ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ចេញ​ទស្សនៈ​តិចតួច​ចំពោះ​ជំនួប​កំពូល​រវាង​លោក​​ ត្រាំ​និង​លោក​ ​គីម


រូបឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន ចាប់​ដៃគ្នាបន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។​ (រូបថត Reuters)
រូបឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុនអ៊ុន ចាប់​ដៃគ្នាបន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។​ (រូបថត Reuters)

ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន។​ រដ្ឋ​មន្ត្រី​ការ​បរទេស​​កម្ពុជា​​បាន​ស្វាគមន៍​ជំនួប​ ដែល​នឹង​ឈាន​ដល់​ការ​រំលាយ​​អាវុធ​នុយ​ក្លេអ៊ែរ​​កូរ៉េខាងជើង។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ គ្រាន់​តែ​បាន​លើក​ឡើង​ថា មាន​ការ​ធូរ​ស្រាល​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ។

ក្រុម​មន្ត្រី​និង​មេ​ដឹកនាំ​កម្ពុជា​បញ្ចេញ​ទស្សនៈ​តិចតួច​ចំពោះ​ជំនួប​កំពូល​រវាង​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី​ កាលពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា​កន្លង​ទៅ។​

ពីរ​ថ្ងៃ​ក្រោយ​ជំនួប​ជា​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​មួយ​ទល់​មួយ​រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ និង​លោក​ គីម ជុងអ៊ុននោះ​ លោក​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ បញ្ជាក់​ពី​កិច្ច​ស្វាគមន៍​របស់​កម្ពុជា​ចំពោះ​ជំនួប​កំពូល​ ដែល​ជា​ជំហាន​ចាប់​ផ្តើម​ ឆ្ពោះ​ទៅ​រក​ការ​រំសាយ​ចោល​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ប្រាក់​ សុខុន​ សរសេរ​តាម​ន័យ​ដើម​ថា៖​

«ពិភព​លោក​ទាំងមូល​បាន​តាម​ដាន​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ។​ កម្ពុជា​ក៏​បាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​នូវ​ជំនួប​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ ដែល​នឹង​កំណត់​ជោគ​វាសនា​នៃ​សន្តិសុខ​តំបន់​ និង​ពិភព​លោក​ ព្រមទាំង​ផល​វិបាក​នៃ​លទ្ធផល​ជំនួប​នេះ​មក​លើ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​បន្ត​ទៀត។ កម្ពុជា​ស្វាគមន៍​លទ្ធផល​ជា​វិជ្ជមាន​នៃ​ជំនួប​កំពូល​នេះ​ ដែល​បើក​ផ្លូវ​ដល់​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេអ៊ែរ​ នៅ​ឧបទ្វីប​កូរ៉េ​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាពពិត​ប្រាកដ​សម្រាប់​តំបន់»។​

ក៏​ប៉ុន្តែ​ លោក ប្រាក់ សុខុន​ ថ្លែង​ថា​ នេះ​គ្រាន់តែ​ជា​ការ​បើក​ផ្លូវ​ប៉ុណ្ណោះ។​នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​ ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ។​

មុន​នឹង​ឈាន​ដល់​ជំនួប​នៅ​ប្រទេស​សិង្ហបុរី​រវាង​លោក​ ត្រាំ និង​លោក ​គីម មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ដោយ​ក្រុម​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​បញ្ចប់​ភាព​ទាល់ច្រក​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​អំពីកម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ដោយ​ធ្វើ​កិច្ច​ព្រមព្រៀងសន្តិភាព​មួយ។​

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​រឿយៗ​បាន​ធ្វើការ​អធិប្បាយ​ទាក់ទង​នឹង​ស្ថាន​ការណ៍​ពិភព​លោក ​ក្នុង​នោះ​មាន​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ផង​ដែរ​នោះ​ មិន​មាន​ការ​ធ្វើ​អធិប្បាយ​ច្រើន​ទេ​ កាល​ពី​ម្សិលមិញ​នេះ ​ទាក់​ទិន​នឹង​ជំនួបរវាង​លោក​ប្រធានាធិបតី ​ត្រាំ​ និង​មេដឹកនាំកូរ៉េខាង​ជើង​លោក គីម​ ជុងអ៊ុន។​

