ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងទៅម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃដើម្បីចូលរួមការបោះឆ្នោតនាចុងខែកក្កដានេះ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញនៅថ្ងៃទី១៣ ខែមិថុនានេះបញ្ជាក់ថា ក្រសួងបានសម្រេចតម្រូវឲ្យមានការឈប់សម្រាកនេះ គឺធ្វើឡើងទៅតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដោយអំពាវនាវឲ្យម្ចាស់រោងចក្រសហគ្រាសអនុញ្ញាតឲ្យកម្មករនិយោជិតបានឈប់សម្រាកដើម្បីទៅបោះឆ្នោត។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារត្រូវបានសរសេរក្នុងន័យដើមថា៖
«ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ម្ចាស់ និងនាយករោងចក្រ សហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ជូនកម្មករនិយោជិតដដែល»។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះធ្វើឡើង ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ បានចុះជួបកម្មករកម្មការិនីដើម្បីសំណេះសំណាល និងចែកថវិកាស្ទើតែរៀងរាល់សប្តាហ៍។
VOA បានព្យាយាមទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធនឹងការសម្រេចរបស់ក្រសួង ដែលអនុញ្ញាតឲ្យកម្មករ និយោជិតបានឈប់សម្រាករហូតដល់ទៅ៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត ប៉ុន្តែមិនអាចទាក់ទងបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ស្របពេលដែលស្ថាប័នអន្តរជាតិធំៗមួយចំនួនបង្ហាញក្តីបារម្ភថា ការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សប្រឆាំងនេះនឹងក្លាយជាការបោះឆ្នោតដែលមិនមានភាពយុត្តិធម៌ និងមិនអាចទទួលយកបាន។
នេះគឺជាលើកទី១ហើយដែលក្រសួងការងារសម្រេចឲ្យកម្មករ និយោជិតទាំងអស់ឈប់សម្រាករហូតដល់ទៅ៣ថ្ងៃស្មើគ្នា ដើម្បីចូលរួមការបោះឆ្នោត។
ក្នុងពេលបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតធ្លាប់លើកឡើងថា កម្មករ កម្មការិនីជាច្រើនក្នុងចំណោមជាង៧០ម៉ឺននាក់ ខកខានមិនបានទៅបោះឆ្នោតនៅតាមភូមិស្រុករបស់ខ្លួន ដោយសារមិនមានការសម្រួលពីរដ្ឋាភិបាលឲ្យមានការឈប់សម្រាក និងដោយសារខ្វះខាតមធ្យោបាយធ្វើដំណើរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានសារទរចំពោះការសម្រេចរបស់រដ្ឋាភិបាលដែលឲ្យកម្មករបានឈប់សម្រាកដើម្បីទៅបោះឆ្នោតរហូតដល់ទៅបីថ្ងៃស្មើៗគ្នា។ ទន្ទឹមនឹងការសារទរ លោក អាត់ ធន់ ក៏បានបង្ហាញពីការភ្ញាក់ផ្អើលដោយថា អាណត្តិមុន ការស្នើឲ្យមានការឈប់សម្រាកសម្រាប់កម្មករ និយោជិតទៅបោះឆ្នោតត្រូវបានក្រសួងបដិសេធថា មិនអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ លោក អាត់ ធន់ បានប្រាប់ VOA បន្ថែមថា រដ្ឋាភិបាលក៏គួរតែជួយសម្រួលដល់ការធ្វើដំណើរសម្រាប់កម្មករ និយោជិតដែលត្រូវទៅបោះឆ្នោតនៅតាមបណ្តាខេត្តដើម្បីកាត់បន្ថយចំណាយរបស់ពួកគេផងដែរ។
លោកបញ្ជាក់ថា៖
«ខ្ញុំគិតថា នេះប្រហែលជាខាងគ.ជ.ប. ឬខាងរដ្ឋាភិបាលហ្នឹងប្រហែលចង់កៀរគរខាងកម្មករ ឬក៏អ្នកដែលធ្វើការហ្នឹង ឲ្យទៅបោះឆ្នោតឲ្យបានច្រើន បើមិនដូច្នេះទេ ប្រហែលមិនមានការស្នើបែបនេះទេ។ ម្យ៉ាងទៀត មិនដឹងថា ក្នុងអំឡុងពេលនេះ លោកនាយករដ្ឋមន្រ្តីចុះទៅតាមរោងចក្រ អីចឹងទៅ គាត់ចង់ឲ្យមានការទៅបោះឆ្នោតបន្ថែមទៀត ឬយ៉ាងម៉េច។ ខ្ញុំមើលឃើញទិដ្ឋភាពពីរ ប៉ុន្តែពេលនោះ ខ្ញុំច្បាស់ណាស់ ព្រោះខ្ញុំបានសួរទៅខាងគ.ជ.ប. និងក្រសួងតែគាត់ថា មិនអាចទេ តែឥឡូវនេះវាបាន វាគួរឲ្យភ្ញាក់ផ្អើលដែរ»។
ការសម្រេចឲ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីទៅបោះឆ្នោតនេះក៏ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ធ្លាប់បានទាក់ទាញកម្មករឲ្យចូលរួមធ្វើបាតុកម្មទាមទារសិទ្ធិនាពេលកន្លងទៅ ត្រូវបានតុលាការកំពូលរំលាយ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបាន ឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រុមមន្ត្រីគណបក្សជំទាស់ដែលនិរទេសខ្លួន ឯបរទេសកំពុងធ្វើយុទ្ធនាការកុំឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត ខណៈគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កំពុងព្យាយាមកៀរគរឲ្យម្ចាស់ឆ្នោតចូលរួមបោះឆ្នោតឲ្យបានច្រើន៕