ជំនួបជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានបញ្ចប់នៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារដោយមានការសន្យាពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងថា «នឹងលុបចោលកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងស្រុង» និងសេចក្តីប្រកាសមិនរំពឹងទុកមួយថា សហរដ្ឋអាមេរិកនឹងផ្អាកសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូង។
ការតាំងចិត្តរបស់គីម ជុងអ៊ុនដើម្បីលុបចោលកម្មវិធីនុយក្លេអ៊ែររួមមាននៅក្នុងឯកសារដែលត្រូវបានចុះហត្ថលេខាបន្ទាប់ពីជំនួបលើកទីមួយរវាងប្រធានាធិបតីកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកនិងមេដឹកនាំកូរ៉េខាងជើង។ ឯកសារនោះអំពាវនាវឲ្យប្រទេសទាំង២ធ្វើការរួមគ្នាស្តីពីការខំប្រឹងប្រែងដើម្បីស្ថាបនាសន្តិភាពយូរអង្វែងនៅលើឧទ្វីបកូរ៉េ ដើម្បីបង្កើតទំនាក់ទំនងថ្មីរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងហើយនឹងដើម្បីស្វែរកអធ្ឋិធាតុអ្នកទោសសង្គ្រាមនិងសមាជិកយោធាដែលបានបាត់ខ្លួននៅក្នុងសង្គ្រាម។ ភាគីទាំង២បានសន្យាបន្តការចរចាទៀត។
ខណៈដែលឯកសារមិនទាន់លាតត្រដាងពីចំណុចសំខាន់ៗចំពោះការធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរនោះ លោកប្រធានាធិបតីត្រាំបាននិយាយនៅសន្និសីទកាសែតថា «យើងនឹងចាប់ផ្តើមដំណើរការនោះឲ្យបានឆាប់រហ័ស»។
លោកត្រាំក៏បានប្រាប់លោកស្រី Greta Van Susteren អ្នករាយការណ៍ឲ្យ VOA ថា កងទ័ពសហរដ្ឋអាមេរិកដែលបោះទីតាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងស្ថិតនៅទីនោះដដែល ក៏ប៉ុន្តែ បានប្រកាសពីសម្បទានដែលកូរ៉េខាងជើងស្វះស្វែងរកជាយូរយារណាស់មកហើយ ប៉ុន្តែសម្បទាននោះមិនបានបញ្ចូលនៅក្នុងឯកសារដែលបានចុះហត្ថលេខាកាលពីព្រឹកថ្ងៃអង្គារ។ លោកប្រធានាធិបតីត្រាំនិយាយថា «យើងនឹងធ្វើប្រទេសកូរ៉េខាងជើងគ្មានអាវុធនុយក្លេអ៊ែរ»៕