ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​ផ្អាក​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​​លើ​ដង​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ​២០៣០


រូបឯកសារ៖ បុរស​ម្នាក់​ និង​ចៅ​កំពុង​ត្រៀម​សំណាញ់​នៅ​ឯ​ភូមិ​ក្បាល​ជ្រោយ នៅ​តាម​ដង​ទន្លេ​មេគង្គ ជិត​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​នៅ​ប្រទេស​​កម្ពុជា​​បាន​ស្វាគមន៍ ​ការ​សម្រេច​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ផ្អាក​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ​២០៣០ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ថាមពល​អាច​កកើត​វិញ​បាន។

លោក ​វិចទ័រ ​ហ្សូនា​ (Victor Jona) អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល ​បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​ថ្ងៃ ទី​៣១ ខែ​មីនា ​ថា គេ​មិន​ត្រូវ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្ល​មេ​នៃទន្លេ​មេគង្គ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ដើម្បី​បង្គ្រប់​តម្រូវ​ការ​ខាង​អគ្គិសនី​ទេ ដោយ​លោក​បញ្ជាក់​ក្នុង​សម្តី​ដើម​ថា៖​ «ពី​ឆ្នាំ​២០២០ ដល់​២០៣០ នឹង​មិន​មាន​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនីអ្វី​ទេ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ»។

ការ​ប្រកាស​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនីសម្បូរ​និង​ស្ទឹងត្រែង។

ក៏​ប៉ុន្តែគម្រោង​ទំនប់​នៅ​តាម​ដៃ​ទន្លេ​ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ការ​ផ្អាក​ការ​សាង​សង់​នេះ​ទេ។ ជា​ឧទាហរណ៍​ គម្រោង​ទំនប់​កម្លាំង​៨០​មេហ្គាវ៉ាត់ តាម​បណ្តោយ​ស្ទឹង​ពោធិ៍សាត់ នៅ​មាន​ក្នុង​គម្រោង​នៅ​ឡើយ នេះ​បើ​តាម​លោក ​វិចទ័រ ហ្សូនា។ រដ្ឋាភិបាល​ក៏​មិន​បាន​ដក​ចេញ​នូវ​លទ្ធភាព​ដែល​ខ្លួនអាច​សាងសង់ទំនប់​វារី​អគ្គិសនី​ដែល​បាន​ផ្អាក​នេះឡើង​វិញ​នៅ​ក្រោយ​ឆ្នាំ​២០៣០។​

អ្នក​ការពារ​បរិស្ថាន​បាន​ព្រមាន​ថា ទំនប់​វារីអគ្គិសនី​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ។ ទន្លេ​មេគង្គ​ជា​ទន្លេ​ធំ​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​តំបន់​ ហើយ​មានប្រជាជន​រាប់ពាន់​គ្រួសារមាន​ជីវភាព​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។

ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្អាក​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​មាន​ពេល​វិនិយោគ​ចំពោះ​ប្រភព​ថាមពល​ផ្សេង​ទៀត នេះ​បាន​តាម​អ្នក​ជំនាញ។​

អ្នកស្រី​ Maureen Harris ប្រធាន​កម្មវិធី​នៅ​អង្គការ ទន្លេអន្តរជាតិ​(International Rivers )ថ្លែង​ថា៖ «សេចក្តី​ប្រកាស​នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​ប្រសើរ​សម្រាប់​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​តំបន់​ទាំង​មូល។ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនីសម្បូរ​និង​ស្ទឹងត្រែង ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជលផល​ទន្លេ​មេគង្គ​និង​តំបន់​លិច​ទឹក ហើយ​ទំនង​នឹង​ធ្វើ​ឲ្យ​ហិនហោច​ដល់​ដីសណ្ត​ទន្លេ​មេគង្គ ដែល​កំពុង​ជួប​សម្ពាធ​យ៉ាង​ខ្លាំង​ពី​ផល​ប៉ះពាល់​រួម​គ្នា​រវាង​ការ​ប្រែប្រួល​អាកាសធាតុ​និង​ទំនប់​វារីអគ្គិសនីដែល​មាន​ស្រាប់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ដងទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​ចិន​និង​ឡាវ»។

