ប្រទេសចិននិងរុស្ស៊ីមើលឃើញការបញ្ចប់ជំនួបកំពូលក្នុងប្រទេសសិង្ហបុរីនៅពេលឥឡូវនេះរវាងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនថាជាការបង្ហាញត្រឹមត្រូវនូវទស្សនៈរបស់មេដឹកនាំទាំង២ថាតើបញ្ហាស្មុគ្រស្មាញនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវដោះស្រាយយ៉ាងដូចម្តេច។
ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកវិភាគខាងសន្តិសុខមានភាពប្រាកដប្រជាតិចតួចអំពីលទ្ធផលនៃជំនួបកំពូលនោះ ជាពិសេសការប្រកាសរបស់ប្រធានាធិបតីត្រាំថា នឹងបញ្ឈប់ការធ្វើសមយុទ្ធនៅលើឧបទ្វីបកូរ៉េនោះ។ អ្នកវិភាគខាងសន្តិសុខខ្លះជជែកឲ្យហេតុផល ថា សេចក្តីប្រកាសនោះមិនត្រឹមតែស្របទៅនឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាស្របទៅនឹងគោលដៅខាងយុទ្ធសាស្ត្រដ៏ធំរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែរ។
ការអត្ថាធិប្បាយអំពីជំនួបកំពូលនោះ រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ជំនួបនោះបានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយត្រូវដែលគាំទ្រឲ្យមានការសន្ទនាដោយផ្ទាល់ដែលជាមធ្យោបាយតែមួយគត់ដើម្បីកាត់បន្ថយការតានតឹងនៅលើឧបទ្វីបកូរ៉េនោះ។
រដ្ឋាភិបាលក្រុងប៉េកាំងបានឆ្លៀតឱកាសពីការផ្តល់ការគាំទ្ររបស់ខ្លួនដែរ។
នៅឯសន្និសីទកាសែតប្រចាំថ្ងៃកាលពីថ្ងៃពុធ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា កំណត់សម្គាល់ក្រោយជំនួបកំពូលរបស់ប្រធានាធិបតីត្រាំអំពីការលុបចោលសមយុទ្ធយោធាបង្ហាញពីភាពត្រឹមត្រូវ៕