ភ្នំពេញ៖ រដ្ឋបាលសាលាក្តីខ្មែរក្រហមខាងភាគីជាតិបានជួបជាមួយតំណាងប្រទេសម្ចាស់ជំនួយសំខាន់ៗរួចហើយនៅក្នុងសប្តាហ៍នេះដែលជាផ្នែកមួយស្វែងរកការទម្លុះភាពទាល់ច្រកវិបត្តិថវិកាដែលធ្វើឲ្យបុគ្គលិកកម្ពុជាជិត៣០០នាក់មិនសប្បាយចិត្ត។
លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងនៅថ្ងៃសុក្រនេះអំពីជំនួបជាមួយប្រទេសម្ចាស់ជំនួយមួយចំនួន ក៏ប៉ុន្តែលោកមិនមានព័ត៌មានលម្អិតនោះទេ។
«ខាងរដ្ឋាបាលជាតិក្នុងតុលាការខ្មែរក្រហមបានជួបជាមួយប្រទេសផ្តល់ជំនួយមួយចំនួន ហើយការជួបគ្នានៅក្នុងសប្តាហ៍នេះ»។
ដោយឡែក លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ដ្រីបានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ដ្រីសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានជួបជាមួយឯកអគ្គរាជទូតជប៉ុន និងឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារ។ ក៏ប៉ុន្តែតំណាងប្រទេសម្ចាស់ជំនួយទាំងពីរមិនទាន់ហ៊ានសន្យាផ្តល់ជំនួយបែបណានោះទេ។
«សម្រាប់ពេលនេះ អូស្ត្រាលីអត់មានផ្តល់ជំនួយអីទៀតទេ។ ជប៉ុនក៏ដូចគ្នាដែរ។ឯកអគ្គរាជទូតជប៉ុនមានប្រសាសន៍ថា លោកនឹងស្វែងរកជួបជាមួយអ្នកការទូតប្រទេសអាស៊ានដទៃទៀតក្នុងពេលឆាប់ៗនេះថា តើពួកគេយល់យ៉ាងណាចំពោះកង្វះថវិកាក្នុងសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជា»។
នៅក្នុងសប្តាហ៍នេះ បុគ្គលិកកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមមកពីផ្នែកបកប្រែ ផ្នែកគ្រប់គ្រងតុលាការ មកពីអង្គជំនុំជម្រះសាលាដំបូង និងមកពីអង្គជំនុំជម្រះតុលាការកំពូលបានដាក់ឱសានវាទនៅថ្ងៃទី៣១ខែមករាដល់រដ្ឋបាលជាតិក្នុងសាលាក្តីឲ្យផ្តល់ដំណឹងដល់ពួកគេអំពីប្រាក់ខែដែលពួកគេមិនទាន់បានបើកចាប់តាំងពីខែធ្នូមក និងអំពីស្ថានភាពថវិកានៅខែមករា។ បើពុំនោះទេពួកគេនឹងធ្វើពហិការការងារ។
នេះជាលើកទី២ហើយដែលវិបត្តិហិរញ្ញវត្ថុបានកើតឡើងក្នុងភាគីជាតិក្នុងសាលាក្តីខ្មែរក្រហម ស្របពេលដែលតុលាការចម្រុះជាមួយអង្គការសហប្រជាជាតិនេះកំពុងកាត់ទោសជនជាប់ចោទដែលមានវ័យចាស់ជរាចំនួនបីនាក់ក្នុងសំណុំរឿង០០២។
នេះជាលើកទី២ហើយដែលវិបត្តិហិរញ្ញវត្ថុបានកើតឡើងក្នុងភាគីជាតិក្នុងសាលាក្តីខ្មែរក្រហម ស្របពេលដែលតុលាការចម្រុះជាមួយអង្គការសហប្រជាជាតិនេះកំពុងកាត់ទោសជនជាប់ចោទដែលមានវ័យចាស់ជរាចំនួនបីនាក់ក្នុងសំណុំរឿង០០២។
ក្រុមមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលនិងមន្ដ្រីសាលាក្តីខ្មែរក្រហមបានសម្តែងកង្វល់ជាបន្តបន្ទាប់ថា បញ្ហាថវិកានឹងទាញពន្យឺតការកាត់ទោសក្នុងសំណុំរឿងគន្លឹះនេះ។
ភាគីជាតិក្នុងសាលាក្តីខ្មែរក្រហមត្រូវការមូលនិធិចំនួន៩,៣លានដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនៅឆ្នាំ២០១៣នេះ។ ប៉ុន្តែថវិកាចំនួន២,៥លានដុល្លារត្រូវបានប្រគល់ឲ្យដោយប្រទេសអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ដូច្នេះភាគីជាតិនឹងនៅខ្វះថវិកាជិតប្រាំពីរលានដុល្លារអាមេរិកទៀតសម្រាប់រ៉ាប់រងការកាត់ទោសពេញមួយឆ្នាំនេះ។
លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សសង្ឃឹមថាសហគមន៍អន្តរជាតិនឹងផ្តល់ជំនួយក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែលោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមបញ្ជាក់ថា ពុំទាន់មានការសន្យាណាមួយពីប្រទេសម្ចាស់ជំនួយសម្រាប់វិភាគទានដល់ភាគីជាតិ និងភាគីអន្តរជាតិនៅឡើយទេរហូតមកទល់ពេលនេះ។
សូមបញ្ជាក់ថា បញ្ហាថវិកាដែលបង្កឲ្យមានភាពច្របូកច្របល់ផ្នែកភាគីជាតិ បានកើតឡើងស្របពេលដែលជនជាប់ចោទពីរនាក់គឺនួន ជា និងខៀវ សំផនត្រូវដឹកចូលមន្ទីរពេទ្យជាបន្ទាន់កាលពីថ្ងៃទី១៣និងថ្ងៃទី១៦ខែមករានេះ ដោយសារតែភាពហេវហត់អស់កម្លាំងខ្លាំង ហើយនួន ជាមានជំងឺរលាកទងសួត។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ឲ្យដឹងថា ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមមានសុខភាពប្រសើរឡើងវិញ ហើយត្រូវនាំខ្លួនចូលមន្ទីរឃុំឃាំងបណ្តោះអាសន្នវិញហើយនៅរសៀលថ្ងៃសុក្រនេះ៕