ភ្នំពេញ៖ រដ្ឋបាលសាលាក្តីខ្មែរក្រហមខាងភាគីជាតិបានជូនដំណឹងដល់បុគ្គលិករបស់ខ្លួននៅថ្ងៃពុធនេះថា ប្រាក់ខែរបស់ពួកគេសម្រាប់ខែធ្នូនឹងត្រូវពន្យារពេលតទៅទៀត។ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ថា រហូតដល់ពេលណានោះទេ។
សេចក្តីបំភ្លឺនេះធ្វើឡើងបន្ទាប់ពីបុគ្គលិកកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមជិត២០០នាក់ក្នុងចំណោមបុគ្គលិកកម្ពុជាសរុប២៨៧នាក់ក្នុងសាលាក្តីខ្មែរក្រហមបានដាក់សម្ពាធឲ្យមានការពន្យល់ពីស្ថានភាពប្រាក់ខែរបស់ពួកគេយ៉ាងយូរបំផុតនៅថ្ងៃទី៣១ខែមករានេះ បើពុំនោះទេ ពួកគេនឹងពិចារណាធ្វើពហិការការងារ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា រដ្ឋបាលសាលាក្តីខ្មែរក្រហមបានពន្យល់ដល់ក្រុមអ្នកតវ៉ាអំពីស្ថានភាពថវិកាបច្ចុប្បន្ននិងស្ថានភាពផ្តល់ជំនួយពីអន្តរជាតិ។
«ការិយាល័យរដ្ឋបាលជម្រាបថា ការផ្ទេរប្រាក់ខែសម្រាប់ខែធ្នូនេះមានការយឺតយ៉ាវ ហើយត្រូវពន្យារពេលបន្ថែមទៀតដោយសារតែនីតិវិធីក៏ដូចជាបច្ចេកទេសទម្លាក់ថវិកា។ ហើយចំណុចទី២អំពីគម្រោងថវិកាកែសម្រួលឆ្នាំ២០១៣ រហូតមកទល់ពេលនេះ យើងអត់ទាន់ទទួលបាននូវការសន្យាពីប្រទេសម្ចាស់ជំនួយនៅឡើយទេ។ ហើយគម្រោងថវិកាសម្រាប់ឆ្នាំ២០១៣កំពុងទន្ទឹងរង់ចាំការអនុម័តចុងក្រោយពីសំណាក់ប្រទេសសំខាន់ៗដែលគាំទ្រដំណើរការតុលាការ»។
មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ការពន្យល់នេះអាចធ្វើឲ្យបុគ្គលិកកម្ពុជាដែលធ្វើការតវ៉ាមានភាពស្ងប់ស្ងាត់ក្នុងចិត្តបន្តិច ប៉ុន្តែគេនៅមិនប្រាកដពីភាពស្ងប់ស្ងៀមនេះនៅឡើយ។
«ការទន្ទឹងរបស់គាត់មានកំណត់។ យើងមិនដឹងថា ប្រតិកម្មបន្តបន្ទាប់មកទៀតមានយ៉ាងម៉េចទេ។ យើងនឹងរង់ចាំមើល»។
ភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមត្រូវការថវិកាចំនួន៩,៣លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនៅឆ្នាំ២០១៣នេះ។ ប៉ុន្តែបុគ្គលិកស្ទើរតែទាំងអស់ក្នុងភាគីជាតិមិនបានទទួលប្រាក់ខែរបស់ពួកគេចាប់តាំងពីខែធ្នូមកម្ល៉េះ។
ថវិកាចំនួន២,៥លានដុល្លារអាមេរិកត្រូវបានផ្តល់ដោយភាគីជាតិនិងរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ប៉ុន្តែថវិកាទាំងនោះសម្រាប់គ្របដណ្តប់លើថ្លៃទឹក ភ្លើង និងសម្រាប់ផ្នែកគាំពារជនរងគ្រោះ។
លោកនេត្រ ភក្ត្រាឲ្យដឹងថា ក្រុមប្រទេសម្ចាស់ជំនួយមានជប៉ុន បារាំង អង់គ្លេស អូស្ត្រាលី អាមេរិក និងតំណាងប្រទេសនៃសហគមន៍អឺរ៉ុបបានចាប់ផ្តើមធ្វើគម្រោងថវិកាដែលស្នើដោយសាលាក្តីខ្មែរក្រហម ក៏ប៉ុន្តែលោកមិនមានព័ត៌មានលម្អិតនោះទេ។
កាលពីដើមសប្តាហ៍មុន មន្ត្រីរដ្ឋបាលសាលាក្តីខ្មែរក្រហម និងលោកសុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបជាមួយឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតប្រទេសអូស្ត្រាលី និងប្រទេសជប៉ុនដើម្បីជម្រាបអំពីបញ្ហាគំរាមកំហែងផ្នែកថវិកាដល់ភាគីជាតិនេះ ក៏ប៉ុន្តែតំណាងប្រទេសទាំងពីរមិនអាចឆ្លើយតបនឹងតម្រូវការនេះភ្លាមៗ នៅឡើយ៕