រូបឯកសារ៖ ទង់​ពណ៌​លឿង​នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​បញ្ជាក់​ទី​តាំង​ជ្រើ​រើស​សម្រាប់​ការ​សាង​សង់​ទំបន់ Luang Prabang ជិត​ភូមិ ​Houaygno ក្នុង​ទេស​ឡាវ។
រូបឯកសារ៖ ទង់​ពណ៌​លឿង​នៅ​លើ​ដង​ទន្លេ​មេគង្គ​ដែល​បញ្ជាក់​ទី​តាំង​ជ្រើ​រើស​សម្រាប់​ការ​សាង​សង់​ទំបន់ Luang Prabang ជិត​ភូមិ ​Houaygno ក្នុង​ទេស​ឡាវ។

អ្នកស្រី​បន្ថែម​ថា បរិមាណ​អគ្គិសនី​ដែល​ផលិត​ដោយ​ទំបន់វារី​អគ្គិសនី​ដែល​មាន​ស្រាប់​ បាន​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ថា​តើ​ ទំនប់​វារី​អគ្គិសនីអាច​បង្កើត​ចំនួន​ថាមពល​ដូច​គេ​រំពឹង​ទុក​ដែរ​ឬ​ទេ។

លោក Brian Eyler នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Stimson Center បាន​យល់​ស្រប​ចំពោះ​ការ​វាយតម្លៃ​នេះ ដោយ​លោក​ថ្លែង​ប្រាប់​ VOA តាម​សារ​អេឡិកត្រូនិក​ថា៖ «សេចក្តី​ប្រកាស​នេះ​ជា​សញ្ញា​យ៉ាង​ច្បាស់​ថា ទំបន់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ ជា​ជម្រើស​ហួស​សម័យ​ហើយ​បាន​លទ្ធផល​តិចតូច​សម្រាប់​បង្កើត​ថាមពល»។

លោក​ថា សេចក្តី​ប្រកាស​នេះជា​សារ​ទៅ​កាន់​ប្រទេស​ឡាវ​និង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ថា៖ «ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ មិន​សម​ស្រប​ទេ បើ​គិត​ពី​ទាំង​សេដ្ឋកិច្ច បរិស្ថាន និង​នយោបាយ»។

ព្រឹត្តិការណ៍​ចម្បង​ជាង​គេ​គឺ ប្រទេស​ឡាវ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​សាងសង់​ទំនប់​វារី​អគ្គិសនី​ហ្លួងប្រាបាង​នៅ​ចុង​ឆ្នាំ​នេះ។ អ្នក​សង្កេតការណ៍ថា​ គម្រោង​នេះ​នឹង​គំរាមកំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ីទន្លេ​មេគង្គ​ក្រោម។

លោក Eyler ថ្លែង​ថា កម្ពស់​ទឹក​ទន្លេដ៏​ទាប​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​បាន​នាំ​ឲ្យ​មាន​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ខែ ដោយ​សារ​មិន​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​បង្វិល​ទុរប៊ីន​របស់​ទំនប់។

លោក​ Eyler បញ្ជាក់​ថា៖​ «វា​ប្រាកដ​ណាស់​ថា ក្នុង​ក្រសែ​ភ្នែក​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ហានិភ័យ​នៃ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​មាន​ច្រើនលើលពី​ផលប្រយោជន៍​ដែល​ទទួល​បាន​មក​វិញ»។​

លោក​ថា ហានិភ័យ​គឺ​ការ​គំរាម​កំហែង​ចំពោះ​ទិន្នផល​ត្រី​ដោយ​លោក​ពន្យល់​ថា៖ «ទំនប់​វារី​អគ្គិសនីស្ទឹងត្រែង​និង​សម្បូរ​ដែល​នៅ​លើ​ដង​ទន្លេ​មេ បើ​សាងសង់​វិញ​នោះ​នឹង​ប្រាកដ​ជា​សម្លាប់ចំនួន​ត្រី​នៅ​ក្នុង​ទន្លេ​មេគង្គ​ហើយ។»

