ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​យក​គោលការណ៍​«ស្ងៀមស្ងាត់‍»​ដើម្បី​ឈាន​ទៅ​«ផ្លាស់ប្តូរ​វិជ្ជមាន‍»


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អញ្ជើញ​មក​ដល់​បន្ទប់​ផ្សាយ​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ពេល​លោក​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​ថ្ងៃពុធ​ទី ៣ ខែកុម្ភៈ​ឆ្នាំ២០១៦។ ( សឹង សុផាត/VOA)

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់ VOA ថា​ គណបក្ស​នឹង​បង្ហាញ​កម្មវិធី​នយោបាយ​ដែល​នាំ​ឱ្យ​មាន​«ការផ្លាស់​ប្តូរ​ជា​វិជ្ជមាន‍»​នៅ​ក្នុង​ឱកាស​មហាសន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នៅថ្ងៃ​ទី​២៦ ខែ​មីនា​ខាង​មុខ។

គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​យក​គោល​ការណ៍​«ស្ងៀមស្ងាត់»​ ដោយ​មិន​ឆ្លើយ​ឆ្លង​ទៅ​នឹង​ការ​វាយ​ប្រហារ​នានា ដើម្បី​ត្រៀមខ្លួន​ទៅ​កាន់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នេះ​ដែល​ VOAបាន​ទទួល​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ ​ឲ្យ​ដឹង​ថា ​ការ​សម្រេច​របស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ជំទាស់​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​ពិសេស​នៅ​ទីក្រុង​ម៉ានិល​ ប្រទេស​ហ្វីលីពីន​ ដោយ​មាន​ការ​ចូល​រួមពី​ថ្នាក់​ដឹក​នាំ​កំពូល​ រួមទាំង​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស និង​លោក​ កឹម សុខា​ ផង​ដែរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា៖ ​«គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​ ដោយ​មិន​ឆ្លើយ​ឆ្លង​ មិន​ឈ្លោះ ដោយ​ឈរ​លើ​គោល​ការណ៍​អហិង្សា​ ខ្មែរ​តែ​មួយ​ មិន​គុំគួន​ សង​សឹក​ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ហើយ​ផ្តោត​តែ​ទៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ នៅឆ្នាំ​២០១៧​ ​និង​២០១៨​ ខាង​មុខ»។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់ VOA ថា​ គណបក្ស​នឹង​បង្ហាញ​កម្មវិធី​នយោបាយ​ដែល​នាំ​ឱ្យ​មាន​«ការផ្លាស់​ប្តូរ​ជា​វិជ្ជមាន‍»​នៅ​ក្នុង​ឱកាស​មហាសន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នៅថ្ងៃ​ទី​២៦ ខែ​មីនា​ខាង​មុខ៖

«យើង​នឹង​បង្ហាញ​ពី​ កម្មវិធី​នយោបាយ​របស់​យើង​ គឺ​វិធានការ​ដែល​យើង​នឹង​ចាត់​ នយោបាយ​ថ្មី​ ដែល​យើង​នឹង​ដឹកនាំ​ ដើម្បី​ឱ្យ​ការ​ផ្លាស់​ប្តូរ​ហ្នឹង​ ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់​តែ​ទូលំ​ទូលាយ​ ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​កាន់​តែ​ធូរធារ​ ឱ្យ​ប្រទេស​យើង​មាន​លក្ខណៈ​កាន់តែ​ជឿនលឿន​ ឱ្យ​ប្រជាធិបតេយ្យ​កាន់​តែ​រឹងមាំ‍»។​

នា​ពេល​ចុង​ក្រោយ​នេះ​ គណ​បក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា បាន​ទទួល​ការ​គាប​សង្ក​ត់ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​សមាជិក​ និង​សកម្មជន​របស់​គណបក្ស​នេះ​ជាង​១០​រូប ត្រូវ​បាន​តុលាការ​ចាប់​ឃុំឃាំង​ ទាក់​ទិន​នឹង​បញ្ហា​ព្រំដែន ​និង​ក្លែង​បន្លំ​ឯកសារ។ ប្រធាន​គណ​បក្ស​ជំទាស់ ​លោក ​សម រង្ស៊ី​ ​ត្រូវ​បាន​តុលាការ​ប្រកាស​តាម​ចាប់ខ្លួន ទាក់​ទិន​នឹងរឿង​បណ្តឹង​របស់​លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ការបរទេស។​ ​

ស្របគ្នា​នោះ​ដែរ តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ខ្លួន​ ត្រូវ​បាន​ជន​មួយ​ក្រុម​វាយដំ​នា​មុខ​រដ្ឋ​សភាជាតិ។ ដោយ​ឡែក​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​ កឹម សុខា​ ​ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​ ដែល​មាន​តែ​សមាជិក​ពី​បក្ស​កាន់​អំណាច​ ​ទម្លាក់​ពី​តំណែង​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា មុន​ពេល​ផ្ទុះរឿង​ខ្សែអាត់​សំឡេង​ដែល​គេ​ចោទ​ថា​ ជា​សំឡេង​សារសង​ស្នេហា​របស់​លោក​ និង​ស្ត្រី​វ័យ​ក្មេង​ជា​ច្រើន​រូប។

លោក​ សម រង្ស៊ី​ បាន​បន្ថែម​ថា ​នេះ​គឺជា​រឿង​អត់​ប្រយោជន៍​ដែល​លោក​ចាត់​ទុក​ថា ​គេ​បង្កើត​ឡើង​ដើម្បី​បង្វែរ​អារម្មណ៍​ប្រជាពលរដ្ឋ​ពី​រឿង​អាយុ​ជីវិត​របស់​ជាតិ៖

«ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ចាប់​អារម្មណ៍​ចំពោះ​រឿង​អត់​ប្រយោជន៍​ដែល​គេ​លើក​ឡើង​ ដោយសារ​គេ​ចង់​បង្វែរ​អារម្មណ៍​យើង។ យើង​ត្រូវ​តែ​ផ្តោត​អារម្មណ៍​ចំពោះ​តែ​ការ​ប្តេជ្ញាចិត្ត​ គម្រោង​របស់​យើង ​ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ក្នុង​គោល​បំណង​ស្រោចស្រង់​ជាតិ​យើង‍»។​

យ៉ាង​ណា​ក៏​ដោយ សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​របស់​គណបក្ស​ជំទាស់​នេះ ឲ្យ​ដឹង​ផង​ដែរ​ថា ​ខ្លួន​នៅ​តែ​បន្ត​«វប្បធ៌​សន្ទនា​» ជាមួយ​គណបក្ស​កាន់​អំណាច ដើម្បី​ធានា​បាន​នូវ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​«ឲ្យ​បាន​ទូលំទូលាយ»​ប្រកប​ដោយ​សន្តិវិធី។

លោក​ សុខ​ ឦសាន្ត​ អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​កាន់អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​បន្ត​វប្បធម៌​សន្ទនា​រវាង​គណ​បក្ស​ធំៗ​ទាំង​ពីរ​ គឺ​វា​ខុស​ពី​ដំណើរ​ឆ្ពោះ​កាន់​ការ​បោះ​ឆ្នោត​ខាង​មុខ​ ​ដែល​គណបក្ស​នា​នា​ក្នុង​ប្រទេស​កម្ពុជា​ ​ចង់​បាន​ជ័យជម្នះ​នោះ។

លោក​បាន​បន្ថែម​ថា៖​«ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការប្រមើ​មើល​របស់​ខ្ញុំ​យល់​ថា​មិនអាច​ទៅ​លើស​ពី​កំពូល​ភ្នំ​កាល​ពី​ឆ្នាំ​២០១៣​ នោះ​ទេ។ ២០១៣ ​គាត់​ឡើង​ដល់​ចំណុច​កំពូល​ហើយ។ ដូច្នេះ​គាត់​មិន​អាច​លើស​ពី​ចំណុច​កំពូល​នោះ​ទៀត​ទេ គាត់​ត្រូវ​ចុះ​វិញ​ហើយ ដោយ​សារ​ថា​ អ្នក​ដែល​ជឿ​មួយ​ចំនួន​ធំ​ហ្នឹង​ គឺ​ថា​ចាក​ចេញ​ពី​គាត់​មក​វិញ​ហើយ​ ​ហើយ​បាត់​បង់​ជំនឿ​លើ​គាត់​ហើយ ដូច្នោះ​នឹង​មាន​សំឡេង​ថម​ថយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ»។​

ការ​បោះ​ឆ្នោត​នាឆ្នាំ​២០១៣​ កន្លង​មក ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី​ កើន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដល់​៥៥​កៅអី​ ខណៈ​ពេល​ដែល​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន ​បាន​ថយ​កៅអី​មក​នៅ​ត្រឹម​៦៨។ ​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​ យល់​ថា ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៧​ ​និង​២០១៨​ខាង​មុខ ​អាច​មាន​ការ​ប្រឈម​ជាង​មុន៕

XS
SM
MD
LG