រដ្ឋាភិបាលកម្ពុជា នៅសប្តាហ៍នេះ បានប្រកាសពីការចរចាប្រាក់ឈ្នួលអប្បបរមាថ្មីបន្ថែមទៀត សម្រាប់ឧស្សាហកម្មកាត់ដេរ និងស្បែកជើង ក្នុងឆ្នាំ២០១៩ខាងមុខ ដោយផ្អែកតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយអង្គព្រះមហាក្សត្រកាលពីខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ដែល VOA ទទួលបាន។
សេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៩ ខែសីហា បានបញ្ជាក់ឲ្យដឹងថា ខែសីហា ឆ្នាំ២០១៨នេះ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទេ្វភាគី ហើយខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី។
សេចក្តីប្រកាសរបស់ក្រសួងការងារបានបន្ថែមថា៖
«គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សា ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការប្រកាសរបស់រដ្ឋាភិបាល ទាក់ទិនការកំណត់ប្រាក់ឈ្នួលអប្បបរមានេះ ជានីតិវិធីធម្មតាមួយដែលភាគីសហជីព និយោជក និងរដ្ឋាភិបាល បានព្រមព្រៀង ក្រោយការធ្វើបាតុកម្មរបស់កម្មករកាលពីចុងឆ្នាំ២០១៣។
មេដឹកនាំសហជីពរូបនេះយល់ថា ក្រុមសហជីពដែលការពារផលប្រយោជន៍កម្មករ នៅតែមានការពិបាក ក្នុងការទាមទារចង់បានចំនួនប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ ព្រោះសំឡេងរបស់សហជីពដែលមិនចំណុះឲ្យរដ្ឋាភិបាល និងនិយោជកមានតិចក្នុងការដាក់សម្ពាធពេលចរចាម្តងៗនោះ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ មានប្រសាសន៍ថា៖
«សហជីពភាគតិចណាស់ ដែលព្យាយាមនៅក្នុងការការពារសំឡេងដែលជា របស់កម្មករពិតប្រាកដការពារតួលេខ ដែលបានដាក់ទៅ ជជែកគ្នាអ៊ីចឹងទៅ។ ខ្ញុំឃើញថា សហជីពភាគតិចណាស់ ដែលបានការពារសំឡេងទាំងអស់ហ្នឹង»។
អ្នកស្រីថ្លែងបន្ថែមថា រាល់ការបោះឆ្នោត សហជីពដែលមិនរណបនឹងនិយោជក តែងតែចាញ់ប្រៀបក្រុមភាគីរដ្ឋាភិបាល និងនិយោជក ក៏ដូចជាសហជីព ដែលបានប្រយោជន៍ពីនិយោជក។
«បើសិនណាមតិឯកច្ឆន្ទ យើងអត់មានមតិឯកច្ឆន្ទទេ គេយកសំឡេងទៅតាមការបោះឆ្នោត ហើយបើបោះឆ្នោត យើងមានរឿងអីត្រូវបោះឆ្នោតឈ្នះ ភាគីនិយោជក ភាគី...ព្រោះធម្មតារដ្ឋាភិបាលអីជាដើម ជាទូទៅមិនដែលបោះឆ្នោតមកគាំទ្រសំឡេងរបស់កម្មករអីផងហ្នឹង។ អ៊ីចឹង យើងមិនដែលរកបានសំឡេងរួមទេ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា ដំណើរចរចាប្រាក់ឈ្នួលថ្មីសម្រាប់ឆ្នាំ២០១៩នេះ នឹងមិនប្រឈមឧបសគ្គខ្លាំងនោះទេ តែលោកថា សិទ្ធិអំណាចរបស់សហជីពបានកំពុងរួមតូចទៅក្នុងការទាមទារអ្វីដែលសហជីពមិនរណបថៅកែចង់បានជូនកម្មករ ដោយសារការបង្កើតច្បាប់រឹតត្បិតសិទ្ធិសេរីភាព ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការប្តឹងផ្តល់ប្រឆាំងក្រុមសហជីពឯករាជ្យ។