​លោក វិចទ័រ ហ្សូនា​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ ថ្លែង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ការ​វាយតម្លៃ​ឡើង​វិញ​នូវ​ផែនការ​មេ​ផ្នែក​ថាមពល ដោយ​ផ្អែក​លើ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៩​ដែល​រដ្ឋាភិបាល​បាន​ស្នើ​ឡើង ដែល​ការ​សិក្សា​នេះ​មិន​មាន​រួម​បញ្ជូល​នូវ​កត្តា​បរិស្ថាន​ទេ។ លោក​ថា ​ការ​សិក្សា​ដែល​បាន​បញ្ចប់​កាល​ពី​ខែ​កុម្ភៈ​នេះ​បាន​ពិនិត្យ​មើល​កំណើន​ប្រជាជន កំណើន​ឧស្សាហកម្ម និង​កំណើន​តម្រូវការ ហើយ​បាន​រក​ឃើញ​ថា តម្រូវការ​ខាង​ថាមពល​ត្រូវ​បាន​បំពេញ​ដោយ​ប្រភព​ថាមពល​ផ្សេង​ទៀត។ លោក​លើក​ឧទាហរណ៍​ថា ប្រភព​ថាមពល​ថ្មី​មួយ​គឺ​ការ​នាំ​ចូល​ថាមពល​កាន់​តែ​ច្រើន​ពី​ប្រទេស​ឡាវ គឺ​ពី​មុន​ប្រទេស​កម្ពុជា​បាន​ទិញថាមពល​តិច​ជាង​៥០​មេហ្គាវ៉ាត់​ពីទំនប់​ Don Sahong ដែល​ទើប​បើក​ថ្មី​របស់​ប្រទេស​ឡាវ ​ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​បញ្ជា​ទិញ​ប្រមាណ​១៩៥​មេហ្គាវ៉ាត់​បន្ថែម​ទៀត។

ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍ​អាស៊ី​កំពុង​វិភាគ​មើល​តម្រូវការ​ខាង​ថាមពល​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ។ ខណៈ​ដែល​ការ​សិក្សា​នេះរួម​បញ្ចូល​កត្តា​ដូច​ជា​ការ​ប្រែប្រួល​នៃ​ប្រសិទ្ធផល​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​សិក្សា​នេះ​ក៏​មិន​បាន​ពិនិត្យ​មើល​កត្តា​បរិស្ថាន​ នេះ​បើ​តាម​លោក វិចទ័រ ហ្សូនា។ ការ​សិក្សា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ។​

លោក​បន្ថែម​ថា ដើម្បី​អាច​បំពេញ​តម្រូវ​ការ​អគ្គិសនី​បាន រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ពង្រីក​ការ​ផលិត​ថាមពល​ពីរោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយធ្យូងថ្ម។

កាល​ពី​ចុង​ខែ​មីនា រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នេះ​ចំនួន​ពីរ​កន្លែង ដែល​សរុប​មាន​សមត្ថភាព​ផលិត​៩០០​មេហ្គាវ៉ាត់។

ប៉ុន្តែ​អ្នកស្រី Courtney Weatherby អ្នក​វិភាគ​មួយ​រូប​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Stimson Center ដែល​ស្រាវជ្រាវ​អំពី​ថាមពល និរន្តរភាព និង​ទឹក ថ្លែង​ថា ថាមពល​ពី​ធ្យូង​ថ្ម មិន​មែន​ជា​ដំណោះស្រាយ​បន្ទាន់​សម្រាប់​តម្រូវការ​ថាមពល​សម្រាប់​កម្ពុជា​ទេ ព្រោះ​គេ​ត្រូវ​ការ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​សម្រាប់​ការ​សាងសង់​រោងចក្រ​នេះ។

