ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានព្រមានអំពីការដកខ្លួនចេញរបស់បុគ្គលិកកម្ពុជាក្នុងសាលាក្តីខ្មែរក្រហម នៅពេលដែលសហគមន៍អន្តរជាតិមិនអើពើក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ភាគីជាតិក្នុងសាលាក្តីកូនកាត់នេះ ដែលកំពុងតែជួបវិបត្តិថវិកា។
បុគ្គលិកកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមភាគច្រើនលើសលុបនៃចំនួនសរុប២៨៧នាក់មិនទាន់ទទួលប្រាក់ខែរបស់ខ្លួនចាប់តាំងពីខែធ្នូមកមេ្ល៉ះ។ ហើយរដ្ឋាភិបាលកម្ពុជាបានជួបជាមួយនឹងតំណាងស្ថានទូតមួយចំនួនក្នុងទីក្រុងភ្នំពេញក្នុងពេលថ្មីៗនេះ ប៉ុន្តែពុំមានតំណាងប្រទេសណាមួយផ្តល់ចម្លើយវិជ្ជមាននោះទេ។
លោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីទីស្តីការគណៈរដ្ឋមន្ដ្រីដែលទទួលបន្ទុកកិច្ចការសាលាក្តីខ្មែរក្រហម បានថ្លែងទៅកាន់ឯកអគ្គរាជទូតជប៉ុន លោកម៉ាសាហ្វ៊មី គូរ៉ូគី និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោកហ្ស៊ង់ហ្វ្រង់ស័រ កូតាំង កាលពីថ្ងៃពុធថា ភាពគ្មានប្រាក់ខែនេះអាចនឹងធ្វើឲ្យបុគ្គលិកកម្ពុជាដើរចេញជាយថាហេតុ។
លោកសុខ អានត្រូវបានស្រង់សម្តីដោយអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីគឺលោកឯក ថា។
«បើសិនទៅថ្ងៃមុខ បើពួកគេដើរចេញ យើងនឹងឈានទៅពិគ្រោះលើមាត្រាទី៤៦នៃច្បាប់ស្តីពីការបង្កើតសាលាក្តីកាត់ទោសខ្មែរក្រហមគឺបានសេចក្តីថា បើភាគីអង្គការសហប្រជាជាតិមិនអាចធ្វើការបានដោយសារតែគ្មានភាគីខ្មែរជួយគឺតុលាការក្លាយជាតុលាការដែលមានបុគ្គលិកខ្មែរ ហើយរក្សាឈ្មោះដដែលគឺអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ នេះជាចំណុចថ្មីឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អានមានប្រសាសន៍អញ្ចឹង»។
មាត្រាទី៤៦នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចែងថា ក្នុងករណីដែលកៅអីរបស់ចៅក្រមជំនុំជម្រះ ចៅក្រមស៊ើបអង្កេត ឬព្រះរាជអាជ្ញាបរទេសនៅទំនេរ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចស្វែងរកការតែងតាំងជំនួសពីអង្គការសហប្រជាជាតិ ក៏ប៉ុន្តែប្រសិនបើអង្គការសហប្រជាជាតិលែងគាំទ្រដំណើរការកាត់ទោសនេះទៀត ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចស្វែងរកការតែងតាំងមន្ត្រីតុលាការទាំងនេះ ពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ ប៉ុន្តែប្រសិនបើការធ្វើតាមរបៀបទាំងពីរមិនបានសម្រេចទេនោះ នោះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមអាចស្វែងរកការតែងតាំងចៅក្រមជម្រះ ចៅក្រមស៊ើបអង្កេត ឬព្រះរាជអាជ្ញាជាតិជំនួសវិញ ដែលអាចមានន័យថា កម្ពុជាអាចដឹកនាំការកាត់ទោសដោយខ្លួនឯង ដោយមិនចាំបាច់មានភាគីអន្តរជាតិជាដៃគូ។
លោកឯក ថាស្រង់សម្តីលោកសុខ អានថា លោកបានបញ្ជាក់ដូចៗគ្នាចំពោះមុខឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប។
