មន្ត្រីរដ្ឋាភិបាលចំនួន ២៤រូប ក្នុងនោះរដ្ឋមន្ត្រី៨រូប នឹងត្រូវធ្វើការផ្លាស់ប្តូរភារកិច្ច និងបញ្ចប់ការងាររបស់ខ្លួន នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដែលនឹងត្រូវធ្វើឡើងនៅខែមេសាខាងមុខនេះ។ នេះបើយោងទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃរដ្ឋសភា។
ការរុះរើគណៈរដ្ឋមន្ត្រីនេះ ត្រូវក្រុមមន្ត្រីនៃអង្គការសង្គមស៊ីវិលដែលធ្វើការងារលើផ្នែកគណនេយ្យភាព មើលឃើញថា វាជ្រុលពេល និងមិនមានប្រយោជន៍ច្រើនដល់សាធារណជននោះទេ ដោយសារតែរដ្ឋមន្ត្រីដែលត្រូវផ្លាស់ប្តូរចំនួន៨រូបនោះ គឺភាគច្រើនជាមន្ត្រីដដែលៗហើយគ្រាន់តែផ្លាស់ប្តូរក្រសួងតែប៉ុណ្ណោះ។
យោងទៅតាមលិខិតស្នើសុំឲ្យមានការរុះរើគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃពី ១៦ ខែមិនា ដែល VOA ទទួលបាននៅព្រឹកថ្ងៃសុក្រនេះ បានបង្ហាញថា លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងត្រូវប្តូរឲ្យទៅគ្រប់គ្រងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយលោក ត្រំា អ៊ីវតឹក។ លោក ត្រាំ អ៊ីវតឹក នឹងត្រូវផ្លាស់ឲ្យទៅគ្រប់គ្រងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយលោក ប្រាក់ សុខុន។
លិខិតនោះបន្តឲ្យដឹងថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវប្តូរឲ្យមកគ្រប់គ្រងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីលោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចូលនិវត្តន៍។ លោក ជា សុផារ៉ា ជា អតីតរដ្ឋលេខាធិការក្រសួងនេះ។ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវប្តូរមកគ្រប់គ្រងក្រសួងអភិវឌ្ឍន៍ជនបទ ហើយលោក ប្រាក់ សុខុន នឹងត្រូវប្តូរមកកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក ហោ ណាំហុង ដែលសុំលាឈប់ពីតំណែង តែនៅជាឧបនាយករដ្ឋមន្ត្រី។ លោក ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងត្រូវតែងតាំងជារដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ជំនួស លោក មិន ឃិនដែលនឹងក្លាយជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ដោយឡែកលោក ប៉ាន សូរស័ក្តិ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នឹងឡើងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះតែម្តង។ លោក វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនៃរដ្ឋសភាជាតិ ថ្លែងបញ្ជាក់ប្រាប់ VOA នៅថ្ងៃសុក្រនេះ ថា សមាសភាពនៃរដ្ឋមន្ត្រីដែលត្រូវដោះដូរនេះ គឺដូចគ្នាទៅនឹងសំណើរបស់លោក នាយករដ្ឋមន្ត្រីដែលបានផ្ញើជូនរដ្ឋសភាកាលពីថ្ងៃពុធកន្លងទៅនេះ។ លោក ថា គណៈកម្មការធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងនឹងប្រជុំលើសំណើនេះ នៅថ្ងៃទី ៣០ ខែមិនា ខាងមុខនេះ។ លោកថ្លែងថា៖
«ក្នុងគម្រោងថ្ងៃ៣០ គម្រោងណា៎ ក្រែងលោថាមានរឿងអ្វីរវល់អ្វីទៀត ខ្ញុំក៏មិនដឹងដែរព្រោះថា អាចប្រែប្រួលបាន។ ប៉ុន្តែតាមក្នុងគម្រោងគឺថា ថ្ងៃ៣០»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ នឹងមិនធ្វើឲ្យមានអ្វីប្រែប្រួលជាវិជ្ជមានខ្លាំងនៅក្នុងការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា ការណ៍នេះគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍មតិសាធារណជន ដែលកំពុងរិះគន់ខ្លាំងទៅលើការផ្តល់សេវាសាធារណៈទន់ខ្សោយរបស់ក្រសួងមួយចំនួន។