អ្នក​ស្រី​ថា បើ​ប្រៀប​ធៀប​នឹង​ថាមពល​វារី​អគ្គិសនី ធ្យូង​ថ្ម​មាន​គុណសម្បត្តិ​មួយ គឺ​ ថាមពល​វារីអគ្គិសនី និង​ថាមពល​អគ្គិសនី​ពី​រោងច្រក​ធ្យូង​ថ្ម​ថ្មី អាច​លក់​អគ្គិសនី​ក្នុង​តម្លៃ​៧​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប៉ុន្តែ​ថាមពល​ពី​ធ្យូង​ថ្ម​មាន​ភាព​ទៀងទាត់​ជាង​ថាមពល​វារី​អគ្គិសនី​ ព្រោះ​វា​មិន​រង​ផល​ប៉ះពាល់​ពី​ភាព​រាំង​ស្ងួត។​

ប៉ុន្តែ​នេះ​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរ​អង្វែង។ អ្នក​ស្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ធ្យូងថ្ម​មាន​ផល​ប៉ះពាល់​ខាង​បរិស្ថាន។ នៅ​រយៈ​ពេល​យូរ ធ្យូង​ថ្ម នឹង​ផលិតឧស្ម័ន​កាបូនិក​ដែល​នឹង​រួម​ចំណែក​ដល់​ការ​ប្រែប្រួល​អាកាសធាតុ»។

អ្នកស្រី Weatherby និយាយ​ថា ជា​ជាង​ផ្តោត​លើ​ថាមពល​វារី​អគ្គិសនី​ឬ​ធ្យូង​ថ្ម រដ្ឋាភិបាល​គួរ​ផ្តោតខ្លាំង​ទៅ​លើ​ថាមពល​កកើត​ឡើង​វិញ។

លោក វិចទ័រ ហ្សូនា​ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​ និង​ថាម​ពល​ យល់​ស្រប​ថា​ប្រទេស​កម្ពុជា​មាន​សក្តានុពលក្នុង​ការ​អភិវឌ្ឍ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​បន្ថែម​ទៀត។ លោក​ថា នៅ​ពេល​ខាង​មុខ កម្ពុជា​នឹង​បង្កើន​សមត្ថភាព​ខាង​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ។ នៅ​ពេល​បច្ចុប្បន្ន​នេះ ថាមពល​ពន្លឺ​ព្រះអាទិត្យ​ស្មើ​មិន​ដល់​១០%​នៃ​ប្រភព​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ហើយ​ថាមពល​វារី​អគ្គិសនី​ស្មើ​៣៦% ប៉ុន្តែ​រដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ​នូវ​គម្រោង​សម្រាប់​ការ​បន្ថែម​ថាមពល​៣០០​មេហ្គាវ៉ាត់​ថែម​ទៀត។ ហើយ​ពី​ឆ្នាំ​២០២១​ទៅ នឹង​មាន​បន្ថែម​២០០​មេហ្គាវ៉ាត់​ទៀត​ ទៅ​ក្នុង​គម្រោង​ថាមពល​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា។

អ្នកស្រី Weatherby នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Stimson Center ថ្លែង​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​អាចបង្កើត​ថាមពល​ពីព្រះ​អាទិត្យ​ប្រហែល​៨.០០០​មេហ្គាវ៉ាត់ និង​ថាមពល​ពី​ខ្យល់​ប្រមាណ​៦.៥០០​មេហ្គាវ៉ាត់។ អ្នក​ស្រី​ថា បើ​ទោះ​បី​កម្ពុជា​ទំនង​នឹង​មិន​អាច​ឈាន​ដល់​សក្តានុពល​នេះ​ក្តី ក៏​អ្នក​ស្រី​ថ្លែង​ថា កម្រោង​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​អាច​ត្រូវ​បាន​គេ​សាង​សង់​លឿន​ជាង​ដើម្បី​ដោះស្រាយ​កង្វះខាត​អគ្គិសនី។

អ្នកស្រី​បញ្ជាក់​ថា៖ «ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ជា​ពិសេស​ ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​សម្រាប់​អនាគត​នៃ​ការ​ផលិត​ថាមពល​របស់​កម្ពុជា»៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG