ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​សម រង្ស៊ី ​វិល​ចូល​បក្ស​សង្គ្រោះ​ជាតិ​វិញ


រូបឯកសារ៖ លោក​សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្រ្គោះជាតិ
រូបឯកសារ៖ លោក​សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្រ្គោះជាតិ

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ ​ប្រកាស​ចូល​ធ្វើ​នយោបាយ​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ខណៈ​តុលាការ​កំពូល​នឹង​បើក​សវនាការ​ ​លើ​បណ្តឹង​រំលាយ​គណបក្ស​នេះ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ស្អែក។​

លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់លោក​ ​ នៅ​ថ្ងៃ​ពុធនេះ​ ​ដោយ​បាន​ប្រកាស​ថា​ ​លោក​ចូល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ​បើ​ទោះ​បី​ជា​មាន​ការ​រំលាយ​ ​ឬ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ។​ ​អតីត​ប្រធាន​បក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯបរទេស​ ​បាន​បញ្ជាក់​ថា​ ​លោក​បាន​លាលែង​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​ជៀសវាង​មិនឲ្យ​មានការ​រំលាយ​គណបក្ស​នេះ​ ​ទៅ​តាម​ច្បាប់​ដែល​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​បាន​អនុម័ត​ដោយ​ក្រុម​គណបក្ស​កាន់អំណាច​ ​ក៏ប៉ុន្តែ​លោក​ថា​ ​ក្រោយ​ពេល​លោក​លាលែង​ ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​ប្រឈម​នឹង​ការ​រំលាយ។​

លោក​ ​សម រង្ស៊ី​ ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​បាន​លាលែង​ពី​សមាជិកភាព​ ​គណបក្ស​សង្គ្រោះជាតិ​ ​កាល​ពី​ថ្ងៃ​១១ កុម្ភៈ​ ​២០១៧​ ​ដើម្បី​កុំ​ឲ្យ​គេ​យក​លេស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​តាម​ច្បាប់​តិរច្ឆានរបស់​គេ​ដែល​សំដៅ​មក​រូប​ខ្ញុំ​ ​ក្នុង​គោល​បំណង​កុំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​ជាមួយ​រូប​ខ្ញុំ​ទៀត។ តែ​ដោយ​សារ​តែ​ពេល​នេះ​ ​គេ​នៅ​តែ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​ ​ដោយ​មិន​អាស្រ័យលើ​សមាជិក​ភាព​របស់​ខ្ញុំ​ឡើយ​ ​ខ្ញុំ​ត្រូវ​តែ​ចូល​ធ្វើ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ»។​

លោក​ ​សម រង្ស៊ី​ ​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ​តែ​នៅ​លើ​ក្រដាសដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច​តែ​ប៉ុណ្ណោះ​ ​ដោយ​លោកថា​ ​សហគមន៍​អន្តរជាតិ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចាត់​ទុក​អ្នក​តំណាង​រាស្ត្រមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ជាតំ​ណាង​រាស្ត្រ​ស្រប​ច្បាប់​ ​និង​ពេញ​សិទ្ធិ​ដដែល។​

លោក​ ​សម រង្ស៊ី​ ​អតីត​មេបក្ស​ប្រឆាំង​ដែលបាន​និង​កំពុង​រងការ​ចោទ​ប្រកាន់​ ​និង​កាត់​ទោស​ពី​បទ​ល្មើស​ជា​ច្រើន ​បាន​លាលែង​ចេញពី​តំណែង​ជាប្រធាន​ ​និង​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ ​ឆ្នាំ២០១៧​ ​កន្លង​ទៅ។​ ​ការ​លាលែង​នោះ​ធ្វើ​ឡើងខណៈ​ដែលគណបក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្មច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ ​ដើម្បី​ហាម​អ្នក​ទោស​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ​និង​ដើម្បី​រំលាយ​គណ​បក្ស​ណា​ដែល​មាន​មេ​ដឹកនាំ​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​ប្រកាសចូល​រួម​ធ្វើ​នយោបាយជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​ ​របស់​លោក​ ​សម រង្ស៊ី​ ​នេះ​ ​គឺជា​ការ​បន្ថែម​ភស្តុតាងឲ្យ​កាន់តែ​រឹងមាំ​ដល់​តុលាការ​កំពូល​ក្នុង​ការបើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ប្រសាសន៍​ថា៖​

«គាត់​ធ្វើ​ចេញ​ ​ធ្វើ​ចូល​ ​អា​ហ្នឹង​កាន់តែ​ ​ចង់​និយាយ​ថា​ ​គាត់​ស៊ីញ៉េ​ជាមួយ​អ្នក​តំណាង​រាស្រ្ត​សង្គ្រោះ​ជាតិ​ហ្នឹង​ ​កាន់​តែ​ជា​ភស្តុតាង​បន្ថែម​បន្ទុក​ទៅ​លើ​ការ​រំលាយ​ហ្នឹង​ទៀត។​ ​ឥឡូវ​ហ្នឹង​គាត់​ថា​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​រំលាយ​ ​គាត់​ចូល​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ន័យ​ថា​គឺ ​គាត់​ខ្លួន​ឯងទេ​ដែល​គាត់​ចង់​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​រលាយ​ ​សូម​បងប្អូន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យល់​បញ្ហា​ហ្នឹង»។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដែល​បាន​ប្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះបាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ភស្តុតាង​ចំនួន ​២៦​កញ្ចប់​ដើម្បី​ការពារ​បណ្តឹង​របស់​ខ្លួន​ ​ស្រប​ពេល​ដែលគណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​អើពើ​ក្នុង​ការ​ដាក់​ឯកសារ​ ​ឬ​មេធាវី​ណាមួយ​ដើម្បី​តតាំង​ក្តី​ក្នុង​សវនាការនោះ​ទេ។​

អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជា​បន្ត​បន្ទាប់​ ​ជុំវិញ​ការ​ត្រៀម​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ​២០១៨​ខាង​មុខ៕

XS
SM
MD
LG