«យើងពិបាកក្នុងការរៃអង្គាសពីប្រទេសផ្តល់ជំនួយ ពីព្រោះយើងបាននិយាយទៅកាន់ប្រទេសផ្តល់ជំនួយនិងមិត្តរបស់សាលាក្តីអស់កម្លាំងចិត្តកម្លាំងកាយហើយ។ ប៉ុន្តែយើងមិនទាន់បានទទួលផ្លែផ្ការហូតមកទល់ពេលនេះ។ ដូច្នេះយើងមិនអាចចុះកុងត្រាថ្មីជាមួយនឹងបុគ្គលិកក្នុងសាលាក្តីបានទេ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានពន្យល់ដូច្នេះ»។
កាលពីពេលថ្មីៗនេះ បុគ្គលិកកម្ពុជាភាគច្រើនក្នុងសាលាក្តីខ្មែរក្រហមបានគំរាមធ្វើពហិការការងារ ប្រសិនបើរដ្ឋបាលសាលាក្តីខ្មែរក្រហមខាងភាគីជាតិមិនចេញមុខពន្យល់ពីកង្វះប្រាក់របស់ពួកគេនិងប្រាប់ពីស្ថានភាពថវិកាដែលកំពុងប្រឈម។
លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីតំណាងឲ្យភាគីជាតិ បានប្រាប់ពួកគេកាលពីចុងខែមករាថា ប្រទេសម្ចាស់ជំនួយនៅមិនទាន់សន្យាជំនួយថ្មីនៅឡើយ ហើយប្រាក់ខែរបស់ពួកគេនឹងត្រូវពន្យារពេលតទៅទៅទៀត ដោយមិនមានការបញ្ជាក់ច្បាស់លាស់ពីកាលបរិច្ឆេទ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថា ភាគីជាតិកំពុងស្វែងរកថវិកាជំនួយចំនួនប្រាំពីរលានដុល្លារអាមេរិកទៀត។ ហើយក្រុមអ្នកតវ៉ាអាចនឹងចាប់ផ្តើមឡើងវិញនៅចុងខែកុម្ភៈនេះ ប្រសិនបើពួកគេគ្មានដំណឹងពីប្រាក់ខែរបស់ពួកគេ។
នៅមិនទាន់មានបញ្ហាផ្នែកហិរញ្ញវត្ថុខាងភាគីអន្តរជាតិក្នុងសាលាក្តីខ្មែរក្រហមនោះទេ។
លោកនេត្រ ភក្ត្រាលើកឡើងថា វាអាចបង្កជាឧបសគ្គ ប្រសិនបើភាគីជាតិនៅបន្តមានបញ្ហាផ្នែកថវិកា។
«ធម្មតាសាលាក្តីខ្មែរក្រហមដំណើរការដោយពីរភាគីគឺភាគីជាតិ និងភាគីអន្តរជាតិ។ ហើយប្រសិនបើភាគីអន្តរជាតិមានថវិកា និងភាគីជាតិគ្មានថវិកា នោះវាប្រាកដជាធ្វើឲ្យដំណើរការតុលាការនេះមានឧបសគ្គ ព្រោះថា តុលាការមិនអាចដំណើរការដោយភាគីអន្តរជាតិតែមួយនោះទេ»។
កាលពីពេលថ្មីៗនេះ ប្រទេសបារាំងបានប្រកាសផ្តល់ជំនួយចំនួន៥០ម៉ឺនអឺរ៉ូ ឬស្មើនឹង៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ភាគីអន្តរជាតិក្នុងសាលាក្តីខ្មែរក្រហម រីឯសហភាពអឺរ៉ុបបានប្រកាសផងដែរថា នឹងផ្តល់ថវិកាចំនួន៣០ម៉ឺនអឺរ៉ូ ឬស្មើនឹងជិត៤០ម៉ឺនដុល្លារអាមេរិកដល់ភាគីជាតិដែលជាទឹកប្រាក់ក្នុងគម្រោងកាលពីឆ្នាំមុន។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា គេមើលឃើញបញ្ហាពីរ ដែលកើតឡើងជុំវិញចំណោទថវិកាក្នុងសាលាក្ដីខ្មែរក្រហមនេះ។ នោះគឺទីមួយថា តើប្រទេសកម្ពុជាបានប្រឹងប្រែងស្វែងរកជំនួយពីបរទេសគ្រប់គ្រាន់ហើយឬនៅ? និងមួយទៀតថា អាចទាក់ទងនឹងការបង្កឧបសគ្គជាច្រើនរបស់រដ្ឋាភិបាលចំពោះការព្យាយាមឲ្យមានការស៊ើបអង្កេតសំណុំរឿងដែលជាប់ទាក់ទងបន្ថែមទៀតដែលលោកទំនងជាចង់ផ្តោតលើសំណុំរឿងបន្ថែម០០៣និង០០៤។
ទោះជាយ៉ាងណា លោកបណ្ឌិតឡៅ ម៉ុងហៃមិនគិតថា ទាំងភាគីជាតិ ទាំងភាគីអន្តរជាតិមិនអាចដកខ្លួនចេញពីដំណើរការក្តីបាននោះទេ។ ក៏ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភ គឺអាចនឹងមានការអូសបន្លាយដំណើរការកាត់ទោស ហើយជនជាប់ចោទដែលមានវ័យកាន់តែចាស់ជរា មិនអាចបន្តកាត់ទោសបានតទៅទៀត៕