«បាទជាការពិត សំណុំរឿងនៅតុលាការជាច្រើន រួមទាំងខ្ញុំផង សំណុំរឿងនៅប្រាំពីរ ប្រាំបី រឿងព្រហ្មទណ្ឌនៅតុលាការ ដែលជាសម្ពាធមួយដែលពិបាក រឿងទីពីរគឺ រឿងដែលពាក់ព័ន្ធនឹងច្បាប់ថ្មីៗនេះ គឺមានការដកសិទ្ធិ រួមទាំងច្បាប់ប្រាក់ឈ្នួលនឹងផង បើសិនជា យើងចូលរួមនៅក្នុងការចរចា ហើយ យើងជំទាស់ យើងអីដោយ មូលហេតុណាមួយនោះ គឺវាមានជាប់ពាក់ព័ន្ធទៅនឹង ទោសវិន័យជាប្រាក់ ឬក៏អាចទៅរឿងព្រហ្មទណ្ឌអីផ្សេងទៀត ក្នុងករណីដែលយើងមិនបាន បង់ជាប្រាក់អីទៅតាមតម្រូវការដែលគេចោទប្រកាន់មកយើង»។
លោកបានបន្ថែមថា ស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក៏ធ្វើឲ្យក្រុមសហជីពឯករាជ្យពិបាកអនុវត្តសិទ្ធិរបស់ខ្លួនដែរ។
«ហើយម្យ៉ាងទៀតស្ថានភាពនយោបាយចុងក្រោយនេះ វាកាន់តែតឹងតែងទៀត បើសិនជាយើងធ្វើអីមិនស្រួល តែពាក់ព័ន្ធវិស័យការងារហ្នឹង គេអាចចោទប្រកាន់យើង ថាជារឿងនយោបាយ រឿងបដិវត្តន៍ពណ៌អ៊ីចឹងទៅ យើងក៏ពិបាកដែរ»។
ក៏ប៉ុន្តែលោកអះអាងថា រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើជីវភាពកម្មករ ដែលការណ៍នេះ អាចបើកផ្លូវឲ្យការចរចា មានភាពប្រសើរជាងមុន។
នៅមុនការប្រកាសប្រាក់ឈ្នួលអប្បបរមាផ្លូវការកាលពីឆ្នាំមុន ដែលត្រូវបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ រួមមានមធ្យោបាយធ្វើដំណើរ និងការថែទាំសុខភាព។
លោក ហ៊ុន សែន បានលើកឡើងថា កម្មករទទួលបានសេវារថយន្តក្រុងដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ គឺគិតចាប់ពីខែ សីហា ឆ្នាំ ២០១៧ ដល់ ខែសីហា ឆ្នាំ២០១៩។ ហើយកម្មករក៏មិនចាំបាច់បង់ថ្លៃពាក់កណ្តាលសម្រាប់ការថែទាំសុខភាព តាមរយៈរបបសន្តិសុខសង្គមទៀតដែរ មានន័យថា និយោជក ដែលជាក្រុមហ៊ុននឹងទទួលរ៉ាប់រងបង់លើការចំណាយនេះទាំងអស់ ១០០ភាគរយ ដូច្នេះកម្មករអាចនៅសល់ប្រាក់រវាងពី៨០០០ទៅ១២០០០រៀលក្នុងមួយខែ។
លោក ហ៊ុន សែន ក៏បញ្ជា ក្រសួងសុខាភិបាលឲ្យរៀបចំមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកនៅជិតរោងចក្រ ដើម្បីងាយស្រួលក្នុងការផ្តល់ សេវាកម្មថែរក្សាសុខភាពដល់បងប្អូនកម្មករកម្មការិនី រួមទាំងរៀបចំឲ្យមានឡានពេទ្យប្រចាំការដើម្បីត្រៀមដឹកកម្មករនៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើង។ លោកក៏បានស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យក្នុងការតបណ្តាញទឹក នឹងភ្លើងទៅតាមផ្ទះដែលកម្មករជួលនៅ។
ទាំងអ្នកស្រី យ៉ាង សោភ័ណ្ឌ និងលោកអាត់ ធន់ បានថ្លែងបញ្ជាក់ព្រមគ្នាថា ការរស់នៅរបស់កម្មករអាចបានល្អជាងមុន ប្រសិនបើកម្មករអាចទទួលបានប្រាក់ឈ្នួលគោលពីយ៉ាងហោចណាស់២០០ ទៅ៣០០ដុល្លារអាមេរិកក្នុងមួយខែ បូកបន្ថែមនឹងប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងទៀត។ លោកអាត់ ធន់ក៏ទទូចដល់រដ្ឋាភិបាល ឲ្យមានការគ្រប់គ្រងអត្រាអតិផរណា ប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចៀសការកើនឡើងថ្លៃទំនិញ នៅពេលប្រាក់ឈ្នួលកម្មករត្រូវបានដំឡើងនោះ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ តែទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មានប្រសាសន៍ថា ខាងភាគីនិយោជក មិនមានការថ្នាំងថ្នាក់ នឹងដំណើរចរចាប្រាក់ឈ្នួលអប្បបរមាថ្មីនោះទេ ព្រោះវាជាការព្រមព្រៀងរវាងភាគីពាក់ព័ន្ធនានាក្នុងឧស្សាហកម្មកាត់ដេរ។
