើសារអាក្រក់មួយដល់អ្នកប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
ក្រុមប្រជាពលរដ្ឋមកពីសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ និងជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យប្រមាណជា៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខតុលាការដោយលើករូបថតលោកម៉ម សុណង់ដូ ដែលមានសរសេរអក្សរពីលើនោះទាមទារឲ្យដោះលែងរូបលោក។
អ្នកស្រី ស ស៊ន មកពីសហគមន៍បុរីកីឡាគឺជាសមាជិកនៃសមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សុណង់ដូ។
«ខ្ញុំមកនេះដើម្បីគាំទ្រនិងលើកទឹកចិត្តគាត់ពីព្រោះគាត់គ្មានកំហុស ហើយក៏មិនបានធ្វើអបគមន៍អ្វីដែរ។ គាត់បង្កើតសមាគមគ្រាន់តែជួយប្រជាជនដាច់បាយ ការពារសិទ្ធិឲ្យប្រជាពលរដ្ឋក្រីក្រ ដើម្បីឲ្យខ្មែរយើងយល់ដឹងពីសិទ្ធិរស់នៅ និងមិនប្រឆាំងនឹងរដ្ឋាភិបាលអីទេ»។
លោកម៉ម សុណង់ដូ ធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាថា លោកមិនមានកំហុសដូចការចោទប្រកាន់ទៅលើរូបលោកនោះទេ៕

«(តុលាការ) សួររឿងហេតុការណ៍និងសួរថា តើមានទំនាក់ទំនងជាមួយប៊ុន រដ្ឋា ឬអត់។ ប៉ុន្តែក្នុងបទល្មើសមួយមានបទចោទពីកុប្បកម្មដែលជាបទឧក្រិដ្ឋ។ បើសិនជាកុប្បកម្ម (ត្រូវបានរកឃើញ) អាចជាប់គុក១៥ឆ្នាំ»។លោកសុខ សំអឿន ជាមេធាវីរបស់លោកម៉ម សុណង់ដូ។