ថ្លែង​នៅ​ក្នុង​ពិធីប្រកាស​គោរមងារ​វិទ្យាសាស្ត្រ​ និង​កិត្តិយស​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដល់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចំនួន​ប្រាំបី​នាក់​ ដែល​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​អង្គារ ​ លោក​ ហ៊ុន សែន​មាន​ប្រសាសន៍​ថា​ បញ្ហា​នៅ​ឧប​ទ្វីប​កូរ៉េ​បាន​ធូរស្រាល​ តែមាន​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ បាន​កើត​ឡើង​ ពោល​គឺ​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ដែល​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ការ​យកពន្ធ​ទំនិញ​គ្នា​ទៅវិញ​ទៅមក​ និង​ការ​ងាករបស់​អាមេរិក​ចេញ​ពីក្រុម​ប្រទេស​អភិវឌ្ឍ​ទាំង​៧​ ឬ​G7។​

«ពិតមែន​តែ​បញ្ហា​ឧបទ្វីប​កូរ៉េ​ត្រូវ​បាន​ធូរស្រាល​ ក៏​ប៉ុន្តែ​បញ្ហា​សាកល​បាន​កើត​ឡើង​ហើយ​ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏ធំ​សម្រាប់​សេដ្ឋ​កិច្ច​ពិភព​លោក​ ក៏ដូច​សេដ្ឋ​កិច្ច​នៅក្នុង​តំបន់​របស់​យើង»។​

ជំនួប​ជា​ប្រវត្តិ​សាស្ត្រ​រវាង​លោក​ប្រធានាធិបតី​ត្រាំ​ និង​មេដឹក​នាំ​កូ​រ៉េ​ខាង​ជើង លោក ​គីម ជុងអ៊ុន​បាន​បញ្ចប់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ ដោយ​មានការ​សន្យា​ពី​រដ្ឋាភិបាល​ទី​ក្រុង​ព្យុងយ៉ាង​ថា​ «នឹង​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ទាំង​ស្រុង»​ និង​សេចក្តី​ប្រកាស​មិន​រំពឹង​ទុក​មួយ​របស់​លោក ត្រាំ​ដែល​ថា ​សហ​រដ្ឋ​អា​មេរិក​នឹង​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​ប្រទេសកូរ៉េ​ខាង​ត្បូង។​

ការ​តាំង​ចិត្ត​របស់​លោក​ គីម ​ជុង​អ៊ុន ​ដើម្បី​លុប​ចោល​កម្មវិធី​នុយក្លេអ៊ែរ​រួម​មាន​នៅ​ក្នុង​ឯក​សារ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​បន្ទាប់​ពី​ជំនួប​លើក​ទី​មួយ​រវាង​ប្រធានា​ធិបតី​កំពុង​កាន់​អំណាច​របស់​សហ​រដ្ឋ​អាមេរិក​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង។ ឯកសារ​នោះ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​២​ធ្វើ​ការ​រួម​គ្នា​ស្តី​ពីការ​ខំ​ប្រឹងប្រែង​ដើម្បី​ស្ថាបនា​សន្តិភាព​យូរ​អង្វែង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ ​ដើម្បី​បង្កើត​ទំនាក់​ទំនង​ថ្មី​រវាង​សហ​រដ្ឋ​អាមេរិក​និង​កូរ៉េខាង​ជើង​ហើយ​នឹង​ដើម្បី​ស្វែងរក​អដ្ឋិធាតុ​ អ្នក​ទោស​សង្គ្រាម ​និង​សមាជិក​យោធា​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម។​ ភាគី​ទាំង​២​បាន​សន្យា​បន្ត​ការ​ចរចា​ទៀត។​