លោកមិនទាន់អាចបញ្ជាក់ថា នយោជកនឹងមានលទ្ធភាពយ៉ាងណា សម្រាប់ការតំឡើងប្រាក់ឈ្នួលថ្មីនេះទេ តែថា បើខាងសហជីពទារច្រើនពេកនោះ នោះអ្នកបញ្ជាទិញ និងឈប់ទិញទំនិញពីប្រទេសកម្ពុជា ខណៈដែលការប្រកួតប្រជែងបានកើតឡើងជារៀងរាល់ថ្ងៃ។
«រឿងថាពិបាកប្រកួតប្រជែង យើងជួបរាល់ថ្ងៃហើយ ចឹងមានន័យថា យើងគ្រាន់តែស្នើសុំ ទៅខាងភាគីសហជីព មុនត្រូវទាមទារ ត្រូវតែពិចារណា រឿងលទ្ធភាព ហើយរឿងប្រទេសផ្សេងៗ ដែលនាំ ដែលផលិត ខោអាវនាំចេញដែរ។ ត្រូវតែទុកឲ្យយើងមានលទ្ធភាពប្រកួតប្រជែងមួយគេ។ តែឡើងខ្លាំងពេក អ្នកបញ្ជាទិញ វាឈប់កំម៉ង់ហើយ»។
ឧស្សាហកម្មកាត់ដេរកម្ពុជា បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង៧០០.០០០នាក់ ដែលភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ។
ទោះណាជា រដ្ឋាភិបាលបានបង្ហាញការយកចិត្តទុកដាក់លើជីវិតរបស់កម្មករក្នុងឧស្សាហកម្មនេះក្តី ក៏គេនៅសង្កេតឃើញថា កម្មករនៅតែទទួលរងគ្រោះ ក្នុងពេលបំពេញការងារ ឬក្នុងពេលធ្វើដំណើរ ដោយក្នុងនោះមានការដួលសន្លប់ក្នុងរោងចក្រ និងគ្រោះថ្នាក់តាមផ្លូវដែលបន្តកើតមាននៅឡើយ។ ក្រុមកម្មករក៏នៅតែត្រូវគេមើលឃើញថា មានការរឹតត្បិតលើការហូបចុកអាហារ ដែលមានជីវជាតិមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាពផងដែរ។
ហានិភ័យក្នុងឧស្សហកម្មកាត់ដេរ ក៏ត្រូវបានក្រុមអ្នកជំនួញក្នុងឧស្សាហកម្មនេះ លើកឡើងថា បានកំពុងកើតឡើងដោយសន្សឹមៗ ដោយការកើនឡើងថ្លែដើមសម្រាប់ការផលិត និងការប្រឈមនឹងបញ្ហាប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ឧស្សាហកម្មនេះ ក៏ត្រូវបានគេព្យាករណ៍ជាមុនថា អាចនឹងជួបវិបត្តិធ្ងន់ធ្ងរផងដែរ ប្រសិនបើប្រទេសដែលជាទីផ្សារសំខាន់សម្រាប់ផលិតផលកាត់ដេរ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់វិធានការតឹងរ៉ឹងលើការយកពន្ធ ដើម្បីជាការព្រមានដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ឲ្យស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីការបោះឆ្នោតជាតិកន្លងទៅថ្មីៗនេះ ដែលគណបក្សប្រឆាំងសំខាន់មួយ គឺគណបក្សសង្គ្រោះជាតិមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត។
លោក ខេន លូ បានថ្លែងបន្ថែមថា រហូតមកដល់ពេលនេះ ក្តីបារម្ភចំពោះការបាត់បង់ការអនុគ្រោះ ពន្ធតាមកម្មវិធី «អ្វីៗទាំងអស់វៀរលែងតែអាវុធ» (Everything but Arms) ហៅកាត់ថា EBA មិនទាន់កើតមានឡើងចំពោះនិយោជកនោះឡើយ ហើយលោកថា ការរក្សាបានកិច្ចអនុគ្រោះពន្ធនេះ ឬ យ៉ាងណានោះ គឺអាស្រ័យលើរដ្ឋាភិបាលកម្ពុជា៕