«អ្វីដែលយើងមើលឃើញពីផែនការ រុះរើគណៈរដ្ឋមន្ត្រីនេះ ឥឡូវនេះយើងមើលឃើញហើយលទ្ធផល ចេញមកហើយ បានន័យថាឡានចាស់ ហើយតៃកុងហ្នឹងក៏ចាស់ដែរ បានន័យថា អត់មានអ្វីដែលថ្មីទេ គ្រាន់តែដូរ ពីលិចទៅកើត ពីកើតទៅលិចតែប៉ុណ្ណឹង ហើយយើងនឹងមិនមានជំនឿថា ប្រសិទ្ធភាពការងារ ការងារនឹងល្អប្រសើរជាងមុននោះទេ»។
លោកបន្ថែមថា រដ្ឋាភិបាលមានភាពយឺតយ៉ាវខ្លាំងនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះដែលនឹងមិនផ្តល់អំណោយផលដល់ការបង្កើនប្រសិទ្ធភាពការងារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ គឺមិនជ្រុលពេលនោះទេ ហើយសកម្មភាពរុះរើនេះនឹងជួយឲ្យរដ្ឋាភិបាលអាចកំណត់យុទ្ធសាស្ត្រនយោបាយថ្មីក្នុងការដោះស្រាយវិបត្តិសង្គមនានា។ លោក បញ្ជាក់ថា៖
«អ្វីដែលប្រែប្រួលគឺការរុះរើ និងរៀបចំសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីនៅពាក់កណ្តាលអាណត្តិអាហ្នឹងជាការប្រែប្រួលមួយ។ ហើយការប្រែប្រួលទីពីរ គឺយើងមានឃើញជាការផ្លាស់ប្តូររដ្ឋមន្ត្រីពីក្រសួងមួយទៅក្រសួងមួយ អាហ្នឹងគឺសារៈសំខាន់ដែលយើងនាំគ្នានិយាយថា ប្រឆាំងនឹងអំពើពុករលួយ ប្រឆាំងនឹងអ្វីទៅដែលជាបក្សពួកនិយម។ អាហ្នឹងជាការចាប់ផ្តើមរបស់យើង។ ការរុះរើហ្នឹងគឺធ្វើដើម្បីយ៉ាងដូចម្តេច ដើម្បីប្រសិទ្ធភាពការងារ ក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ។ មិនមែនបានសេចក្តីថាការរុះរើហ្នឹងតែម្តងចប់ហ្នឹងទេ គ្រាន់តែជាការចាប់ផ្តើម»។
ការបញ្ចេញឲ្យដឹងពីសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីនេះ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងរិះគន់ខ្លាំងៗទៅលើភាពយឺតយ៉ាវ និងកម្សោយការងាររបស់ ក្រសួងចំនួនពីរគឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកថ្លែងនៅពេលនោះផងដែរថា ពេលវេលាសម្រាប់ «ការមុជទឹក ឆ្លុះកញ្ចក់ ដុះក្អែល» របស់ថ្នាក់ដឹកនាំ ឬមន្ត្រីនៃក្រសួងនីមួយៗ ដែលលោកបានទុកឲ្យ គឺផុតកំណត់បាត់ទៅហើយ។ លោកក៏បានផ្តល់ចំណាត់ថ្នាក់ F ជាចំណាត់ថ្នាក់អន់បំផុតដល់ក្រសួងទាំងពីរ។
ការសម្រេចរុះរើគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ត្រូវគេដឹងថាបានធ្វើឡើង នៅចំពេលដែលរដ្ឋបាលសាធារណៈរងការរិៈគន់ថាមានអំពើពុករលួយ និងបក្សពួកនិយម ហើយនឹងបញ្ហាសង្គម ជាច្រើនមិនទាន់ត្រូវបានដោះស្រាយរួច ឬនៅជាប់គាំង ដូចជាវិបត្តិដីធ្លីជាដើម។ ថ្មីៗនេះ ក៏មានលេចឡើងនូវមតិរិះគន់ ចំពោះការផ្តល់សេវាសាធារណៈដែលមានភាពមិនប្រាកដប្រជារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទិននឹងការផ្ទេរកម្មសិទ្ធិយានយន្ត និងការខូចខាតផ្លូវថ្នល់។
អ្នកវិភាគសង្គម ធ្លាប់លើកឡើងកាលពីពេលកន្លងមកថា ប្រសិនបើការរុះរើគណៈរដ្ឋមន្ត្រី ធ្វើឡើងដោយមិនមានដាក់មន្ត្រីវ័យក្មេងឲ្យដឹកនាំស្ថាប័នក្រសួងរដ្ឋនោះទេ កំណែទម្រង់របស់រដ្ឋាភិបាលនឹងនៅតែមានល្បឿនយឺត ដែលមិនអាចឆ្លើយតបទៅនឹងការចង់បានរបស់ម្ចាស់ឆ្នោត៕