ខណៈ​ដែល​ឯកសារ​មិន​ទាន់​លាត​ត្រដាង​ពី​ចំណុច​សំខាន់ៗ​ចំពោះ​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​នោះ​ ​លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​នៅ​សន្និសីទ​កាសែត​ថា ​«យើង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នោះ​ឲ្យ​បាន​ឆាប់​រហ័ស»។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ថ្លែង​នៅ​មុន​ជំនួប​នោះ​ថា ​លោក​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ ស្វាគមន៍​រាល់​យន្តការ​នានា​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​នៅ​ទូទាំង​ពិភពលោក។​ យ៉ាង​ណាក៏ដោយ​ លោក​ថ្លែង​ថា​ ប្រទេស​ធំៗ​គួរ​កុំ​មាន​ចិត្ត​ជ្រៀត​ជ្រែកកិច្ចការ​របស់​ប្រទេស​តូចៗ​ ដូចអ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ​ ក្នុង​ការ​មិន​លូកដៃ​ទៅក្នុង​កិច្ចការ​របស់​ប្រទេស​ដទៃ។​

«សូម​ឲ្យ​មាន​យុត្តិធម៌​ កុំឲ្យ​មាន​ការ​លូកដៃ​ចូលកកូរ​កកាយ​កិច្ច​ការ​ផ្ទៃ​ក្នុង​ ពី​ប្រទេស​ដែល​ខ្លាំង​ មក​ក្នុង​ប្រទេស​ខ្សោយ​បាទ។ ​ ជួយ​យឹត​យោង​គ្នា​អ្នក​ខ្សោយ​ គឺ​ថា​ ឲ្យ​ទៅ​ជា​ខ្លាំង​ ដូច​ខ្លួន​ដែរ​ អា​ហ្នឹង​បាន​ជា​ការ​ល្អ»។​

មុន​ពេល​ដែល​ជំនួប​កំពូល​រវាង​លោក​ប្រធានាធិបតី​ត្រាំ និង​លោក​ គីម ជុងអ៊ុន​បាន​កើត​ឡើង​នោះ ​មាន​សេចក្តី​រាយ​ការណ៍​ជាច្រើន​បាន​ធ្វើ​ឡើង​ ទាក់ទិន​នឹង​ការ​ឌឺដង​ដាក់​គ្នា​រវាង​មេដឹក​នាំ​ទាំង​ពីរ​នេះ។​

កាល​ពី​ឆ្នាំ​មុន​ មេដឹកនាំ​ទាំងពីរ​នេះ​បាន​រិះគន់គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​លោក ​ត្រាំ បាន​ហៅ​លោក​ គីម ជុងអ៊ុន ​ថា ​«អាល្អិត​រ៉ុកកែត»​ ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គីម ជុងអ៊ុន ​បាន​ហៅ​លោក ​ត្រាំ ​ដែល​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ថា​ ជា​«មនុស្ស​ល្ងង់»។ ​មេដឹ​កនាំ​ទាំងពីរ​បាន​គំរាម​កំហែង​ប្រើប្រាស់​អំណាច​យោធា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ខណៈ​ភាព​តានតឹង​បាន​កើនឡើង​កាន់​តែ​ខ្លាំងទាក់ទងនឹងការ​បាញ់​សាកល្បង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​របស់​ប្រទេស​កូរ៉េខាង​ជើង។ ​

ទោះ​ជាយ៉ាងណា​ក៏ដោយ​ គ្រាដែល​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ​បាន​កើត​ឡើង​ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍មុន​នេះ​ ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​សេអ៊ូលបាន​និយាយ​ថា​ ពួកគេ​សប្បាយ​រីករាយ​ដែល​បាន​ឃើញ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គីម ជុងអ៊ុនជួបចរចា​គ្នា​ជាជាង​គំរាម​កំហែង​សង្គ្រាម​ពាណិជ្ជ​កម្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Lee Jun-keun​ អ្នក​លក់ដូរ​ម្នាក់​នៅក្នុង​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា ​«ខ្ញុំ​មាន​ក្តី​រំភើប​ខ្លាំង​ណាស់ ​ពីព្រោះ​ថា​ ការ​ចរចា​នេះ​គឺ​ជា​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ ​ការ​បែក​បាក់​គ្នា​រវាង​កូរ៉េ​ទាំង​ពីរ​អស់​រយៈ​ពេល​៧០​ឆ្នាំ​មកហើយ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG