អនុគណៈកម្មាធិការសភាមួយរបស់សហភាពអឺរ៉ុប បានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលស្ថិតក្នុងការឃុំឃាំង និងក្រើនរំឭកដល់កម្ពុជាឱ្យគោរពសិទ្ធិមនុស្សដែលជាគ្រឹះគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តការទទួលបានគម្រោងអនុគ្រោះពន្ធដល់រាល់មុខទំនិញទាំងអស់របស់កម្ពុជាវៀរលែងតែអាវុធ សម្រាប់នាំចូលទៅកាន់ទីផ្សាររបស់សហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុបដែល VOA បានទទួលកាលពីល្ងាចថ្ងៃពុធ។
សភាសហភាពអឺរ៉ុប បានថ្លែងថាការបោះឆ្នោតរបស់កម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានធ្វើឡើងប្រឆាំងនឹងស្ថានភាពដែលមានការកាត់បន្ថយលំហសម្រាប់គណបក្សប្រឆាំង និងការកើនឡើងនៃការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ។
ការបោះឆ្នោត ក៏បានកើតមានឡើង ក្នុងបរិយាកាសកាន់តែអាក្រក់ទាក់ទិនការគោរពសិទ្ធិមនុស្ស ក្នុងនោះមានសិទ្ធិការងារជាដើម។ យ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតបតទៅសភាសហភាពអឺរ៉ុបថា កម្ពុជា គ្មានការរំលោភសិទ្ធិមនុស្សទេ។
សេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុប ដែលធ្វើឡើងបីថ្ងៃក្រោយការបោះឆ្នោត បានស្រង់ប្រសាសន៍លោក Pier Antonio Panzeri ប្រធានគណៈកម្មាធិការរងទទួលបន្ទុកសិទ្ធិមនុស្សរបស់សភាសហភាពអឺរ៉ុប តាមន័យដើមថា៖
«ការវិវត្តន៍ថ្មីៗនៅប្រទេសកម្ពុជា ដោយក្នុងនោះមានការប្រើប្រាស់អំពើហិង្សា និងការឃុំខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ បានបង្ហាញឲ្យឃើញទំនោរដ៏អាក្រក់ទៅរកសិទ្ធិនយោបាយ និងប្រជាធិបតេយ្យដែលកំពុងចុះខ្សោយទៅៗ និងការធ្វើឲ្យស្ងប់ស្ងាត់នៃសំឡេងអ្នករិះគន់រដ្ឋាភិបាលក្នុងប្រទេស។ ខ្ញុំស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យកែប្រែទំនោរនេះ ដោយការគោរពតាមគោលការណ៍ប្រជាធិបតេយ្យ និងការដោះលែងលោក កឹម សុខា ជាបន្ទាន់»។
ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។ មុនការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងដ៏ធំមួយ តែមានគណបក្ស១៩ផ្សេងចូលរួមប្រកួតជាមួយគណបក្សកាន់អំណាចនោះទៀតនោះ ក្រុមមន្ត្រីពាណិជ្ជកម្មនៃគណៈកម្មការសហភាពអឺរ៉ុប (Department of Trade of European Commission) និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (European External Action Service)បានធ្វើបេសកកម្មស្វែងរកការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការដើរថយក្រោយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ VOA មុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីប្រមូលព័ត៌មាន ដើម្បីជាទុនដល់ការពិចារណាបន្ថែម និងការធ្វើសេចក្ដីសម្រេចចិត្តនៅក្នុងគណៈកម្មការអឺរ៉ុប និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (European Commission and the European External Action Service) ក្នុងក្របខ័ណ្ឌ EBA នេះ ។
ថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតមិនអាចបញ្ជាក់បានអំពីការសម្រេចទៅលើការបន្តរក្សាទុក ឬដកហូតក្របខ័ណ្ឌ EBA នេះពីកម្ពុជានោះឬយ៉ាងនោះទេ។
លោក Pier Antonio Panzeri ប្រធានគណៈកម្មាធិការរងទទួលបន្ទុកសិទ្ធិមនុស្សរបស់សភាសហភាពអឺរ៉ុប ត្រូវបានស្រង់សំដីតាមន័យដើមបន្ថែមថា៖
«ការប្ដេជ្ញាចិត្តរបស់កម្ពុជាដើម្បីគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀត បានទ្រទ្រង់ឲ្យមានការបានទទួលគម្រោងពាណិជ្ជកម្មមិនយកពន្ធ គឺអ្វីៗទាំងអស់វៀរលែងតែអាវុធ (EBA) ។ ខ្ញុំស្នើដល់គណៈកម្មការសហភាពអឺរ៉ុប និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប ឲ្យធ្វើសេចក្ដីរាយការណ៍បន្ទាន់អំពីការវាយតម្លៃរបស់ពួកគេ ទៅលើការគោរពរបស់ប្រទេសកម្ពុជា ក្នុងកាតព្វកិច្ចសិទ្ធិមនុស្ស ដូចដែលបានដឹងរួចហើយនៅក្នុងការឃ្លាំមើលគម្រោង EBA ហើយលើកសំណើឆ្លើយតបសក្ដិសមមួយទៅនឹងស្ថានភាពនៃការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស ដ៏គួរឲ្យបារម្ភនៅក្នុងប្រទេសកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលក្ដាប់អំណាចនៅប្រទេសកម្ពុជាជាង៤០ឆ្នាំមកហើយនោះប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្ស ហើយការទាមទារឲ្យដោះលែងលោក កឹម សុខា នោះ ជាការប្រមាថដល់ច្បាប់របស់ប្រជាជាតិដែលមានឯករាជ្យ និងអធិបតេយ្យភាព។
«ការណ៍ដែលចង់ឲ្យដោះលែង កឹម សុខា ចង់ឲ្យមានមន្ត្រី១១៨នាក់ ធ្វើនយោបាយឡើងវិញ អាហ្នឹងជាប្រមាថ ឆន្ទានុសិទ្ធិរបស់តុលាការកំពូលកម្ពុជាបាទ។ ដូច្នេះ ការណ៍ដែលលោកមានមតិពីខាងអឺរ៉ុបមកហ្នឹង វាមិនបានគ្របដណ្ដប់ទៅលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់តុលាការកម្ពុជាទេ អាហ្នឹងវាផ្ទុយអំពីគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ៊ីចឹងទេ វាគ្រាន់តែមានការចរិតនយោបាយ និងនិន្នាការមនោគមវិជ្ជា ដើម្បីកាន់ជើងអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបានលើកឡើងផងដែរថា ការណ៍ដែលសហភាពអឺរ៉ុបយកបញ្ហាសិទ្ធិមនុស្សមកភ្ជាប់ការទទួលបានកិច្ចអនុគ្រោះពន្ធ គឺជាការគំរាមកំហែងមួយ។
«អាហ្នឹងវាគ្រាន់តែជានិន្នាការ ចង់គាបសង្កត់កម្ពុជា ដែលគ្របដណ្ដប់លើឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាទេថា ការណ៍ចោទថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជានេះ យើងយល់ថា វាអត់មានទាល់តែសោះ»។
លោក សុខ ឥសាន បញ្ជាក់ទៀតថា សិទ្ធិរក្សាទុកឬដកហូតកិច្ចអនុគ្រោះពន្ធ គឺស្ថិតលើរដ្ឋាភិបាលនៃប្រទេសលោកខាងលិច ហើយថាការដកហូតកិច្ចអនុគ្រោះពន្ធនេះ ជារឿងអយុត្តិធម៌មួយសម្រាប់ពលរដ្ឋខ្មែរដែលឱបក្រសោបលទ្ធិប្រជាធិបតេយ្យ។
«អ៊ីចឹងខ្ញុំយល់ថា សិទ្ធិការផ្ដាច់ ដាក់ទណ្ឌកម្មមកលើកម្ពុជា អាហ្នឹងជាសិទ្ធិរបស់អស់លោកខាងលិចទេ ក៏ប៉ុន្តែ វាមិនបានផ្សារភ្ជាប់ ហើយនិងផ្ដល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា ដែលជាម្ចាស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេបាទ»។
ឧស្សាហកម្មកាត់ដេរកម្ពុជា ត្រូវសេដ្ឋវិទូមើលឃើញថា នៅតែជាឆ្អឹងខ្នងសំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ឧស្សាហកម្មនេះ បានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជាជាង៧០ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី។ ទីផ្សារធំបំផុតរបស់ផលិតផលនៃឧស្សាហកម្មកាត់ដេរកម្ពុជា គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
យោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ Nikkei Asian Review បានឲ្យដឹងថា ដោយសារតែមានការអនុគ្រោះពន្ធលើទំនិញនាំចេញនោះ ៦១.១ភាគរយនៃទំនិញកម្ពុជាមានតម្លៃ១០.១ កោដិដុល្លារសហរដ្ឋអាមេរិក ត្រូវនាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦។ ប្រទេសចិនបានទិញទំនិញកម្ពុជាតែ៦ភាគរយប៉ុណ្ណោះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅតែបារម្ភចំពោះវិធានការរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន។ ទាក់ទិនការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារនោះ មេដឹកនាំសហជីពរូបនេះ ផ្ដល់ការពន្យល់ខុសពីមន្ត្រីរបស់គណបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា៖
«ចំពោះខាងសហជីពយើង យើងគិតថា ដូចជា ករណីជាប់បណ្ដឹងនៅតែមាន សូម្បីតែមានការដោះលែង ប៉ុន្តែនៅជាប់នៅតុលាការយើងអត់អាចធ្វើអីបាន ដាក់នៅក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយរឿង បញ្ហាមួយចំនួនសិទ្ធិរបស់សហជីពហ្នឹងគឺវានៅតែជាបញ្ហា ដោយសារច្បាប់ទាំងអីហ្នឹង គឺយើងពិបាក តំណាងឲ្យកម្មករសូម្បីតែសំណុំរឿងបញ្ជូនទៅអាជ្ញាកណ្ដាលអីក៏យើងអត់បាន។ យើងបានតិចតួចមែន សុទ្ធតែរឿងពិបាក»។
លោកអាត់ ធន់ អះអាងថាមានការប្រសើរខ្លះៗក្នុងបញ្ហាប្រាក់ឈ្នួល និងការឧបត្ថម្ភបន្ទាប់បន្សំផ្សេងទៀត តែការរឹតត្បិតសិទ្ធិនៅតែជាបញ្ហាស្រាយមិនចេញដដែល។
«ហើយរឿងលក្ខខណ្ឌអីផ្សេងៗទៀត វាអាចមានការកែទម្រង់បានខ្លះ ដូចជារឿង សុខភាពរឿង ប្រាក់ឈ្នួលហ្នឹង គ្រាន់តែថា ជារឿងរបៀប ជាសិទ្ធិហ្នឹង ខ្ញុំមើលទៅដូចជាមិនសូវ ជាអ្នកដែលមានការដោះស្រាយបានច្រើនទេ»។
សេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុប បានពណ៌នាពីការបង្ក្រាបលើក្រុមប្រឆាំង ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងសំខាន់មួយ និងបានហាមមិនឲ្យក្រុមមន្ត្រីដឹកនាំគណបក្សដដែលនេះពីនយោបាយខាងការបោះឆ្នោតចំនួន៥ឆ្នាំ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវបានគេចោទពីបទក្បត់ជាតិ។ មន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ ត្រូវបានឃុំខ្លួន និងមេដឹកនាំគណបក្សនេះជាច្រើននាក់ទៀត បានកំពុងរស់នៅដោយនិរទេសខ្លួន៕